អាឆ្លាមចងកំហឹងជាមួយបង្គោលភ្លើងបោះពួយបុកខ្ទេចមុខ
បង្គោលភ្លើងដែលអាឆ្លាមបុកទ្រេត ចំណែកអាក្ដាមនេះខ្ទេចមុខបែបនេះ
រាជធានីភ្នំពេញ ៖ បង្គោលភ្លើងមួយ ដើមស្ថិតនៅលើសួនច្បារច្រមុះជ្រូក ត្រង់ចំណុចភ្លើងស្ដុបបេកាសេ (BKC) កែងមហា វិថីព្រះមុនីវង្ស និងផ្លូវលេខ១១២ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ក្រុងភ្នំពេញ បានត្រូវរថយន្ដកាមរីឆ្លាមមួយគ្រឿងចងកំហឹងបុកទ្រេតធ្លាក់បែកអំពូលខ្ទេច កាលពីយប់ ថ្ងៃទី២៤ ឧសភា ២០០៧ វេលាម៉ោង១១និង៣០នាទី ។ រថយន្ដត្រូវបានកំលាំងប៉ូលិសអធិការដ្ឋាន ខណ្ឌដូនពេញស្រាវជ្រាវចាប់បាននៅចំណុចខាងកើតក្លឹបកំសាន្ដហូលីដេ ផ្លូវលេខ៦៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ ខណៈពេលព្យាយាមបើកគេច ហើយចតលើចិញ្ចើមផ្លូវរួចយកក្រណាត់គ្រប បន្ទាប់ពីកើត ហេតុអស់រយៈពេលជិតមួយម៉ោង ។
អ្នករត់ម៉ូតូឌុបម្នាក់បានរៀបរាប់ថា មុនពេលកើតហេតុគាត់បានឃើញរថយន្ដមួយគ្រឿងម៉ាកកាមរីឆ្លាម ស៊េរី៩៧ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B 3471 បើកក្នុងល្បឿនមធ្យម ធ្វើដំណើរតាមបណ្ដោយ មហាវិថីព្រះមុនីវង្សឆ្ពោះទៅទិសខាងជើង។ លុះមកដល់កែងផ្លូវលេខ១១២ ទល់មុខបេកាសេ ស្រាប់តែ មានម៉ូតូមួយគ្រឿងជិះគ្នាពីរនាក់ បើកក្នុងល្បឿនលឿន តាមផ្លូវលេខ១១២ ឆ្ពោះទៅទិសខាងកើត ដោយបើកជ្រែពីមុខរថយន្ដ ពេលនោះអ្នកបើករថយន្ដជាន់ហ្វ្រាំង ហើយយកចង្កូតមកខាងស្ដាំ ក៏ជ្រុល ទៅបុកបង្គោលភ្លើងលើសួនច្បារច្រមុះជ្រូកលាន់គ្រាំងហុយផ្សែងទ្រលោម ។ ខណៈពេលបុកបង្គោល ភ្លើងបណ្ដាលឱ្យទ្រេតហើយនោះ រថយន្ដមិនបានឈប់ទេ គឺព្យាយាមដាក់លេខថយក្រោយ រួចបើកគេច តាមមហាវិថីព្រះមុនីវង្សឆ្ពោះទៅទិសខាងជើងបាត់ទៅ ។
មន្ដ្រីប៉ូលិសនិយាយថា ក្រោយពីកើតហេតុបានរយៈពេលប្រហែលមួយម៉ោង រថយន្ដបង្កត្រូវបានប៉ូលិស ខណ្ឌដូនពេញស្រាវជ្រាវរកឃើញ គឺគេបើកយកទៅចតនៅលើចិញ្ចើមផ្លូវលេខ៦៥ជាប់របងក្លឹបកំសាន្ដ ហូលីដេ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយគ្របក្រណាត់ជិត។ ម្ចាស់រថយន្ដត្រូវបានគេស្គាល់ថា ឈ្មោះទឺ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅស្រុកក្រគរ ខេត្ដពោធិ៍សាត់។ ម្ចាស់រថយន្ដរៀបរាប់ ឱ្យសមត្ថកិច្ចដឹងខ្លះៗថា ប្រសិនបើអ្នកបើករថយន្ដមិនយកចង្កូតមកខាងស្ដាំទេ ប្រាកដជាបុកម៉ូតូមាន មនុស្សជិះ២នាក់ដែលបើកជ្រែពីមុខរថយន្ដមិនខានឡើយ ដូច្នេះមានតែប្រថុយប្រថានជាមួយបង្គោល ភ្លើង។
មន្ដ្រីសមត្ថកិច្ចបាននិយាយថា បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញសំបូរគ្រោះថ្នាក់ចរាចរ នៅពេលយប់រវាង រថយន្ដនិងរថយន្ដ រវាងម៉ូតូនិងរថយន្ដ រវាងម៉ូតូនិងម៉ូតូ មូលហេតុបណ្ដាលមកពីខ្វះការយោគយល់គ្នា បើកបរក្នុងល្បឿនលឿន ពេលដល់ផ្លូវបំបែកបើកបរមិនប្រកាន់ស្ដាំ និងបើកបរហូបគ្រឿងស្រវឹង ដែល យ៉ាងហោចណាស់ក្នុងមួយថ្ងៃៗមានករណីគ្រោះថ្នាក់ចរាចរពីបីទៅបួនលើក។
រថយន្ដកាមរីឆ្លាមដែលចងកំហឹងជាមួយបង្គោលភ្លើង ត្រូវបានឃាត់ទុកដោះស្រាយនៅអធិការដ្ឋាន ប៉ូលិស ខណ្ឌដូនពេញ តែមិនមានប្រភពណាមួយបង្ហើបឱ្យដឹងពីសំណងបង្គោលភ្លើងនោះថា មានតម្លៃប៉ុន្មាននោះទេ ដែលម្ចាស់រថយន្ដត្រូវសងនោះ ។
អត្ថបទ កោះសន្តិភាពLabels: សន្តិសុខ
for this post
Leave a Reply