គណបក្សសម រង្ស៊ីបណ្ដេញក្រុមប្រឹក្សាសង្កាត់និរោធ
លោកស្រីអោក ដារ៉ាវី ធ្វើសន្និសីទពីប្រតិកម្ម (រូបថត កោះសន្តិភាព)
រាជធានីភ្នំពេញ ៖ គណបក្សសម រង្ស៊ី បានប្រកាសបណ្ដេញសមាជិករបស់ខ្លួន ជាសមាជិក ក្រុមប្រឹក្សាសង្កាត់និរោធ ខណ្ឌមានជ័យ គឺលោកស្រីអោក ដារ៉ាវី ដែលជាក្រុមប្រឹក្សាសង្កាត់និរោធ ក្នុងលំដាប់លេខរៀងទី៣នៃគណបក្សសម រង្ស៊ី ។ ការប្រកាសបណ្ដេញចេញនេះ បានធ្វើឡើងតាម រយៈលិខិតចុះថ្ងៃ ទី១១ ខែឧសភា ដែលចុះហត្ថលេខាដោយលោកគង់ គាំ អនុប្រធានគណបក្សសម រង្ស៊ី ដោយបានអះអាងថា លោកស្រីបានធ្វើសកម្មភាពផ្ទុយពីផលប្រយោជន៍របស់គណបក្ស ។
ជាប្រតិកម្ម លោកស្រីអោក ដារ៉ាវី បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតថា សកម្មភាពរបស់ លោកស្រីកន្លងមកមិនបានប្រព្រឹត្ដអំពើពុករលួយទេ រាល់សកម្មភាពគឺដើម្បីភាពស្អាតស្អំ តែផ្ទុយទៅវិញ ប្រធានគណបក្សមិនបានគិតដល់តំលៃរបស់អ្នកដែលបានចូលរួមជាមួយគណបក្សសម រង្ស៊ី ។ លោកស្រី បន្ដថា “មេដឹកនាំគណបក្សនេះបានចាត់ទុកខ្ញុំដូចជាសត្វធាតុ ដូចជាមនុស្សគ្មានវិញ្ញាណឈរចាំតែគេប្រើ តែខ្ញុំជាមនុស្សមិនមែនជាសត្វធាតុទេ ។ ខ្ញុំស្រឡាញ់កិត្ដិយស កេរ្ដិ៍ឈ្មោះរបស់ខ្ញុំ” ។
លោកស្រីបានបន្ដថា លោកស្រីត្រូវតែចាកចេញពីគណបក្សសម រង្ស៊ី ហើយមិនអាចយកខ្លួនទៅប្រឡូក ជាមួយអ្នកដែលអាក្រក់អស់ទាំងនោះទេ។ លោកស្រីបន្ដទៀតថា គណបក្សសម រង្ស៊ី មិនឱ្យលោកស្រី ចេញទេកាលពីមុន ដែលលោកស្រីបានសុំលាឈប់ជាយូរមកហើយ ។
លោកគង់ គាំ អនុប្រធានគណបក្សសម រង្ស៊ី បានសំរេចធ្វើការលុបឈ្មោះលោកស្រី អោក ដារ៉ាវី ពីសមាជិកគណបក្ស ដោយយោងតាមមាត្រា១៤នៃច្បាប់ស្ដីពីគណបក្ស នយោបាយ មាត្រា១៤នៃលក្ខន្ដិកៈ និងមាត្រា៦នៃបទបញ្ជាផ្ទៃក្នុងគណបក្ស និងយោងតាមការធ្វើសកម្មភាព ផ្ទុយពីផលប្រយោជន៍ របស់គណបក្ស ។ លោកគង់ គាំ បានថ្លែងថា គណបក្សសម រង្ស៊ី សំរេចលុបឈ្មោះលោកស្រីអោក ដារ៉ាវី ចេញពីបញ្ជីគណបក្សហើយ ។ លោកស្រីអោក ដារ៉ាវី បានថ្លែងថា ការដោះស្រាយត្រូវឱ្យមានភាព កណ្ដាលដែលអាចទទួលយកបាន។ កន្លងមកលោកស្រីបានធ្វើការដោះស្រាយករណីជាច្រើន តែគេមិនឱ្យ តំលៃទេ។ សកម្មភាពរបស់គណបក្សមិនគោរពតំលៃស្ដ្រីភេទទេ ហើយកន្លងមកលោកស្រីមិនជឿគេ តែពេលនេះច្បាស់លាស់ហើយ ខណៈដែលបក្សនេះច្រានចោលមន្ដ្រីជាស្ដ្រី ។
អត្ថបទ កោះសន្តិភាពLabels: នយោបាយ
for this post
Leave a Reply