ចិនប្រជាមានិតបង្កើនទំនាក់ទំនងវិស័យទេសចរណ៍ជាមួយកម្ពុជា
មន្ដ្រីក្រសួងទេសចរណ៍កម្ពុជា-ចិនក្នុងពិព័រណ៍រូបថតខេត្ដ Guangxi
រាជធានីភ្នំពេញ ៖ លោកប្រាក់ សុខុម ប្រធាននាយកដ្ឋានផ្សព្វផ្សាយទេសចរណ៍ នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាមានតំបន់ទេសចរណ៍ចំនួន២.៦០០តំបន់ និងចែកចេញជាតំបន់ធំៗ ចំនួន៤ ។ ក្រៅពីនេះនៅខេត្ដសៀមរាប មានប្រាសាទជាងពីររយទៀត ដែលអាចផ្ដល់ភាពសំបូរបែប ខាងវិស័យទេសចរណ៍សំរាប់ទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្ដរជាតិ ។ លោកបានថ្លែងបែបនេះ កាលពីថ្ងៃទី២៧ ឧសភា នៅសណ្ឋាគារកាំបូឌីយ៉ាណា នាឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធី ផ្សព្វផ្សាយតំបន់ទេសចរណ៍ខេត្ដGuangxi នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមកិច្ចសហការរវាងខេត្ដ Guangxi ប្រទេសចិន និងក្រសួងទេសចរណ៍កម្ពុជា ។
លោកប្រធានគណៈប្រតិភូខេត្ដ Guangxi ប្រទេសចិន បានថ្លែងនៅក្នុងពិធីផ្សព្វផ្សាយថា ព្រះរាជាណាចក្រ កម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន គឺសុទ្ធតែជាប្រទេសដែលសំបូរទៅដោយទេសភាពធម្មជាតិ។ ដូច្នេះហើយទើបខេត្ដ Guangxi នៃសាធារណរដ្ឋប្រជាមានិតចិនចង់ធ្វើការផ្លាស់ប្ដូរវិស័យទេសចរណ៍ ជាមួយព្រះរាជាណាចក្រកម្ពុជា និងផ្ដល់ព័ត៌មានលើវិស័យនេះឱ្យគ្នាទៅវិញទៅមក ក្នុងកិច្ចសហប្រតិ បត្ដិការជិតស្និទ្ធជាមួយគ្នា ។ គ្រប់ទីក្រុងធំៗរបស់ប្រទេសចិន គឺសុទ្ធតែជាទីក្រុងទេសចរណ៍ទាំងអស់ ដែលមានទេសភាពល្បីល្បាញក្នុងពិភពលោក ហើយតំបន់ទេសចរណ៍ជាច្រើនកន្លែងក្នុងប្រទេសចិន គឺ បានផ្ដល់ភាពមនោរម្យធ្វើឱ្យភ្ញៀវទេសចរសប្បាយចិត្ដ និងចងចាំក្នុងចិត្ដជាអនុស្សាវរីយ៍ពេញមួយជីវិត របស់ពួកគេ ។
លោកប្រាក់ សុខុម ឱ្យដឹងទៀតថា ខេត្ដ Guangxi របស់ប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កំពុងរីកចំរើនយ៉ាងខ្លាំងលើវិស័យទេសចរណ៍ ដោយខេត្ដនេះទទួលបានភ្ញៀវទេសចរចំនួន១០លាននាក់ ក្នុងមួយឆ្នាំ និងមានភ្ញៀវទេសចរបរទេសចំនួនជាងមួយលាននាក់ក្នុងមួយឆ្នាំៗ ចូលទៅទស្សនាកំសាន្ដ។ ចំណែកឯកម្ពុជាក៏មានសក្ដានុពលទេសចរណ៍ល្អដូចជាខេត្ដ Guangxi អញ្ចឹងដែរ ក្រៅពីខេត្ដសៀមរាប កម្ពុជាមានតំបន់ទេសចរណ៍ជាច្រើនកន្លែងទៀត សំរាប់ទទួលភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ។
អត្ថបទ កោះសន្តិភាពLabels: សេដ្ឋកិច្ច
for this post
Leave a Reply