<body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://www.blogger.com/navbar/7954757943031283723?origin\x3dhttp://khmerdaily.blogspot.com', where: document.getElementById("navbar-iframe-container"), id: "navbar-iframe" }); } }); </script>

Cambodia News

 

ពិធីបុណ្យ​ទ្បើ​ង​អ្នកតា​មេ​.​ស​ជា​ទំនៀមទំលាប់​តាំងពី​សម័យ​នគរ​ភ្នំ

ខេត្ដព្រៃវែង ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​តំបន់​នីមួយៗ​តែង​មាន​ជំនឿ​ខុសៗ​គ្នា តំណ​ពី​ដូនតា​របស់​ខ្លួន ដោយនៅ​តំបន់​ខ្លះ​គោរព​ចំពោះ​ធម្មជាតិ​ព្រៃ​ភ្នំ​ក្រំ​ថ្ម និង​ខ្លះ​ទៀត​គោរព​ចំពោះ​អ្នកតា​ចាស់​ស្រុក ដែល ធ្លាប់តែ​ផ្ដល់​សេចក្ដីសុខ​ដល់​ពួក​គេ​។ ចំណែក​អ្នកស្រុក​បាភ្នំ ខេត្ដព្រៃវែង បន្ទាប់​ពី​ធ្វើ​បុណ្យចូលឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ​រួច ពួក​គាត់​បាន​សហការ​ជាមួយ​អាជ្ញាធរ និង​សប្បុរសជន​ជិត​ឆ្ងាយ​រៀបចំ​ប្រារឰ​ពិធី​ឡើង អ្នកតា​មេ​.​ស ដើម្បី​ធ្វើការ​បន់ស្រន់​បួងសួង​សុំ​ឱ្យ​ជួប​តែ​សេចក្ដីសុខ​សប្បាយ រកស៊ី​មានបាន​ឱ្យ​ជា​សះស្បើយ ពី​ជំងឺ​បៀតបៀន ដោយ​មាន​រៀបចំ​គ្រឿង​តង្វាយ​ផ្សេងៗ ហើយ​មាន​សភាព​អធិកអធម​ខ្លាំង​ណាស់ ដែល ពិធី​នេះ​បាន​ប្រារឰ​ធ្វើ​តាំងពី​សម័យ​នគរ​ភ្នំ​មក​ម្ល៉េះ ។

​លោក​ម៉ៅ អៀង អភិបាលស្រុក​បាភ្នំ​ឱ្យ​ដឹង​ថា ពិធីបុណ្យ​ឡើងអ្នកតា​មេ​.​ស​នេះ​ជា​ទំនៀមទំលាប់​ប្រពៃណី ដ៏​យូរលង់​របស់​អ្នកស្រុក​យើង ដែល​បាន​ស្រុះស្រួល​គ្នា​ធ្វើ​មិន​ដែល​ខកខាន​នោះ​ទេ ក្នុង​បំណង​រំលឹក​គុណ ចំពោះ​អ្នកតា​មេ​.​ស ដែល​ធ្លាប់តែ​ផ្ដល់​សេចក្ដី​សប្បាយ និង​ភាព​ត្រជាក់ត្រជុំ​ចំពោះ​អ្នកស្រុក​ជា​ច្រើន ជំនាន់​មក​ហើយ ។ កាលពីមុន​ឆ្នាំ ១៩៩៣ អ្នកស្រុក​យើង​ធ្លាប់​ប្រារឰ​ពិធី​នេះ​ដែរ ប៉ុន្ដែ​ក្នុង​ទ្រង់ទ្រាយ​តូច មិន​មាន​លក្ខណៈ​អធិកអធម​ដូច​សព្វ​ថ្ងៃនេះ​ទេ ដែល​កាលនោះ​សូ​ម្បី​តែ​អាស្រម​អ្នកតា​មេ​.​ស​ក៏​កសាង​ពី​ឈើ ហើយ​គ្មាន​រូបសំណាក និង​ព្រះពុទ្ធ​រូបល្អ​ដូច​សព្វ​ថ្ងៃនេះ​ឡើយ​។ លោក​អភិបាលស្រុក​បាភ្នំ បាន​បន្ដ​ថា ដោយសារ​តែ​អំណាច​នៃ​កំលាំង​សទ្ធា​ជ្រះថ្លា​របស់​ពុទ្ធបរិស័ទ និង​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​មាន​ជំនឿ​ចំពោះ​បារមី​អ្នកតា​មេ​.​ស​នោះ បាន​ចូល​បច្ច័យ​កសាង​អាស្រម ខ្លោងទ្វារ ស្រះ​ទឹក រូបសំណាក និង​ព្រះ​ពុទ្ធរូប​តម្កល់​ទុក​នៅ​ទីនោះ ដើម្បី​គោរព​បូជា និង​សំរាប់​ប្រើប្រាស់ ព្រមទាំង​រៀបចំ​ទីនោះ​ឱ្យ មាន​សោភ័ណ​ភាពល្អ​ទៀត​ផង ហើយ​បាន​ទាក់ទាញ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ឱ្យទៅ​គោរព​បូជា និង​អ្នកទេសចរ ទៅ​ទស្សនា​កំសាន្ដ​ថែម​ទៀត​ផង ។ ក្នុង​ពិធីបុណ្យ​ឆ្នាំ​នេះ​កាន់តែ​មាន​សភាព​អធិកអធម ព្រោះ​មាន ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​លោក​ហួរ ស្រេង មន្ដ្រី​សំរបសំរួល​នៃ​អង្គការ​សេ​ដាក​ប្រចាំ​ស្រុក​បាន​ជួយ​ឧបត្ថម្ភ ថវិកា​មួយ​ចំនួន​ដល់​ក្រុម​សិស្ស​សំដែង​របាំ​ប្រពៃណី និង​រឿង​កំប្លែង​អប់រំ​ដល់​យុវជន​យុវនារី​កុំឱ្យ​សេព គ្រឿងញៀន និង​ដើរ​ខុសផ្លូវ​ប្រព្រឹត្ដ​អំពើ​អបាយមុខ​ផ្សេងៗ ។​

លោក​ម៉ៅ អៀង បន្ដ​ទៀត​ថា នៅ​ថ្ងៃ​ប្រារឰ​ពិធីបុណ្យ​ម្ដងៗ​មាន​ប្រជាជន​មក​ពី​គ្រប់​ទិស​ទី​ទាំង​ក្នុង​ខេត្ដ និង​ក្រៅ​ខេត្ដ ក្នុង​នោះ​ក៏​មាន​អ្នក​រស់នៅ​ក្រៅប្រទេស​មួយ​ចំនួន ក៏​បាន​មក​ចូលរួម​ផង​ដែរ​យ៉ាងច្រើន​កុះករ​។ នៅ​ពេល​នោះ​ក៏​មានការ​រៀបចំ​ដង្ហែ​អ្នកតា​ទាំង​៨​ទិស និង​ដង្ហែ​អ្នកតា​មេ​.​ស​ឡើង​អាស្រម រួច​បញ្ជាន់រូប អ្នកតា​តូច​-​ធំ ដើម្បី​សួរនាំ​ពី​ហេតុការណ៍​ផ្សេងៗ និង​ធ្វើការ​បួងសួង​សុំ​ពរ​ជ័យ​សេចក្ដីសុខ​សប្បាយ រកស៊ី មានបាន​ចៀស​ផុត​ពី​ឧបទ្រពចង្រៃ និង​ជំងឺ​បៀតបៀន ។ នៅ​ពេល​យប់​ឡើង​មានការ​រៀបចំ​ប្រលង ចំរៀង​សម័យ​ទំនើប​និង​សំដែង​សិល្បៈ​ដែល​មានការ​ចូលរួម​ពី​សិស្សានុសិស្ស ចែក​ជូន​អ្នកចូលរួម​បុណ្យ កំសាន្ដ​សប្បាយ រហូត​ទល់​ភ្លឺ​ញ៉ាំង​ឱ្យ​បរិយាកាស​នោះ​កាន់តែ​សប្បាយ​រីករាយ​មួយ​កំរិត​ថែម​ទៀត ។

​ទាក់ទង​នឹង​ប្រវត្ដិ​អ្នកតា​មេ​.​ស តាម​ការ​រៀបរាប់​របស់​លោកតា​ប៊ុត ប៊ុ​ន អាយុ​៦០​ឆ្នាំ ជា​គណៈកម្មការ​ពិធី បុណ្យ​ឱ្យ​ដឹង​ថា កាល​ក្នុង​សម័យ​នគរ​ភ្នំ​រាជធានី​នៃ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ត្រង់​ចំណុច​ស្រុក​បាភ្នំ ខេត្ដ ព្រៃវែង​នេះឯង ។ កាលនោះ​ព្រះរាជា​មាន​លោក​មេទ័ព​ធំ​ក្លាហាន​ម្នាក់ ក្នុង​ត្រកូល​គ្រួសារ​មេទ័ព​ដ៏​ក្លាហាន និង​ស្មោះ​ត្រង់នេះ មានកូន​ប្រុស​ម្នាក់ ឈ្មោះ​ថា គី​រី​ផល ជា​បុត្រា​ទោល ហើយ​ស្ដេច​ផែនដី​ក៏​ស្រឡាញ់ ទៀត​ផង ដូច្នេះ​ដើម្បី​បន្ដវេន​ជា​មេទ័ព និង​បំរើ​ជាតិ​មាតុភូមិ ស្ដេច និង​ឪពុក​ជា​មេទ័ព ក៏​បាន​ផ្ញើ​សារ ទៅ​ថ្វាយ​សុំ​ឱ្យ​ប្រទេស​ក្រិ​ច និង​មេទ័ព ដើម្បី​សុំ​ឱ្យ​កូន​បាន​ទៅ​បំពេញ​សិល្ប៍វិជ្ជា​មន្ដអាគម​ពី​លោកគ្រូ​ដែល មាន​វិជ្ជា​ល្បីល្បាញ​របស់​ប្រទេស​ក្រិ​ច​នោះ​ផង ហើយ​សំណើ​តាម​រយៈ​ការទូត​នោះ ក៏​ត្រូវ​ស្ដេច​ក្រិ​ច និង លោក​មេទ័ព​ទទួលយក​។ គី​រី​ផល និង​មិត្ដសំឡាញ់​គេ​ម្នាក់​ទៀត ជា​កូន​មន្ដ្រីជាន់ខ្ពស់​នៅ​បាភ្នំ​នេះ​ត្រូវ បាន​បញ្ជូន​ឱ្យទៅ​រៀន​នៅ​ប្រទេស​ក្រិ​ច​ជាមួយ​គ្នា​ដែរ ។​

លោក​បន្ដ​ថា ក្នុង​ចំណោម​សិស្ស​ជា​ច្រើន ដែល​ទៅ​សិក្សា​ទីនោះ​មាន​តែ​យុវជន​គី​រី​ផល​ទេ ដែល​មាន ប្រាជ្ញា​វៃឆ្លាត​លើសគេ​សព្វបែបយ៉ាង​។ ម្យ៉ាងទៀត គី​រី​ផល មាន​រូប​សង្ហា​ថែម​ទៀត ក្នុង​ចំណោម​សិស្ស ទាំងអស់​មក​ពី​គ្រប់​ប្រទេស​ដែល​បាន​ទៅ​រៀនសូត្រ​នោះ​។ ចំណែក​នៅ​ក្នុង​ប្រទេស​ក្រិ​ច​នោះ​វិញ កូនក្រមុំ របស់​លោក​មេទ័ព​ក្រិ​ច​ដែល​ជា​អាចារ្យ​ទេសាភិបាល​មោ​គ្គ​ដ៏​កំពូល ល្បី​ខាង​សិល្ប៍​វេទមន្ដ​នោះ​ឈ្មោះ​ថា នាង មេ​.​ស​ក៏​បាន​រៀនសូត្រ​នៅ​ទីនោះ​ដែរ​ហើយ​នាង​មាន​រូបសម្បត្ដិ​ស្រស់​ជាងគេ​ទៀត​ផង ។ កំលោះ​គី​រី​ផល និង នាង​មេ​.​ស ត្រូវ​បាន​ស្ដេច និង​លោក​មេទ័ព​ក្រិ​ច​ផ្សំផ្គុំ​អ្នក​ទាំង​ពីរ​ឱ្យ​ក្លាយទៅជា​គូ​ស្វាមីភរិយា តាំងពី​ពេល នោះ​មក ។

លោក​បាន​បន្ដ​ទៀត​ថា ស្ដេច​ក្រិ​ច​និង​ឪពុកក្មេក បាន​ហាមឃាត់​គិរី​ផល​ថា បើ​អ្នក​រៀប​ការ​ហើយ គឺ​ដាច់ ខាត​ឱ្យ​នៅ​ថែរក្សា​ទឹកដី​ក្រិ​ច​ជា​រៀង​រហូត មិន​ឱ្យ​វិល​ត្រឡប់​ទៅ​ស្រុក​វិញ​ឡើយ ។ ក្រោយ​ពី​បាន​រៀប​ការ ជាមួយ​នាង​មេ​.​សរួច គិរី​ផល រស់នៅ​ទីនោះ​តែ​ម្នាក់ឯង ចំណែកឯ​មិត្ដសំឡាញ់​របស់​គេ​ម្នាក់​ទៀត ក៏​បាន​វិល​ត្រឡប់​មក​ស្រុក​ទេស​វិញ​ជួបជុំ​ឪពុក​ម្ដាយ​និង​ទៅ​ថ្វាយបង្គំ​គាល់​ស្ដេច​នគរ​ភ្នំ ហើយ​បាន​ឋានៈ​ជា មេទ័ព​ទៀត​ផង​។ រីឯ​គិរី​ផល​មិន​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ទេ អស់​រយៈពេល​យូរ​ខែ​ឆ្នាំទៅ គិរី​ផល ចេះ​តែ​ចង់​វិល​ទៅ​ស្រុក​កំណើត​វិញ តែ​ខ្លាច​ស្ដេច​និង​ឪពុកក្មេក ។ ម្យ៉ាងទៀត​ការ​រួមរស់​ជាមួយ នាង​មេ​.​សបាន​កូនប្រុស​ម្នាក់​ឈ្មោះ​ថា គិរី​ជោ​ត ប៉ុន្ដែ​ទោះជា​យ៉ាងនេះ​ក្ដី គិរី​ផល​នៅ​តែ​រិះរក​មធ្យោបាយ វិល​មក​នគរ​ភ្នំ​វិញ ។​

លុះ​ចំណេរ​ក្រោយមក ស្រុក​នគរ​ភ្នំ​ក៏​បាន​កើត​ចលាចល ដោយ​ខ្មាំង​ចូល​វាយលុក​ស្ដេច និង​មេទ័ព​មានការ ព្រួយបារម្ភ​ខ្លាំង​ណាស់ ក៏​លួច​ផ្ញើ​សំបុត្រ​តាម​រយៈ​ឈ្មួញ​ឱ្យទៅ​កូនប្រុស​ថា ឪពុក​ឈឺ​ធ្ងន់​សូម​កូន​វិល​មក វិញ​។ សារលិខិត​នេះ គិរី​ផល ទទួល​បាន​យ៉ាង​សំងាត់​មិន​ឱ្យ​ស្ដេច និង​ភរិយា​ដឹង​ឡើយ​។ ថ្ងៃមួយ​ពេល ដែល​ស្ដេច​ក្រិ​ច​ប្រើ​ឱ្យ​គិរី​ផល​ដើរ​ត្រួតពល​ទ័ព​មើល​សន្ដិសុខ​តាម​ជាយ​ដែន គិរី​ផល​បាន​លប​លួច​ក្លែងខ្លួន ជា​ឈ្មួញ​ជិះ​សំពៅ​វិល​មក​នគរ​ភ្នំ​ទាល់តែ​បាន​សំរេច ដោយ​មិន​ឱ្យ​ស្ដេច និង​ក្រុម​គ្រួសារ​ដឹង​ទេ រហូត​បាន​មក ជួបជុំ​ឪពុក​ម្ដាយ និង​ស្ដេច​នគរ​វិញ ។ ស្ដេច​នគរ​ភ្នំ​ក៏​ត្រេកអរ ហើយ​តែងតាំង​គិរី​ផល​ជា​មេទ័ព​ការពារ ទឹកដី​នគរ​ភ្នំ ។ លោក​បន្ដ​ទៀត​ថា ដោយ​បាត់​គិរី​ផល​យូរ​ថ្ងៃខែ​មិនឃើញ​វិល​មក​រកប្រពន្ធ​កូន​វិញ​នោះ ស្ដេច​ក្រិ​ច​ក៏​ជ្រាប​ដំណឹង​នេះ​ហើយ ខ្ញាល់​យ៉ាង​ខ្លាំង​ក៏​ប្រើ​វេទមន្ដ “​ហិប​គន្លឹះ​យន្ដ​” មួយ​ឱ្យ​ហោះ​មក​ដល់ ស្ដេច​នគរ​ភ្នំ នៅ​ពេល​ស្ដេច​នគរ​ភ្នំ​កំពុង​គង់នៅ​រោង​ជំនុំ​ជាមួយ​នាហ្មឺន​សព្វ​មុខមន្ដ្រី ហិប​គន្លឹះ​យន្ដ​នោះ ក៏​ធ្លាក់​ចំ​កណ្ដាលចំណោម​។ នៅ​លើ​ហិប​មាន​រាជ​សារ​មួយ​សរសេរ​ថា “​បើ​ស្ដេច​នគរ​ភ្នំ​បើក​ហិប​នេះ មិន​រួច​ទេ​នោះ ស្ដេច​ក្រិ​ចនឹង​លើកទ័ព​មក​វាយ​កំទេច​នគរ​ភ្នំ​” ។ ដោយ​ចង់​យល់​រាជ​សារ​របស់​ស្ដេច​ក្រិ​ច ស្ដេច​នគរ​ភ្នំ​ក៏​ប្រើ​ឱ្យ​សេនា​បើក​គំរប​គន្លឹះ​យន្ដ​នោះ តែ​គ្មាន​នរណា​ម្នាក់​បើក​រួច​ឡើយ ។​

លោក​បន្ដ​ទៀត​ថា ពេល​នោះ​ស្ដេច​ប្រើ​ឱ្យ​សេនា​ទៅ​តាម​គិរី​ផល ដែល​កំពុង​បំពេញបេសកកម្ម​នៅ​ជាយ​ដែន វាយ​កំទេច​ខ្មាំងសត្រូវ​នោះ ឱ្យ​វិល​ត្រឡប់​ចូល​ព្រះរាជវាំង​ដើម្បី​បើក​ហិប​គន្លឹះ​យន្ដ ។ ពេល​បានឃើញ និង យល់​ហិប​គន្លឹះ​យន្ដ​របស់​ស្ដេច​ក្រិ​ច គិរី​ផល​ក៏​ទូល​ស្ដេច​ថា “​បើ​ខ្ញុំព្រះករុណា​បើក​ហិប​គន្លឹះ​យន្ដ​នេះ​ហើយ នឹង​ស្លាប់​សូម​ឱ្យ​រក្សា​ទុក​សព​នេះ​ផង កុំ​យក​ទៅ​បូជា” ។​

ពេល​បើក​គន្លឹះ​យន្ដ​ភ្លាម គិរី​ផល ក៏​ត្រូវកា​ត់ក​ទំលាក់​ចូល​ក្នុង​ហិប រួច​ហិប​បិទ​គំរប ហើយ​ក៏​នាំ​ក្បាល ហោះ​ឆ្ពោះទៅ​ប្រទេស​ក្រិ​ច​វិញ ។ ខណៈនោះ​នាង​មេ​.​ស និង​ឪពុក​ដឹង​រឿង​នេះ​ដែរ ប៉ុន្ដែ​មិន​ហ៊ាន​ប្រឆាំង នឹង​ស្ដេច​ឡើយ ហើយ​នាង​បាន​សុំ​ឪពុក​ម្ដាយ​ទៅ​តាម​រក​ប្ដី​យ៉ាងណា​ក៏​ឪពុក​ម្ដាយ​មិន​ព្រម​ដែរ នៅ​ទីបំផុត នាង​ក៏​លប​លួច​ក្លែងខ្លួន​សុំ​ឈ្មួញ​ជិះ​សំពៅ​កាត់​សមុទ្រ​មក​តាម​រក​ប្ដី​ដល់​នគរ​ភ្នំ ។ ពេល​នាង​ដើរ​រក​ឃើញ សព​ប្ដី​និង​ឪពុក​ម្ដាយក្មេក ហើយ​ស្ដេច​ក៏​អនុ​ញ្ញ​ត​ឱ្យ​នាង​មេ​.​ស និង កូនប្រុស​ចូល​ក្នុង​ព្រះរាជវាំង​មើល សាកសព​។ នាង​ឃើញ​ហើយ​ក៏​ទូល​សុំ​ស្ដេច​ឱ្យ​គេ​ស្វែងរក​ក្បាល ទោះ​សត្វ​ឬ​មនុស្ស​ក៏​ដោយ​ឱ្យ​តែ​បាន​យក មក​ត​ភ្ជាប់​ក្បាល​ឱ្យ​ប្ដី​វិញ នឹង​បាន​រស់​ឡើង​វិញ​ហើយ វិជ្ជា​សិល្ប៍​នេះ​មាន​តែ​នាង​ទេ​ដែល​ចេះ​បន្ដ​ពី​ឪពុក​។ ខណៈនោះ​នាង​បាន​រៀបចំ​អាសនៈ​៧​ទិស ហើយ​ក៏​ប្រើ​ឱ្យ​សេនា​ទាំងនោះ​ចេញដំណើរ​ទៅ​គ្រប់​ទិស​ទាំង ព្រលឹម​អុរ ទោះ​ជួប​មនុស្ស ឬ​សត្វ​បែប​ណា​ក៏​ដោយ សុំ​ឱ្យ​កាត់​យក​តែ​ក្បាល​មក​ចុះ ដើម្បី​ឱ្យ​នាង ត​ភ្ជាប់​នឹង​ដងខ្លួន​ប្ដី​វិញ ។ ពេល​នោះ​សេនា​រក​មនុស្ស​មិន​ជួប​ក៏​បាន​កាត់​ក្បាលដំរី​១​មក​ឱ្យ​នាង ដើម្បី រៀបចំ​ពិធី​ត​ភ្ជាប់​ក្បាលដំរី​ឱ្យ​ប្ដី​បាន​ដូច​បំណង​ហើយ​រស់​ឡើង​វិញ​។ ប៉ុន្ដែ​ក្បាលដំរី​ខ្លួន​ជា​មនុស្ស​មិន​អាច និយាយ​ស្ដី​ចេញ​ឡើយ គឺ​គ្រាន់តែ​បាន​ធ្វើ​កាយវិការ​ប៉ុណ្ណោះ ។ ទោះ​បែប​នេះ​ក្ដី​គិរី​ផល​និង​នាង​មេ​.​ស ព្រមទាំង​កូនប្រុស​គិរី​ជោ​ត រស់នៅ​ថែ រក្សា​គ្នា​រហូត​ដល់​អស់​សង្ខា​រៀងៗ​ខ្លួន​ទៅ ។

​លោក​អភិបាលស្រុក​បាភ្នំ​បាន​បញ្ជាក់​ថា កាលពី​សម័យ​បុរាណ​នៅ​ពេល​រៀបចំ​ពិធី​ឡើងអ្នកតា​មេ​.​ស​ម្ដងៗ គឺ​មានការ​កាប់សំលាប់​មនុស្ស និង​សត្វ​ធំៗ​យក​មក​បូជា​ព្រះ​អង្គ ប៉ុន្ដែ​ក្រោយមក​នៅ​ពេល​ប្រទេស យើង​គោរព​ព្រះពុទ្ធ​សាសនា​ក៏​សំលាប់សត្វ​ជ្រូក មាន់ ទា និង​គ្រឿង​តង្វាយ​ផ្សេងៗ​ដើម្បី​ថ្វាយ​វិញ ។ ពិធី នេះ​ត្រូវ​បាន​អ្នកស្រុក​បាភ្នំ យើង​ប្រារឰ​ធ្វើ​តាំងពី​សម័យ​នគរ​ភ្នំ​មក​ម្ល៉េះ ហើយ​កេរដំណែល​នេះ​ត្រូវ​បាន​អ្នក ស្រុក​យើង​និយម​រៀបចំ​ធ្វើ​តៗ​គ្នា​មិន​ដែល​ខកខាន​នោះ​ទេ ព្រោះ​ពួក​គាត់​ជឿ​ថា បារមី​អ្នកតា​មេ​.​ស អាច ជួយ​ឱ្យ​ពួក​គាត់​បាន​សេចក្ដីសុខ​សប្បាយ រកស៊ី​មានបាន​ចៀស​ផុត​ពី​ឧបទ្រពចង្រៃ​ផ្សេងៗ​ទៀត​ផង ។​

Labels: , , ,

 
 

វត្ដ​ជោ​ត​ញ្ញាណ​ក្រុងព្រះសីហនុ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី

ក្រុងព្រះសីហនុ ៖ កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០០៧ នៅ​វត្ដ​ជោ​ត​ញ្ញាណ ក្រុងព្រះសីហនុ មាន​ប្រារឰ​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា​ថ្មី​២០០៧-២០០៨ សំរាប់​សាលា​ពុទ្ធិកបឋមសិក្សា​២០០៧-២០០៨ និង​បើក​វគ្គ​សិក្សា​ផ្នែក​វិបស្សនាធុរៈ​សំរាប់​ដូនជី សីល វ​តី និង​ចាស់ព្រឹទ្ធាចារ្យ​។ ពិធី​នេះ​ត្រូវ បាន​និមន្ដ​ចូលរួម​ពី​សំណាក់​ព្រះ​តេជគុណ​ព្រះ​បញ្ញា​សោ​ភ័​ណ្ឌ គៀត ច័ន្ទ​ធុ​ច រាជាគណៈ​ថ្នាក់​កិត្ដិយស ទីប្រឹក្សា​សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ទេព វង្ស ព្រះ​អនុគណ​ខណ្ឌ​មិត្ដភាព និង​ជា​ព្រះ​គ្រូ​ចៅ អធិការ​វត្ដ​ជោ​ត​ញ្ញាណ​, លោក​សុខ ឡា​ង ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ក្រុងព្រះសីហនុ រួម​នឹង​មន្ដ្រី សង្ឃ សមណ​សិស្ស ដូនជី តាជី ចាស់ព្រឹទ្ធាចារ្យ ទាំង​ផ្នែក​គន្ថធុរៈ និង​ផ្នែក​វិបស្សនាធុរៈ​។

​នៅ​ក្នុង​ថេរ​ដីកា​សំណេះសំណាល​របស់​ព្រះ​គ្រូ​គៀត ច័ន្ទ​ធុ​ច និង​មតិ​សំណេះសំណាល​របស់​លោក​សុខ ឡា​ង ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ក្រុងព្រះសីហនុ បាន​បង្ហាញ​ថា នៅ​ឆ្នាំ​សិក្សា​ថ្មី​២០០៧-២០០៨​នេះ វត្ដ​ជោ​ត​ញ្ញាណ​បើក​ថ្នាក់​ពុទ្ធិកបឋមសិក្សា​ចំនួន​២​ថ្នាក់ គឺ​ថ្នាក់​ទី​១ និង​ថ្នាក់​ទី​៣ មាន​សមណ​សិស្ស ចូល​សិក្សា​ចំនួន​៤៣​អង្គ​។ ចំណែក​ផ្នែក​វិបស្សនាធុរៈ​ក៏​មាន​បើក​បង្រៀន​ដែរ ដោយ​មាន​ទាំង​ព្រះសង្ឃ ដូនជី តាជី និង​ចាស់ព្រឹទ្ធាចារ្យ​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​វត្ដ និង​ចូល​រៀន​ផ្នែក​សមាធិ​កម្មដ្ឋាន ក្រោម​ការ ផ្គត់ផ្គង់​ពី​ព្រះ​គ្រូ​ចៅអធិការ​វត្ដ រួម​នឹង​ពុទ្ធបរិស័ទ​មក​គ្រប់​មជ្ឈដ្ឋាន ។​

ព្រះ​បញ្ញា​សោ​ភ័​ណ្ឌ គៀត ច័ន្ទ​ធុ​ច ឆ្លៀត​ក្នុង​ឱកាស​នោះ​ក៏​បាន​ផ្ដាំផ្ញើ​ដល់​សមណ​សិស្ស និង​ដូនជី តាជី ទាំងអស់ ត្រូវ​ខិតខំ​ត្រងត្រាប់ និង​ប្រតិបត្ដិ​ឱ្យ​បាន​ល្អ​ត្រឹមត្រូវ​តាម​គន្លង​ព្រះពុទ្ធ​សាសនា ស្រប​តាម​ប្រកាស របស់​អនុសំវច្ឆរៈ​មហាសន្និបាត​មន្ដ្រី​សង្ឃ ដែល​ឱ្យ​គ្រប់​វត្ដ​អារាម​ខិតខំ​អភិវឌ្ឍ​វត្ដ​អារាម​ផង និង បណ្ដុះ បណ្ដាល​ធនធានមនុស្ស បំរើ​សង្គម​ជាតិ​ផង ។ ជាមួយ​គ្នា​នេះ សមណ​សិស្ស​គ្រប់​អង្គ​ក៏​ត្រូវ​ខិតខំ​រៀន សូត្រ​តាម​គ្រូ​ធម្មាចារ្យ បង្ហាត់បង្រៀន​ទាំង​ផ្លូវលោក និង​ផ្លូវធម៌ ។​

Labels: ,

 
 

ស្ដ្រី​ពិសពុល​ឆបោក​ផ្អើល​ទីរួមខេត្ដ​ស្វាយ​រៀង

ខេត្ដស្វាយរៀង ៖ ល្បិច​បោក​ធ្វើបុណ្យ​ជា​ខែល​មាន​ទាំង​ការ​ដាក់​ទាន​ដល់​អ្នក​ក្រីក្រ​ផង លុះដល់​ពិធីបុណ្យ ចប់​ក៏​ប្រមូល​បច្ច័យ​យក​ទៅ​អស់​ដោយ​ទុក​ឱ្យ​អ្នកចូលរួម​ផ្ដើមបុណ្យ​ត្រូវ​សង​គេ​ជំនួស រហូត​អ្នក​ចាញ់ បោក​ខ្លះ​ខ្មាស​គេ​មិន​ហ៊ាន​និយាយ​ថែម​ទៀត​។ នេះ​គ្មាន​អ្វី​ក្រៅពី​ចង់បាន​លើស​ពី​ទ្រព្យ​របស់​ខ្លួន​នោះ​ឡើយ ទើប​មានការ​ចាញ់បោក​បែប​នេះ​។​

ករណី​ឆបោក​នេះ​បាន​កើតឡើង​នៅ​ភូមិ​វាល​យន្ដ ឃុំ​ស្វាយ​រៀង ស្រុក​ស្វាយ​រៀង តាម​រយៈ​នៃ​ការ​ប្រារឰ​ពិធី បុណ្យ​៣​យប់​៣​ថ្ងៃ កាលពី​ថ្ងៃ​ទី​២៥-២៦-២៧ ខែឧសភា ២០០៧​កន្លង​ទៅ ។ ទាក់ទិន​នឹង​ការ ឆបោក​ខាងលើ លោក​នាង រស់ អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ចុង​ព្រែក ឃុំ​ស្វាយ​រៀង បានឱ្យ​ដឹង​បន្ថែម​ថា ភរិយា​របស់​គាត់​ដែល​ជា​អ្នក​រង​គ្រោះ ដោយ​អំពើ​ឆបោក​នេះ​ឈ្មោះ​សូ ស៊ី​ថា អាយុ​៣៧​ឆ្នាំ ជា​អ្នក​រកស៊ី រាប់​លុយ​នៅ​ស្រុក​ស្វាយ​រៀង ត្រូវ​បាន​ឈ្មោះ​ណុ​ប សា​រឿ​ន ហៅ​វ៉ា សា​រឿ​ន ខ្ចី​លុយ​និង​រាប់​លុយ សរុប​៤១​ម៉ឺន​រៀល លុះ​ពេល​ទៅ​ទារ​លុយ​បាន​ជួប​ឈ្មោះ ងិ​ន សុភាព “​មេ​បោក​” ក៏​ត្រូវ​ស្ដ្រី​រូប​នេះ ធ្វើការ សាកសួរ​ហើយ​ឆ្លើយ​ថា សា​រឿ​ន​នេះ​ជំពាក់​ប៉ុន្មាន​? ពេល​នោះ​ភរិយា​គាត់​សំអាង​ទៅ​លើ​ការ​បូកបញ្ជី មើល​សិន ព្រោះ​មិន​ច្បាស់​ពី​ចំនួន​លុយ ហើយ​ស្ដ្រី​ឆបោក​ឈ្មោះ សុភាព ធានា​សង​ជំនួស​និង​ឱ្យទៅ​យក នៅ​ឯ​ផ្ទះ​ព្រមទាំង​សំអាង​ថា​ស្ដ្រី​ឈ្មោះ​សា​រឿ​ន នោះ​ត្រូវជា​ម្ដាយ​។ លុះដល់​ថ្ងៃ​ទី​១៥ ឧសភា ក៏​បាន​សង ៣​សែន​រៀល ហើយ​នៅ​ថ្ងៃ​ទី​១៦ ឧសភា សង​បាន​១​សែន​រៀល​ទៀត ពេល​នោះ​ស្ដ្រី​ចំណាស់​វ៉ា សា​រឿ​ន បាន​និយាយ​ថា កូន​គាត់​នេះ​គេ​ចេះ​ទាយ​ឆុត​ណាស់ ដូច​មើលឃើញ ហើយ​ចេះ​ជប់​ពេជ្រ​ទៀត​ផង និង​ខ្ជាក់ ចេញ​មក​សុទ្ធតែ​ដុល្លារ ។ ពេល​នោះ​ស្ដ្រី​ឆបោក​និយាយ​ថា ថ្ងៃនេះ​មិន​មើល​ទេ តែ​បាន​ប្រើ​ល្បិច​ឱ្យ​កន្ទុយ លេខ រួច​ក៏​ឱ្យ​ចាក់​កន្ទុយលេខ​នឹង​គេ លុះ​ល្ងាច​ឡើង​ក៏​ស្រាប់តែ​ហៅ​ឱ្យទៅ​បើក​លុយ​កន្ទុយលេខ បាន​១២ ម៉ឺន​រៀល ។ ពេល​ហុច​លុយ​ហើយ​និយាយ​ថា ចាំ​ស្អែក គេ​នឹង​ឱ្យ​ត្រូវ​កន្ទុយលេខ​១​ម៉ឺន​ដើម ហើយ ចាំ​ជប់​ពេជ្រ ជប់​មាស​ឱ្យ​ទៀត តែ​រឿង​នេះ​ជា​រឿង​សំងាត់ មិន​ត្រូវ​និយាយ​ប្រាប់​នរណា​ទេ ទើប​ធ្វើ​ឱ្យ ។​

លោក​នាង រស់ បន្ដ​ថា ស្ដ្រី​បោក​បាន​ប្រើ​ល្បិច​ថា ខ្លួន​ចង់​ធ្វើបុណ្យ​ដាក់​ទាន​ដល់​អ្នក​ក្រីក្រ តែ​បើក​លុយ ពី​ធនាគារ​មិន​ទាន់​បាន មិនដឹង​ជា​ទៅ​បណ្ដាក់​អង្ករ​អ្នក​ណា​បាន​៤-៥​តោន ចាំ​បុណ្យ​រួច​សឹម​សង​គេ គឺ​ពេល នោះ​ហើយ​ដែល​ភរិយា​លោក​ជា​ស្ដ្រី​រង​គ្រោះ ធានា​ថា​ជំពាក់​គេ​បាន ឱ្យ​តែ​បុណ្យ​រួច​សង​គេ​វិញ ។

​លោក​នាង រស់ បន្ដ​ថា ស្ដ្រី​ឆបោក​បាន​ហាម​ទៀត​ថា រឿង​ឱ្យ​លេខ​ឆ្នោត និង​ជប់​ពេជ្រ កុំ​និយាយ​ប្រាប់​គេ រួច​ស្ដ្រី​នោះ​បាន​ហុច​ទឹក​ថ្នាំ​១​កូន​កែវ​ឱ្យ​ផឹក ដោយ​ប្រាប់​ថា ជា​ទឹកសម្បថ​។ បន្ទាប់​ពី​ស្ដ្រី​ចាញ់បោក​ផឹកទឹក នោះ​រួច​មក​ស្រាប់តែ​ភ្លេចភ្លាំង​លែង​ដឹង​អ្វី​ទាំងអស់ ហើយ​ចេះ​តែ​ដើរ​តាម​ស្ដ្រី​ឆបោក​នោះ​ទៅ ។ ចំពោះ​ការ ធ្វើបុណ្យ​នោះ​អ្នក​ផ្ដើមបុណ្យ​រួម​មាន ១- ឈ្មោះ​ទេព ឈួ​ន និង​វ៉ា សា​រឿ​ន​, ២-​ឈ្មោះ ងិ​ន សុភាព និង​ស្វាមី​, ៣-​ឈ្មោះ​ប៉ា សា​រ៉ាត់ និង​ភរិយា និង​៤-​កញ្ញា មុំ សុ​វី​ណា ។​

អ្នក​ចាញ់បោក​គឺ​អ្នកស្រី​សូ ស៊ី​ថា ដោយ​បាន​ទៅ​បណ្ដាក់​អង្ករ​គេ​ចំនួន​៦៩​បាវ គិត​ជា​ប្រាក់​ចំនួន ៣.១៥៨.០០០​រៀល និង​ប្រាក់​ដុល្លារ ៧.៤០០​ដុល្លារ​ផ្សេង​ទៀត​។ អ្នកស្រី ណុ​ប ណាគ្រី អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​វាល​យន្ដ​ចាញ់បោក​អស់ប្រាក់​ចំនួន​៣.០០០​ដុល្លារ ដោយ​ការ​បញ្ចាំ​ប្លង់​ដី​២, ម៉ូតូ​១​គ្រឿង ព្រមទាំង ខ្សែ​.​ក និង​ខ្សែដៃ ។ ក្រៅពី​នេះ​ស្ដ្រី​ឆបោក​បាន​ឱ្យទៅ​ធានា​ជួល​រោង តុ កៅអី និង​ម្ហូប​សំរាប់​ធ្វើបុណ្យ សរុប​តំលៃ​១.២០០ ដុល្លារ​ថែម​ទៀត ។

​ម្ចាស់​សំអាងការ​ស្រី​ពៅ ប្រាប់​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​បុណ្យ ស្ដ្រី​ចំណាស់​ឈ្មោះ​វ៉ា សា​រឿ​ន បាន​ចេញ​មុខ និយាយ​ជួល​រោង និង​តុ កៅអី ហើយ​ពេល​នោះ​ស្រាប់តែ​ឈ្មោះ​ណុ​ប ណាគ្រី ត្រូវជា​ប្អូនស្រី​បាន​ទូរស័ព្ទ មក​ធានា និង​ប្រាប់​ពីមុខ​របរ​ថា​ជា​អ្នកលក់​សាច់​ជ្រូក ជា​អ្នក​ចេញថ្លៃ​ជួល​ទាំងអស់​។ ដោយ​មិនដឹង​ថា អ្នក​ដើមបុណ្យ​ត្រូវការ​អ្វីខ្លះ​នោះ​គាត់ (​ស្រី​ពៅ​) បាន​ទៅ​ផ្ទះ​ឈ្មោះ​វ៉ា សា​រឿ​ន ហើយ​ជួប​ឈ្មោះ ងិ​ន សុភាព មេ​ឆបោក​នោះ​ដោយ​គេ​និយាយ​ថា ជួល​រោង តុ កៅអី សំរាប់​ភ្ញៀវ​៤០០​នាក់ កុំម៉ង់​ការី​៥​ខ្ទះ សំរាប់ នំប៉័ង​ការី​នំ​បញ្ចុក​៥​ខ្ទះ បបរ​២​ខ្ទះ បាយ​រាប់បាត្រ​ព្រះសង្ឃ​៣០​អង្គ និង​ម្ហូប​៣​មុខ​ដាក់​៣០​ស្រាក់ សរុប អស់​ថ្លៃ​១.២០០​ដុល្លារ​។ ក្រៅពី​នេះ​ថតរូប​១៣០.០០០​រៀល និង​ថត​វី​ដេ​អូ​៨០​ដុល្លារ​។ ម្ចាស់​សំអាងការ ដែល​ជា​អ្នក​ជួល​រោង និង​រៀបចំ​ម្ហូបអាហារ​ទាំងអស់​តាម​ការ​កុំម៉ង់​នោះ​បន្ដ​ថា ឥឡូវនេះ​ពុំ​មាន​អ្នក​ណា ចេញ​សង​ទេ ព្រោះ​យាយ​ម្ចាស់ផ្ទះ​ឈ្មោះ​វ៉ា សា​រឿ​ន ឆ្លើយ​ថា មិនដឹង ឯ​អ្នកស្រី​ណាគ្រី ដែល​ចេញ​មុខ​ធានា ក៏​ឆ្លើយ​ថា មិនដឹង​ធានា​តាម​គេ​ដែរ ។​

ស្រី​រង​គ្រោះ​ឈ្មោះ​សូ ស៊ី​ថា ដែល​អះអាង​ថា ត្រូវ​ថ្នាំ​ស្ដ្រី​ឆបោក​សួរ​ទៅ​ក៏​មិនដឹង​អ្វី និយាយ​កាន់ជើង តែ​ក្រុម​ជនល្មើស ចំណែក​ប្ដី​ស្ដ្រី​រង​គ្រោះ​រូប​នេះ​ខ្វល់ខ្វាយ​ពី​សុខភាព​ប្រពន្ធ ក៏​យក​មក​ឱ្យ​គ្រូពេទ្យ​ធ្វើការ បន្សាបថ្នាំ​ជាមួយ​ស្ដ្រី​ឈ្មោះ​ណុ​ប ណាគ្រី ។​

តាម​ប្រភព​ព័ត៌មាន​នៅ​ថ្ងៃ​ទី​៣ មិថុនា បានឱ្យ​ដឹង​ថា ក្រោយ​ពេល​ដឹងខ្លួន​វិញ​ស្ដ្រី ឈ្មោះ​សូ ស៊ី​ថា បាន​រៀបរាប់​ប្រាប់​ថា គេ​បាន​សន្យា​ឱ្យ​ត្រូវ​លេខ​ឆ្នោត​៣​លេខ​១​ម៉ឺន​ដើម ព្រមទាំង​ជប​មាស ជប​ពេជ្រ ឱ្យធ្វើ​ជា​អ្នកមាន និង​ទិញ​រថយន្ដ​អា​ឆ្លាម​ឱ្យ​ម្នាក់​១​គ្រឿង​។ លុះ​មក​ដល់​ថ្ងៃ​ទី​៣០ ឧសភា ២០០៧ វេលា​ម៉ោង​៨​ព្រឹក ស្ដ្រី​មេ​ឆបោក​បាន​ជប​ត្បូង​ពេជ្រ​ឱ្យ​ចំនួន​៥​គ្រាប់ ហើយ​បាន​ហាម​មិន​ឱ្យ​ប្រាប់​គេ​ទេ សូ​ម្បី តែ​ប្ដី​ក៏​មិន​ឱ្យ​ប្រាប់​ដែរ ។ ពេល​គេ​ឱ្យ​ផឹកទឹកសម្បថ​ក៏​ចេះ​តែ​ផឹក​ទៅ​រហូត​ដល់​វង្វេងស្មារតី ។ ឥឡូវនេះ ក្រុម​ជន​រង​គ្រោះ​និង​អ្នកស្រុក​ដែល​ទៅ​លេង​នៅ​ក្រុងព្រះសីហនុ​នោះ បាន​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ ឯ​ក្រុម ជនល្មើស​បាន​គេចខ្លួន​អស់​ដោយ​សុវត្ថិភាព ។​

បងស្រី​របស់​នារី​រង​គ្រោះ​ឈ្មោះ​សូ ស៊ី​ថា បាន​ក្លាយជា​អ្នក​ចេញ​សង​ថ្លៃ​អង្ករ រីឯ​អីវ៉ាន់ បុណ្យ​ផ្សេង​ទៀត គ្មាន​អ្នក​ណា​ចេញ​មុខ​សង​ទេ​។ ចំណែក​ម្ចាស់​សំអាងការ​ស្រី​ពៅ​និយាយ​ថា គាត់​នឹង​ប្ដឹង​ឈ្មោះ​ណុ​ប ណាគ្រី និង​យាយ ឈ្មោះ​វ៉ា សា​រឿ​ន ដែល​ជា​អ្នក​មក​ធានា​។ អ្នក​ផ្ដើមបុណ្យ​២​នាក់​ទៀត ក៏​ត្រូវ​ចាញ់បោក​មិន តិច​ដែរ តែ​មិន​ហា​ស្ដី​ដោយសារ​ខ្មាស​គេ​។ បន្ទាប់​ពី​ដឹង​ថា​ចាញ់បោក​គ្រប់ៗ​គ្នា​មក ការ​ខ្ជាក់​គ្រាប់ពេជ្រ​នោះ ត្រូវ​បាន​ពិនិត្យ​ទៅ គឺជា​គ្រាប់​ត្បូង​គ្រី​ស្ដា​ល់​តំលៃ​ប្រមាណ​៥.០០០​រៀល​ប៉ុណ្ណោះ ។ ស្ដ្រី​ចំណាស់​ដែល​ត្រូវ ស្ដ្រី​ឆបោក​យក​ធ្វើ​ជា​ម្ដាយធម៌ និង​ជា​ឈ្នាន់ និយាយ​ថា បានជា​គាត់​ធានា​ថា​ស្ដ្រី​នោះ​ពូកែ ដោយសារ​គាត់ ឃើញ​ផ្ទាល់​ភ្នែក​ពេក ក៏​ជឿ​គេ​ស្លុង​ទៅ​។ តាម​ប្រភព​ព័ត៌មាន​ពី​ក្រុងព្រះសីហនុ​ថា អ្នក​ទាក់ទិន​នឹង​ក្រុម ឆបោក ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នោះ ប៉ូលិស​បាន​ដោះ​លែង​ទៅ​ហើយ ព្រោះ​តាម​ចំលើយ​យក​ជា​ការ​មិន​បាន​។ ការ​ឆបោក​ផ្អើល​ទីរួមខេត្ដ​ស្វាយ​រៀង​នេះ សមត្ថកិច្ច​កំពុង​ចាត់វិធានការ​ស្រាវជ្រាវ​ហើយ ដើម្បី​ចាប់ខ្លួន ស្ដ្រី​ពិសពុល​រូប​នោះ ។​

Labels: , ,

 
 

អ្នក​ផ្ដើមបុណ្យ​បោកប្រាស់ ​ផ្អើល​នៅ​ស្វាយ​រៀង​ក្រុម​ជន​បោកប្រាស់​ ​ក្រោម​រូបភាព​ធ្វើបុណ្យ​និង​ដាក់​ទាន​ឱ្យ​អ្នកក្រ

ខេត្ដស្វាយរៀង ៖ មិនដឹង​ថា​ជា​អ្នក​ចិត្ដធម៌​ចំពោះ​អ្នក​ក្រីក្រ ឬ​ក៏​ជា​មនុស្ស​ចិត្ដ​បាប សំរាប់​អ្នក​ដែល​ចាញ់ កលល្បិច​ឆបោក​នោះ​ទេ តែបើ​និយាយ​ពី​ផ្លូវច្បាប់ គឺជា​កំហុស​របស់​អ្នក​ឆបោក ។ អាច​ចាត់​ទុក​ថា ជា​រឿង​បោកប្រាស់​ចម្លែក​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ។ គ្រប់​គ្នា​ធ្លាប់តែ​ឮ​ថា ឆបោក​ម៉ូតូ ឬ លុយកាក់ តែ​ករណី​ដែល​បាន​កើត​មាន​នេះ​ជា​ការ​បោកប្រាស់​ដ៏​ចម្លែក​បំផុត ដែល​អ្នក​បោកប្រាស់​បាន​តាំងខ្លួន​ជា​អ្នក​ផ្ដើម បុណ្យ​ដ៏​ធំ​មួយ ដោយ​មានការ​ចែក​អំណោយ​ដល់​ជន​ក្រីក្រ រហូត​ដល់​៣០០​គ្រួសារ​ផង​ដែរ ទីបំផុត​បច្ច័យ បុណ្យ និង​ប្រាក់​ដែល​ប្រមូល​មក​រៀបចំ​ពិធី​ត្រូវ​បាន​គេ​វេច​ខ្ចប់​យក​ទៅ​អស់ ។ នេះ​គឺជា​ការ​ឆក់​ឱកាស បោកប្រាស់​តាម​រយៈ​ការ​ធ្វើបុណ្យ​ទាន​របស់​ពុទ្ធបរិស័ទ ដែល​បន្លំ​ធ្វើ​ជា​អ្នក​ចិត្ដ​បុណ្យ​ចង់បាន​អ្វី​ក៏​បាន​ដែរ តែ​ទីបំផុត​ទើប​ដឹង​ថា អ្នក​ចិត្ដ​បុណ្យ​មាន​ចិត្ដជា​ចោរ​សោះ ។ មិនតែប៉ុណ្ណោះ ក្រុម​អ្នក​ចាញ់បោក​មួយ ចំនួន​ត្រូវ​បាន​គេ​បញ្ឆោត​នាំ​ទៅ​លេង​ទឹកសមុទ្រ​ឯ​ក្រុងព្រះសីហនុ ដូច​គេ​នាំ​ទៅ​ប្លុង​ចោល​ដែរ ។​

ខាងក្រោម​នេះ គឺជា​រឿងរ៉ាវ​ដែល​កោះសន្ដិភាព​ទទួល​បាន​ជុំវិញ​រឿងរ៉ាវ អ្នក​ផ្ដើមបុណ្យ​បោកប្រាស់​នេះ ។​

អ្នក​បោកប្រាស់​មួយ​ក្រុម​បាន​បោក​យក​លុយ​ធ្វើបុណ្យ​ដាក់​ទាន​ដល់​អ្នក​ក្រីក្រ​ចំនួន​៣០០​គ្រួសារ ហើយ​នាំ ទាំង​ម្ចាស់​លុយ និង​អ្នក​ជិតខាង​ទៅ​លេង​ក្រុងព្រះសីហនុ រួច​ប្រមូល​លុយ មាសប្រាក់ ទូរស័ព្ទ​គេចខ្លួន​បាត់ ស្រមោល ។ រឿងរ៉ាវ​បោកប្រាស់​នេះ​បាន​កើតឡើង​នៅ​ភូមិ​វាល​យន្ដ ឃុំ​ស្វាយ​រៀង ស្រុក​ស្វាយ​រៀង​។ លោកយាយ​វ៉ា សា​រឿ​ន អាយុ​៥៥​ឆ្នាំ បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៨ ឧសភា ២០០៧ មាន​ស្ដ្រី​ម្នាក់​ដែល ប្រាប់​ថា ឈ្មោះ​ងិ​ន សុ​គ​ន្ធា ហៅ​ងិ​ន សុភាព បាន​មក​ទាក់ទង​រក​ជួល​ផ្ទះ​ស្នាក់​នៅ​រយៈពេល​១​ឆ្នាំ​។ ពេល​នោះ​កូនស្រី​គាត់​ដែល​ធ្លាប់​ឮ​ម្ចាស់ផ្ទះ​និយាយ​ថា បើ​រក​ម៉ូយ​ជួល​ផ្ទះ​បាន គេ​ឱ្យ​ថ្លៃ​ឈ្នួល​មួយ​ខែ ក៏​បាន​ទៅ​រក​ជួល​ផ្ទះ​ឱ្យ​ស្ដ្រី​រូប​នោះ គឺ​ជួល​ផ្ទះ​ក្នុងភូមិ​មេភ្លើង​ក្នុង​តំលៃ​៦០​ដុល្លារ​ក្នុង​១​ខែ ហើយ​ស្ដ្រី​រូប​នោះ ក៏​ព្រម​ជួល ។​

លោកយាយ​បន្ដ​ថា ពេល​ស្នាក់​នៅ​បាន​មួយ​យប់​មាន​គ្នា​១២​នាក់ មាន​ចាស់ មាន​ក្មេង​តូច លុះ​ព្រឹក​ឡើង ម្ចាស់ផ្ទះ​ក៏​សួរ​រក​អត្ដសញ្ញាណប័ណ្ណ និង​សៀវភៅ​គ្រួសារ​ដើម្បី​ធ្វើ​កិច្ចសន្យាជួល ស្រាប់តែ​ស្ដ្រី​រូប​នោះ ថា​គ្មាន ហើយ​ប្រាប់​ថា គ្រាន់តែ​ជួល​ផ្ទះ​ក៏​រញ៉េរញ៉ៃ ពួក​គេ​ទាំងនោះ​ក៏​លែង​ជួល​ផ្ទះ​នោះ​ទៅ ។ លុះដល់ ល្ងាច​ថ្ងៃ​ទី​៩ ឧសភា ស្ដ្រី​រូប​នោះ​ក៏​នាំ​ម្ដាយ ប្ដី កូន និង​កូនប្រសា​មាន​គ្នា​១២​នាក់ ទៅ​ដល់​ផ្ទះ​គាត់ ក៏​សុំ​ជួល​ផ្ទះ​នៅ​បណ្ដោះអាសន្ន​ទំ​រាំ​រក​ផ្ទះ​ជួល​បាន​។ លោកយាយ​រៀបរាប់​ទៀត​ថា ពេល​មក​ស្នាក់​នៅ ផ្ទះ​គាត់​នេះ មិន​ទៅ​ណា​ទៀត​ទេ គឺ​ចេះ​តែ​បន្ដ​នៅ​ក្នុងផ្ទះ​របស់​គាត់​រួច​សុំ​គាត់​ធ្វើ​ជា​ម្ដាយធម៌ ដោយ ហៅ​រូប​គាត់​ថា​ម៉ែៗ​ពេញមាត់ ទាំង​ប្ដី និង​ប្រពន្ធ ហើយ​បាន​និយាយ​ថា ម៉ែ​ក្រីក្រ និង​ចាស់​ហើយ ឈប់​លក់ដូរ​ទៅ​ចាំ​រូបគេ​ជួយ​ចិញ្ចឹម ។ ពេល​នោះ​គាត់​ក៏​តប​ថា ម៉ែ​ក្រ ហើយ​ជំពាក់​លុយ​អេ​ស៊ី​លី​ដា ទៀត​ផង បើ​ឈប់​លក់​គឺ​ស្លាប់​។ ស្ដ្រី​រូប​នោះ​ក៏​សួរ​ទៀត​ថា ម៉ែ​ជំពាក់​លុយ​គេ​ប៉ុន្មាន​ចាំ​ខ្ញុំ​ចេញ​សង​ជំនួស កុំ​ព្រួយ បន្ទាប់​មក​ក៏​និយាយ​ថា កុំ​គិត​ពី​ក្រ​មាន ឬ​ជំពាក់​គេ គិតគូរ​ធ្វើបុណ្យ​ទាន​វិញ​ដើម្បី​ជួបជុំ និង រាប់អាន​ម្ដាយ និង​កូន គឺ​ធ្វើបុណ្យ​បច្ច័យបួន​រួច​ដាក់​ទាន​ដល់​អ្នក​ក្រីក្រ​ទើប​ប្រសើរ ។ លោកយាយ​ឮ​ថា ធ្វើបុណ្យ​គាត់​ក៏​អរ តែ​គាត់​បាន​សួរ​ថា បាន​លុយកាក់​ពី​ណា​មក​ធ្វើបុណ្យ​? ស្ដ្រី​នោះ​និយាយ​ថា ខ្ញុំ​លក់​ដី បាន​១០​ម៉ឺន​ដុល្លារ​ដែរ ដាក់​ផ្ញើ​នៅ​ធនាគារ​ឯ​ភ្នំពេញ ។ ស្ដ្រី​នេះ​និយាយ​គួរ​ឱ្យ​ទុកចិត្ដ​ទៀត​ថា ខ្លួន​នឹង​ទៅ ទាក់ទង​ធនាគារ​អេ​ស៊ី​លី​ដា​ស្វាយ​រៀង​ផ្ទេរ​លុយ​៤​ម៉ឺន​ដុល្លារ​យក​មក​ធ្វើបុណ្យ និង​ដាក់​ទាន​ឱ្យ​អ្នក​ក្រីក្រ នៅ​ស្វាយ​រៀង លុះ​ពេល​និយាយ​ហើយ​ក៏​បបួល​គាត់​ជា​ម្ចាស់ផ្ទះ​ទៅ​ធនាគារ​អេ​ស៊ី​លី​ដា ។​

លោកយាយ​វ៉ា សា​រឿ​ន បន្ដ​ទៀត​ថា ពេល​ទៅ​ដល់​ធនាគារ​អេ​ស៊ី​លី​ដា​ឃើញ​ស្ដ្រី​ឈ្មោះ​ងិ​ន សុ​គ​ន្ធា ហៅ​ងិ​ន សុភាព អាយុ​៣៨​ឆ្នាំ​រូប​នោះ ជួប​សួរ​រឿង​ផ្ទេរ​លុយកាក់​នោះ ក្រោយមក​ឃើញ​បង្ហាញ​ក្រដាស និង​កូន សៀវភៅ បន្ទាប់​មក​ក៏​បាន​ដើរ​ចេញ​មក រួច​ប្រាប់​គាត់​ថា មួយ​សបា្ដហ៍​ទៀត​ទើប​ដក​លុយ​បាន ហើយ​ក៏​យក កិច្ចសន្យា​ខ្ចីប្រាក់​របស់​លោកយាយ​ទៅ​ជួប​ភ្នាក់ងារ​អេ​ស៊ី​លី​ដា​រួច​ថា ចាំ​រូបគេ​ដក​លុយ​ឬ​ផ្ទេរ​លុយ​ពី​ភ្នំពេញ មក​នឹង​ចេញ​សង​ជំនួស រួច​ក៏​នាំ​គ្នា​ត្រឡប់​មក​វិញ​។ ក្រោយមក​ទៀត​ក៏​ទៅ​ទាក់ទង​ជាមួយ​ស្ដ្រី​ឈ្មោះ​ណុ​ប ណាគ្រី អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​វាល​យន្ដ និង​ស្ដ្រី​ម្នាក់​ទៀត​ឈ្មោះ​ថា នៅ​ភូមិ​ធ្ម​ល់ ឱ្យ​ជួយ​ហៅភ្ញៀវ ធ្វើបុណ្យ​បច្ច័យបួន​បី​យប់​បី​ថ្ងៃ ដោយ​ឱ្យ​ជួយ​ហៅភ្ញៀវ​៤០០​នាក់ និង​អ្នក​ក្រីក្រ​ខ្លាំង​៦៣​គ្រួសារ​មក​ទទួល អំណោយ​ផង​។ ស្ដ្រី​ទាំង​ពីរ​នាក់​ក៏​នាំ​គ្នា​គិតគូរ​ពី​រឿង​បុណ្យ​ទាន​រួច​ក៏​ទៅ​ជួល​រោង តុ កៅអី និង កុម្ម៉ង់​បបរ សំរាប់​ទទួលភ្ញៀវ​៤០០​នាក់ ក្នុង​រយៈពេល​៣​ថ្ងៃ ។ រោង​បុណ្យ គឺ​របស់​អ្នកគ្រូ ពៅ នៅ​ភូមិ​ស្រះ​វង់ ត្រូវ​បាន​ជួល​ក្នុង​តំលៃ​១.២០០​ដុល្លារ និង​កាមេរ៉ា​ថត​វី​ដេ​អូ និង​ថតរូប​តំលៃ​៨០​ដុល្លារ ជួល​មីក្រូ ម៉ាស៊ីនភ្លើង និង​ធុងបាស់​បី​យប់​តំលៃ​៤៥​ម៉ឺន​រៀល ទិញ​អង្ករ​៦៣​បាវ មួយ​បាវ​តំលៃ​៦៨.០០០​រៀល សារុង​៣០០ តំលៃ​៨.០០០​រៀល​ក្នុង​សារុង​មួយ ក្រមា​៣០០ តំលៃ​៣.០០០​រៀល​ក្នុង ក្រមា​មួយ ស្រា​បៀរ​៥០​កេស ទឹកកក​៣០​ដើម ដែល​សុទ្ធ​សឹង​ជំពាក់​គេ​ទាំងអស់ ។​

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ពិធីបុណ្យ​បាន​ធ្វើ​កាលពី​ថ្ងៃ​ទី​២៥-២៦ និង​២៧ ឧសភា ឆ្នាំ​២០០៧​កន្លង​មក​។ ក្រោយ​ពី​រើ​រោង​បុណ្យ និង​ចែក​អំណោយ​រួច​មួយ​ថ្ងៃ ស្ដ្រី​រូប​នេះ​ក៏​បបួល​ម្ចាស់​រោង អ្នក​ថតរូប ម្ចាស់ ធុងបាស់ ម្ចាស់​អង្ករ ម្ចាស់​លុយ ទៅ​លេង​នៅ​ក្រុងព្រះសីហនុ រួច​ត្រឡប់​មក​វិញ​ទៅ​លេង​ខេត្ដកំពត រួច​ជិះទូក​ទៅ​លេង​តាម​កោះ បន្ទាប់​មក​ទៅ​លេង​នៅ​ខេត្ដសៀមរាប​។ ក្រុម​អ្នក​ចាញ់បោក​និយាយ​ថា ភាព​គួរ​ឱ្យ​ទុកចិត្ដ​នោះ គឺ​ស្ដ្រី​នោះ​បាន​បង្ហាញ​លិខិត​ដែល​បង្ហាញ​ប្រាក់​នៅ​ធនាគារ​ចំនួន​១០​ម៉ឺន​ដុល្លារ ក៏​នាំ​គ្នា ជឿ​ស្លុង​មិនដឹង​ថា​គេ​បោក​នោះ​ទេ​។ ស្ដ្រី​ម្នាក់​ឈ្មោះ​ណាគ្រី​បាន​និយាយ​ថា គាត់​បាន​យក​ប្លង់​ដី​២​កន្លែង ទៅ ដាក់​នៅ​ធនាគារ​អេ​ស៊ី​លី​ដា​បាន​ប្រាក់​១.០០០​ដុល្លារ ហើយ​ពេល​រៀប​ទៅ​ក្រុងព្រះសីហនុ​បាន​យក​ម៉ូតូ HONDA C125 ស៊េរី​២០០៦ ទៅ​បញ្ចាំ​ទៀត បាន​លុយ​៦០០​ដុល្លារ សរុប​១.៦០០​ដុល្លារ ប្រគល់​ឱ្យ ស្ដ្រី​រូប​នោះ​គ្រាន់​ចាយវាយ​ពេល​ដើរ​លេង​។ រីឯ​ស្ដ្រី​ម្នាក់​ទៀត​ឈ្មោះ​នាង​ថា អ្នក​រាប់​លុយ​នៅ​ផ្សារ បាន​ធ្វើ ខ្សែ​.​ក​ឱ្យ​ស្ដ្រី​នោះ​១​ខ្សែ​ទំងន់​មួយ​តម្លឹង​មាស ។​

លុះដល់​ថ្ងៃ​ទី​២៩ ឧសភា ក៏​បាន​ជួល​រថយន្ដ​ចំនួន​៤​គ្រឿង គឺ CR-V មួយ​គ្រឿង និង កាម​រី​៣​គ្រឿង ចេញដំណើរ​ទៅ​ក្រុងព្រះសីហនុ ហើយ​បាន​ចូល​ហូប​បាយ​ផ្ទះ​បងប្រុស របស់​ឈ្មោះ​រស់ ជា​ប្ដី​របស់​នាង​ថា នៅ​ក្រុងភ្នំពេញ ដោយ​មាន​ភ្ញៀវ​២៩​នាក់ ស្រី​១១​នាក់ ពេលបាយ​រួច​ស្ដ្រី​ឈ្មោះ​សុភាព​នោះ ក៏​ខ្ចី​លុយ ម្ចាស់ផ្ទះ​បាន​១.០០០​ដុល្លារ​ទៀត​។ លុះ​ថ្ងៃត្រង់​ចូល​ហូប​បាយ​ក្នុង​ហាង​ខ្ចី​លុយ​អ្នកបើកបរ​រថយន្ដ CR-V ឱ្យ ចេញថ្លៃ​បាយ​៣៥​ដុល្លារ​ទៀត រួច​បន្ដ​ទៅ​ក្រុងព្រះសីហនុ​ក៏​បាន​នាំ​គ្នា ចុះ​លេង​ទឹកសមុទ្រ​នៅ​ឆ្នេរ អូរ​ឈើទាល និង​បាន​កុំម៉ង់​មឹក បង្កង បង្គារ​អាំង​ហូប​លេង និង​ផឹកស្រា​បៀរ ទឹកក្រូច​នៅ​មាត់សមុទ្រ​យ៉ាង រីករាយ​រហូត​ដល់​ម៉ោង​៥​ល្ងាច ស្រាប់តែ​ក្រុម​គ្រួសារ​ស្ដ្រី​បោកប្រាស់​នោះ បាន​ចាប់ផ្ដើម​បណ្ដោះ​គ្នា​ដោយ ប្រាប់​ថា ទៅ​មើល​ជួល​អូ​តែ​ល ខ្លះទៅ​រក​ទិញ​ព្រះពុទ្ធ​បដិមា​ហែ​ចូល​វត្ដ នៅ​ក្រុងព្រះសីហនុ ។ មានការ កត់​សំគាល់ថា ស្ដ្រី​ម្នាក់​បាន​បបួល​ស្ដ្រី​ក្រមុំ​៣​នាក់​ឱ្យទៅ​ជាមួយ​ក្រុម​គ្រួសារ​ថា ទៅ​រក​ទិញ​សំលៀក​បំពាក់ តែ​ក្មេងៗ​ស្រី​ទាំង​៣​នាក់​មិន​ព្រមទៅ​។ យុវជន​ម្នាក់​ឈ្មោះ​ងិ​ន សុ​ភ័ក្ដ្រ ជា​កូនប្រុស​របស់​ស្ដ្រី បោកប្រាស​នោះ បាន​ខ្ចី​រថយន្ដ CR-V ថា ទៅ​តាម​ម្ដាយ​តែ​ម្ចាស់​រថយន្ដ​មិន​ឱ្យ ក៏​ខ្ចី​ទូរស័ព្ទ​ប្រើ​មួយ​ភ្លែត និង​ខ្ចី​លុយ​១០​ដុល្លារ​ទៅ​តាម​ម្ដាយ និង​ដាក់​កាត​ទូរស័ព្ទ អ្នកបើកបរ​ក៏​ឱ្យ​ខ្ចី​។ រហូត​ដល់​ម៉ោង​៦​ល្ងាច​គ្រប់ គ្នា​មិនឃើញ​អ្នក​ទាំងនោះ​ត្រឡប់​មក​វិញ ទើប​ឆោឡោ​និង​ដឹង​ថា “​បោក​” ម្ចាស់​ហាង​នៅ​ឆ្នេរ​អូរ​ឈើទាល ទារ​លុយ​ថ្លៃ​ស្រា​បៀរ គ្រឿងក្លែម សំណាងល្អ​មាន​មន្ដ្រី​ប៉ូលិស​ក្រុងព្រះសីហនុ​ចេញ​ជំនួស រួច​ក៏​នាំ​គ្នា ប្ដឹង​ប៉ូលិស ខណ្ឌ​មិត្ដភាព ក្រុងព្រះសីហនុ​ឱ្យ​ជួយ ។​

ក្រោម​អន្ដរាគមន៍​របស់​ប៉ូលិស​ខណ្ឌ​មិត្ដភាព ស្ដ្រី​អាយុ​៤៨​ឆ្នាំ​ម្នាក់​ត្រូវ​ចាប់ខ្លួន​។ ស្ដ្រី​នេះ​ធ្លាប់​អះអាង​ថា ជា​ម្ដាយក្មេក​ស្ដ្រី​ជាប់ចោទ​ដែល​តាម​ការ​សាកសួរ​ស្ដ្រី​នេះ​និយាយ​ថា ខ្លួន​ត្រូវ​គេ​ឱ្យ​ដើរតួ ហើយ​គេ​នាំ​ដើរ លេង​ក៏​មក​តាម​គេ​ទៅ​។ មន្ដ្រី​ប៉ូលិស​ខណ្ឌ​មិត្ដភាព​ថា ស្ដ្រី​រូប​នេះ​និង​ត្រូវ​បញ្ជូន​ទៅ​ខេត្ដស្វាយរៀង ។ ការ​បាត់បង់​ទ្រព្យសម្បត្ដិ​ដែល​ស្ដ្រី​រូប​នោះ​ឆបោក គឺ​ទូរស័ព្ទ​ដៃ​៤​គ្រឿង ម៉ូតូ​C125 ស៊េរី​២០០៦​មួយ​គ្រឿង ខ្សែ​.​ក ខ្សែដៃ និង ប្លង់​ដី​សរុប​៣.០០០​ដុល្លារ ។ ស្រី​ឈ្មោះ​នាង ថា ចាញ់បោក​អស់​៣.០០០​ដុល្លារ និង​ជំពាក់ ថ្លៃ​បុណ្យ និង​អង្ករ សារុង ក្រមា ស្រា​បៀរ សារុប​៧​ពាន់​ដុល្លារ រីឯ​ម្ចាស់​រថយន្ដ​៤​គ្រឿង អស់​ថ្លៃ​ចាក់ ប្រេង​ទៅ​មក​ក្នុង​ម្នាក់ៗ​១០០​ដុល្លារ ។ ឈ្មោះ​ពុំ សា​រិ​ន អាយុ​៤៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​សោម ស៊ី​វន និង កូនស្រី​៣​នាក់ ក៏​បានឱ្យ​ដឹង​ថា ពួក​គាត់​អស់ប្រាក់​៣០​ដុល្លារ​ដែរ ។ ស្ដ្រី​ឈ្មោះ​សំ សោភា ហៅ​វ៉ិ​ន ពីរ​នាក់ ម្ដាយកូន​អស់​៣០​ដុល្លារ នៅ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ ។​

ក្រុម​ឆបោក​ដែល​មាន​គ្នា​១២​នាក់​មាន​ចាស់ មាន​ក្មេង និង​អ្នក​ផ្ដើមគំនិត​គឺ​ស្ដ្រី​ឈ្មោះ ងិ​ន សុភាព និង​ប្ដី​ព្រម ទាំង​កូនប្រុស​ឈ្មោះ ងិ​ន សុភ​ក្ដិ និង​ប្រពន្ធ​ស្ដ្រី​ចំណាស់ និង​ម្ដាយក្មេក រីឯ​៧​នាក់​ទៀត​គឺ​សុទ្ធតែ​ក្មេងៗ ដែល​មាន​រហូត​ដល់​អាយុ​២​ឆ្នាំ​មក​ជាមួយ​ផង ដែល​ល្បិច​ឆបោក​នេះ​មិន​ធ្លាប់​មាន គឺ​បោកប្រាស​ធ្វើបុណ្យ បាន​បច្ច័យ​ប្រមាណ​៣​លាន​រៀល គឺ​ស្ដ្រី​ល្មើស​យក​ទៅ​ទាំងអស់ មិន​បាន​ដាក់​វត្ដ​ទេ ។​
​តាម​ព័ត៌មាន​ថា ក្នុង​ពិធីបុណ្យ​នេះ​អ្នក​ក្រីក្រ​៦៣​គ្រួសារ គឺ​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​៥០​គីឡូក្រាម សារុង​១ ក្រមា​១ ចំណែក​២៣៧​គ្រួសារ​ទៀត​បាន​សារុង​១ ក្រមា​១ ។ ពិធីបុណ្យ​នេះ​ក៏​មានការ​រាប់បាត្រ ព្រះសង្ឃ​រហូត​ដល់​៣០​អង្គ​ដែរ ។ តាម​រឿងរ៉ាវ​ខាងលើ​នេះ គឺជា​មេរៀន​មួយ​ដែល​ប្រជាពលរដ្ឋ​យើង ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​កលល្បិច​ឆបោក​គួរ​ឱ្យ​ស្អប់ខ្ពើម​នេះ ។ ទោះជា​បែប​ណា ក្រុម​នេះ​គេចខ្លួន​មិន​រួច នោះ​ទេ ។​

Labels: ,

 
 

សម្ដេចព្រះ​ឧត្ដម​វង្សា​មួ​ង​រ៉ា និមន្ដ​ទៅ​កាត់​ឫស​សីមា​វត្ដ​ខ្មែរ​នៅ​តិច​សាស់

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី ៣១ ឧសភា សម្ដេចព្រះ​ឧត្ដម​វង្សា​មួ​ង រ៉ា លេខាធិការ​ថេរ​សភា​សង្ឃ និង​ជា​ព្រះ​អគ្គាធិការ​រង​ពុទ្ធិកសិក្សា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​និមន្ដ​ទៅ​កាន់​រដ្ឋ​តិច​សាស់ សហរដ្ឋ អា​មេ​រិ​ក ដែល​ការ​និមន្ដ​ចាក​ចេញពី​ប្រទេស​នោះ ត្រូវ​បាន​មន្ដ្រី​សង្ឃ​ជំនួយការ​មាន​សង្ឃដីកា​ឱ្យ​ដឹង​ថា សម្ដេចព្រះ​ឧត្ដម​វង្សា​ដែល​និមន្ដ​ទៅ​កាន់​សហរដ្ឋអាមេរិក​នោះ គឺ​តាម​ការ​និមន្ដ​ពី​ព្រះ​ចៅអធិការ​វត្ដ កា​ណា​រាម និង​ពុទ្ធបរិស័ទ ដើម្បី​និមន្ដ​សម្ដេច​កាត់​ខ្សែបូ និង​កាត់​ឫស​សីមា​ក្នុង​ពិធីបុណ្យ​ផ្នែក​សាសនា ដែល​បាន​កំណត់​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៩ មិថុនា ខា​មុខ​នេះ ។

​ការ​និមន្ដ​នេះ​ក៏​បាន​ទទួល​ព្រះ​រាជានុញ្ញាត​ពី​សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ទេព វង្ស សម្ដេចព្រះ សុមេធាធិបតី ន​ន្ទ ង៉ែត សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន ។ មន្ដ្រី​សង្ឃ​អម​ការ​និមន្ដ​មក​កាន់​ព្រ​លាន​យន្ដហោះ​បានឱ្យ​ដឹង​ថា សម្ដេចព្រះ​ឧត្ដម​វង្សា​ដែល​និមន្ដ​ទៅ​នោះ មាន​រយៈពេល​១៥​ថ្ងៃ​ទើប​សម្ដេច​និមន្ដ​មក​វិញ ។ ក្នុង​ពិធី​ជូន​ព្រះ​ដំណើរ​សម្ដេច​ឧត្ដម​វង្សា​មួ​ង រ៉ា ដល់ ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញ​មាន​ក្រុម​កុមារ​កំព្រា ក្នុង​សមាគម​សិល្បៈ​វប្បធម៌​ដើម្បី​សន្ដិភាព បាន​ប្រគេន​បាច់ផ្កា និង​ប្រគេន​ពរ​ចំពោះ​សម្ដេច​សូម​ឱ្យ​ការ​និមន្ដ​របស់​ព្រះ​អង្គ​ប្រកប​តែ​សុវត្ថិភាព ។​

Labels: ,

 
 

ទេវតា ឬទេ​ព្ដា​ដែល​មនុស្ស​គ្រប់​រូប​តែង​គោរព​បូជា​និង​ប្រាថ្នា​ចង់​កើត​ ​តាម​ការ​ពិត​ទេវតា​នៅ​ក្នុង​ចិត្ដ​របស់​មនុស្ស​ដែល​ជា​អ្នក​កំណត់​ប៉ុណ្ណោះ

ពុទ្ធសាសនិក​អ្នក​គោរព​ប្រណិប័តន៍​ចំពោះ​លទ្ធិ​ព្រះពុទ្ធ​សាសនា បាន​លះបង់​នូវ​ទ្រព្យសម្បត្ដិ​ផ្ទាល់ខ្លួន ដើម្បី ធ្វើបុណ្យ​ទាន​សន្សំ​កុសល​ប្រាថ្នា​ជាតិ​ក្រោយ​ឱ្យ​មានទ្រព្យ​សម្បត្ដិ ស្ដុកស្ដម្ភ យស​សក្ដិ​ខ្ពង់ខ្ពស់ បាន​ទៅ​កើត ឋានមនុស្ស ទេវតា និង​ព្រះ​និព្វាន ។ ប៉ុន្ដែ​បើ​តាម​អ្នក​វិទ្យាសាស្ដ្រ​បាន​អះអាង​ថា ក្នុង​លោក​នេះ​គ្មាន ឋាន​ណា​ក្រៅពី​សង្គមមនុស្ស​ឡើយ ហើយ​ទេវតា​ដែល​មនុស្ស​តែង​គោរព និង​ប្រាថ្នា​ចង់ទៅ​កើត​នោះ ក៏​គ្មាន​ដែរ តែ​ទេវតា​ស្ថិត​នៅ​ក្នុង​ចិត្ដ​របស់​មនុស្ស​ជា​អ្នក​កំណត់​ទៅ​វិញ ។

​ក្នុង​គម្ពីរ​សាសនា​បាន​ចែង​ថា ធ្វើ​ល្អ​បាន​ល្អ ធ្វើ​អាក្រក់​បាន​អាក្រក់ ហើយ​បុណ្យ​បាប​ទាំងនេះ​នឹង​ហុច​ឱ្យ​អ្នក ប្រព្រឹត្ដ​វិញ​ក្នុង​ពេល​បច្ចុប្បន្ន​ជាតិ ឬ​អនាគតជាតិ ដោយ​បាន​ធ្វើការ​អប់រំ​ទូន្មាន​មនុស្ស​ដែល​ជា​ពុទ្ធបរិស័ទ ខំ​សាង​នូវ​កុសលផល​បុណ្យ ចៀសវាង​នូវ​អំពើ​បាប អបាយមុខ​ផ្សេងៗ ខ្លាចក្រែង​មានកម្ម​ពៀរ​នៅ​ជាតិ ក្រោយ អាច​កើតជា​ជន​ទី​ទ័លក្រ ពិការ ខ្វាក់​ខ្វិន ឬ​ចុះ​ទៅ​កើត​ឋាននរក​អ​វចីរ គ្មាន​អាហារ​បរិភោគ ទទួល​ទុក្ខទោស​រាប់​សិប​ជាតិ​ទំ​រាំ​បាន​មក​កើតជា​មនុស្ស​វិញ​។ ប៉ុន្ដែ​បើ​បុគ្គល​ណា​ធ្វើអំពើ​ល្អ​នោះ កុសលផល បុណ្យ នឹង​ហុច​ឱ្យ​វិញ​ជា​មិន​ខាន ដោយ​បាន​ទៅ​កើតជា​មនុស្ស ទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម និង​បាន​សោយ សម្បត្ដិ​ព្រះ​ទិព្វ​ទៀត​ផង​។ អ្នក​ដែល​ធ្វើបុណ្យ​ទាន​គ្រប់​វ័យ​តែង​ប្រាថ្នា​ឱ្យ​ជាតិ​ក្រោយ បាន​កើត​នៅ​ឋាន ទេវតា ឬ​ព្រះ​និព្វាន ពីព្រោះ​ឋាន​ទាំង​ពីរ​នេះ​ជា​ឋាន​ផុត​ទុក្ខ បាន​សោយ​សម្បត្ដិ​ទិព្វ លែង​ព្រួយបារម្ភ ជួប​ប្រទះ​នឹង​ទុក្ខ​ភ័យ​កើត​ចាស់​ឈឺ​ស្លាប់​ទៀត​ហើយ ។ ក្នុង​គម្ពីរ​ទសជាតក តាម​រយៈ​រឿង​ព្រះ​វេ ស្សន្ដរ​ជាតក ព្រះ​វេស្សន្ដរ​ដែល​ជា​តួអង្គ​ព្រះ​ពោធិសត្វ​បាន​បំពេញ​ទានបារមី​គ្រប់យ៉ាង​ដល់​ជន​ក្រីក្រ ដូច​ជា ធន​បរិច្ចាគ អង្គបរិច្ចាគ ជីវិត បរិច្ចាគ បុត្រ​បរិច្ចាគ និង​ភរិយា​បរិច្ចាគ ដើម្បី​បាន​ត្រាស់​ដឹង​ជា​ព្រះ សម្មាសម្ពុទ្ធ​ជួយ​ចំលង​សត្វលោក​ឱ្យ​រួច​ផុត​ពី​ទុក្ខទោស​ផង​ទាំងពួង​។ ដោយ​អំណាច​នៃ​ការ​ធ្វើ​ទាន​របស់​ព្រះ​វេស្សន្ដរ បាន​ធ្វើ​ឱ្យ​ទេវតា​ព្រះឥន្ទ្រ​ចុះ​មក​ជួយ​អន្ដរាគមន៍​ជា​បន្ដបន្ទាប់ ហើយ​ពេល​ព្រះ​អង្គ​សោយ​ទិវង្គត​ទៅ​ជាតិ​ក្រោយ​បាន​កើតជា​តួអង្គ​ព្រះ​សិទ្ធត្ថ ឬ​សិទ្ធា​ថ​ដោយ​ចេញ​សាង ផ្នួស​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​បរមគ្រូ​នៃ​យើង​។ គម្ពីរ​ទសជាតក និង​គម្ពីរ​បញ្ញា​ស​ជាតក​បាន ឆ្លុះ​បញ្ចាំង​ពី​តួអង្គ ព្រះ​ពោធិសត្វ​ជា​គូ​នឹង​នាង​កន្សៃសារពេជ្ញ​គ្រប់​ជាតិ កា​រសជាតិ​របស់​តួអង្គ​ឆ្លុះ​បញ្ចាំង​អំពើ​បុណ្យ​បាប មនុស្ស សត្វ ទេវតា​ព្រះឥន្ទ្រ ព្រហ្ម​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស ។ ចំណែកឯ​ទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម ដែល​ជា អ្នកមាន​បុណ្យ​បារមី អច្ឆរិយ ត្រូវ​បាន​មនុស្សលោក​ធ្វើការ​បួងសួង សុំ​សេចក្ដីសុខ​សប្បាយ​រកស៊ី​មាន បាន​គ្រប់ពេលវេលា​នៅ​ពេល​អ្នកស្រុក​មានទុក្ខ​លំបាក​ម្ដងៗ ហើយ​គេ​ជឿ​ថា ជីវិត​មនុស្សរ​ស់បាន​អាស្រ័យ លើ​ទេវតា​ជា​អ្នក​ប្រទាន ជា​ពិសេស​នៅ​ពេល​បុណ្យ​ទាន​ម្ដងៗ ដូច​ជា​ថ្ងៃ​បុណ្យចូលឆ្នាំ​គេ​តែងតែ​រៀបចំ រណ្ដាប់ ម្ហូបអាហារ នំចំណី អុជ​ធូប​ទៀន បួងសួង​ចំពោះ​ទេវតា ឱ្យ​ជួយ​ថែរក្សា និង​ប្រទាន​ពរ​ជ័យ​ដល់​ពួក គេ​។ ទោះបីជា​មានការ​អះអាង​ថា មាន​ឋាន​លើ ឋាន​ក្រោម ប្រេត​នរក ទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម​យ៉ាង នេះ​ក្ដី តែ​ក្រុម​អ្នក​វិទ្យាសាស្ដ្រ​បែរជា​បញ្ចេញ​ទស្សនៈ​ផ្ទុះ​ស្រឡះ​ទៅ​វិញ​ចំពោះ​បញ្ហា​ទាំងនេះ ។ អ្នក​រូបធាតុ និយម​ទាំងនេះ​ធ្វើការ​បញ្ជាក់​ថា ពួក​គេ​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​អស់​រយៈពេល​ជា​ច្រើន ឆ្នាំ​មក​ហើយ គឺ​ពុំដែល​បាន​ជួប​ប្រទះ​អ្វី​ក្រៅពី​មនុស្ស សត្វ រុក្ខជាតិ លោហធាតុ ដែល​មាននៅ​ឋានមនុស្ស ឡើយ​។ ចំណែកឯ​ឋាន​លើ ឋាន​ក្រោម​នោះ គ្មាន​ទេ គឺ​គ្រាន់តែ​ការ​និយាយ​តៗ​គ្នា ដែល​ជា​ការ​ស្រមើ ស្រមៃ​របស់​មនុស្ស​ប៉ុណ្ណោះ ហើយ​ទេវតា​នោះ​ទៀត​បើសិនជា​មាន​មែន​នោះ ក៏​នៅ​មិន​ឆ្ងាយ​ពី​មនុស្ស​ដែរ ដូច​ជា​ចិត្ដគំនិត​អារម្មណ៍​មនុស្ស មនោសញ្ចេតនា​ក្នុង​ខ្លួន​របស់​មនុស្ស ។​

ទាក់ទិន​នឹង​ទេវតា​នេះ បើ​តាម​វប្បធម៌​អារ្យធម៌​ខ្មែរ​របស់​បណ្ឌិត​មី​សែ​ល ត្រា​ណេ បាន​បញ្ជាក់​ថា ខ្មែរ នៅ​សម័យ​បុរាណ​ហៅ​វត្ថុ​ស័ក្ដិសិទ្ធិ​ដូច​ជា​ខ្យល់ ព្រះអាទិត្យ ព្រៃ​ភ្នំ ក្រំ​ថ្ម ឬ​សត្វ​ដែល​គេ​បូជា​ជា​វត្ថុ​ស័ក្ដិសិទ្ធិ ឬ​តូ​តឹ​ម ដែល​និមិត្ដរូប​ជា​ទេវតា​គឺ​ការ​ហៅ​តាម​ប្រពៃណី​ក្លិង្គ ។ ការ​ស្រាវជ្រាវ​ឫសគល់ នៃ​ជំនឿ​សាសនា ខ្មែរ​គេ​ត្រូវ​ញែក​ឱ្យ​ដាច់​ពី​គ្នា ពោល​គឺ​អ្វី​ជា​ទេវតា ហើយ​អ្វី​ជា​វត្ថុ​ស័ក្ដិសិទ្ធិ ថ្វី​ដ្បិតតែ​ពាក្យ​នេះ​អ្នកខ្លះ យល់​ថា មាន​ន័យ​តែ​មួយ​ក៏​ដោយ ។ វត្ថុ​ស័ក្ដិសិទ្ធិ​ដែល​ខ្មែរ​យើង​ចាត់​ទុក​ថា​ជា​ទេវតា​នោះ តាម​ពិត​គ្មាន​រូប រាង​ជា​មនុស្ស​ទេ ជា​របស់​ដែល​គ្មាន​រូបភាព ឬ អរូប​។ រីឯ​ទេវតា​ដែល​ខ្មែរ​យើង​បាន​ខ្ចី​ពី​ពាក្យ ក្លិង្គ​នេះ​មាន រូបរាង​ជា​មនុស្ស​ដូច​ជា​ព្រះ​សិវៈ ព្រះព្រហ្ម ព្រះ​នារាយណ៍ ហើយ​ទេវតា​ទាំងនោះ​គឺជា​និមិត្ដរូប​នៃ ឥទ្ធិពល​ធម្មជាតិ​ដែរ ។ ទេវតា​គឺ​គ្មាន​អ្វី​ក្រៅពី​ចិត្ដគំនិត​អារម្មណ៍ ការ​ស្រឡាញ់ ស្អប់ខ្ពើម អំពើ​ល្អ អំពើអាក្រក់ ដែល​មនុស្ស​សំដែង​មក​ខាងក្រៅ​តាម​រយៈ​សកម្មភាព​ណាមួយ​ប៉ុណ្ណោះ ។ ចំពោះ​ការ​ដែល ខ្មែរ​និយម​ធ្វើការ​បួងសួង​សុំ​ពរ​ជ័យ​ពី​ទេវតា​នោះ​គ្រាន់តែ​ជា​បញ្ហា​ចិត្ដសាស្ដ្រ របស់​មនុស្ស​ក្នុង​សង្គមនិយម តៗ​គ្នា ពី​បុរាណ ដើម្បី​លើកទឹកចិត្ដ​ឱ្យ​មានការ​តស៊ូ​ស្មារតី​រឹង​មាំ និង​ក្ដី​សង្ឃឹម​ក្នុង​ជីវិត​នៅ​ពេល​អនាគត​។​

អ្នក​មនោ​និយម​បញ្ចេញ​ទស្សនៈ​ថា ពិតជា​មាន​ទេវតា​មែន ហើយ​មនុស្ស​យើង​ទាំងអស់​រស់រាន​មានជីវិត ទៅ​បាន​អាស្រ័យ​លើ​ទេវតា​ជា​អ្នក​ប្រទាន​ឱ្យ ហើយ​គេ​ធ្វើការ​បណ្ដុះ​ទឹកចិត្ដ​ចំពោះ​កូនចៅ​ឱ្យ​ខិតខំ​សន្សំ កុសល​ឱ្យ​បាន​ច្រើន​ដើម្បី​ជាតិ​ក្រោយ​ទៅ​កើត​ឋាន​ទេវតា សោយ​សម្បត្ដិ​ទិព្វ លែង​មានទុក្ខ​ព្រួយ​។ តែ​អ្នក រូបធាតុនិយម​វិញ​បាន​អះអាង​ថា ទេវតា​មិន​មាន​ទេ​ក្នុង​លោក​នេះ ហើយ​ក៏​គ្មាន​ឋាន​លើ​ឋាន​ក្រោម​ដែរ គឺ​មាន​តែ​ឋានមនុស្ស​មួយ​ប៉ុណ្ណោះ ចំណែកឯ​ទេវតា​ក៏​គ្មាន​អ្វី​ក្រៅពី​ចិត្ដគំនិត​មនោសញ្ចេតនា​របស់​មនុស្ស គ្រប់​គ្នា​ដែរ ។ ទោះបីជា​មានការ​អះអាង​ខុស​គ្នា​យ៉ាងនេះ​ក្ដី ក៏​មនុស្ស​ភាគច្រើន​គេ​ជឿ​ថា មាន​ទេវតា​មែន ហើយ​ជា​អាទិទេព​ដែល​មានបុណ្យ​បារមី​អាច​ជួយ​ស្រោចស្រង់​ជីវិត​មនុស្ស ឱ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក​បាន​គ្រប់ ពេលវេលា​ទៀត​ផង ។

Labels: , ,

 
 

ព្រះសង្ឃ​តំណាង​ពុទ្ធបរិស័ទ​ខ្មែរ​នៅ​ប្រទេស​ញូ​វ​ហ្សេ​ឡែ​ន​ ពេញ​ព្រះ​ទ័យ​ចំពោះ​ការ​កសាង ពុទ្ធ​មណ្ឌល​កម្ពុជា

ភ្នំពេញៈ តំណាង​ពុទ្ធបរិស័ទ​ខ្មែរ​នៅ​ក្រុង​អុក​ខ្លែ​ន ប្រទេស​ញូ​វ​ហ្សេ​ឡែ​ន ព្រះ​តេជគុណ ហ៊ុយ ស៊ី​ណាត ដែល​គង់នៅ​វត្ដ​ខេមរៈ​រតនា​រាម នៅ​ក្រុង​អុក​ខ្លែ​ន ប្រទេស​ញូ​វ​ហ្សេ​ឡែ​ន និង​លោក​ជា​តំណាង​ពុទ្ធបរិស័ទ ខ្មែរ​នៅ​ក្រុង​អុក​ខ្លែ​ន ប្រទេស​ញូ​វ​ហ្សេ​ឡែ​ន​បាន​សំដែង​នូវ​ទឹក​ព្រះ​ទ័យ​យ៉ាង​ខ្លាំង ចំពោះ​ការ​កសាង​ឡើង នៅ​ពុទ្ធ​មណ្ឌល ដែល​ស្ថិត​ក្នុង​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ដកណ្ដាល ដែល​ដឹកនាំ​ការ​សាងសង់​ដោយ ព្រះសង្ឃ​នាម ន​ន្ទ សុ​ទេព និង​ព្រះសង្ឃ​នាម​ស្រី សុវណ្ណ ដែល​គង់នៅ​ប្រទេស​អូស្ដ្រាលី បន្ទាប់​ពី ព្រះ​អង្គ​បាន​អាន​អត្ថបទ​មួយ​របស់​កាសែត​កោះសន្ដិភាព ដែល​ធ្វើការ​បកស្រាយ​យ៉ាង​ល្អិតល្អន់ ដោយ​ព្រះ ភិក្ខុ​ឃួ​ន បូ​រ៉ា ដែល​ទទួលខុសត្រូវ​លើ​គំរោង​សាងសង់​នោះ​។

​ទាក់ទង​តាម​ទូរស័ព្ទ​ពី​ប្រទេស​ញូ​វ​ហ្សេ​ឡែ​ន កាលពី​ថ្ងៃ​អង្គារ ព្រះ​តេជគុណ ហ៊ុយ ស៊ី​ណាត ដែល​មាន ព្រះ​ជន្ម​៦០​ព្រះ​វស្សា​បាន​មាន​សង្ឃដីកា​រថា “​អាត្មា​ក៏​ដូច​ជា​ពុទ្ធបរិស័ទ​ខ្មែរ នៅ​ញូ​វ​ហ្សេ​ឡែ​ន​ទាំងអស់ សូម បញ្ជាក់​ថា មានការ​ពេញចិត្ដ ពេញ​ព្រះ​ទ័យ និង​ពេញចិត្ដ​ចំពោះ​សេចក្ដី​ពន្យល់​អស់​សេចក្ដី និង​ក្បោះ ក្បាយ​នោះ​ហើយ ហើយ​ក៏​អស់​មន្ទិល​ពី​ការ​សំរេចចិត្ដ​ជ្រើសរើស​ទីតាំង​សំរាប់​កសាង​នោះ​ដែរ​“​។​

ព្រះ​តេជគុណ​បាន​មាន​ដីកា​បន្ដ​ថា “​សេចក្ដី​ងឿងឆ្ងល់ និង​ព្រះ​ទ័យ​មិន​ជ្រះថ្លា​ទាំង​ប៉ុន្មាន​របស់​អាត្មា ក៏​ដូច​ជា ពុទ្ធបរិស័ទ​ខ្មែរ​នៅ​ទី​នេះ​ទាំងអស់ លែង​មាន​ទៀត​ហើយ ផ្ទុយ​ទៅ​វិញ​បែរជា​មាន​ព្រះ​ទ័យ និង​ទឹកចិត្ដ កាន់តែ​ជ្រះថ្លា ក្នុ​ង​ការ​បន្ដ​ជួយ​រៃ​អង្គាសប្រាក់ ដើម្បី​ជួយ​កសាង​ពុទ្ធ​មណ្ឌល​កម្ពុជា​នេះ តទៅ​ទៀត​”​។​

ព្រះ​អង្គ​ក៏​បាន​ថ្លែងអំណរគុណ ចំពោះ​កាសែត​កោះសន្ដិភាព និង​សហការី ដែល​បាន​ស្រាវជ្រាវ​ព័ត៌មាន​នេះ ក៏​ដូច​ជា​ការ​ខិតខំ​ធ្វើការ​ដើម្បី​ផល​ប្រ​យោ​ជ​ន៏​ជាតិ និង​ប្រជាជន​ពិតប្រាកដ​។

​ធ្វើ​ដំណើរ​ចម្ងាយ​ប្រមាណ​២៧​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១ ទៅ​ដល់​ខាង កើត​វិទ្យាល័យ​ដីឥដ្ឋ ចម្ងាយ​ប្រមាណ​មួយ​គីឡូម៉ែត្រ យើង​នឹង​ឃើញ​ផ្ទាំង​ប៉ាណូ​ធំ​មួយ​សរសេរ​ថា “​ពុទ្ធ​មណ្ឌល​កម្ពុជា​”​។ ពេល​ទៅ​ដល់ទី​នោះ​យើង​ត្រូវ​បត់​ស្ដាំ​ចុះ​ពី​ផ្លូវជាតិ​លេខ​១ ចូល​តាម​ផ្លូវលំ​ក្រាល ក្រួស​ក្រហម​មួយ​ខ្សែ​ទៅ​ខាងស្ដាំ​ដៃ​នៅ​ទិស​ខាងត្បូង ហើយ​ធ្វើ​ដំណើរ​ប្រមាណ​៤​គីឡូម៉ែត្រ នឹង​ដល់​ផ្លូវ បំបែក​មួយ​ដែល​មាន​ខ្លោងទ្វារ​ដាក់​ថា ផ្លូវ​ចូល “​ពុទ្ធ​មណ្ឌល​កម្ពុជា​”​។ យើង​បត់​ចូល​តាម​ផ្លូវលំ​ក្រាល ក្រួស​ក្រហម​មួយ​ខាងឆ្វេង​ដៃ ចម្ងាយ​ប្រហែល​ជាង​មួយ ឬ​ពីរ​គីឡូម៉ែត្រ​ទៀត​នោះ យើង​នឹង​បានឃើញ ផ្ទៃដី​ដ៏​ធំ​មួយ​មាន​ទំហំ​រហូត​ដល់​ទៅ​១០៧​ហិ​កតា ហើយ​មាន​សង់​ជា​វិហារ​ឬ​ប្រាសាទ ឬ​អគារ​ជា​ច្រើន កន្លែង​នោះ ហើយ​ជា​ពុទ្ធ​មណ្ឌល​កម្ពុជា ដែល​ក្លាយជា​កន្លែង​សក្ការៈ​ដ៏​ធំ​មួយ​សំរាប់​ពុទ្ធសាសនិកជន​។​

Labels: , ,

 
 

គ្រូ​ព្យាបាល​បុរាណ​ខាងកើត​ទន្លេមេគង្គ​កំពុង​ល្បីឈ្មោះ​ខាង​ត​ឆ្អឹង​បាក់​សំរាប់​អ្នក​រង​គ្រោះ

ខេត្ដព្រៃវែង ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ស្រុកស្រែ​ចំការ​មួយ​ចំនួន​ពេល​ជួបនឹង​ឧបទ្រពចង្រៃ ជំងឺ បៀតបៀន រកស៊ី​មិន​សមប្រកប និង​ជួប​គ្រោះថ្នាក់​តូច​-​ធំ​តែង​ធ្វើការ​បួងសួង​ចំពោះ​អាទិទេព អារក្ស អ្នកតា​ម្ចាស់​ទឹក​ម្ចាស់​ដី ទេវតា និង​ពឹងពាក់​គ្រូ​បុរាណ​ខ្មែរ​ឱ្យ​ជួយ​ពួក​គេ​បាន​សេចក្ដីសុខ​សប្បាយ​។ ចំណែក អ្នកស្រុក​ខ្លះ​ទៀត​ក៏​បាន​ទៅ​ពឹងពាក់​គ្រូ​បុរាណ​ខ្មែរ​ឱ្យ​ជួយ​ស្រោច​ទឹក ឬ​ផ្សំ​ថ្នាំបុរាណ ដើម្បី​ព្យាបាល​ជំងឺ ផ្សេងៗ បានជា​សះស្បើយ​ជា​បន្ដបន្ទាប់ ហើយ​ជាក់ស្ដែង​អ្នកស្រុក​ខេត្ដព្រៃវែង ពេល​មាន​គ្រោះថ្នាក់​បាក់ដៃ ជើង​ថ្លោះ និង​គ្រេច​ម្ដងៗ ពួក​គាត់​តែង​ទៅ​ពឹងពាក់ លោក​ហ៊ឹ​ម សាន ជា​គ្រូ​ព្យាបាល​ដ៏​ចំណាន​នៅ ភូមិ​ព្រែក​ខ្សាយ (​ខ​) ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ។​

ជា​រៀងរាល់ថ្ងៃ គេ​សង្កេត​ឃើញ​អ្នកស្រុក​ដែល​រស់នៅ​ខេត្ដព្រៃវែង​មួយ​ចំនួន ដែល​ជួបនឹង​គ្រោះថ្នាក់ បាក់ដៃ ជើង ថ្លោះ និង​គ្រេច តែង​នាំ​សាច់ញាតិ​មក​ព្យាបាល​ជា​ហូរហែ​នៅ​លើ​ផ្ទះ​លោក​ហ៊ឹ​ម សាន អាយុ​៥៥​ឆ្នាំ ជា​គ្រូ​ព្យាបាល​ផ្នែក​បុរាណ​ខ្មែរ​ស្ថិត​នៅ​ភូមិ​ព្រែក​ខ្សាយ (​ខ​) ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍​។ នៅ​លើ​ផ្ទះ​របស់​លោកគ្រូ​បុរាណ​ខ្មែរ​គេ​ឃើញ​មាន​ជន​រង​គ្រោះ​៣​នាក់​កំពុង​តែ​ដេក​សំរាក​ព្យាបាល​នោះ រួម មាន​១-​ឈ្មោះ​ឈឿ​ន ឆើត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ធ្លាក់​ពី​កាំជណ្ដើរ បាក់ឆ្អឹង​ដងកាំបិត រស់នៅ ភូមិ​ព្រៃ​ចំការ ឃុំ​ស្ពឺ (​ខ​) ស្រុក​បាភ្នំ ។ ២-​ឈ្មោះ​កាវ សុផល ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រអិល​ដួល​បាក់ដៃ ឆ្វេង រស់នៅ​ភូមិ​ស្ទឹង ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ និង​៣-​ឈ្មោះ​ហេង អាយុ​១៧​ឆ្នាំ ធ្លាក់​ពី​ចុងឈើ បាក់ដៃ​ស្ដាំ​រស់នៅ​ស្រុក​បាភ្នំ ។​

ជន​រង​គ្រោះ​ឈ្មោះ​ឈឿ​ន ឆើត បាន​រៀបរាប់​ថា គាត់​បាន​រអិល​ជើង​ធ្លាក់​ពីលើ​កាំជណ្ដើរ​កំពស់​៤​ម៉ែត្រ ហើយ​ពេល​ធ្លាក់​ជិត​ដល់​ដី ក៏​យកដៃ​ច្រត់​ទប់ខ្លួន ដើម្បី​ការពារ​កុំឱ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់ ក្បាល​។ ប៉ុន្ដែ​ពេល​នោះ​ក៏​បាន​បណ្ដាល​ឱ្យ​បាក់ឆ្អឹង​ដងកាំបិត ហើយ​គាត់​ក្រោក​ពុំ​រួច​ទេ សូ​ម្បី​តែ​ដៃ​ក៏​កំរើក ពុំ​រួច​ផង គឺ​បាន​ក្រុម​គ្រួសារ​នាំ​មក​ព្យាបាល​នៅផ្ទះ​លោក​ហ៊ឹ​ម សាន តែ​ក្នុង​រយៈពេល​៥​ថ្ងៃ​ប៉ុណ្ណោះ ជំងឺ របស់​គាត់​ដូច​ជា​បាន​ធូរស្បើយ​៥០​% ចំណែក​ដៃ​ក៏​កំរើក​ធ្វើ​ចលនា​ដូច​ធម្មតា ។ ចំណែក​លោក​ហ៊ឹ​ម សាន បាន​បញ្ជាក់​ថា អ្នកស្រុក​ជិត​ឆ្ងាយ​ពេល​មាន​អាសន្ន​ម្ដងៗ​ដូច​ជា​ថ្លោះ គ្រេច បាក់​ដៃជើង ដោយសារ​ធ្លាក់​ពី ដើមឈើ ផ្ទះសំបែង ដើរ​ដួល ឬ​គ្រោះថ្នាក់​ចរាចរ​តែង​នាំ​សាច់ញាតិ​មក​ព្យាបាល​ជា​ហូរហែ ហើយ លោក​ក៏​ទទួល​ព្យាបាល​រហូត​ទាល់តែ​ជា​សះស្បើយ ទើប​ឱ្យ​ត្រឡប់​ទៅ​ផ្ទះសំបែង​វិញ ។ ក្នុង​ការ​ព្យាបាល នោះ​គ្មាន​អ្វី​ក្រៅពី​ឫស​ឈើ ដើមឈើ និង​ស្លឹក​ឈើបុក​លាយ​បញ្ចូល​គ្នា​ជាមួយ​ស្រា​ឱ្យ​អ្នកជំងឺ​លាប​រឹត តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ គឺ​អាច​កំរើក​ធ្វើ​ចលនា​បាន​ទៀត​ផង ជា​ពិសេស​ឆ្អឹង​ដែល​បាក់​នោះ​អា​ចត​ភ្ជាប់ គ្នា​ជា​សះស្បើយ​ដូច​ដើម​វិញ ។​

ការ​ព្យាបាល​ជំងឺ​ផ្នែក​ថ្លោះ គ្រេច បាក់​ដៃជើង ត​ឆ្អឹង​របស់​គ្រូ​បុរាណ​ខ្មែរ មាន​លក្ខណៈ​សាមញ្ញ​ណាស់ ប៉ុន្ដែ​ជាទី​ទុកចិត្ដ និង​ប្រកប​ទៅ​ដោយ​ប្រសិទ្ធភាព​ទៀត​ផង​។ ការ​ព្យាបាល​តាម​បច្ចេកទេស​បុរាណ​នេះ ត្រូវ​បាន​អ្នកស្រុក​ដែល​រស់នៅ​តាម​តំបន់​ស្រុកស្រែ​ចំការ និយម​ចូល​ចិត្ដខ្លាំង​ណាស់ ព្រោះថា​ចំណាយ អស់​លុយកាក់​តិច ហើយ​អាច​ទុកចិត្ដ​បាន ។ ចំណែក​អ្នក​រស់នៅ​ទីប្រជុំជន និង​ទីក្រុង​គេ​និយម​ព្យាបាល ជំងឺ​តាម​បែប​វិទ្យាសាស្ដ្រ​ទំនើប​ខុស​ប្លែក​ពី​អ្នក​រស់នៅ​តាម​តំបន់​ជនបទ ព្រោះ​ពួក​គេ​ទទួល​ការ​អប់រំ​ខ្ពស់ មានទ្រព្យ​សម្បត្ដិ​គ្រប់គ្រាន់​ក្នុង​ការ​ព្យាបាល និង​មិន​ចង់​ចំណាយ​ពេលវេលា​ច្រើន​ឥតប្រយោជន៍ ។ ទោះបី ជា​យ៉ាងណា​ក្ដី អ្នក​រស់នៅ​ទីក្រុង ឬ​ទីប្រជុំ​មួយ​ចំនួន​ពេល​មាន​គ្រោះអាសន្ន ថ្លោះ គ្រេច បាក់ដៃ ជើង ម្ដងៗ បានរ​ត់ទៅ​ពឹងពាក់​គ្រូខ្មែរ​ឱ្យ​ជួយ​ព្យាបាល​ដែរ ។

Labels:

 
 

កូន​៥​សុទ្ធតែ​ប្រុស ពពោះ​កូន​ទី​៦​ជា​ស្រី​ ​កើត​មិន​គ្រប់​ខែ​ស្លាប់​យក​សព​ហាលថ្ងៃ​ទុក​មើល

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ និង​សមត្ថកិច្ច​សង្កាត់​ព្រែក​ប្រា ខណ្ឌមានជ័យ បាន​ធ្វើការ​ហាមឃាត់ និង​ណែនាំ ដល់​ស្ដ្រី​វៀតណាម​ម្នាក់​មិន​ឱ្យ​ហាល​សព​ទារិកា​ដែល​ជា​កូន​ដូច​គេ​ហាលងៀត​គោ ព្រោះ​វា​បង្ក​ឱ្យ​មានការ ប៉ះពាល់​ដល់​អារម្មណ៍​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ភ្ញាក់ផ្អើល​ដោយសារ​តែ​ទ​ង្វើ​គួរ​ឱ្យ​ចំលែក​នេះ ។ ហេតុការណ៍ ភ្ញាក់ផ្អើល​ពី​ការ​ហាល​សព​ទារិកា​ជា​កូន​នេះ បាន​កើតឡើង​នៅ​ភូមិ​អូរ​អណ្ដូង សង្កាត់​ព្រែក​ប្រា ខណ្ឌ មាន​ជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ឧសភា ។​

ស្ដ្រី​វៀតណាម​ដែល​បាន​ធ្វើ​ទ​ង្វើ​ដូច​ខាងលើ​នេះ​ឈ្មោះ​កែវ គ​ន្ធា អាយុ​៤៥​ឆ្នាំ មានមុខរ​បរជា​អ្នក​លក់ដូរ​។ ទាក់ទិន​នឹង​ហេតុការណ៍​ដូច​បាន​លើក​ឡើង​ខាងលើ បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ ដឹង​ថា ស្ដ្រី​វៀតណាម​ឈ្មោះ​ខ្មែរ​រូប​នេះ មានកូន​៥​នាក់​រួច​មក​ហើយ គឺ​សុទ្ធតែ​ប្រុស​ទាំងអស់ និង​ចង់ បានកូន​ស្រី​ជាទី​បំផុត​។ ប្រភព​ដដែល​បន្ដ​ថា លុះ​ពពោះ​កូន​ទី​៦​ជា​ស្រី ពិតជា​បាន​ចាត់​ទុក​ថា ទេវតា ប្រទាន​សម​តាម​បំណង​រួច​ទៅ​ហើយ តែ​បែរជា​ត្រូវ​ខកចិត្ដ ដោយសារ​តែ​កូនស្រី​ពពោះ​បាន​៧​ខែ​ក៏​កើត ហើយ​ស្លាប់​ទៅ​វិញ ទើប​ស្ដ្រី​ឈ្មោះ​កែវ គ​ន្ធា ជា​ជនជាតិ​វៀតណាម បាន​យក​កូនស្រី​ដែល​កើត​មិន​គ្រប់​ខែ ហើយ​ស្លាប់​នេះ​ទៅ​ហាលថ្ងៃ​ទុក​គ្រាន់​មើល​មុខ​កូន​ឱ្យ​បាន​យូរ ព្រោះ​រូប​គាត់​ស្រលាញ់​កូនស្រី​ខ្លាំង​ណាស់​។ លុះ​ពេល​មានកូន​ស្រី​មួយ​កើតមក​ស្លាប់​ចោល​ទៀត គឺ​មិន​ដាច់​ចិត្ដ​យក​ទៅ​ណា​ទេ ហើយ​បើ​មិន​ហាលថ្ងៃ ទុក គឺ​អាច​ស្អុយរលួយ ។​

ប្រភព​ឱ្យ​ដឹង​ទៀត​ថា ស្ដ្រី​ឈ្មោះ​កែវ គ​ន្ធា ថា គាត់​ហាលថ្ងៃ​កូន​នេះ​ឱ្យ​ក្រៀម​ដើម្បី​រក្សា​ទុក​នាំ​យក​ទៅ បញ្ចុះ​នៅ​ប្រទេស​កំណើត​របស់​ខ្លួន​។ ទោះបីជា​យ៉ាងណា ចំពោះ​ទ​ង្វើ​បែប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន ចុះ​ទៅ​ណែនាំ​ស្ដ្រី​ខាងលើ​មិន​ឱ្យធ្វើ​បែប​នេះ​ទេ ព្រោះ​វា​ជា​ប្រការ​ដែល​អាក្រក់​មើល​បំផុត សំរាប់​ជនជាតិ ខ្មែរ​។ អាជ្ញាធរ​បាន​តំរូវ​ឱ្យ​ស្ដ្រី​វៀតណាម​ខាងលើ​យក​កូន​ទៅ​រក​កន្លែង​បញ្ចុះ​ឱ្យ​បាន​ត្រឹមត្រូវ ដូច​ជា​នៅ តាម​វត្ដ​អារាម​ជាដើម ដោយ​មិន​អនុញ្ញាត​ឱ្យ​យកស​ពកូន​មក​ដាក់​ហាលថ្ងៃ​ដូច​ងៀត​គោ​នោះ​ឡើយ​។

Labels:

 
 

បារមី​អ្នកតា​ឡាក់​មឿង​ ក្នុង​ផ្នត់គំនិត​អ្នកស្រុក​ អតីត​មេទ័ព​ការពារ​ទឹកដី​

​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​នីមួយៗ​ តែង​មាន​ជំនឿ​ប្លែកៗ​គ្នា​ ខ្លះ​គោរព​សាសនា​ ខ្លះ​ទៀត​គោរព​ព្រលឹង​ បុព្វការី​ជន​ អារក្សអ្នកតា​ ព្រៃ​ភ្នំ​ក្រំ​ថ្ម​ ជ្រោះ​ជ្រលង​ដងអូរ​ ដើម្បី​សុំ​សេចក្ដីសុខ​សប្បាយ​ និង​រកស៊ី​ មានបាន​ក្នុង​គ្រួសារ​ ។​ ចំណែក​អ្នកស្រុក​ភ្នំស្រុក​ ខេត្ដបន្ទាយមានជ័យ​ ក្រៅពី​មាន​ជំនឿ​ចំពោះ​ព្រះពុទ្ធ​ សាសនា​ ពួក​គាត់​បាន​គោរព​ចំពោះ​បារមី​អ្នកតា​ឡាក់​មឿង​ ជា​អតីត​មេទ័ព​ដ៏​អង់អាច​ក្លាហាន​ដែល​បាន​ធ្វើ​ ពលិកម្ម​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ ។​ ទោះបីជា​ពេលវេលា​បាន​កន្លង​ផុត​ទៅ​អស់​រយៈពេល​យ៉ាង​យូរ​ក្ដី​ ក៏​អ្នកស្រុក​នៅ​តែ​គោរព​ប្រណិប័តន៍​ និង​រៀបចំ​ពិធី​ផ្សេងៗ​ជា​តង្វាយ​ចំពោះ​អ្នកតា​ឡាក់​មឿង​ ដើម្បី​ សុំ​សេចក្ដីសុខ​សប្បាយ​ រកស៊ី​មានបាន​ និង​បណ្ដេញ​ឧបទ្រពចង្រៃ​ក្នុង​ជីវិត​ ។​

​អ្នកស្រុក​ភ្នំស្រុក​ភាគច្រើន​រស់នៅ​ប្រកាន់ខ្ជាប់​នូវ​ទំនៀមទំលាប់​ប្រពៃណី​ពី​បុរាណ​ ប្រកប​របរ​ធ្វើស្រែ​ចំការ​ នេសាទ​ ចិញ្ចឹម​ដង្កូវនាង​ តម្បាញ​ហូល​ ផាមួង​ ដើម្បី​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ ។​ ដោយ​ចង់​ បាន​សេចក្ដីសុខ​សប្បាយ​ប្រចាំ​ក្រុម​គ្រួសារ​ និង​ ភូមិ​ស្រុក​ពួក​គាត់​បាន​នាំ​គ្នា​គោរព​បារមី​ អ្នកតា​ឡាក់​មឿង​ និង​បញ្ចុះ​អថ័ន​ ដែល​ជា​ទំនៀមទំលាប់​តំណ​ពី​ដូនតា​បន្សល់​ទុក​ឱ្យ​។​ ទាក់ទិន​នឹង​បញ្ហា​ខាងលើ​នេះ​ បើ​តាម​ ការ​អះអាង​របស់​អ្នកស្រុក​បញ្ជាក់​ថា​ ចំណេរ​កាល​ដ៏​យូរលង់​មានកូន​ភ្នំ​មួយ​ស្ថិត​នៅ​ចំងាយ​ ប្រមាណ​ ៥​គីឡូម៉ែត្រ​ ពី​ទីប្រជុំជន​ស្រុក​ភ្នំ​ ស្រុក​សព្វថ្ងៃ​បាន​ទទួល​រង​នូវ​បាតុភូត​គ្រោះ​ធម្មជាតិ​ បាក់​ស្រុត​ចុះ​ ទៅ​ក្រោម​ ក្លាយជា​បឹង​ធំ​មួយ​សំបូរ​ទៅ​ដោយ​មច្ឆជាតិ​ទៀត​ផង​។​ បាតុភូត​ធម្មជាតិ​នេះ​ធ្វើ​ឱ្យ​អ្នកស្រុក​ មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​យ៉ាង​ខ្លាំង​ ហើយ​នាំ​គ្នា​រើ​លំនៅ​ឋាន​មក​សង់ផ្ទះ​សំបែង​នៅ​ទីប្រជុំ​សព្វថ្ងៃ​ វិញ​ ដោយ​នាំ​គ្នា​ហៅ​ទីនោះ​ថា​ “​ភ្នំ​ស្រុត​”​ ។​ ក្រោយមក​អ្នកស្រុក​ក៏​បាន​ស្រុះស្រួល​គ្នា​ជីកដី​ពូន​ជា​ភ្នំ​ និង​ សង់​ប្រាសាទ​ថ្ម​ទុក​ជាទី​សក្ការបូជា​ និង​ធ្វើការ​បួងសួង​ចំពោះ​ម្ចាស់​ទឹក​ម្ចាស់​ដី​ឱ្យ​ជួយ​ថែរក្សា​ បាន​សេចក្ដី​ សុខ​សប្បាយ​ ហើយ​ទីនោះ​ក៏​មានឈ្មោះ​ភូមិ​-​ឃុំ​ ភ្នំ​ដី​រហូត​ដល់​សព្វថ្ងៃ​ ប៉ុន្ដែ​កេរដំណែល​ទាំងនេះ​បាន​ រង​នូវ​ការ​បំផ្លិចបំផ្លាញ​ពី​សំណាក់​ជន​ទុច្ចរិត​អស់ទាំង​ភ្នំ​ និង​ទាំង​ប្រាសាទ​នៅ​ក្នុង​សម័យ​សង្គ្រាម​ ។​

​ដោយសារ​តែ​អ្នកស្រុក​មាន​ជំនឿ​ចំពោះ​បុព្វបុរស​ខ្លួន​ដែល​ធ្លាប់តែ​ផ្ដល់​សេចក្ដីសុខ​សប្បាយ​ ភាព​ចំរុងចំរើន​ ពួក​គាត់​បាន​មូលមតិ​គ្នា​កសាង​អាសនៈ​ដ៏​ធំ​មួយ​ស្ថិត​នៅ​ត្រង់​គ្រឹះ​ចាស់​ រួច​បញ្ចុះ​អថ័ន​ការពារ​តាម​ទំលាប់​ ពី​បុរាណ​ ដែល​ឧបត្ថម្ភ​ថវិកា​ពី​លោក​ ដាំ​ ឆត្រ​រី​យ៍​ ទីប្រឹក្សា​សម្ដេច​ជា​ស៊ី​ម​ ។​ ការ​កសាង​ប្រាសាទ​ ថ្មី​នេះ​ជា​និមិត្ដរូប​ឱ្យ​ស្រុក​ភ្នំស្រុក​រំលឹក​ដល់​អនុស្សាវរីយ៍​នៃ​ការ​កើត​ស្រុក​ទេស​ដំបូង​ និង​ដឹងគុណ​ចំពោះ​ អ្នកតា​ឡាក់​មឿង​ជា​មេទ័ព​ដ៏​ក្លាហាន​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​ ។​

​ប្រភព​ដដែល​បន្ដ​ថា​ អ្នកតា​ឡាក់​មឿង​ ពី​ដើម​ឡើយ​ជា​មេទ័ព​ដ៏​អង់អាច​ក្លាហាន​មានឈ្មោះ​ល្បីល្បាញ​ ក្នុង​ការ​ការពារ​ទឹកដី​ប្រឆាំង​នឹង​ពួក​សៀម​ គឺ​លោក​ជា​មេទ័ព​ការពារ​ព្រំដែន​ ។​ លុះ​ពេល​លោក​ស្លាប់​ទៅ​ អ្នកស្រុក​ដែល​ធ្លាប់​មាន​ជំនឿ​បាន​កសាង​អាសនៈ​ធ្វើ​ពិធី​ឧបកិច្ច​បួងសួង​ ចំពោះ​មេទ័ព​ឡាក់​មឿង​ ឱ្យ​ជួយ​ ថែរក្សា​ ហើយ​គេ​នាំ​គ្នា​ហៅ​ថា​ “​អ្នកតា​ឡាក់​មឿង​រហូត​មក​”​ ។​ អ្នកស្រុក​ដែល​មាន​ជំងឺ​បៀតបៀន​,​ ឧបទ្រពចង្រៃ​ ព្រោះ​ធម្មជាតិ​គំរាមកំហែង​គេ​តែង​នាំ​គ្នា​ទៅ​បន់ស្រន់​ចំពោះ​អ្នកតា​ឡាក់​មឿង​ ហើយ​បាន​ សមប្រកប​ដូច​បំណង​ជា​ញឹកញាប់​។​ ចំណែក​ចៅហ្វាយស្រុក​ដែល​ទៅ​កាន់​តំណែង​ថ្មី​ត្រូវ​តែ​ទៅ​ធ្វើ​ពិធី​ ចំពោះ​អ្នក​ឡាក់​មឿង​ បើ​ពុំនោះ​ទេ​នឹង​ធ្លោះ​ធ្លោយ​បុណ្យ​ជា​ពុំខាន​ឡើយ​។​ អ្នកតា​ឡាក់​មឿង​មាន​ គុណ​បំណាច់​មិន​ចាញ់​អ្នកតា​ឃ្លាំងមឿង​ប៉ុន្មាន​ទេ​ គ្រាន់តែ​ម្នាក់​មាន​តួនាទី​ការពារ​ព្រំដែន​ និង​ម្នាក់​ទៀត​ ការពារ​នគរ​ហើយ​ពាក្យ​ឡាក់​មាន​ន័យ​ថា​ “​បង្គោល​ឬ​ព្រំដែន​”,​ ចំណែក​ពាក្យ​មឿង​មាន​ន័យ​ថា​ “​ស្រុក​,​ នគរ​,​ ប្រទេស​”​។​ បារមី​អ្នកតា​ទាំង​ពីរ​នៅ​តែ​ស្ថិត​ក្នុង​អារម្មណ៍​មនុស្ស​ ក្នុង​តំបន់​ជាប់​ជា​និច្ច​ ប៉ុន្ដែ​អ្នកតា​ឃ្លាំ​មឿង​ មាន​មនុស្ស​ស្គាល់​ និង​មានឈ្មោះ​ល្បី​ខ្លាំង​ជាង​ ។​

​អ្នកតា​ឡាក់​មឿង​ កាលពី​សម័យ​មុន​មាន​បារមី​ខ្លាំង​ណាស់​ គឺ​មិន​មាន​អ្នក​ណា​ហ៊ាន​ទៅ​បៀតបៀន​ឡើយ​ បើ​ពុំនោះ​ទេ​ នឹង​ត្រូវ​ឈឺ​ចុកពោះ​រហូត​ដល់​ស្លាប់​ ។​ នៅ​ពេល​មានទុក្ខ​ព្រួយ​ ឧបទ្រពចង្រៃ​ ជម្ងឺ​បៀតបៀន​ ឬ​គ្រោះ​ជាតិ​គំរាមកំហែង​អ្នកស្រុក​តែង​រៀបចំ​ តង្វាយ​ធ្វើការ​បួងសួង​ចំពោះ​អ្នក​ឡាក់​មឿង​ ឱ្យ​ជួយ​ ហើយ​ បាន​សំរេច​បំណង​ទៀត​ផង​។​ ដោយសារ​តែ​អ្នកតា​ឡាក់​មឿង​ធ្លាប់​ជួយ​អ្នកស្រុក​បែប​នេះ​ហើយ​ ទើប​ពួក​ គាត់​នាំ​គ្នា​គោរព​ប្រណិប័តន៍​តាំង​ដើម​រហូត​មក​ដល់​សព្វថ្ងៃ​ ។​

Labels: , , ,

 
 

Featured news

A Casino Night (also called Vegas Nights, Las Vegas Night, Monte Carlo Night) is an entertainment event with a casino theme. Casino Nights can be tied to a fundraiser to raise money for a specific cause (such as cancer research, community services, youth organizations, etc.) by having each participant purchase a ticket for the event. Each participant receives a specific amount of fun money that can be used to purchase gaming chips at the gambling tables. When the participants have lost their chips they may purchase additional fun money, increasing the amount of funds raised for the charity. The participants engage in various casino games (such as blackjack, roulette, baccarat, craps, poker, wheel of fortune, etc.) in the attempt to accumulate the largest amount of gaming chips. At the end of the evening the participant who managed to win the most chips may receive a prize, which is often awarded by a representative of the charity. When a casino night party is just for entertainment it usually works in the same way as a fundraiser casino night except that guests are given the fun money free of charge. Casino Nights function strictly as entertainment events with no real monetary gambling involved.