រថយន្ដដឹកដីកៀរប៉ូលិសជិះម៉ូតូដួលបែកក្បាលស្លាប់
មន្ដ្រីប៉ូលិសដេកស្លាប់បែបនេះដោយសាររថយន្ដដឹកដីបើកកៀរ (រូបថត.កោះសន្តិភាព)
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅក្នុងថ្លុកឈាមដោយសារពេលជិះម៉ូតូត្រូវរថយន្ដកៀរ ដួល បោកក្បាលទៅលើថ្នល់ កាលពីវេលាម៉ោងជិត៥ភ្លឺ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០៧ នៅលើកំណាត់មហា វិថីសហព័ន្ធរុស្ស៊ីស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌដង្កោ ក្រុងភ្នំពេញ ។
គ្រោះថ្នាក់ចរាចរណ៍នោះ បើតាមសាក្សីម្នាក់អះអាងថា រថយន្ដធុនធំដឹកដីមួយគ្រឿងបានបើកកៀរ បុរសរងគ្រោះពេលជិះម៉ូតូតែម្នាក់ឯង ។ បុរសនោះឈ្មោះតន់ សឿន អាយុ៤៧ឆ្នាំ ជាមន្ដ្រីប៉ូលិស នៅនាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ មានទីលំនៅក្នុងភូមិ៧ ក្រុមទី៣៥ ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានមួយឱ្យដឹងថា លោក តន់ សឿន ជិះម៉ូតូម៉ាកអ៊ិចវ័ន (X1) ពណ៌ត្រួយចេក តាម ដងមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិចតែម្នាក់ឯង។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ត្រូវរថយន្ដធុនធំដឹកដីមិនស្គាល់ម៉ាក ដែលបើកបរយ៉ាងលឿនស្របទិសគ្នាកៀរម៉ូតូរបស់លោក បណ្ដាល ឱ្យដួលបោកក្បាលទៅលើថ្នល់ស្លាប់ភ្លាមមួយរំពេចតែម្ដង ។
ប្រភពដដែលបន្ដទៀតថា ក្រោយពេលបើកកៀរអ្នកជិះម៉ូតូរួច ហើយរថយន្ដនោះ បន្ថែមល្បឿនកាន់តែ លឿនឡើងគេចទៅទិសខាងលិចបាត់ ។ ប៉ូលិសឱ្យដឹងថា ពេលសមត្ថកិច្ចចុះទៅវាស់វែងឃើញសពមន្ដ្រី ប៉ូលិសនោះស្ថិតក្នុងថ្លុកឈាមក្បែរម៉ូតូរបស់ខ្លួន ហើយក្រៅពីនេះមានកាំភ្លើងខ្លីមួយដើម និងត្រីខកំប៉ុង មួយចំនួនទៀត ។ ប៉ូលិសសន្និដ្ឋានថា មន្ដ្រីប៉ូលិសរងគ្រោះទំនងត្រូវរថយន្ដធុនធំនោះបើកកៀរដូចជា ការអះអាងរបស់សាក្សីមែន ព្រោះឃើញមានស្នាមអូសប្រវែងប្រហែល១៣ម៉ែត្រឯណោះ ។ ទោះបីជា បែបណារថយន្ដនោះម៉ាកអ្វី និងរបស់ក្រុមហ៊ុនណាពុំមានប្រភពបញ្ជាក់ឡើយ។ សពត្រូវបានប្រគល់ឱ្យ ក្រុមគ្រួសារនាំយកទៅធ្វើបុណ្យ។
ប្រជាពលរដ្ឋនៅម្ដុំកើតហេតុឱ្យដឹងថា រថយន្ដដឹកដីបើកបរប្រណាំងគ្នាក៏មានដែរ នៅលើកំណាត់មហាវិថី សហព័ន្ធរុស្ស៊ីនាវេលាជិតភ្លឺ។ ក្រុមអ្នកបើកបររថយន្ដទាំងនោះមិនគិតពីសុវត្ថិភាពអ្នកដំណើរតាមផ្លូវទេ ព្រោះពេលបើកបុកមនុស្សហើយបើករត់ តែបើបើករត់មិនរួចមានក្រុមហ៊ុនធានារ៉ាប់រង ឬថៅកែចេញមុខ ដោះស្រាយ។ ម្យ៉ាងទៀតថៅកែរបស់ពួកគេណែនាំថា បើកបរធ្វើយ៉ាងម៉េចឱ្យលឿនដើម្បីបានច្រើនជើង ហើយបើមានគ្រោះថ្នាក់ធ្វើយ៉ាងណារត់ឱ្យតែរួចខ្លួន ចាំគេជាថៅកែចេញមុខដោះស្រាយ។
អត្ថបទ កោះសន្តិភាពLabels: សន្តិសុខ
for this post
Leave a Reply