សភាគាំទ្រលោកតំណាងរាស្ដ្រឯក សំអុល ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៣១ ខែ ឧសភា រដ្ឋសភាបានបោះឆ្នោតគាំទ្រលើបេក្ខភាពលោកឯក សំអុល ប្រធានគណៈកម្មការនីតិកម្ម និងយុត្ដិធម៌នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ដ្រមណ្ឌលព្រៃវែងមកពីគណបក្ស ប្រជាជនកម្ពុជា ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ។ ក្នុងការបោះឆ្នោតនោះក៏បានបោះឆ្នោតតែងតាំង លោកប៉ែន បញ្ញា ប្រធានគណៈកម្មការទី៦ ជាប្រធានគណៈកម្មការនីតិកម្ម និងយុត្ដិធម៌ជំនួសលោក ឯក សំអុល និងលោកជំទាវឃួន សុដារី ជាប្រធាន គណៈកម្មការទី៦ ជំនួសលោកប៉ែន បញ្ញា ។
នៅព្រឹកថ្ងៃទី៣១ ខែឧសភានោះ សមាជិកសភាចំនួន១០០រូបក្នុងចំណោម១២៣រូប បានបោះឆ្នោតគាំទ្រ លោកឯក សំអុល ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ឯលោកប៉ែន បញ្ញា ត្រូវបានគណៈកម្មការទី៦បោះឆ្នោត តែងតាំងជាប្រធានគណៈកម្មការទី១ ទទួលបន្ទុកនីតិកម្ម និងយុត្ដិធម៌ និងលោកជំទាវ ឃួន សុដារី ជាប្រធានគណៈកម្មការទី៦ ដោយមានវត្ដមាននាយករដ្ឋមន្ដ្រី ហ៊ុន សែន ចូលរួមបោះឆ្នោតផងដែរ ។
ទន្ទឹមគ្នានេះ ប្រភពព័ត៌មានដែលស្និទ្ធនឹងក្រុមប្រឹក្សាធម្មនុញ្ញបានឱ្យដឹងថា លោកប៊ិន ឈិន ប្រធានក្រុម ប្រឹក្សាធម្មនុញ្ញត្រូវចប់អាណត្ដិ ហើយលោកឯក សំអុល នឹងក្លាយទៅជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ រួច បន្ទាប់មកក្រុមប្រឹក្សាធម្មនុញ្ញនឹងបោះឆ្នោត ជ្រើសរើសប្រធានបន្ទាប់ពីលោកឯក សំអុល ក្លាយជាសមាជិក ក្រុមប្រឹក្សាធម្មនុញ្ញ។ ក្រុមប្រឹក្សាធម្មនុញ្ញមានសមាជិកចំនួន៩រូបរួម មានលោកប៊ិន ឈិន សម្ដេច ចៅសែន កុសល, លោកសឺន ស៊ូប៊ែរ្ដិ៍ លោកប្រាក់ សុខ លោកថប់ សុំ លោកប៉ែន ថុល លោកជំទាវ ស៊ុំ នីផា លោកឈួ លាងហួត និងលោកព្រហ្ម ញាណវិចិត្រ ។
លោកម៉ោញ សាផាន អនុប្រធានគណៈកម្មការនីតិកម្ម និងយុត្ដិធម៌នៃរដ្ឋសភាបានថ្លែងថា លោកប៉ែន បញ្ញា ត្រូវបានបោះឆ្នោតគាំទ្រនៅក្នុងគណៈកម្មការទី៦ជាប្រធាន គណៈកម្មការទី១ ទទួលបន្ទុកនីតិកម្ម និង យុត្ដិធម៌នៃរដ្ឋសភាជាតិ ។ សម្ដេចហេង សំរិន ប្រធានរដ្ឋសភាបានមានប្រសាសន៍ថា លោកប៉ែន បញ្ញា ត្រូវបានបោះឆ្នោតគាំទ្រនៅក្នុងគណៈកម្មការនីតិកម្ម និងយុត្ដិធម៌នៃរដ្ឋសភា
ទោះបីជាយ៉ាងណាក្ដី លោកឯក សំអុល មិនធ្វើអត្ថាធិប្បាយទេនៅពេលដែលអ្នកកាសែតសួរជុំវិញការកាន់តំណែងថ្មីរបស់ លោកនោះ។ សមាជិកសភាខ្លះបានមានប្រសាសន៍ថា លោកឯក សំអុល តំណាងរាស្ដ្រមណ្ឌលព្រៃវែង នឹង ត្រូវដាក់ពាក្យលាលែងពីសមាជិកសភានៅពេលលោកទៅកាន់តំណែង ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ។
Labels: នយោបាយ
for this post
Leave a Reply