តាមប្លន់អ្នកលក់មាសដល់មុខផ្ទះ ចោរបាញ់២គ្រាប់តែមិនផ្ទុះ
ខេត្ដកំពង់ស្ពឺ ៖ ជាងទងនៅផ្សារដំបូលប្រាំ ខេត្ដកំពង់ស្ពឺម្នាក់ត្រូវក្រុមចោរប្រដាប់អាវុធប្លន់យកកន្ដ្រក ដាក់មាស និងលុយ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២២ ឧសភា នៅមុខផ្ទះរបស់ខ្លួន ។ ពួកចោរបានបាញ់ ជាងទងនោះផងដែរ តែបាញ់មិនផ្ទុះ ទើបគាត់រួចផុតពីគ្រោះថ្នាក់ដល់ជីវិត ។
ជាងទងរងគ្រោះឈ្មោះហេង ឈុនហោ ភេទប្រុស អាយុ៣៤ឆ្នាំ បានរៀបរាប់ឱ្យសមត្ថកិច្ចដឹងថា បន្ទាប់ ពីបិទតូប គាត់ដឹកប្រពន្ធ និងកូនវិលត្រឡប់ទៅផ្ទះនៅក្នុងភូមិថ្មី ឃុំរកាធំ ស្រុកច្បារមន តាមម៉ូតូ C១២៥ ស៊េរីថ្មីមួយគ្រឿង ។ ពួកចោរប្លន់បានគ្រោងទុកជាមុន គឺពួកគេតាមគាត់ពីក្រោយ។ នៅពេលគាត់ ជិះម៉ូតូដល់មុខមាត់ទ្វារផ្ទះពុំទាន់បានពន្លត់ម៉ាស៊ីនផង ស្រាប់តែឃើញជនពីរនាក់ ក្នុងនោះម្នាក់នៅអែប របងខាងក្រៅផ្ទះ និងម្នាក់ទៀតលើកកាំភ្លើងខ្លីបាញ់តំរង់គាត់តែម្ដង ។ ប៉ុន្ដែជននោះកេះកៃច្រើនសា ពុំផ្ទុះទេ ហើយគេអាម៉េបាញ់ម្ដងទៀត នៅតែអត់ផ្ទុះដដែល ។ ក្នុងស្ថានភាពស្លន់ស្លោ គាត់ និង ប្រពន្ធលោតចេញពីលើម៉ូតូផ្ដួលចោលទាំងម៉ាស៊ីននៅឆេះ ដោយរូបគាត់អោបកូន រត់ទៅខាងជើងផ្ទះ ចំណែកប្រពន្ធគាត់រត់ចេញតាមច្រកជិតផ្ទះ ហៅឱ្យអ្នកជិតខាងជួយអន្ដរាគមន៍ ។
ប្រភពដដែលបន្ដថា ពេលនោះចោរកញ្ឆក់យកកន្ដ្រកដាក់មាស និងលុយដែលទុកនៅចង្អើរម៉ូតូខាងមុខ រួចជិះម៉ូតូទៅទិសខាងត្បូងតាមផ្លូវច្បារមនគេចបាត់ទៅ។ មួយសន្ទុះក្រោយទើបហេតុការណ៍នេះដឹងដល់ សមត្ថកិច្ចប៉េអឹម និងប៉ូលិស នាំគ្នាចេញស្ទាក់តាមផ្លូវគ្រប់ច្រក តែពុំប្រទះឃើញចោរទេ ។
បុរសឈ្មោះហេង ឈុនហោ ប្រាប់ថា គាត់បាត់បង់មាសទំងន់មួយតម្លឹងពីរជី, បា្លទីនម្ភៃតម្លឹង និង លុយ១២០ដុល្លារ និងជាង១លានរៀល។ ទោះបីចោរប្លន់យកមាសប្រាក់ទៅបាត់មែន តែមានការស្ងើច សរសើរពីសំណាងរបស់ជាងទងរូបនេះដែលចោរបាញ់តែគ្រាប់មិនផ្ទុះជាច្រើនលើក ហើយបើគ្រាប់ផ្ទុះវិញ គាត់គ្មានសល់ជីវិតឡើយ ។ បន្ទាប់ពីកើតមានបាតុភាពប្លន់គួរឱ្យភ្ញាក់ផ្អើលនោះ នៅម៉ោង៥និង៣០នាទី ល្ងាច មានអ្នកដំណើរឱ្យការណ៍ថា បានឃើញគេរុញម៉ូតូ២គ្រឿងទម្លាក់ចោលក្នុងប្រឡាយទឹកទួលធ្លុង ដែលមានចំងាយពីប៉ុស្ដិ៍រដ្ឋបាលរកាធំប្រមាណ១គីឡូម៉ែត្រ។ ពេលនោះកំលាំងសមត្ថកិច្ចទាំងប៉ូលិស និងប៉េអឹមបានទៅរកឃើញម៉ូតូទាំង២គ្រឿងដែលចោរទំលាក់ចោលក្នុងទឹកប្រឡាយនោះ ។ សាក្សី និយាយថា បានឃើញក្រុមអ្នកពន្លិចម៉ូតូក្នុងប្រឡាយឡើងជិះរថយន្ដកាមរី ពណ៌សមួយគ្រឿង ដែល ត្រៀមចាំដឹកទៅបាត់ស្រមោល។
ចោរប្លន់ប្រដាប់អាវុធបានបន្សល់គ្រាប់បាញ់មិនផ្ទុះចំនួនមួយគ្រាប់ គឺជាគ្រាប់ធុន K៥៩ ដែលសមត្ថកិច្ច រកឃើញនៅមុខផ្ទះជនរងគ្រោះ ។ ចំណែកម៉ូតូ២គ្រឿងនោះ មួយគ្រឿងម៉ាកវ៉េវអ៊ី និងមួយគ្រឿងទៀត ធុន C១២៥ ស៊េរី ២០០៧ ត្រូវសមត្ថកិច្ចយកទៅរក្សាទុក។
Labels: សន្តិសុខ
for this post
Leave a Reply