ចោទថាចោរ វាយដំស្ទើរស្លាប់ បានប៉ូលិសជួយទាន់
រាជធានីភ្នំពេញ ៖ យុវជនដើរវាយស៊ីរ៉ាស្បែកជើងម្នាក់ ត្រូវបានប្រជាពលរដ្ឋចោមរោមវាយទាត់ធាក់ រហូតដល់សន្លប់ដេកស្ដូកស្ដឹងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២២ ឧសភា នៅមុខអតីត ស្នងការដ្ឋាន ប៉ូលិសក្រុងភ្នំពេញ ត្រង់ចំណុចផ្លូវកែងលេខ១៥៤ និងលេខ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ដោយចោទប្រកាន់ថា យុវជនរូបនេះលួចសម្ភារៈរបស់ប្រជាពលរដ្ឋ ។
ប្រជាពលរដ្ឋម្នាក់បានរៀបរាប់ឱ្យសមត្ថកិច្ចប៉ូលិសដឹងថា នៅវេលាម៉ោងដូចខាងលើ គេឮសូរប្រជាពលរដ្ឋ នៅច្រកឌឿងហែមផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ស្រែកឆោឡោថា “ចោរៗ” ព្រមទាំងនាំគ្នាដេញ តាមចាប់យុវជនម្នាក់ពីក្រោយ ។ លុះមកដល់មុខអតីតស្នងការដ្ឋានប៉ូលិសក្រុងភ្នំពេញ ក៏ចាប់យុវជន នោះបានរួចនាំគ្នាស្វាគមន៍ម្នាក់មួយដៃមួយជើង បណ្ដាលឱ្យយុវជនរូបនោះបែកក្បាល បែកមុខហូរឈាម រហាម សន្លប់ស្ដូកស្ដឹងនៅលើថ្នល់ ។ ភ្លាមៗនោះក៏មានកម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលផ្សារថ្មីទី៣ ដែលជិះម៉ូតូ ល្បាតចេញមុខធ្វើអន្ដរាគមន៍ដោយសុំកុំឱ្យប្រជាពលរដ្ឋប្រើអំពើហិង្សា ទុកឱ្យច្បាប់ដោះស្រាយវិញ ។
ប៉ូលិសបាននិយាយថា ជនជាប់ចោទថាជាចោរ ហើយត្រូវប្រជាពលរដ្ឋវាយដំនោះ មិនមានជនណាម្នាក់ ចេញមុខដាក់ពាក្យបណ្ដឹងនោះទេ ហើយការប្រើអំពើហិង្សាទៅលើយុវជនជាប់ចោទដែលមានមុខរបរវាយ ស៊ីរ៉ាស្បែកជើងនោះ មិនប្រាកដថាពលរដ្ឋនៅច្រកឌឿងហែមលេខ៥១វាយដំនោះទេ គឺទំនងជាអ្នកដំណើរ ដែលពេលឮគេស្រែកថា ចោរៗ ក៏ចាប់វាយតែម្ដងទៅ លុះប៉ូលិសមកដល់ពួកគេនាំគ្នាគេចខ្លួនបាត់ទៅ ។
ជនឈ្មោះសិង្ហ ចំរើន អាយុ២២ឆ្នាំ ស្នាក់នៅម្ដុំផ្សារស៊ីឡឹប សង្កាត់ចតុមុខ ខណ្ឌដូនពេញ មុខរបរ វាយស៊ីរ៉ាស្បែកជើងក្រោយ ពេលកើតហេតុត្រូវបានរថយន្ដសង្គ្រោះនៃគ្លីនិកឯកជនបឹងមាសដឹកយកទៅ ព្យាបាលជាបន្ទាន់ ។
Labels: សន្តិសុខ
for this post
Leave a Reply