បាត់ឆ្នាំងនិងចានដែកពេលរកឃើញត្រូវអ្នកលួចវាយទ្រមខ្លួន
ខេត្ដស្វាយរៀង ៖ នារីម្នាក់ឈ្មោះម៉ី សុផល អាយុ២៥ឆ្នាំ ត្រូវបានសមត្ថកិច្ច ប៉ូលិសធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៨ ព្រឹកថ្ងៃទី២៩ ឧសភា ដោយជាប់សង្ស័យពីបទលួចទ្រព្យសម្បត្ដិ និងបង្ករបួស ស្នាមលើអ្នកដទៃដែលជនរងគ្រោះនិងជាម្ចាស់ទ្រព្យ ឈ្មោះ គ ចាន់នី ភេទស្រី អាយុ២១ឆ្នាំ មាន ទីលំនៅក្នុងភូមិរោងបន្លែ ឃុំស្វាយរៀង ស្រុកស្វាយរៀង ។
តាមការបំភ្លឺរបស់មន្ដ្រីប៉ូលិសនៃអធិការដ្ឋានស្រុកស្វាយរៀងបានឱ្យដឹងថា នៅវេលាម៉ោង៤ទៀបភ្លឺ នៃ ថ្ងៃទី២៩ ឧសភា នៅផ្ទះជនរងគ្រោះឈ្មោះគ ចាន់នី មានបាត់ឆ្នាំងបាយធំមួយ និងចានដែកធំមួយ ដោយពុំដឹងថា នរណាជាអ្នកលួចទេ ។ លុះព្រឹកឡើងម៉ោង៧និង៣០នាទីថ្ងៃដដែលជនរងគ្រោះបានដើរ កាត់មុខផ្ទះឈ្មោះម៉ី សុផល (ជនសង្ស័យ) ក៏ឃើញឈ្មោះនេះកំពុងអង្គុយដំឆ្នាំងបាយ និង ចានដែក របស់ខ្លួនឱ្យក្រពឹតក្នុងបំណងទុកយកទៅលក់ឱ្យអេតចាយ ។ ឃើញបែបនេះ ជនរងគ្រោះក៏ចូលទៅដណ្ដើម យកចានដែកបានមួយមកវិញ ហើយស្រែកឆោឡោប្រាប់គេឯងដោយចោទប្រកាន់ឈ្មោះម៉ី សុផល ថា ជាចោរ និងស្រែកហៅអ្នកជិតខាងឱ្យមកមើលមុខចោរស្រីនេះផង តែខណៈនោះស្ដ្រីជាប់សង្ស័យបានស្ទុះ មកវាយជនរងគ្រោះទាំងកំរោល ។ មន្ដ្រីប៉ូលិសដដែលនោះបានឱ្យដឹងទៀតថា ដោយសារជនរងគ្រោះ ទើបតែឆ្លងទន្លេហើយបាន៣ខែ មិនមានកំលាំងប្រតាយប្រតប់ឈ្នះជនសង្ស័យនោះ ក៏ត្រូវជនសង្ស័យទះ កំភ្លៀង និងក្រញៅដាច់សុសផ្ទៃមុខ ហើយភ្លាមៗនោះអ្នកស្រុកជិតខាងក៏ចូលទៅឃាត់ និងបំបែកចេញ ពីគ្នា ។ លុះបន្ដិចក្រោយមកសមត្ថកិច្ចប៉ូលិសស្រុកក៏ទៅដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួន ជនសង្ស័យនាំយកមកសួរចម្លើយ។
នៅមុខសមត្ថកិច្ចប៉ូលិសជនសង្ស័យបានឆ្លើយបដិសេធថា មិនបានលួចឆ្នាំងនិងចានដែក របស់ជនរងគ្រោះ ទេ គឺពេលខ្លួនក្រោកពីដេក បានឃើញចានដែកនិងឆ្នាំងនោះនៅក្បែរផ្ទះ ខ្លួនក៏ដំយកទុកលក់ឱ្យអេតចាយ តែម្ដងទៅ ។ ចំណែកខ្លួនគេ (ម៉ី សុផល) ពិតជាបានវាយតប់ទៅលើខ្លួនប្រាណជនរងគ្រោះមែន ពីព្រោះនៅសុខៗស្រាប់តែឈ្មោះនោះមកស្រែកជេរ និងចោទខ្លួនថាជាចោរនៅចំពោះមុខអ្នកស្រុករាប់ សិបនាក់ទាំងព្រលឹមអុរដោយពុំព្រមសួរនាំអ្វីសោះ។
ទោះបីយ៉ាងណាក៏ដោយ សមត្ថកិច្ចប៉ូលិសបានឱ្យដឹងថា ជនសង្ស័យរូបនេះគឺជាមុខសញ្ញាចាស់ដែល បានធ្វើសកម្មភាពលួចទ្រព្យសម្បត្ដិអ្នកស្រុកក្បែរៗនោះ ឡើងផ្អើលភូមិទៅហើយ តែសមត្ថកិច្ច ពុំមានភស្ដុតាងច្បាស់លាស់សំរាប់ដាក់បន្ទុក ទើបមិនអាចធ្វើការចាប់ខ្លួនជនសង្ស័យមកធ្វើការផ្ដន្ទាទោស បាន ។
Labels: សន្តិសុខ
for this post
Leave a Reply