ពលរដ្ឋជាង២០០គ្រួសាររំជើបរំជួលជុំវិញការអនុវត្ដន៍ដីការុះរើផ្ទះ
លោកមេឃុំប៉ោយប៉ែតទៅជួបប្រជាពលរដ្ឋដល់ចំណុចដីដែលសាលដីកាតំរូវឱ្យរុះរើ (រូបថត កោះសន្តិភាព)
ខេត្ដបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៥ ឧសភា ប្រជាពលរដ្ឋប្រមាណ២០០គ្រួសារ ដែលរស់នៅ លើដីសមាគមអភិវឌ្ឍន៍កសិកម្មជាតិចំណុចដើមចាមរី ក្នុងភូមិបាលិលេយ្យ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ បានលើកគ្នាទៅសាលាឃុំ ដើម្បីតវ៉ាសុំឱ្យអាជ្ញាធរជួយធ្វើការដោះស្រាយជូនពួកគាត់ ព្រោះមានដីកាឱ្យរុះរើ ផ្ទះរបស់ពួកគាត់នៅថ្ងៃទី២៩ឧសភាខាងមុខ។
លោកសាន ស៊ានហូ ប្រធានក្រុមប្រឹក្សាឃុំប៉ោយប៉ែត ដែលទើបជាប់ឆ្នោតបានណែនាំឱ្យប្រជាពលរដ្ឋ ទាំងអស់វិលត្រឡប់ទៅកាន់លំនៅឋានវិញ ។ នៅវេលាម៉ោង១០ព្រឹកថ្ងៃ ទី២៥ ឧសភា លោកប្រធាន ឃុំប៉ោយប៉ែត បានដឹកនាំកំលាំងរួមមានសមត្ថកិច្ចប៉ូលិសប៉ុស្ដិ៍រដ្ឋបាលឃុំ និងសមត្ថកិច្ចប៉ូលិសការពារ ព្រំដែនគោកវរៈ៩១១ ចុះទៅចំណុចដីសមាគមកសិកម្មធម្មជាតិ ហើយបានប្រមូលប្រជាពលរដ្ឋទាំងអស់ មកជុំគ្នា។ ខណៈនោះលោកឱ្យដឹងថា ប្រជាពលរដ្ឋដែលលើកគ្នាទៅតវ៉ានៅសាលាឃុំ ឱ្យលោកជួយរក ដំណោះស្រាយនោះ គឺត្រូវតែសហការជាមួយអាជ្ញាធរមូលដ្ឋាន ។ ចំពោះដីកាដែលតម្រូវឱ្យរុះរើផ្ទះសម្បែង នៅថ្ងៃទី២៩ ឧសភា នោះគឺពិតជាមានមែន ប៉ុន្ដែលោកបានសុំឱ្យផ្អាកការអនុវត្ដដីកាសិន ។ ដោយឡែក លោកសុំឱ្យប្រជាពលរដ្ឋជួយសហការជាមួយអាជ្ញាធរមូលដ្ឋាននោះ គឺត្រូវស្រង់ស្ថិតិឱ្យបានច្បាស់លាស់ រួចលោកនឹងស្នើសុំទៅថ្នាក់ លើឱ្យជួយដោះស្រាយរឿងនេះ ។
លោកមេឃុំបន្ដថា ពលរដ្ឋទាំងអស់ត្រូវបញ្ជាក់ឱ្យច្បាស់ថា តើដីដែលកំពុងរស់នៅនេះបានមកពីទិញ ឬជាដី សម្បទានមកពីខាងណា។ លើសពីនេះលោកនឹងស្រាវជ្រាវរកមេខ្យល់ដើម្បីឱ្យច្បាប់ផ្ដន្ទាទោស ។
ប្រជាពលរដ្ឋទាំងអស់ឱ្យដឹងថា ពួកគាត់មករស់នៅលើដីនេះគឺដោយសារមនុស្ស៤ទៅ៥នាក់ សម្បទាន ឱ្យពួកគាត់ដោយបានរស់នៅជាង១ឆ្នាំមកហើយ ។ ចំណែកដីកន្លែងខ្លះ គឺខាងអាជ្ញាធរខេត្ដដឹកនាំដោយ លោកសុខ សារ៉េត បានចុះដោះស្រាយម្ដងរួចមកហើយៗបានសំរេចឱ្យពួកគាត់រស់នៅ ។ ទោះបីជា យ៉ាងណានៅពេលនេះមានដីកាឱ្យចុះរុះរើផ្ទះសម្បែងរបស់ពួកគាត់នៅថ្ងៃទី២៩ ឧសភា ក៏សំរេចដោយ លោកសុខ សារ៉េត អភិបាលរងខេត្ដបន្ទាយមានជ័យនេះដែរ ។ ទាក់ទិនរឿងនេះពួកគាត់សំណូមពរ សូមនាយករដ្ឋមន្ដ្រីហ៊ុន សែន ជួយរកដំណោះស្រាយណាមួយឱ្យពួកគាត់បានរស់នៅផង ពីព្រោះពួក គាត់គ្មានដីធ្លីអ្វីសំរាប់នៅទេ ក្រៅពីដីនេះ ។
អត្ថបទ កោះសន្តិភាពLabels: សន្តិសុខ
for this post
Leave a Reply