ផ្ទាំងគំនូរនៅតាមវត្ដអារាមឆ្លុះបញ្ចាំងពីជំនឿសាសនាដ៏មុតមាំ
ពុទ្ធសាសនិកខ្មែរយ៉ាងច្រើនលើសលប់ មានជំនឿមុតមាំចំពោះព្រះពុទ្ធសាសនា ហើយបានចំណាយទ្រព្យ សម្បត្ដិ កំលាំងកាយចិត្ដ ដើម្បីលើកស្ទួយវិស័យពុទ្ធចក្រឱ្យកាន់តែរីកចំរើនរុងរឿងរហូតដល់សព្វថ្ងៃ។ ទន្ទឹមនឹងនេះពុទ្ធបរិស័ទក៏បានចូលបច្ច័យតាមកំលាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីរចនាផ្ទាំងគំនូរដែលទាក់ ទិននឹងពុទ្ធប្រវត្ដិ ឆ្លុះបញ្ចាំងពីអំពើល្អ អំពើអាក្រក់ តែងផ្ដល់ឱ្យអ្នកប្រព្រឹត្ដវិញក្នុងពេលបច្ចុប្បន្នជាតិ និង អនាគតជាតិ ។
ចាប់តាំងពីការបោះបង់ទីក្រុងអង្គរដោយព្រះបាទពញាយ៉ាតរួចមក ទាំងព្រះមហាក្សត្រ នាម៉ឺនសព្វមុខមន្ដ្រី និងប្រជារាស្ដ្រគ្រប់ទិសទីបានងាកមកគោរពប្រកាន់ព្រះពុទ្ធសាសនា ហើយបានចំណាយទ្រព្យសម្បត្ដិ យ៉ាង ច្រើនសន្ធឹកសន្ធាប់ដើម្បីកសាងវត្ដអារាមសំរាប់ព្រះសង្ឃគង់នៅ និងជាទីកន្លែងសំរាប់ពុទ្ធបរិស័ទទៅធ្វើ បុណ្យទានម្ដងៗ។ ជាពិសេសនៅសម័យមុនវត្ដអារាមមានតួនាទីជាឃ្លាំងផ្ទុកនូវវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ប្រពៃណី ជាថ្នាលបណ្ដុះនូវពុទ្ធិកូនចៅអ្នកស្រុកគ្រប់ទិសទីឱ្យទៅសិក្សារៀនសូត្រ ហើយ រហូតមកដល់សព្វថ្ងៃព្រះពុទ្ធសាសនា នៅតែមានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ធនធាន មនុស្ស សីលធម៌ បញ្ញាដោះស្រាយទំនាស់ដោយសន្ដិវិធី ។
ជាទូទៅវត្ដអារាមនៅទូទាំងប្រទេសបន្ទាប់ពីកសាងរួចរាល់ហើយ គេបានរចនាផ្ទាំងរូបភាពយ៉ាងល្អប្រណីត នៅតាមសាលាឆាន់ កុដិ និងព្រះវិហារ ផ្នែកជញ្ជាំង ពិតាន ដែលផ្ទាំងគំនូរទាំងនោះទាក់ទងទៅនឹងរឿង ព្រះវេស្សន្ដរការត្រាស់ដឹងរបស់ព្រះពុទ្ធ ការចូលនិព្វាន ជំនឿបុណ្យបាបឋានលើឋាននរក រឿងរាម កេរ្ដិ៍ខ្មែរ...។ ផ្ទាំងគំនូរដ៏ល្អវិសេសវិសាលនេះ ត្រូវបានវិចិត្រករពណ៌នាពីជំនឿសាសនាព្រះពុទ្ធក្នុង អារម្មណ៍របស់មនុស្សខ្មែរ ដែលគេគោរពប្រណិបត័ន៍តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន ហើយ សាសនាត្រូវបានប្រជាពលរដ្ឋខ្មែរគ្រប់វ័យយកធ្វើជាមធ្យោបាយ សំរាប់ដោះស្រាយពេលជួបទុក្ខលំបាក ម្ដងៗ ដោយផ្អែកលើទស្សនៈកម្មផលជាធំ ។ តាមឯកសារជាច្រើនបានអះអាងថា នៅសម័យបុរាណ បុព្វបុរសខ្មែរពេលសាងសង់ប្រាសាទ, សាលាដំណាក់ វត្ដអារាមរួច គេច្រើនឆ្លាក់រឿងរ៉ាវផ្សេងៗជាប់ នឹងជញ្ជាំង គឺពុំនិយមគូរគំនូរនោះទេ ប៉ុន្ដែគេស្រាវជ្រាវឃើញមានផ្ទាំងគំនូរនៅប្រាសាទព្រះគោ ខេត្ដសៀមរាប ដែលកសាងនៅសម័យមហានគរក្នុងរជ្ជកាលព្រះបាទឥន្ទ្រវរ្ម័នទី១ (គ.ស ៨៧៧-៨៨៩) និងនៅប្រាសាទនាងខ្មៅខេត្ដតាកែវ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ (គ.ស ៩២១-៩៤១) នាសតវត្សទី១០ សម័យមហានគរដែរ ។ លុះសម័យក្រោយមកទៀត វិចិត្រករខ្មែរបានងាកមកគូរគំនូរដែលទាក់ទងនឹង រឿងពុទ្ធប្រវត្ដិជំនឿបុណ្យបាបច្រើនលើសលប់ នៅតាមវត្ដអារាម ហើយផ្ទាំងគំនូរទាំងនេះត្រូវបានប្រជា ពលរដ្ឋចូលបច្ច័យតាមកំលាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ។ ពុទ្ធបរិស័ទ មានជំនឿថា ការរួមចំណែកគូរគំនូរ នេះនឹងជួយឱ្យពួកគាត់ទទួលបានផលានិសង្សច្រើន រួចផុតពីកម្មពៀរទុក្ខទោសផងទាំងពួង ហើយជាតិ ក្រោយបានទៅកើតទីខ្ពង់ខ្ពស់ មានយសសក្ដិទ្រព្យសម្បត្ដិហូរហៀរទៀតផង។ លើសពីនេះទៀតវិចិត្រករ យើងបានគូរព្រះបត់ជាផ្ទាំងតូចធំសំរាប់ទុកគោរពបូជា និងទុកឱ្យពុទ្ធបរិស័ទតាមគ្រួសារនីមួយៗខ្ចីយក ទៅធ្វើបុណ្យទានម្ដងៗ ។
ផ្ទាំងគំនូរដែលគេរចនាលំអនៅតាមទីវត្ដអារាមនានានោះមានអត្ថន័យជ្រាលជ្រៅ បំរើឱ្យវិស័យព្រះពុទ្ធ សាសនា ឆ្លុះបញ្ចាំងទស្សនៈកម្មផល ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ជាពិសេសផ្នែកពុទ្ធប្រវត្ដិ។ ជាមួយគ្នានោះដែរ ក៏បានឆ្លុះបញ្ចាំងពីទំនៀមទំលាប់ ប្រពៃណីសាសនា ជីវភាពរស់នៅផ្នត់គំនិត របស់ មនុស្សខ្មែរតាំងពីបុរាណរហូតដល់សព្វថ្ងៃ ក៏ដូចជាការរួមចំណែកលើកស្ទួយជីវភាព រស់នៅរបស់ប្រជា ពលរដ្ឋផ្នែកពុទ្ធចក្រ និង អាណាចក្រផងដែរ។
Labels: សាសនា
for this post
Leave a Reply