អ្នកលក់មាសនៅកំពង់ស្ពឺ ចង្អុលមុខចោរប្លន់ពីថ្ងៃមុន
អ្នកលក់មាសនិងភរិយាចង្អុលជនសង្ស័យ (រូបថត កោះសន្តិភាព)
ខេត្ដកំពង់ស្ពឺ ៖ ក្រោយពីមានអំពើប្លន់ប្រដាប់អាវុធនៅក្នុងភូមិថ្មី ឃុំរកាធំ ស្រុកច្បារមន កាលពី វេលាម៉ោង៥ល្ងាចថ្ងៃទី២២ ឧសភា ទៅលើអ្នកលក់មាស២នាក់ប្ដីប្រពន្ធ ដែលទើបវិលត្រឡប់មកពីធ្វើ អាជីវកម្មលក់ដូរនៅឯផ្សារដំបូលប្រាំវិញដោយមិនទាន់ទាំងបានបើកទ្វារចូលផ្ទះផងនោះ សមត្ថកិច្ចប៉ូលិស នៃស្នងការដ្ឋានខេត្ដកំពង់ស្ពឺបានខិតខំដុតដៃដុតជើងធ្វើការស្រាវជ្រាវ និងរុករកក្រុមចោរទាំងនោះ យ៉ាង សកម្មបំផុត ។ ប៉ុន្ដែគួរឱ្យសោកស្ដាយជាពន់ពេកនៅថ្ងៃកើតហេតុនោះ ទោះបីសមត្ថកិច្ចខំរាយអន្ទាក់គ្រប់ ផ្លូវយ៉ាងណា ក៏ស្ទាក់ចាប់មុខសញ្ញាដែលមិនស្គាល់អត្ដសញ្ញាណទាំងនោះមិនបានដែរ គឺគ្រាន់តែរកឃើញ ម៉ូតូ២គ្រឿងដែលពួកជនមិនស្គាល់មុខបានរុញទំលាក់ចោលនៅក្នុងទឹកប្រឡាយទួលធ្លុង មានចំងាយពី ប៉ុសិ៍្ដរដ្ឋបាលរកាធំប្រមាណ១គីឡូម៉ែត្រ តាមរយៈសេចក្ដីរាយការណ៍ពីអ្នកដំណើរប៉ុណ្ណោះ ។
ដោយសេចក្ដីព្យាយាមរបស់សមត្ថកិច្ចប៉ូលិសខេត្ដកំពង់ស្ពឺ ជនជាប់សង្ស័យ៥នាក់ ដែលបង្កបទល្មើស ផ្សេងៗពីគ្នាត្រូវចាប់ខ្លួនបានជាបន្ដបន្ទាប់ យកមកសួរចំលើយនៅស្នងការដ្ឋានដែលក្នុងចំណោមនោះ មាន ជនជាប់សង្ស័យម្នាក់ដែលពាក់ស្លាកលេខ១៣ ត្រូវបានអ្នករងគ្រោះចង្អុលប្រាប់សមត្ថកិច្ចថា គឺជនម្នាក់នេះ ហើយដែលជាអ្នកដៃដល់ប្លន់យកកន្ដ្រកដាក់មាស និងលុយពីគាត់កាលពីល្ងាចថ្ងៃទី២២ ឧសភា កន្លង មកនោះ ។ លោកហេង ឈុនហោ អាយុ៣៤ឆ្នាំ និង ភរិយាឈ្មោះហេង វ៉ិត បានបញ្ជាក់ប្រាប់ប៉ូលិសថា ជនដែលពាក់ស្លាកលេខ១៣នេះ បានប្រើកាំភ្លើងខ្លីបាញ់ប្រហារមកលើគាត់ជាច្រើនគ្រាប់តែមិនផ្ទុះ ហើយ បានប្លន់យកកន្ដ្រកដាក់មាស និងលុយពីគាត់បានសំរេច ដែលនៅក្នុងនោះមានមាសទំងន់១តម្លឹង២ជី, បា្លទីន ២០តម្លឹង, លុយអាមេរិក១២០ដុល្លារ និងលុយខ្មែរជាង១លានរៀល ។
ទាក់ទិននឹងការចាប់ខ្លួនជនជាប់សង្ស័យពីបទប្លន់ប្រដាប់អាវុធទៅលើអាជីវករលក់ មាសដូរលុយ នៅក្នុង ភូមិថ្ម ឃុំរកាធំ ស្រុកច្បារមននេះ លោកវរសេនីយ៍ទោសុខ ខេមរិន ស្នងការរងនគរបាលខេត្ដកំពង់ស្ពឺ ទទួលបន្ទុកព្រហ្មទណ្ឌបានប្រាប់កោះសន្ដិភាពនៅព្រឹកថ្ងៃ ទី២៥ ឧសភា ថា ជនជាប់សង្ស័យពាក់ស្លាក លេខ១៣នេះ ឈ្មោះស៊ឹម ម៉ៅ អាយុ២៤ឆ្នាំ ប្រកបរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅភូមិសែនជ័យ ឃុំគ ស្រុកត្បូងឃ្មុំ ខេត្ដកំពង់ចាម បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិស្នោ ឃុំរកាធំ ស្រុកច្បារមន ខេត្ដកំពង់ស្ពឺ ត្រូវកំលាំងសមត្ថកិច្ចប៉ូលិសរបស់លោកចាប់ខ្លួនបានកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៣ ឧសភា នៅត្រង់ចំណុចប្រឡាយទឹកទួលធ្លុង ជាទីដែលពួកចោរប្លន់មាសជិះម៉ូតូ២គ្រឿង យកទៅទំលាក់ ចោល កាលពីល្ងាចថ្ងៃទី២២ ឧសភា បន្ទាប់ពីពួកគេប្លន់បានមាសរួចមក ។ លោកស្នងការរងបានបញ្ជាក់ ឱ្យដឹងទៀតថា ជនជាប់សង្ស័យឈ្មោះស៊ឹម ម៉ៅ នេះ មិនបានសារភាពពីទោសកំហុសរបស់ខ្លួនទេ ប៉ុន្ដែ អ្នករងគ្រោះបានអះអាងយ៉ាងប្រាកដប្រជាថា គឺជននេះហើយដែលជាអ្នកដៃដល់ក្នុងអំពើប្លន់នោះ ។
នៅចំពោះមុខមន្ដ្រីប៉ូលិសព្រហ្មទណ្ឌខេត្ដ ជនជាប់សង្ស័យឈ្មោះស៊ឹម ម៉ៅ បាននិយាយដោះសាថា ខ្លួនមិនដឹងថា នៅក្នុងប្រឡាយទឹកទួលធ្លុងនោះមានគេលាក់ម៉ូតូនៅក្នុងទឹកទេ ហើយការដែលខ្លួន ដោះខោអាវក្រៅចេញនោះ គឺខ្លួនបំរុងឆ្លងប្រឡាយទៅមើលគេភ្ជួរស្រែនៅទីនោះ ។ ប៉ុន្ដែតាម សមត្ថកិច្ចដែលជាអ្នកចុះទៅចាប់ខ្លួនជនជាប់សង្ស័យដោយផ្ទាល់ដៃនោះបានបញ្ជាក់ថា នៅក្បែរប្រឡាយ ទឹកទួលធ្លុងនាព្រឹកថ្ងៃទី២៣ ឧសភា នោះ មិនមានប្រជាកសិករណាម្នាក់នៅភ្ជួរដាស់ស្រែឡើយ ។ លោក វរសេនីយ៍ទោសុខ ខេមរិន បានអះអាងថា ទោះបីជាជនជាប់ចោទព្យាយាមឆ្លើយបង្វែងដាន មិនព្រម សារភាពយ៉ាងណាក៏ដោយ ក៏លោកមិនព្រមលើកលែងការចោទប្រកាន់ជាដាច់ខាត ពីព្រោះមានសាក្សី ចង្អុលបង្ហាញយ៉ាងច្បាស់លាស់រួចទៅហើយ ហើយបើបានចំលើយសារភាពពីជនជាប់ចោទនោះ លោក នឹងដាក់បញ្ជាឱ្យកំលាំងជំនាញតាមចាប់ខ្លួនបក្សពួករបស់ឈ្មោះស៊ឹម ម៉ៅ ដែលកំពុងរត់គេចខ្លួននេះ យក មកផ្ដន្ទទោសទៅតាមច្បាប់ឱ្យបាន ។
Labels: សន្តិសុខ
for this post
Leave a Reply