អ្នកចាញ់បោកសង្ឃក្លែងក្លាយដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាន
ខេត្ដបាត់ដំបង ៖ លោកតាអាយុ៧១ឆ្នាំម្នាក់ បានមកដាក់ពាក្យបណ្ដឹងនៅការិយាល័យប៉ូលិសព្រហ្មទណ្ឌ កំរិតស្រាល នៃស្នងការដ្ឋានខេត្ដបាត់ដំបង កាលពីព្រឹកថ្ងៃទី២២ ឧសភា បន្ទាប់ពីរូបគាត់ដឹងថា ភិក្ខុសង្ឃ ២អង្គ ដែលតែងមកបិណ្ឌបាតបច្ច័យពីគាត់ច្រើនលើកច្រើនសា អស់រាប់ពាន់ដុល្លារកន្លងមក គឺជាសង្ឃ ក្លែងក្លាយ ហើយទើបត្រូវបានប៉ូលិសឃាត់ខ្លួន ។ គាត់សំរេចមកដាក់ពាក្យបណ្ដឹងដោយចោទប្រកាន់ ជនទាំង២នាក់នោះ ពីបទក្លែងបន្លំមកយកទ្រព្យសម្បត្ដិរបស់គាត់អស់ប្រាក់រាប់ពាន់ដុល្លារ ដោយប្រើពាក្យ ឆបោកថា “អាត្មាខ្វះបច្ច័យទៅសិក្សានៅសហរដ្ឋអាមេរិក” ។
មន្ដ្រីប៉ូលិសព្រហ្មទណ្ឌកំរិតស្រាលខេត្ដនិយាយថា លោកតាដែលអះអាងថា រូបគាត់ចាញ់កលសង្ឃក្លែង ក្លាយនោះឈ្មោះមាន សឿន អាយុ៧១ឆ្នាំ រស់នៅភូមិចំការសំរោង២ ឃុំចំការសំរោង ស្រុកបាត់ដំបង ។ លោកតាបានមកដាក់ពាក្យបណ្ដឹងបន្ទាប់ពីគាត់ទទួលដំណឹងថា ប៉ូលិសបានចាប់សង្ឃក្លែងក្លាយ២នាក់ ហើយ សង្ឃនោះតែងតែទៅបិណ្ឌបាតបច្ច័យនៅផ្ទះរបស់គាត់ទើបគាត់សំរេចចិត្ដមកប្ដឹងសមត្ថកិច្ច ពីជនក្លែងបន្លំ ២នាក់នោះ ឱ្យសងបច្ច័យរបស់គាត់វិញ និងឱ្យតុលាការដាក់ទោសជនកំហូចនេះតាមផ្លូវច្បាប់ ។
លោកតាមាន សឿន ដែលជាជនរងគ្រោះបានរៀបរាប់ប្រាប់ប៉ូលិសថា សង្ឃក្លែងក្លាយនោះបានមកទាក់ទង ស្គាល់គ្រួសារគាត់យូរក្រែលហើយ គឺស្គាល់ដំបូងតាមរយៈការមកបិណ្ឌបាតបច្ច័យប្រាប់ថា យកទៅទិញ សៀវភៅរៀនសូត្រ ហើយដោយមានចិត្ដស្មោះត្រង់នឹងផ្លូវសាសនា លោកតាក៏ប្រគេនបច្ច័យមួយចំនួនឱ្យ ទៅសង្ឃក្លែងក្លាយនោះ។ ក្រោយមកសង្ឃក្លែងក្លាយនេះញ៉ាម ក៏ចេះតែមកបិណ្ឌបាតបច្ច័យពីគាត់ មិនឈប់ ម្ដង២ម៉ឺនទៅ៥ម៉ឺនរៀល តែដោយលង់ជឿនឹងការឃោសនារបស់សង្ឃក្លែងក្លាយ និងមានចិត្ដ ធ្វើបុណ្យធ្វើទានទៅហើយក៏ចេះតែរកលុយយកមកឱ្យជនកំហូចនោះបន្ដទៀតទៅ ហើយពេលខ្លះអត់មាន លុយ ក៏ដើរចងការប្រាក់គេយកមកឱ្យដែរ ។ លោកតាបានបញ្ជាក់ថា នៅល្ងាចថ្ងៃទី២១ ឧសភា ឆ្នាំ២០០៧ សង្ឃក្លែងក្លាយដដែលនេះបានមកបិណ្ឌបាតលុយពីលោកតាចំនួន៣០០ដុល្លារទៀត ដោយប្រាប់ថា យកទៅ ឱ្យគេរត់ការទៅរៀននៅសហរដ្ឋអាមេរិក ហើយគាត់ក៏ទៅចងការលុយគេបានតែ១០០ដុល្លារ យកមកឱ្យ ជននេះ និងបានដេកនៅផ្ទះគាត់១យប់ទៀតផង។ លុះព្រឹកឡើងពេលចេញពីផ្ទះរបស់គាត់ទៅផុតបន្ដិច ស្រាប់តែឮគេថា សង្ឃ២អង្គដែលតែងមកបិណ្ឌបាតបច្ច័យពីផ្ទះគាត់នោះ ត្រូវប៉ូលិសចាប់ខ្លួនហើយ ព្រោះ ជនទាំង២នាក់នោះ ជាសង្ឃក្លែងក្លាយ ។ គ្រាន់តែឮថាសង្ឃក្លែងក្លាយភ្លាម លោកតាធ្លាក់ថ្លើមក្ដុក អស់រលីង ចិត្ដជ្រះថ្លា ដែលបានសន្សំកុសលជាច្រើនឆ្នាំមកហើយជាមួយសង្ឃនោះ ។ គាត់និយាយថា លុយចងការគេថ្មីៗយកមកឱ្យជនទាំង២នាក់នោះ ដើម្បីបានចេញទៅសិក្សានៅប្រទេសអាមេរិក ដោយពុំ បានដឹងថាជាសង្ឃក្លែងក្លាយឡើយ ហើយការប្រឈមមុខដ៏ធ្ងន់ធ្ងរបំផុតនោះ គឺគាត់ត្រូវវ័ណ្ឌ.ក រកលុយឱ្យ ថ្លៃការគេរាល់ខែ ដែលពិតជាធ្វើបុណ្យជាមួយសត្វក្រពើមែន ។
សូមបញ្ជាក់ថា សង្ឃក្លែងក្លាយទាំង២នាក់ ដែលលោកតាមាន សឿន ចាញ់បោកអស់រាប់រយរាប់ពាន់ ដុល្លារនោះ ម្នាក់ឈ្មោះ អ៊ុយ កូយ អាយុ៣១ឆ្នាំ និងម្នាក់ទៀតឈ្មោះ រស់ សុវណ្ណ ហៅភួង ទុង អាយុ២៦ឆ្នាំ ពួកគេទាំងពីរនាក់រស់នៅឃុំត្រញំងស្រែ ស្រុកមេសាង ខេត្ដព្រៃវែង តែមកស្នាក់នៅ បណ្ដោះអាសន្នក្នុងស្ថានីយរថភ្លើងខេត្ដបាត់ដំបង។ ជននេះបានបន្លំធ្វើជាសង្ឃក្លែងក្លាយ តាំងពីឆ្នាំ២០០២ មកម្ល៉េះ ហើយក៏ត្រូវសមត្ថកិច្ចខេត្ដបាត់ដំបងតាមដានដឹងថា ពួកគេជាសង្ឃក្លែងក្លាយច្រើនខែមកហើយ ដែរ តែពុំមានភស្ដុតាងធ្វើការឃាត់ខ្លួនបាន ។ លុះនៅព្រឹកថ្ងៃទី២១ ឧសភា ឆ្នាំ២០០៧ ទើបសមត្ថកិច្ច ធ្វើការចាប់ឃាត់ខ្លួនជននេះតែម្ដងទៅ ខណៈពេលពួកគេផ្លាស់ប្ដូរសំលៀកបំពាក់ ចេញធ្វើសកម្មភាពឆបោក អ្នកស្រុក ។
លោកម៉េង លៀង អនុប្រធានការិយាល័យប៉ូលិសព្រហ្មទណ្ឌកំរិតស្រាលខេត្ដបានមានប្រសាសន៍ថា ប្រជា ពលរដ្ឋដែលចាញ់បោកសង្ឃក្លែងក្លាយទាំង២នាក់ខាងលើនេះ មានរាប់រយពាន់នាក់ ដោយពួកគេបានធ្វើ គ្រប់រូបភាពទាំងអស់ ដើម្បីក្លែងបន្លំទៅឆបោកអ្នកស្រុក ។ លោកបន្ដថា កន្លងមកកម្លាំងរបស់លោក បង្ក្រាបបានច្រើនករណីហើយ ពីបញ្ហាសង្ឃក្លែងក្លាយដើរឆបោកអ្នកស្រុកដូចខាងលើនេះ ។ ជនក្លែងបន្លំ ធ្វើសង្ឃទាំង២នាក់ខាងលើនេះ ត្រូវបានកម្លាំងរបស់លោកកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅព្រឹក ថ្ងៃទី២៣ ឧសភា ។
Labels: សន្តិសុខ
for this post
Leave a Reply