ក្រឡាប់រថយន្ដតូយ៉ូតារបួស១៤នាក់ នៅបាធាយ
ទិដ្ឋភាពរថយន្ដក្រឡាប់ចាក់មនុស្សនិងឥវ៉ាន់ចោល
ខេត្ដកំពង់ចាម ៖ រថយន្ដម៉ាកតូយ៉ូតាហ៊ីលុច១គ្រឿង ពណ៌ខៀវ បានជួបនឹងឧប្បត្ដិហេតុគ្រោះថ្នាក់ចរាចរ លើផ្លូវជាតិលេខ៦A ត្រង់ចំណុចខាងជើងស្ពានត្រោះចំងាយ៦០ម៉ែត្រ ស្ថិតក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ បណ្ដាលឱ្យមនុស្ស១៤នាក់ជិះលើរថយន្ដនេះរងរបួស ។
លោកសំ ណាល់ ប៉ូលិសស្រុកបាធាយ បានឱ្យកោះសន្ដិភាពដឹងនាព្រឹកថ្ងៃទី២៧ ឧសភា ថា ហេតុការណ៍ គ្រោះថ្នាក់ចរាចរខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៦ ឧសភា បង្កដោយ រថយន្ដតូយ៉ូតាហ៊ីលុចពាក់ស្លាកលេខ ង ៣០៧៩ ភព២ បើកចេញពីថ្នល់ជាតិធ្លាក់ទៅជំរាលផ្លូវ ឡើង ខ្ទេចរថយន្ដ។ លោកសំ ណាល់ បន្ដថា ផ្អែកតាមជំនាញប៉ូលិសចរាចរស្រុកចុះទៅស្រាវជ្រាវពិនិត្យ ហេតុការណ៍ឃើញថា រថយន្ដបើកចេញមកពីភ្នំពេញ ក្នុងទិសដៅឆ្ពោះទៅខេត្ដព្រៃវែង ខណៈពេលមកដល់ ត្រង់ចំណុចស្ពានត្រោះចំងាយ៦០ម៉ែត្រពុំដឹងជារថយន្ដនេះមានបញ្ហាអ្វី ស្រាប់តែបើកធ្លាក់ចេញពីថ្នល់ ក្រឡាប់ បណ្ដាលឱ្យមនុស្សដែលជិះក្នុងនោះរងរបួសធ្ងន់១០នាក់ និងស្រាល៤នាក់ ដេករដូករណែលនៅ លើដី ។
ចំពោះអ្នករបួសធ្ងន់រួមមាន ១-ឈ្មោះ គង់ សារុន ភេទប្រុស អាយុ៣៣ឆ្នាំ, ២-ឈ្មោះឈីត ភេទប្រុស អាយុ១៤ឆ្នាំ, ៣-ឈ្មោះហុង ឌី ភេទប្រុស អាយុ១៩ឆ្នាំ, ៤-ឈ្មោះគង់ ភេទប្រុស អាយុ៦០ឆ្នាំ, ៥-ឈ្មោះ យ៉ា សាក់ ភេទស្រី អាយុ៧១ឆ្នាំ, ៦-ឈ្មោះយាយរ៉ែន អាយុ៦៩ឆ្នាំ, ៧-ឈ្មោះ យាយអ៊ុំ អាយុ៨៤ឆ្នាំ, ៨-ឈ្មោះ ប៉ែន និល ភេទស្រី អាយុ៧៥ឆ្នាំ, ៩-ឈ្មោះគង់ វិឆៃ ភេទប្រុស អាយុ១៩ឆ្នាំ និង១០-ឈ្មោះអ៊ី យ៉ាត ភេទស្រី អាយុ៦៤ឆ្នាំ ទាំងអស់គ្នារស់នៅស្រុកពារាំង ខេត្ដព្រៃវែង ។ ឯអ្នករបួសស្រាលវិញមាន ១-ឈ្មោះសាវ ស្រឿន ភេទប្រុស អាយុ៣៨ឆ្នាំ, ២-ឈ្មោះរ៉េត ភេទស្រី អាយុ៥៤ឆ្នាំ, ៣-ឈ្មោះរស់ សុខខឿន ភេទស្រី អាយុ៤៣ឆ្នាំ និងឈ្មោះកុយ តន់ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅស្រុកពារាំងដែរ ។
លោកសំ ណាល់ បន្ថែមថា អ្នករងរបួសធ្ងន់ត្រូវបានរថយន្ដមណ្ឌលសុខភាពផ្អាវដឹកទៅសង្គ្រោះ នៅក្រុង ភ្នំពេញ ឯរថយន្ដដែលក្រឡាប់ត្រូវនាំមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋានស្រុកដើម្បីដោះស្រាយ តាមច្បាប់ ។ គ្រោះថ្នាក់នេះមិនដឹងរថយន្ដបែកកង់មុខ ឬខូចអ្វីនោះទេ បានជាទាញចង្កូតធ្លាក់ចេញពី ថ្នល់បណ្ដាលឱ្យមនុស្ស១៤នាក់រងរបួសធ្ងន់ និងស្រាល ចំណែកអ្នកបើកបររត់គេចបាត់ទៅហើយ ។ ការ បើកបរបច្ចុប្បន្នគ្មានការទទួលខុសត្រូវទេ ។
អត្ថបទ កោះសន្តិភាពLabels: សន្តិសុខ
for this post
Leave a Reply