កូន៥សុទ្ធតែប្រុស ពពោះកូនទី៦ជាស្រី កើតមិនគ្រប់ខែស្លាប់យកសពហាលថ្ងៃទុកមើល
រាជធានីភ្នំពេញ ៖ អាជ្ញាធរ និងសមត្ថកិច្ចសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ បានធ្វើការហាមឃាត់ និងណែនាំ ដល់ស្ដ្រីវៀតណាមម្នាក់មិនឱ្យហាលសពទារិកាដែលជាកូនដូចគេហាលងៀតគោ ព្រោះវាបង្កឱ្យមានការ ប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋខ្មែរ ដែលភ្ញាក់ផ្អើលដោយសារតែទង្វើគួរឱ្យចំលែកនេះ ។ ហេតុការណ៍ ភ្ញាក់ផ្អើលពីការហាលសពទារិកាជាកូននេះ បានកើតឡើងនៅភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌ មានជ័យ កាលពីព្រឹកថ្ងៃទី២៧ ឧសភា ។
ស្ដ្រីវៀតណាមដែលបានធ្វើទង្វើដូចខាងលើនេះឈ្មោះកែវ គន្ធា អាយុ៤៥ឆ្នាំ មានមុខរបរជាអ្នកលក់ដូរ។ ទាក់ទិននឹងហេតុការណ៍ដូចបានលើកឡើងខាងលើ បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឱ្យ ដឹងថា ស្ដ្រីវៀតណាមឈ្មោះខ្មែររូបនេះ មានកូន៥នាក់រួចមកហើយ គឺសុទ្ធតែប្រុសទាំងអស់ និងចង់ បានកូនស្រីជាទីបំផុត។ ប្រភពដដែលបន្ដថា លុះពពោះកូនទី៦ជាស្រី ពិតជាបានចាត់ទុកថា ទេវតា ប្រទានសមតាមបំណងរួចទៅហើយ តែបែរជាត្រូវខកចិត្ដ ដោយសារតែកូនស្រីពពោះបាន៧ខែក៏កើត ហើយស្លាប់ទៅវិញ ទើបស្ដ្រីឈ្មោះកែវ គន្ធា ជាជនជាតិវៀតណាម បានយកកូនស្រីដែលកើតមិនគ្រប់ខែ ហើយស្លាប់នេះទៅហាលថ្ងៃទុកគ្រាន់មើលមុខកូនឱ្យបានយូរ ព្រោះរូបគាត់ស្រលាញ់កូនស្រីខ្លាំងណាស់។ លុះពេលមានកូនស្រីមួយកើតមកស្លាប់ចោលទៀត គឺមិនដាច់ចិត្ដយកទៅណាទេ ហើយបើមិនហាលថ្ងៃ ទុក គឺអាចស្អុយរលួយ ។
ប្រភពឱ្យដឹងទៀតថា ស្ដ្រីឈ្មោះកែវ គន្ធា ថា គាត់ហាលថ្ងៃកូននេះឱ្យក្រៀមដើម្បីរក្សាទុកនាំយកទៅ បញ្ចុះនៅប្រទេសកំណើតរបស់ខ្លួន។ ទោះបីជាយ៉ាងណា ចំពោះទង្វើបែបនេះត្រូវបានសមត្ថកិច្ចមូលដ្ឋាន ចុះទៅណែនាំស្ដ្រីខាងលើមិនឱ្យធ្វើបែបនេះទេ ព្រោះវាជាប្រការដែលអាក្រក់មើលបំផុត សំរាប់ជនជាតិ ខ្មែរ។ អាជ្ញាធរបានតំរូវឱ្យស្ដ្រីវៀតណាមខាងលើយកកូនទៅរកកន្លែងបញ្ចុះឱ្យបានត្រឹមត្រូវ ដូចជានៅ តាមវត្ដអារាមជាដើម ដោយមិនអនុញ្ញាតឱ្យយកសពកូនមកដាក់ហាលថ្ងៃដូចងៀតគោនោះឡើយ។
Labels: ជំនឿ
for this post
Leave a Reply