កូនប្រុសមេប៉េអឹមស្រុកថ្មគោលជួបគ្រោះចរាចរបាក់.កស្លាប់
ខេត្ដបាត់ដំបង ៖ កូនប្រុសលោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកថ្មគោលម្នាក់ បានជិះម៉ូតូទៅបុកម៉ូតូ គេពីក្រោយ បណ្ដាលឱ្យដួលបាក់កស្លាប់ភ្លាម រីឯភាគីម្ខាងទៀតធ្លាក់ពីលើម៉ូតូរបួសធ្ងន់ម្នាក់ និងស្រាល ម្នាក់។ ឧប្បត្ដិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ មន្ដ្រីប៉ូលិសមូលដ្ឋាននិយាយថា បានកើតឡើងកាលពីវេលា ម៉ោង៦ និង១០នាទីល្ងាច ថ្ងៃទី២១ ឧសភា នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងក្រុមទី៨ ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្ដបាត់ដំបង ។
លោកកូយ កុសល អធិការប៉ូលិសស្រុកថ្មគោលឱ្យកោះសន្ដិភាពដឹងថា យុវជនដែលស្លាប់នោះឈ្មោះហង្ស ដារ៉ា អាយុ២២ឆ្នាំ ជាកូនរបស់លោកហង្ស ទូច មេបញ្ជាការកងរាជអាវុធហត្ថស្រុកថ្មគោល។ ហង្ស ដារ៉ា ជិះម៉ូតូម៉ាកហុងដាសេ១០០ពណ៌កាប់ស្ដាំង ស៊េរី២០០០ រីឯភាគីម្ខាងទៀតមានគ្នា២នាក់ ម្នាក់ឈ្មោះវែន សារុំ ហៅរស់ ភេទប្រុស អាយុ៤៤ឆ្នាំ ជាអ្នកឌុប របួសស្រាល និងម្នាក់ទៀតឈ្មោះជី អាន ភេទប្រុស អាយុ៥០ឆ្នាំ ជិះពីក្រោយរបួសធ្ងន់។ ពួកគាត់រស់នៅភូមិកើតហេតុនោះ ហើយជិះម៉ូតូម៉ាកហុងដា ឌ្រីមសង់ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ដែលទើបតែទិញបាន៣ថ្ងៃប៉ុណ្ណោះ ។
លោកអធិការបន្ដទៀតថា ម៉ូតូទាំង២គ្រឿងធ្វើដំណើរស្របទិសគ្នាពីត្បូងទៅជើង លុះទៅដល់ចំណុចកើត ហេតុម៉ូតូដែលជិះឌុបគ្នា២នាក់បានស៊ីញ៉ូភ្លើងបត់ឆ្វេងឆ្លងថ្នល់។ ពេលម៉ូតូនេះបត់ឆ្លងផ្លូវជិតផុតទៅហើយ ស្រាប់តែម៉ូតូយុវជនហង្ស ដារ៉ា ដែលតាមសាក្សីថា ស្ថិតក្នុងល្បឿនលឿនបុកពីក្រោយបណ្ដាលឱ្យដួល ម៉ូតូទាំង២គ្រឿង។ មានការអះអាងថា យុវជនហង្ស ដារ៉ា ស្រវឹង ស្រាពេលបើកបរនោះ ។
ក្រោយពេលកើតហេតុប៉ូលិសស្រុកថ្មគោល និងមន្ដ្រីកងរាជអាវុធហត្ថទៅដល់ភ្លាម ហើយសមត្ថកិច្ចទាំង២ បានប្រកែកគ្នាមួយប្រាវ ដោយម្ខាងចង់បានម៉ូតូយកទៅកន្លែងខ្លួន ឯម្ខាងក៏ចង់បានដែរ ប៉ុន្ដែទីបំផុត គេឃើញខាងកងរាជអាវុធហត្ថដឹកម៉ូតូទាំង២គ្រឿងនោះយកទៅបាត់ ឯខាងប៉ូលិសបានត្រឹមតែឈរមើល និងវាស់វែងប៉ុណ្ណោះ ។ ទោះជាយ៉ាងណានៅព្រឹកថ្ងៃទី២២ ឧសភា ខាងកងរាជអាវុធហត្ថបានប្រគល់ រឿងនេះឱ្យប៉ូលិសចរាចរណ៍ខេត្ដជាអ្នកដោះស្រាយវិញ ព្រោះតែយល់ថា នេះជាជំនាញរបស់ប៉ូលិស ។
Labels: សន្តិសុខ
for this post
Leave a Reply