ចោរប្លន់មាសមួយហឹបដែក កណ្ដាលក្រុងបាត់ដំបងទាំងព្រឹក
ខេត្ដបាត់ដំបង ៖ អាជីវករលក់មាសក្នុងផ្សារណាត់ខេត្ដបាត់ដំបងម្នាក់ ត្រូវបានជនប្រដាប់អាវុធចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង ចូលប្លន់យកគ្រឿងអលង្ការដែលទុកក្នុងហិបមួយអស់គ្មានសល់ ថែមទាំងវាយជន រងគ្រោះចំនួន៣កាំភ្លើងខ្លីបណ្ដាលឱ្យបែកឈាម ខណៈពេលជនរងគ្រោះរៀបចំខ្លួនឡើងរថយន្ដ ចេញពីផ្ទះ ទៅលក់ដូរនៅផ្សារណាត់ ។ ករណីប្លន់ប្រដាប់អាវុធនេះត្រូវបានជនរងគ្រោះប្រាប់ថា កើតឡើងនៅ វេលាម៉ោង៦និង៣០ នាទីព្រឹកថ្ងៃទី១ មិថុនា នៅមុខផ្ទះរបស់គាត់ ស្ថិតក្នុងក្រុមទី៤២ ភូមិព្រែកមហាទេព ឃុំស្វាយប៉ោ ស្រុកបាត់ដំបង។ ក្រុមចោរបានប្លន់យកហិបដែកដែលមានគ្រឿងអលង្ការជា ច្រើនទុកក្នុង នោះ រួចហើយពួកវាជិះម៉ូតូតាមសំរួល គេចខ្លួនបាត់ស្រមោល ។
ជនរងគ្រោះបានប្រាប់កោះសន្ដិភាពថា គាត់ឈ្មោះលឹម ណារិន ភេទប្រុស អាយុ២៦ឆ្នាំ ជាអាជីវករ លក់មាសនៅក្នុងផ្សារណាត់ ខេត្ដបាត់ដំបង រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ នៅព្រឹកកើតហេតុនោះ រូបគាត់ និងប្អូនៗ២នាក់ទៀតបានយកហិបដែកដែលផ្ទុកគ្រឿងអលង្ការ នៅក្នុងនោះហើយច្រកចូលក្នុង ថង់ក្រណាត់ខ្មៅមួយ រួចយកទៅដាក់ក្នុងរថយន្ដម៉ាក Tico ដើម្បីចេញទៅលក់ក្នុងផ្សារណាត់ដូចសព្វដង ដោយប្អូនរបស់គាត់បានចូលទៅអង្គុយក្នុងរថយន្ដមុន ដែលឈប់ក្នុងរបងខាងមុខផ្ទះ ។ ជនរងគ្រោះ បានបញ្ជាក់ថា ពេលគាត់បំរុងបើកទ្វារចូលទៅក្នុងរថយន្ដ ស្រាប់តែមានជនមិនស្គាល់មុខម្នាក់ ដើរចូលក្នុង របងផ្ទះសំដៅមករកគាត់ ហើយមិននិយាយស្ដីទេ ភ្លាមនោះជនមិនស្គាល់មុខបានដកកាំភ្លើងពីចង្កេះ វាយក្បាលគាត់ចំនួន៣កាំភ្លើងខ្លីបណ្ដាលឱ្យបែកឈាមងងឹតមុខដួល បន្ទាប់មកជននេះ បានវាយកញ្ចក់ រថយន្ដផ្នែកខាងក្រោយបំបែករួចលូកយកថង់ខ្មៅដែលច្រកកេសដែក ដាក់គ្រឿងអលង្ការរត់ឡើងម៉ូតូ ដែលពួកវាចំនួន៣នាក់ទៀតជិះម៉ូតូ២គ្រឿងឈប់ចាំនៅខាងមុខផ្ទះជាស្រេច ហើយជិះទៅទិសខាងត្បូង ក្នុងល្បឿនមធ្យមគេចខ្លួនបាត់ស្រមោល។ ទោះជាយ៉ាងណា ជនរងគ្រោះមិនបានប្រាប់ឱ្យដឹងពីចំនួន ពិតប្រាកដនៃគ្រឿងអលង្ការដែលបាត់នោះទេ ដោយគ្រាន់តែនិយាយថា នៅក្នុងហិបដែកនោះមានចិញ្ចៀន ខ្សែ.ក ខ្សែដៃមាស និងបា្លទីនជាច្រើនដែលខ្លួនបំរុងយកទៅដាក់លក់នៅផ្សារណាត់ ។
បើតាមសាក្សីម្នាក់ដែលរស់នៅក្បែរផ្ទះជនរងគ្រោះនិយាយថា ពេលដែលក្រុមចោរចូលទៅប្លន់ គាត់មិន បានដឹងទេ ព្រោះរវល់នៅក្នុងផ្ទះ លុះពេលគាត់ចេញដើរមកពីក្នុងផ្ទះ ស្រាប់តែឃើញក្រុមចោរទាំង ៤នាក់នោះ ជិះម៉ូតូអោបកេសដែកនោះជិះកាត់មុខផ្ទះរបស់គាត់ ។ ម៉ូតូទាំង២គ្រឿងដែលក្រុមចោរ ជិះគឺម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ដែលម្នាក់ៗជិះក្រោយសុទ្ធតែមានកាន់កាំភ្លើងខ្លីគ្រប់ដៃទៀតផង ដោយជិះធ្វើព្រងើយទៅទិសខាងត្បូង ដូចគ្មានខ្លាចសមត្ថកិច្ចបន្ដិចសោះ គឺជិះបណ្ដើរគ្នាទៅដោយស្រួល គ្មានសមត្ថកិច្ចណារំខានឡើយ។ សាក្សីបន្ដថា នៅទល់មុខផ្ទះជនរងគ្រោះមានហាងលក់កាហ្វេមួយ មាន មនុស្សអង្គុយផឹកកាហ្វេកកកុញនៅទីនោះ ដែលមានទាំងមន្ដ្រីប៉ូលិសផង តែពុំមានអ្នកណាម្នាក់ឃើញ និង ឮសំលេងជនរងគ្រោះស្រែកឱ្យជួយឡើយ ទាល់តែចោរជិះម៉ូតូចេញផុតទើបមានការភ្ញាក់ផ្អើល ហើយមួយ សន្ទុះធំទើបឃើញប៉ូលិស និងប៉េអឹមមកដល់ធ្វើការសាកសួរ ។
មន្ដ្រីប៉ូលិសស្រុកបាត់ដំបងមួយរូបបានសន្និដ្ឋានទៅតាមសាក្សីចង្អុលបង្ហាញថា ក្រុមចោរទាំង៤នាក់នោះ មានកាំភ្លើងខ្លីគ្រប់ដៃ ហើយទំនងជាក្រុមចោរបានតាមឃ្លាំមើលសកម្មភាពជនរងគ្រោះយូរមកហើយ ទើប ព្រឹកឡើងមកចាំប្លន់បែបនេះ។ មន្ដ្រីប៉ូលិសរូបនេះនិយាយថា ក្រុមចោរហាក់ដូចជា បង្ហាញមុខយ៉ាង ច្បាស់ក្រឡែត តែពុំមានអ្នកណាម្នាក់ចាប់អារម្មណ៍ ហើយពួកវាធ្វើសកម្មភាពប្លន់យ៉ាងស្ងាត់ស្ងៀមបំផុត តែសំណាងល្អណាស់ដែលជនរងគ្រោះពុំតបតជាមួយចោរ បើមិនដូច្នេះទេប្រហែលអាចគ្រោះថ្នាក់ដល់ជីវិត ផងមិនដឹង ។
Labels: សណ្ដាប់ធ្នាប់, សន្តិសុខ
for this post
Leave a Reply