ជនជាតិយួនសុំលុយឪពុកទិញថ្នាំញៀនមិនបានដេញកាប់
ខេត្ដបន្ទាយមានជ័យ ៖ កាលពីរសៀលថ្ងៃទី២១ ឧសភា សមត្ថកិច្ចប៉ូលិសស្រុកអូរជ្រៅបានឃាត់ខ្លួន បុរសជនជាតិយួនម្នាក់ ដោយចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀន ហើយដេញកាប់ឪពុកបង្កើត របស់ខ្លួន។ លោកវរសេនីយ៍ត្រីអ៊ឹង សុងយូ អធិការប៉ូលិសស្រុកអូរជ្រៅ បានឱ្យដឹងថា បុរសវៀតណាម ដែលត្រូវឃាត់ខ្លួននោះ ឈ្មោះផាង មិញហាយ អាយុ២៧ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រលេខ៤ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ត្រូវបានឪពុកឈ្មោះយាុំង ភឿត អាយុ៦០ឆ្នាំ ប្ដឹងឱ្យសមត្ថកិច្ចឃាត់ខ្លួនដោយចោទប្រកាន់ ពីបទប្រើប្រាស់គ្រឿងញៀន ហើយដេញកាប់ខ្លួនគាត់ជាឪពុក ។
តាមការបំភ្លឺរបស់ឪពុកឈ្មោះយាុំង ភឿត ថា កូនប្រុសរបស់គាត់ឈ្មោះផាង មិញហាយ នេះ ពុំមាន របររកស៊ីអ្វីឱ្យពិតប្រាកដនោះទេ រួចគេបានប្រើប្រាស់គ្រឿងញៀន ហើយកន្លងមកឱ្យតែគេប្រើប្រាស់ គ្រឿងស្រវឹង ឬគ្រឿងញៀន គឺគេតែងតែរករឿងអុកឡុកនៅក្នុងផ្ទះពុំដែលខាន។ ចំណែកចុងក្រោយនេះ គេបានសុំលុយគាត់ ចំនួន១០០បាត ដើម្បីយកទៅទិញថ្នាំញៀន ប៉ុន្ដែដោយរូបគាត់ពុំមានលុយឱ្យទើបកូន អកតញ្ញូនេះបានយកដំបងឈើប្រវែងមួយម៉ែត្រមកគំរាមរកវាយធ្វើបាបរូបគាត់ ហើយគាត់ក៏ប្ដឹង សមត្ថកិច្ចឱ្យឃាត់ខ្លួនតែម្ដងទៅ ។
លោកវរសេនីយ៍ត្រីអ៊ឹង សុងយូ បានបញ្ជាក់ឱ្យកោះសន្ដិភាពដឹងទៀតថា ដោយយោងទៅតាមពាក្យ បណ្ដឹងរបស់ឪពុក សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនខ្លួនឈ្មោះផាង មិញហាយ នេះទៅមជ្ឈមណ្ឌល កែប្រែជីវិតថ្មីបន្សាបគ្រឿងញៀននៅភ្នំបាក់ ។
Labels: សន្តិសុខ
for this post
Leave a Reply