ក្រពេកលួចក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ដើរពពាយនាយលក់២ពាន់បាត
ខេត្ដកោះកុង ៖ ស្ដ្រីម្នាក់ឈ្មោះជា សឿន អាយុ៣៩ឆ្នាំ មានស្រុកកំណើតនៅខេត្ដព្រៃវែង តែបានទៅ ស្នាក់នៅផ្ទះជួលក្នុងភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ដកោះកុង ត្រូវប៉ូលិសផ្នែកបង្ក្រាបការ ជួញដូរមនុស្ស និងការអនីតិជននៃស្នងការដ្ឋានខេត្ដ ឃាត់ខ្លួនកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០០៧ ដោយជាប់ចោទពីបទលួចយកក្មេងប្រុសម្នាក់ឈ្មោះសេង ឆវី អាយុ៤ឆ្នាំ ពីផ្សារដងទង់ ទៅពពាយនាយ លក់ក្នុងតំលៃ២ពាន់បាត នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ។
មន្ដ្រីប៉ូលិសផ្នែកបង្ក្រាបការជួញដូរមនុស្ស និងការពារអនីតិជនបញ្ជាក់ថា នៅវេលាព្រឹកថ្ងៃទី២៧ ខែឧសភា ក្មេងប្រុស ឈ្មោះ សេង ឆវី បានធ្វើដំណើរជាមួយជីដូន ពីភូមិព្រៃអង្គញ់ ឃុំត្រញំងរូង ស្រុកកោះកុង ទៅទិញម្ហូបនៅផ្សារដងទង់។ ក្នុងខណៈពេលជីដូនឈ្មោះហូ មុំ អាយុ៤៤ឆ្នាំ រវល់ទិញអីវ៉ាន់ភ្លេច ខ្លួនស្ដ្រីឈ្មោះជា សឿន បានអូសដៃក្មេងប្រុសឈ្មោះសេង ឆវី យកទៅបាត់ ។ ពេលបាត់ចៅ ជីដូន បានទៅប្ដឹងសមត្ថកិច្ចប៉ូលិស និងចាត់បងប្អូនសាច់ញាតិឱ្យជួយដើររក តែរកមិនឃើញឡើយ ។
ប៉ូលិសបន្ដថា នៅថ្ងៃទី៣០ ឧសភា សមត្ថកិច្ចប៉ូលិសប្រទះឃើញស្ដ្រីឈ្មោះជា សឿន ដឹកដៃក្មេង ប្រុសនោះដើរលក់តាមផ្ទះនៅភូមិចាំយាម ក្នុងតំលៃតែ២ពាន់បាតក៏ឃាត់ខ្លួនតែម្ដង ។ ស្ដ្រីជាប់ចោទ សារភាពប្រាប់ប៉ូលិសថា នាងជាស្ដ្រីមេម៉ាយមានមុខរបរដើរស៊ីឈ្នួលបោកខោអាវតាមផ្ទះគេ និង ស្នាក់ នៅផ្ទះជួលក្នុងឃុំប៉ាក់ខ្លង។ ដោយសារក្រលំបាកពេក ទើបនាងដាច់ចិត្ដលួចក្មេងប្រុសម្នាក់នោះ យក ទៅលក់។
ប៉ូលិសបានប្រគល់ក្មេងប្រុសឱ្យជីដូនយកត្រឡប់ទៅផ្ទះវិញ ចំណែកស្ដ្រីឈ្មោះជា សឿន ត្រូវបញ្ជូនទៅ កាន់តុលាការ។
Labels: សណ្ដាប់ធ្នាប់, សន្តិសុខ
for this post
Leave a Reply