តំណាងផ្ទះសំណាក់ សណ្ឋាគារ
រាជធានីភ្នំពេញ ៖ នៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យកាលពីថ្ងៃទី២៣ ឧសភា មជ្ឈមណ្ឌលវប្បធម៌ជាតិ និងសីលធម៌សង្គម បានរៀបចំវគ្គបំប៉នសីលធម៌សង្គមស្ដីពីច្បាប់ចរាចរណ៍ ច្បាប់ប្រឆាំងគ្រឿងញៀន និងច្បាប់ប្រឆាំងការជួញដូរមនុស្ស ដោយមានការចូលរួមពីតំណាងសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុន ជាច្រើនរយនាក់។ វគ្គបំប៉ននេះស្ថិតក្រោមការបកស្រាយពីអ្នកជំនាញ៣រូប គឺ លោកចេវ ហាក់ អនុប្រធាន ការិយាល័យនគរបាលចរាចរ លោកកែវ ធា អនុប្រធានការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និង លោកអ៊ីវ ភារិទ្ធ អនុប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ។
លោកប៉ូ សំណាង ប្រធានមជ្ឈមណ្ឌលវប្បធម៌ជាតិនិងសីលធម៌សង្គម បានថ្លែងថា បន្ទាប់ពីប្រទេសជាតិ បានរួចចាកផុតពីការកាប់សម្លាប់នៃរបបប៉ុលពត បញ្ហាដែលប្រជាជនកម្ពុជាកំពុងប្រឈមមុខ នាពេល បច្ចុប្បន្ននេះ គឺគ្រោះថ្នាក់ចរាចរ បញ្ហាគ្រឿងញៀន និងការជួញដូរមនុស្សជាដើម។ ដូច្នេះហើយ ទើបមជ្ឈមណ្ឌលវប្បធម៌ជាតិនិងសីលធម៌សង្គម បានបើកវគ្គបំប៉នសីលធម៌សង្គមនៅពេលនេះឡើង ក្នុង គោលបំណងជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់កំណើនគ្រោះថ្នាក់ចរាចរ ទប់ស្កាត់ការ ប្រើប្រាស់ និងការជួញដូរថ្នាំញៀន និងទប់ស្កាត់ការជួញដូរមនុស្សផងដែរ តាមរយៈការអញ្ជើញអ្នក តំណាងសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុននានា នៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យមកចូលរួម ក្នុងវេទិកាដ៏កម្រនេះ ដើម្បីផ្ដល់ឱកាសបានជួបជុំគ្នាស្វែងយល់អំពីច្បាប់លើវិស័យទាំងបីនេះ និងដើម្បី បង្កើនកិច្ចទំនាក់ទំនងសហប្រតិបត្ដិការចូលរួមទប់ស្កាត់រួមគ្នា ពីព្រោះផ្ទះសំណាក់ សណ្ឋាគារទាំងនោះ គឺជាទីតាំងមួយងាយស្រួលដល់ក្រុមជនខិលខូច លួចលាក់ធ្វើសកម្មភាពនៅទីនោះ។
Labels: ព្រឹត្ដិការណ៍, សន្តិសុខ
for this post
Leave a Reply