កម្មករសំណង់សណ្ឋាគារណាហ្គាជាង៤០នាក់នាំគ្នាធ្វើកូដកម្ម
រាជធានីភ្នំពេញ ៖ សកម្មជនសហព័ន្ធសហជីពជាតិកម្ពុជាកម្មករសំណង់ និងព្រៃឈើប្រមាណជាង៤០នាក់ បាននាំគ្នាឈរលើកបដាធ្វើកូដកម្មនៅមុខអគារការដ្ឋានសំណង់សណ្ឋាគារណាហ្គា ដែលមានទីតាំងស្ថិត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីព្រឹកថ្ងៃទី២២ ឧសភា ដើម្បីតវ៉ាទាមទារឱ្យនយោជក ក្រុមហ៊ុន CCAG ដែលបានបញ្ឈប់កម្មករសំណង់សុទ្ធសឹងជាសកម្មជន របស់សហព័ន្ធសហជីពជាតិ កម្ពុជាកម្មករសំណង់ និងព្រៃឈើទទួលកម្មករឱ្យចូលធ្វើការវិញ ។
តំណាងសហព័ន្ធសហជីពជាតិកម្ពុជា កម្មករសំណង់និងព្រៃឈើបានលើកឡើងថា ការធ្វើកូដកម្មនៅមុខ ការដ្ឋានសំណង់នេះ គឺចង់ឱ្យកម្មករសំណង់ទាំងអស់មានលក្ខខណ្ឌការងារច្បាស់លាស់ជាមួយមេការសំណង់ ដើម្បីចៀសវាងការបញ្ឈប់កម្មករចាស់ ហើយជ្រើសរើសយកកម្មករថ្មីមកធ្វើការងារ ស្រេចតែចិត្ដដោយ ពុំបានគោរពលក្ខខណ្ឌការងារដែលបានធ្វើកិច្ចសន្យា ។ ជាមួយគ្នានេះដែរ ក្រុមកម្មករដែលត្រូវបានបញ្ឈប់ ទាំងអស់សុំទាមទារឱ្យក្រុមហ៊ុនគោរពកិច្ចសន្យាផ្សះផ្សាគ្នាមួយ រវាងកម្មករនិងក្រុមហ៊ុនដែលធ្វើឡើង កាលពីថ្ងៃទី១៨ ឧសភា នៅក្នុងការដ្ឋានសំណង់ CCAG ដោយមានការចូលរួមដឹងឮពីមន្ដ្រីក្រសួងការងារ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន រួមទាំងតំណាងកម្មករនិងតំណាងក្រុមហ៊ុន ។ ក្នុងកិច្ចសន្យានោះ គឺបានព្រម ព្រៀងផ្សះផ្សាគ្នាតាមការទាមទាររហូតមកមានការឯកភាពចុះហត្ថលេខា និងផ្ដិតមេដៃបញ្ចប់វិវាទ ប៉ុន្ដែ បែរជាក្រុមហ៊ុនមិនគោរពតាមកិច្ចសន្យាផ្សះផ្សាទៅវិញ ។
នៅក្នុងឱកាសនោះ លោកស្រីម៉ម ញឹម អនុប្រធានសភាសហជីពកម្មករកម្ពុជាបាន ទៅលើកទឹកចិត្ដកម្មករ និងសហព័ន្ធសហជីពជាតិកម្ពុជា កម្មករសំណង់និងព្រៃឈើដើម្បីជំរុញឱ្យការតវ៉ាទាមទារ របស់កម្មករ ទទួលបាននូវលក្ខខណ្ឌការងារច្បាស់លាស់សមតាមកំលាំងពលកម្ម ដែលបានចំណាយដើម្បីប្ដូរយកប្រាក់។ ចំពោះការធ្វើកូដកម្មខាងលើនេះគេពុំទាន់ដឹងថា តើក្រុមហ៊ុន CCAG ព្រមទទួលយកកម្មករដែលត្រូវ បានបញ្ឈប់ ឱ្យចូលធ្វើការវិញឬយ៉ាងណា នៅឡើយទេ ។ នៅរសៀលថ្ងៃដដែលក្រុមកម្មករបាននាំគ្នា ទៅធ្វើការតវ៉ាដល់មុខក្រុមហ៊ុនដែលស្ថិតនៅក្នុងសង្កាត់ទឹកថ្លា។
Labels: សន្តិសុខ
for this post
Leave a Reply