សម្ដេចព្រះឧត្ដមវង្សាមួងរ៉ា និមន្ដទៅកាត់ឫសសីមាវត្ដខ្មែរនៅតិចសាស់
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ៣១ ឧសភា សម្ដេចព្រះឧត្ដមវង្សាមួង រ៉ា លេខាធិការថេរសភាសង្ឃ និងជាព្រះអគ្គាធិការរងពុទ្ធិកសិក្សានៃព្រះរាជាណាចក្រកម្ពុជា បាននិមន្ដទៅកាន់រដ្ឋតិចសាស់ សហរដ្ឋ អាមេរិក ដែលការនិមន្ដចាកចេញពីប្រទេសនោះ ត្រូវបានមន្ដ្រីសង្ឃជំនួយការមានសង្ឃដីកាឱ្យដឹងថា សម្ដេចព្រះឧត្ដមវង្សាដែលនិមន្ដទៅកាន់សហរដ្ឋអាមេរិកនោះ គឺតាមការនិមន្ដពីព្រះចៅអធិការវត្ដ កាណារាម និងពុទ្ធបរិស័ទ ដើម្បីនិមន្ដសម្ដេចកាត់ខ្សែបូ និងកាត់ឫសសីមាក្នុងពិធីបុណ្យផ្នែកសាសនា ដែលបានកំណត់ធ្វើឡើងនៅថ្ងៃទី៩ មិថុនា ខាមុខនេះ ។
ការនិមន្ដនេះក៏បានទទួលព្រះរាជានុញ្ញាតពីសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីទេព វង្ស សម្ដេចព្រះ សុមេធាធិបតី នន្ទ ង៉ែត សង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និង នាយករដ្ឋមន្ដ្រីហ៊ុន សែន ។ មន្ដ្រីសង្ឃអមការនិមន្ដមកកាន់ព្រលានយន្ដហោះបានឱ្យដឹងថា សម្ដេចព្រះឧត្ដមវង្សាដែលនិមន្ដទៅនោះ មានរយៈពេល១៥ថ្ងៃទើបសម្ដេចនិមន្ដមកវិញ ។ ក្នុងពិធីជូនព្រះដំណើរសម្ដេចឧត្ដមវង្សាមួង រ៉ា ដល់ ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញមានក្រុមកុមារកំព្រា ក្នុងសមាគមសិល្បៈវប្បធម៌ដើម្បីសន្ដិភាព បានប្រគេនបាច់ផ្កា និងប្រគេនពរចំពោះសម្ដេចសូមឱ្យការនិមន្ដរបស់ព្រះអង្គប្រកបតែសុវត្ថិភាព ។
for this post
Leave a Reply