ស្ដ្រីពិសពុលឆបោកផ្អើលទីរួមខេត្ដស្វាយរៀង
ខេត្ដស្វាយរៀង ៖ ល្បិចបោកធ្វើបុណ្យជាខែលមានទាំងការដាក់ទានដល់អ្នកក្រីក្រផង លុះដល់ពិធីបុណ្យ ចប់ក៏ប្រមូលបច្ច័យយកទៅអស់ដោយទុកឱ្យអ្នកចូលរួមផ្ដើមបុណ្យត្រូវសងគេជំនួស រហូតអ្នកចាញ់ បោកខ្លះខ្មាសគេមិនហ៊ាននិយាយថែមទៀត។ នេះគ្មានអ្វីក្រៅពីចង់បានលើសពីទ្រព្យរបស់ខ្លួននោះឡើយ ទើបមានការចាញ់បោកបែបនេះ។
ករណីឆបោកនេះបានកើតឡើងនៅភូមិវាលយន្ដ ឃុំស្វាយរៀង ស្រុកស្វាយរៀង តាមរយៈនៃការប្រារឰពិធី បុណ្យ៣យប់៣ថ្ងៃ កាលពីថ្ងៃទី២៥-២៦-២៧ ខែឧសភា ២០០៧កន្លងទៅ ។ ទាក់ទិននឹងការ ឆបោកខាងលើ លោកនាង រស់ អាយុ៣៦ឆ្នាំ នៅភូមិចុងព្រែក ឃុំស្វាយរៀង បានឱ្យដឹងបន្ថែមថា ភរិយារបស់គាត់ដែលជាអ្នករងគ្រោះ ដោយអំពើឆបោកនេះឈ្មោះសូ ស៊ីថា អាយុ៣៧ឆ្នាំ ជាអ្នករកស៊ី រាប់លុយនៅស្រុកស្វាយរៀង ត្រូវបានឈ្មោះណុប សារឿន ហៅវ៉ា សារឿន ខ្ចីលុយនិងរាប់លុយ សរុប៤១ម៉ឺនរៀល លុះពេលទៅទារលុយបានជួបឈ្មោះ ងិន សុភាព “មេបោក” ក៏ត្រូវស្ដ្រីរូបនេះ ធ្វើការ សាកសួរហើយឆ្លើយថា សារឿននេះជំពាក់ប៉ុន្មាន? ពេលនោះភរិយាគាត់សំអាងទៅលើការបូកបញ្ជី មើលសិន ព្រោះមិនច្បាស់ពីចំនួនលុយ ហើយស្ដ្រីឆបោកឈ្មោះ សុភាព ធានាសងជំនួសនិងឱ្យទៅយក នៅឯផ្ទះព្រមទាំងសំអាងថាស្ដ្រីឈ្មោះសារឿន នោះត្រូវជាម្ដាយ។ លុះដល់ថ្ងៃទី១៥ ឧសភា ក៏បានសង ៣សែនរៀល ហើយនៅថ្ងៃទី១៦ ឧសភា សងបាន១សែនរៀលទៀត ពេលនោះស្ដ្រីចំណាស់វ៉ា សារឿន បាននិយាយថា កូនគាត់នេះគេចេះទាយឆុតណាស់ ដូចមើលឃើញ ហើយចេះជប់ពេជ្រទៀតផង និងខ្ជាក់ ចេញមកសុទ្ធតែដុល្លារ ។ ពេលនោះស្ដ្រីឆបោកនិយាយថា ថ្ងៃនេះមិនមើលទេ តែបានប្រើល្បិចឱ្យកន្ទុយ លេខ រួចក៏ឱ្យចាក់កន្ទុយលេខនឹងគេ លុះល្ងាចឡើងក៏ស្រាប់តែហៅឱ្យទៅបើកលុយកន្ទុយលេខ បាន១២ ម៉ឺនរៀល ។ ពេលហុចលុយហើយនិយាយថា ចាំស្អែក គេនឹងឱ្យត្រូវកន្ទុយលេខ១ម៉ឺនដើម ហើយ ចាំជប់ពេជ្រ ជប់មាសឱ្យទៀត តែរឿងនេះជារឿងសំងាត់ មិនត្រូវនិយាយប្រាប់នរណាទេ ទើបធ្វើឱ្យ ។
លោកនាង រស់ បន្ដថា ស្ដ្រីបោកបានប្រើល្បិចថា ខ្លួនចង់ធ្វើបុណ្យដាក់ទានដល់អ្នកក្រីក្រ តែបើកលុយ ពីធនាគារមិនទាន់បាន មិនដឹងជាទៅបណ្ដាក់អង្ករអ្នកណាបាន៤-៥តោន ចាំបុណ្យរួចសឹមសងគេ គឺពេល នោះហើយដែលភរិយាលោកជាស្ដ្រីរងគ្រោះ ធានាថាជំពាក់គេបាន ឱ្យតែបុណ្យរួចសងគេវិញ ។
លោកនាង រស់ បន្ដថា ស្ដ្រីឆបោកបានហាមទៀតថា រឿងឱ្យលេខឆ្នោត និងជប់ពេជ្រ កុំនិយាយប្រាប់គេ រួចស្ដ្រីនោះបានហុចទឹកថ្នាំ១កូនកែវឱ្យផឹក ដោយប្រាប់ថា ជាទឹកសម្បថ។ បន្ទាប់ពីស្ដ្រីចាញ់បោកផឹកទឹក នោះរួចមកស្រាប់តែភ្លេចភ្លាំងលែងដឹងអ្វីទាំងអស់ ហើយចេះតែដើរតាមស្ដ្រីឆបោកនោះទៅ ។ ចំពោះការ ធ្វើបុណ្យនោះអ្នកផ្ដើមបុណ្យរួមមាន ១- ឈ្មោះទេព ឈួន និងវ៉ា សារឿន, ២-ឈ្មោះ ងិន សុភាព និងស្វាមី, ៣-ឈ្មោះប៉ា សារ៉ាត់ និងភរិយា និង៤-កញ្ញា មុំ សុវីណា ។
អ្នកចាញ់បោកគឺអ្នកស្រីសូ ស៊ីថា ដោយបានទៅបណ្ដាក់អង្ករគេចំនួន៦៩បាវ គិតជាប្រាក់ចំនួន ៣.១៥៨.០០០រៀល និងប្រាក់ដុល្លារ ៧.៤០០ដុល្លារផ្សេងទៀត។ អ្នកស្រី ណុប ណាគ្រី អាយុ៤៨ឆ្នាំ នៅភូមិវាលយន្ដចាញ់បោកអស់ប្រាក់ចំនួន៣.០០០ដុល្លារ ដោយការបញ្ចាំប្លង់ដី២, ម៉ូតូ១គ្រឿង ព្រមទាំង ខ្សែ.ក និងខ្សែដៃ ។ ក្រៅពីនេះស្ដ្រីឆបោកបានឱ្យទៅធានាជួលរោង តុ កៅអី និងម្ហូបសំរាប់ធ្វើបុណ្យ សរុបតំលៃ១.២០០ ដុល្លារថែមទៀត ។
ម្ចាស់សំអាងការស្រីពៅ ប្រាប់ឱ្យដឹងថា នៅថ្ងៃបុណ្យ ស្ដ្រីចំណាស់ឈ្មោះវ៉ា សារឿន បានចេញមុខ និយាយជួលរោង និងតុ កៅអី ហើយពេលនោះស្រាប់តែឈ្មោះណុប ណាគ្រី ត្រូវជាប្អូនស្រីបានទូរស័ព្ទ មកធានា និងប្រាប់ពីមុខរបរថាជាអ្នកលក់សាច់ជ្រូក ជាអ្នកចេញថ្លៃជួលទាំងអស់។ ដោយមិនដឹងថា អ្នកដើមបុណ្យត្រូវការអ្វីខ្លះនោះគាត់ (ស្រីពៅ) បានទៅផ្ទះឈ្មោះវ៉ា សារឿន ហើយជួបឈ្មោះ ងិន សុភាព មេឆបោកនោះដោយគេនិយាយថា ជួលរោង តុ កៅអី សំរាប់ភ្ញៀវ៤០០នាក់ កុំម៉ង់ការី៥ខ្ទះ សំរាប់ នំប៉័ងការីនំបញ្ចុក៥ខ្ទះ បបរ២ខ្ទះ បាយរាប់បាត្រព្រះសង្ឃ៣០អង្គ និងម្ហូប៣មុខដាក់៣០ស្រាក់ សរុប អស់ថ្លៃ១.២០០ដុល្លារ។ ក្រៅពីនេះថតរូប១៣០.០០០រៀល និងថតវីដេអូ៨០ដុល្លារ។ ម្ចាស់សំអាងការ ដែលជាអ្នកជួលរោង និងរៀបចំម្ហូបអាហារទាំងអស់តាមការកុំម៉ង់នោះបន្ដថា ឥឡូវនេះពុំមានអ្នកណា ចេញសងទេ ព្រោះយាយម្ចាស់ផ្ទះឈ្មោះវ៉ា សារឿន ឆ្លើយថា មិនដឹង ឯអ្នកស្រីណាគ្រី ដែលចេញមុខធានា ក៏ឆ្លើយថា មិនដឹងធានាតាមគេដែរ ។
ស្រីរងគ្រោះឈ្មោះសូ ស៊ីថា ដែលអះអាងថា ត្រូវថ្នាំស្ដ្រីឆបោកសួរទៅក៏មិនដឹងអ្វី និយាយកាន់ជើង តែក្រុមជនល្មើស ចំណែកប្ដីស្ដ្រីរងគ្រោះរូបនេះខ្វល់ខ្វាយពីសុខភាពប្រពន្ធ ក៏យកមកឱ្យគ្រូពេទ្យធ្វើការ បន្សាបថ្នាំជាមួយស្ដ្រីឈ្មោះណុប ណាគ្រី ។
តាមប្រភពព័ត៌មាននៅថ្ងៃទី៣ មិថុនា បានឱ្យដឹងថា ក្រោយពេលដឹងខ្លួនវិញស្ដ្រី ឈ្មោះសូ ស៊ីថា បានរៀបរាប់ប្រាប់ថា គេបានសន្យាឱ្យត្រូវលេខឆ្នោត៣លេខ១ម៉ឺនដើម ព្រមទាំងជបមាស ជបពេជ្រ ឱ្យធ្វើជាអ្នកមាន និងទិញរថយន្ដអាឆ្លាមឱ្យម្នាក់១គ្រឿង។ លុះមកដល់ថ្ងៃទី៣០ ឧសភា ២០០៧ វេលាម៉ោង៨ព្រឹក ស្ដ្រីមេឆបោកបានជបត្បូងពេជ្រឱ្យចំនួន៥គ្រាប់ ហើយបានហាមមិនឱ្យប្រាប់គេទេ សូម្បី តែប្ដីក៏មិនឱ្យប្រាប់ដែរ ។ ពេលគេឱ្យផឹកទឹកសម្បថក៏ចេះតែផឹកទៅរហូតដល់វង្វេងស្មារតី ។ ឥឡូវនេះ ក្រុមជនរងគ្រោះនិងអ្នកស្រុកដែលទៅលេងនៅក្រុងព្រះសីហនុនោះ បានត្រឡប់មកផ្ទះវិញហើយ ឯក្រុម ជនល្មើសបានគេចខ្លួនអស់ដោយសុវត្ថិភាព ។
បងស្រីរបស់នារីរងគ្រោះឈ្មោះសូ ស៊ីថា បានក្លាយជាអ្នកចេញសងថ្លៃអង្ករ រីឯអីវ៉ាន់ បុណ្យផ្សេងទៀត គ្មានអ្នកណាចេញមុខសងទេ។ ចំណែកម្ចាស់សំអាងការស្រីពៅនិយាយថា គាត់នឹងប្ដឹងឈ្មោះណុប ណាគ្រី និងយាយ ឈ្មោះវ៉ា សារឿន ដែលជាអ្នកមកធានា។ អ្នកផ្ដើមបុណ្យ២នាក់ទៀត ក៏ត្រូវចាញ់បោកមិន តិចដែរ តែមិនហាស្ដីដោយសារខ្មាសគេ។ បន្ទាប់ពីដឹងថាចាញ់បោកគ្រប់ៗគ្នាមក ការខ្ជាក់គ្រាប់ពេជ្រនោះ ត្រូវបានពិនិត្យទៅ គឺជាគ្រាប់ត្បូងគ្រីស្ដាល់តំលៃប្រមាណ៥.០០០រៀលប៉ុណ្ណោះ ។ ស្ដ្រីចំណាស់ដែលត្រូវ ស្ដ្រីឆបោកយកធ្វើជាម្ដាយធម៌ និងជាឈ្នាន់ និយាយថា បានជាគាត់ធានាថាស្ដ្រីនោះពូកែ ដោយសារគាត់ ឃើញផ្ទាល់ភ្នែកពេក ក៏ជឿគេស្លុងទៅ។ តាមប្រភពព័ត៌មានពីក្រុងព្រះសីហនុថា អ្នកទាក់ទិននឹងក្រុម ឆបោក ដែលត្រូវបានឃាត់ខ្លួននោះ ប៉ូលិសបានដោះលែងទៅហើយ ព្រោះតាមចំលើយយកជាការមិនបាន។ ការឆបោកផ្អើលទីរួមខេត្ដស្វាយរៀងនេះ សមត្ថកិច្ចកំពុងចាត់វិធានការស្រាវជ្រាវហើយ ដើម្បីចាប់ខ្លួន ស្ដ្រីពិសពុលរូបនោះ ។
Labels: ជំនឿ, សណ្ដាប់ធ្នាប់, សន្តិសុខ
for this post
Leave a Reply