ក្មេងស្រីម្នាក់បាត់ខ្លួននៅផ្សារកំពង់ត្រាចសង្ស័យចាប់ពង្រត់
ខេត្ដកំពត ៖ ក្មេងស្រីជំទង់ជាសិស្សសាលាម្នាក់បានបាត់ខ្លួនកាលពី វេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៧ ឧសភា ខណៈពេលដែលនាងចូលផ្សារកំពង់ត្រាច ។ ការបាត់ខ្លួននេះពុំទាន់មានដំណឹងអ្វីឡើយ រហូតមកដល់ពេលនេះ ដែលក្រុមគ្រួសារក៏ដូចជាមហាជននៅទីនោះសង្ស័យថា ជាការចាប់ពង្រត់ ព្រោះ ការបាត់ខ្លួនពុំដឹងមូលហេតុ ។
ក្មេងស្រីដែលបាត់ខ្លួននេះឈ្មោះស្វាយ ស៊ីថាត អាយុ១៧ឆ្នាំ រស់នៅភូមិដំណាក់ត្រយឹង ស្រុកកំពង់ត្រាច រៀននៅថ្នាក់ទី៩ នៃអនុវិទ្យាល័យហ៊ុន សែនរោងវែង។ តាមសីដីរបស់ក្មេងស្រីឈ្មោះយាន ចន្នី អាយុ ១៦ឆ្នាំ រៀននៅថ្នាក់ជាមួយគ្នាបានឱ្យដឹងថា នៅមុនពេលបាត់ខ្លួននោះ គឺជាម៉ោងទំនេរ រូបនាង និងស្វាយ ស៊ីថាត បាននាំគ្នាជិះកង់មួយគ្រឿងឌុបគ្នាទៅផ្សារកំពង់ត្រាចដើម្បីរកទិញស្បែកជើង ។ លុះទិញស្បែក ជើងបានហើយក៏នាំគ្នាចេញមកវិញ ហើយស្វាយ ស៊ីថាត បានពាក់ស្បែកជើងថ្មី រួចដើរចូលទៅក្នុងផ្សារ វិញដោយឱ្យខ្លួនឈរកាន់កង់នៅចាំខាងក្រៅ ។ ពេលចាំយូរទៅមិនឃើញចេញ មកវិញ នាងក៏ចូលតាមរក តែរកមិនឃើញ ទើបប្រញាប់ជិះកង់ទៅប្រាប់ដល់ក្រុមគ្រួសារ របស់ស្វាយ ស៊ីថាត ទាំងការភិតភ័យ ។
បើតាមឪពុករបស់ក្មេងស្រីដែលបាត់ខ្លួននោះបានឱ្យដឹងថា កូនស្រីរបស់គាត់គឺពិតជាត្រូវគេចាប់ពង្រត់ ព្រោះក្រោយពេលបាត់ខ្លួនភ្លាម គាត់ក៏បានដើររកគ្រប់ទីកន្លែង ប៉ុន្ដែពុំឃើញ ហើយបានឮគេប្រាប់ថា មានគេឃើញក្មេងស្រីជំទង់ម្នាក់ និងបុរសម្នាក់បានជិះម៉ូតូឌុបទៅឈប់ជិតភ្នំសំឡី ហើយក្មេងស្រីនោះ បានយំយ៉ាងខ្លាំងទៀតផង បន្ទាប់មកក៏ឃើញជិះត្រឡប់មកវិញ ។ បុរសជាឪពុកក្មេងស្រីនេះបានឱ្យដឹង ទៀតថា ថ្ងៃបាត់ខ្លួនកូនស្រីរបស់គាត់នោះ បុរសម្នាក់ដែលជាជាងកាត់សក់ឈ្មោះហ៊ួត កំហុង មានស្រុក កំណើតនៅឯខេត្ដកំពង់ចាម ក៏បានទៅផ្សារកំពង់ត្រាចដែរ ។ គាត់បញ្ជាក់ថា កន្លងមកបុរសនេះធ្លាប់ មានទំនាក់ទំនងចេញចូលផ្ទះគាត់ ។
មានការកត់សំគាល់ថា នៅផ្សារកំពង់ត្រាច ក្នុងស្រុកកំពង់ត្រាច ខេត្ដកំពតនៅចុងខែឧសភានេះ មាន ក្មេងស្រី២នាក់ហើយដែលបាត់ខ្លួន តែក្មេងស្រីម្នាក់ដែលបាត់ខ្លួនមុនបានរកឃើញវិញហើយ ដោយត្រូវគេ ដាក់ថ្នាំនាំទៅទីក្រុងភ្នំពេញតែក្មេងស្រីម្នាក់ក្រោយនេះ មិនទាន់មានដំណឹងនៅឡើយទេ ។
Labels: ព្រឹត្ដិការណ៍, សន្តិសុខ
for this post
Leave a Reply