អាជ្ញាធរក្រុងទប់ស្កាត់សត្វកណ្ដៀរញំដីលុបបឹងស្ដុកទឹកសំអុយ
រាជធានីភ្នំពេញ ៖ អាងស្ដុកទឹកស្អុយបឹងត្របែកមានទីតាំងក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ជាអាង ដ៏មានសារសំខាន់ក្នុងការទទួលទឹកស្អុយចេញពីប្រឡាយបង្ហូរទឹកស្អុយបឹងត្របែក និងតំបន់មួយចំនួនទៀត ក្នុងក្រុងភ្នំពេញ រួចបន្ដនាំទឹកទៅបឹងទំពុន តែពេលនេះត្រូវគេដឹកដីខ្សាច់ និងកំទេចថ្មតាមរ៉ឺម៉កម៉ូតូ និងរថយន្ដតូចៗចាក់លុបស្ទើរពេញទៅហើយ ដែលអាជ្ញាធរមូលដ្ឋានមើលមិនឃើញ តែពេលនេះត្រូវ អាជ្ញាធរក្រុងភ្នំពេញចុះទៅទប់ស្កាត់ ។
កាលពីរសៀលថ្ងៃទី១ មិថុនា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោកជ្រាង សុផាន់ អភិបាលរង ក្រុងភ្នំពេញ រួមជាមួយមន្ដ្រីក្រោមឱវាទបានចុះទៅពិនិត្យមើលស្ថានភាពអាងស្ដុកទឹកបឹងត្របែកនោះ។ មានរថយន្ដកូរ៉េមួយគ្រឿងដឹកដីលាយកំទេចថ្ម បំរុងចាក់ចូលក្នុងបឹងនោះ ត្រូវបានទប់ស្កាត់ ព្រមទាំង ឃាត់រថយន្ដនោះនាំយកទៅទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំការដោះស្រាយ ។
តាមការរៀបរាប់របស់ប្រជាពលរដ្ឋរស់នៅក្បែរអាងស្ដុកទឹកបឹងត្របែកឱ្យដឹងថា ក្នុងរយៈពេលប្រមាណ ជិត២ខែកន្លងមកមានការចាក់ដីចូលក្នុងបឹងតាមរូបភាពដឹកតាមរ៉ឺម៉ក ម៉ូតូកង់៣ និងរថយន្ដមួយតោនកន្លះ ឬ២តោនកន្លះជាដើម តែមិនដែលឃើញអាជ្ញាធរចុះទៅហាមឃាត់ឬទប់ស្កាត់ឡើយ ។ តាមការប៉ាន់ស្មាន កាលពីមុនអាងស្ដុកទឹកស្អុយបឹងត្របែកនោះ មានទំហំប្រមាណជា៥ហិកតា តែពេលនេះត្រូវបានគេចាក់ ដីលុបសាងសង់ជាសំណង់ផ្សេងៗឬចាក់ដីសរុបទុកចោលនៅតែសល់ប្រមាណតែ២ហិកតាប៉ុណ្ណោះ ។
ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរក្រុងភ្នំពេញឱ្យទប់ស្កាត់ការចាប់ដីលុបបឹងនោះ បើនៅតែបណ្ដែត បណ្ដោយតទៅទៀត អាងស្ដុកទឹកធម្មជាតិនឹងត្រូវបាត់បង់បណ្ដាលឱ្យការលិចទីក្រុងភ្នំពេញ កាន់តែ ធ្ងន់ធ្ងរឡើង ។ ក្នុងពេលចុះពិនិត្យដោយផ្ទាល់នោះ លោកជ្រាង សុផាន់ បានបញ្ជាឱ្យនគរបាលសង្កាត់ ឃាត់រថយន្ដដឹកដីតូចមួយគ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ។ ទោះជា យ៉ាងណា ពេលនោះមិនឃើញមានការដឹកដីតាមរ៉ឺម៉កម៉ូតូកង់៣ចូលចាក់ក្នុងបឹងនោះ ដូចសេចក្ដី រាយការណ៍របស់ប្រជាពលរដ្ឋឡើយ ។
Labels: បរិស្ថាន, សណ្ដាប់ធ្នាប់
for this post
Leave a Reply