រឿងផ្អើលតំបន់ស្ទឹងស្លាគូ ក្រុមបងធំប្ដឹងអ្នករងគ្រោះ
រាជធានីភ្នំពេញ ៖ កោះសន្ដិភាពបានទទួលលិខិតរៀបរាប់មួយច្បាប់ពីលោកទឹម ហៀង ចុះថ្ងៃទី៣០ ខែឧសភា ដែលជាឪពុកយុវជនម្នាក់ទទួលរងគ្រោះដោយក្រុមជនពាលនៅតំបន់ស្ទឹងស្លាគូ នរណាក៏ដឹង ដែរ។ អ្វីដែលគាត់តូចចិត្ដនោះគឺជនដៃដល់បង្កការរងគ្រោះធ្ងន់ធ្ងរនោះ ក៏ត្រូវបានចាប់ឱ្យប៉ូលិសដែរ កាលពីខែតុលា ឆ្នាំ២០០៦ ប៉ុន្ដែមកដល់ពេលនេះជនដៃដល់ដែលល្បីខាងកាប់ចាក់នោះ ត្រូវបានដោះលែង ឱ្យមានសេរីភាពវិញហើយ មិនតែប៉ុណ្ណោះដោយសារតុលាការខេត្ដកំពង់ស្ពឺ កាត់ក្ដីកំបាំងមុខឱ្យពិរុទ្ធជន ទាំង២នេះជាប់គុកចំនួន៣ឆ្នាំម្នាក់នោះ ទើបខាងភាគីពិរុទ្ធជនប្ដឹងសាទុក្ខទៅសាលាឧទ្ធរណ៍បន្ដទៀត ។ ខាងក្រោមនេះគឺជាលិខិតរបស់លោកទឹម ហៀង ដែលជាឪពុកជនរងគ្រោះបានរៀបរាប់ និងជាគោល បំណងផ្ដល់ព័ត៌មាននេះដល់ប្រមុខរាជរដ្ឋាភិបាលផងដែរ ដែលធ្លាប់បានផ្ដល់អនុសាសន៍រួចហើយឱ្យ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវតែបង្ក្រាបក្រុមបងតូចបងធំ ឬក្រុមជនពាលនេះ ឱ្យអស់ពីដែនដីគ្រប់គ្រង របស់ខ្លួន ។ កោះសន្ដិភាពមិនធ្វើអត្ថាធិប្បាយអ្វីបន្ថែមឡើយ ដោយសូមចំលងខ្លឹមសារលិខិតនេះ ទាំងស្រុងដូចខាងក្រោម ។
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
ខ្ញុំបាទជាឪពុកម្ដាយជនរងគ្រោះដែលមានទីលំនៅភូមិត្រញំងឈូក ឃុំពោធិអង្គ្រង ស្រុកបរសេដ្ឋ ខេត្ដកំពង់ស្ពឺ ព្រមទាំងប្រជាពលរដ្ឋស្លូតត្រង់ទាំងអស់ដែលមានទីលំនៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្ដតាកែវ ឃុំអង្គពពេល ស្រុកត្រាំកក់ ខេត្ដតាកែវ ភូមិត្រញំងឈូក ភូមិសង្គមមានជ័យ ស្រុកបរសេដ្ឋ ខេត្ដកំពង់ស្ពឺ សរុបមានប្រជាពលរដ្ឋចំនួន២៥៩នាក់ មេភូមិដកព មេភូមិ មេឃុំពោធិអង្គ្រង ស្រុកបរសេដ្ឋ ខេត្ដកំពង់ស្ពឺ ព្រះសង្ឃ គណៈកម្មការការវត្ដមង្គលសិលា(ហៅអង្គគោល)បានផ្ដិតមេដៃ និងចុះហត្ថលេខា សូមសំណូមពរដល់ក្រសួងមានសមត្ថកិច្ចចាត់វិធានការឱ្យបានតឹងរ៉ឹង ចំពោះមេខ្លោង បងធំ២នាក់ដែលមានឈ្មោះ១-ទន់ ធារី (ហៅអាកោ) អាយុ២១ឆ្នាំ, ២-ឈ្មោះខឹម ខឿន (ហៅអាហ៊ឹម) អាយុ១៩ឆ្នាំ ជនទាំងពីរនាក់នេះមានទីលំនៅក្នុងភូមិដកព ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្ដ តាកែវ។ ចំពោះសកម្មភាពបងធំទាំង២នេះ យើងខ្ញុំទាំងអស់គ្នាដឹងច្បាស់ណាស់ គឺតែងតែបង្កភាព អសន្ដិសុខជាញឹកញាប់នៅតាមទីសាធារណៈ វត្ដអារាម និងពិធីបុណ្យផ្សេងៗរបស់ប្រជាពលរដ្ឋ ធ្វើឱ្យប្រជា ពលរដ្ឋមានការភ័យខ្លាចគ្រប់ពេលវេលា ហើយគ្មានសមត្ថកិច្ចណាបង្ក្រាបវាបានឡើយ ចាប់លែងចាប់លែង ព្រោះវាអាងមានលុយ ធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាមានការអាក់អន់ចិត្ដដល់អាជ្ញាធរមូលដ្ឋាន ដែលមិនអាច បង្ក្រាបពួកនេះបាន។ យើងខ្ញុំទាំងអស់គ្នា ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសដែរ តែងតែយកចិត្ដទុកដាក់ ស្ដាប់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃរាជរដ្ឋាភិបាលដែលសម្ដេចបានដាក់ បញ្ជាឱ្យបង្ក្រាបពួកបងធំនេះ រហូតធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេសមានការកក់ក្ដៅជាខ្លាំង ។
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៦ វេលា ម៉ោងប្រហែល១រសៀល ក្រុមបងធំទាំងនេះ បានផឹកស៊ីបង្ក ជម្លោះវាយតប់គ្នា ហើយជនរងគ្រោះឈ្មោះងួន ធី ភេទប្រុស អាយុ២៥ ឆ្នាំ បានឃើញការវាយតប់គ្នានេះ ក៏បានសួរនាំអំពីមូលហេតុនៃការឈ្លោះគ្នា ស្រាប់តែឈ្មោះទន់ ធារី ហៅអាកោ បានលើកបង្គោលរបង បេតុងទំហំមុខ១តឹកប្រវែង២,៨០ម៉ែត្រលើកអុកចំក្បាលជនរងគ្រោះពីក្រោយ បណ្ដាលឱ្យបែកក្បាលសន្លប់ នៅនឹងកន្លែង ហើយត្រូវឈ្មោះខឹម ខឿន យកត្បូងចបវាយបន្ថែមទៀត បំរុងវាយឱ្យស្លាប់ តែសំណាងល្អ ដោយបក្សពួកវាកៀសចេញទាន់។ ក្រោយពីវាយជនរងគ្រោះឱ្យសន្លប់ហើយ ពួកនេះហាក់គ្មានខ្លាច នរណាទាំងអស់ ព្រោះពួកវាតែងតែប្រព្រឹត្ដរបៀបនេះច្រើនលើកច្រើនសាណាស់មកហើយ ។ ដោយ ឃើញជនរងគ្រោះមានសភាពធ្ងន់ធ្ងរ ក្រុមគ្រួសាររួមជាមួយអ្នកស្រុកបានប្រមូលកំលាំងគ្នា ដើម្បីចាប់ ពួកបងធំនេះ ហើយពួកវាដឹងខ្លួនក៏បានឡើងជិះរថយន្ដបំរុងគេចខ្លួនទៅភ្នំពេញ តែត្រូវបងប្អូនជនរងគ្រោះ សហការជាមួយសមត្ថកិច្ចមូលដ្ឋានដេញចាប់ក្រុមនេះ ចុះពីលើរថយន្ដរត់កាត់វាលស្រែ ហើយត្រូវចាប់ខ្លួន បានប្រគល់ជូនសមត្ថកិច្ចប៉ូលិសដើម្បីចាត់វិធានការតាមផ្លូវច្បាប់នៅតុលាការខេត្ដកំពង់ស្ពឺ ។ ក្រោយមក តុលាការបានកោះអញ្ជើញសាក្សី ដែលបានឃើញសកម្មភាពផ្ទាល់មកបំភ្លឺចំពោះមុខតុលាការ ដោយមានការ ស្បថស្បែត្រឹមត្រូវ តាមនីតិវិធីរបស់តុលាការ ។ សាក្សីភាគច្រើនជាមនុស្សចាស់ លោកអាចារ្យក៏មាន ព្រោះពួកគាត់បានឃើញសកម្មភាពវាយជនរងគ្រោះផ្ទាល់ភ្នែក តែក្រោយមកពួកគាត់មិនយល់ ពីព្រោះ ពួកគាត់ខំមកបំភ្លឺជូនតុលាការបែរជាលោកក្រឡាបញ្ជីនិយាយថា សាក្សីមិនអាចយកជាការបានទៅវិញ។ លុះក្រោយមកនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្ន្មាំ២០០៦ ស្រាប់តែឃើញបងធំទាំងពីរនាក់នេះត្រូវបានលោក តុលាការដោះលែងមកផ្ទះវិញធ្វើព្រងើយ ហើយថែមទាំងបោះពាក្យសំដីថា “ចាំមើលពួកអាផ្ដិតមេដៃ វាខ្លាំងដល់ណា” ដែលពាក្យសំដីនេះធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងអស់ជំនឿទាំងស្រុងលើស្ថាប័ន តុលាការ ហេតុអ្វីលោកតុលាការដោះលែងស្រួលយ៉ាងនេះ ដោយជនរងគ្រោះក៏ដូចជាអាជ្ញាធរមូលដ្ឋានមិន បានដឹងអ្វីទាំងអស់។ ដោយអស់ជំនឿលើស្ថាប័នតុលាការ ខ្ញុំបាទនាងខ្ញុំជាឪពុកម្ដាយជនរងគ្រោះបានដាក់ ពាក្យបណ្ដឹងទៅតំណាងរាស្ដ្រខេត្ដកំពង់ស្ពឺ ជាពិសេសក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលចុះពង្រឹង មូលដ្ឋាននៅភូមិ-ឃុំរបស់ខ្ញុំបាទនាងខ្ញុំ ព្រោះតែក្រុមការងារគណបក្សប្រជាជនស្គាល់សុខទុក្ខរបស់ប្រជា ជន ហើយប្រជាពលរដ្ឋមានជំនឿជឿជាក់ និងគាំទ្រជានិច្ចនូវរាល់គោលនយោបាយ ដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ។ ជាពិសេសការដឹកនាំគ្មានពីររបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃរាជរដ្ឋាភិបាល កម្ពុជាដែលសម្ដេចតែងតែយកចិត្ដទុកដាក់ គ្រប់ពេលវេលាចំពោះសុខទុក្ខរបស់ប្រជាជន ទើបនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០០៧ តុលាការខេត្ដកំពង់ស្ពឺបានចេញដីកាកោះហៅភាគីទាំងពីរចូលដោះស្រាយ នៅតុលាការ តែភាគីជនល្មើសមិនបានមកបង្ហាញខ្លួន ចំពោះមុខតុលាការទេ ហេតុនេះហើយតុលាការ ខេត្ដកំពង់ស្ពឺសំរេចផ្ដន្ទាទោសដាក់ពន្ធនាគារបងធំទាំងពីរខាងលើនេះចំនួន៣ឆ្នាំ និងឱ្យបង់ប្រាក់ចំនួន ៥.០០០.០០០រៀល (ប្រាំលានរៀល) ឱ្យទៅជនរងគ្រោះ ដោយតុលាការផ្អែកទៅលើភស្ដុតាងនិងសាក្សី គ្រប់គ្រាន់ក្នុងការផ្ដន្ទាទោសនេះ ។
ខ្ញុំបាទជាជនរងគ្រោះក៏ដូចជាប្រជាពលរដ្ឋដែលបានផ្ដិតមេដៃរួមជាមួយមេភូមិ មេឃុំ ព្រះសង្ឃ គណៈ កម្មការវត្ដមង្គលសីលា (ហៅអង្គគោល) សូមថ្លែងអំណរគុណ និងអរគុណណាស់ចំពោះលោកប្រធាន តុលាការខេត្ដ ក៏ដូចក្រុមការងារគណបក្សប្រជាជនដែលបានជួយរកយុត្ដិធម៌ដល់ប្រជាពលរដ្ឋស្លូតត្រង់ ។ ប៉ុន្ដែរហូតមកដល់សព្វថ្ងៃនេះភាគីជនល្មើសមិនបានយល់ព្រមតាមការវិនិច្ឆ័យទោស របស់តុលាការខេត្ដ កំពង់ស្ពឺទេ ហើយបានដាក់ពាក្យបណ្ដឹងទៅសាលាឧទ្ធរណ៍បន្ដទៀត ។ យើងខ្ញុំទាំងអស់គ្នាសង្ឃឹមថា សាលាឧទ្ធរណ៍នឹងចាត់វិធានការតាមផ្លូវច្បាប់និងផ្ដល់ភាពយុត្ដិធម៌ ដល់ពួកយើងខ្ញុំទាំងអស់ជាមិនខាន។ នៅថ្ងៃចន្ទ ទី៤ ខែមិថុនា ឆ្នាំ២០០៧នេះ យើងខ្ញុំទាំងអស់គ្នាបានដឹងថា សម្ដេចហ៊ុន សែន នាយក រដ្ឋមន្ដ្រីនៃរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញមកសម្ពោធស្ពានស្លាគូ ដែលជាមូលដ្ឋានរបស់យើងខ្ញុំទាំងអស់ គ្នា បើសម្ដេចបានជ្រាបតាមរយៈកោះសន្ដិភាព សូមសម្ដេចមេត្ដាជួយផ្ដល់អនុសាសន៍អំពីក្រុមបងធំ នេះផង ព្រោះប្រជាពលរដ្ឋចង់ស្ដាប់អនុសាសន៍របស់សម្ដេចណាស់ ។
Labels: សណ្ដាប់ធ្នាប់, សន្តិសុខ
for this post
Leave a Reply