មជ្ឈមណ្ឌលសិទ្ធិមនុស្សទាក់ទិនជាមួយអ្នកជំនួយ
រាជធានីភ្នំពេញ ៖ លោកហុង ហួង អ្នកនាំពាក្យនៃគណៈកម្មការស្វែងរកការពិត របស់អតីតបុគ្គលិក ផ្ទៃក្នុងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងកាលពីថ្ងៃអាទិត្យទី៣ មិថុនាថា ម្ចាស់ជំនួយសំរាប់ មជ្ឈមណ្ឌលនេះ នឹងចាប់ផ្ដាច់ជំនួយពីខែមិថុនានេះតទៅ ហើយក្នុងនោះគេនឹងរឹបអូសយកនូវឧបករណ៍ ផ្សេងៗក្នុងមជ្ឈមណ្ឌល ។ រឿងរ៉ាវនេះវាបានកើតឡើងជាយូរមកហើយ ទាក់ទងជាមួយនឹងលោកកឹម សុខា អតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលបុគ្គលិកចោទប្រកាន់ថា បានពាក់ព័ន្ធនឹងបញ្ហា ពុករលួយ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការស្វែងរកការពិតបានឱ្យដឹងថា សំណុំរឿងពុករលួយ ដែលអតីតបុគ្គលិកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានប្ដឹងលោក កឹម សុខា ជាអតីតប្រធានអង្គការនេះកន្លង មកដូចជាករណីរំលោភលើសេចក្ដីទុកចិត្ដ ការក្លែងឯកសារទូទាត់ថវិកា ការកិបកេងថវិកាជំនួយរបស់ អាមេរិក គឺកំពុងស្ថិតក្នុងសមត្ថកិច្ចរបស់តុលាការ តាមនីតិវិធីច្បាប់ជាធរមាន ។
លោកហុង ហួង បានឱ្យដឹងថា ម្ចាស់ជំនួយ IRI និង USAID បានផ្ដាច់ជំនួយនេះ ហើយគ្រឿង បរិក្ខារទាំងអស់របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សត្រូវបាន IRI រឹបអូសយកទៅវិញទាំងអស់នាចុងខែឧសភា ដោយមិនទុកឱ្យមន្ដ្រីនៃអង្គការនេះប្រើប្រាស់បន្ដវេនពីលោកកឹម សុខាឡើយ ។ លោកបន្ដទៀតថា ចំណែកឯកម្មវិធីរបស់វិទ្យុសម្លេងប្រជាធិបតេយ្យវិញ ត្រូវកាត់បន្ថយចាប់ពីខែមិថុនា មកនៅត្រឹម ២ម៉ោង ក្នុងមួយថ្ងៃ ប៉ុន្ដែពុំទាន់ប្រាកដថា IRI នឹងផ្ដល់ថវិកាដល់ខែកញ្ញា ឆ្នាំ២០០៧ ឬក៏បញ្ឈប់មុនពេលនេះ យ៉ាងណានោះទេ ។
សេចក្ដីប្រកាសព័ត៌មានដដែលបានឱ្យដឹងទៀតថា ទន្ទឹមនឹង IRI សំរេចឈប់ផ្ដល់ជំនួយថវិកាដល់មណ្ឌល សិទ្ធិមនុស្ស ក៏មានលេចឮព័ត៌មានថ្មីៗនេះថា ភ្នាក់ងារផ្ដល់ជំនួយអាមេរិក USAID នឹងមិនយល់ព្រម លើសំណើសុំថវិកាណាមួយរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សទៀតឡើយ ទោះជាតាមរយៈអង្គការអាមេរិក ផ្សេងទៀតក៏ដោយ ព្រោះជាហេតុផលទំនាស់ផលប្រយោជន៍ជាមួយ IRI ដោយពាក់ព័ន្ធនឹងភាពមិន ប្រក្រតី ខាងថវិកា ដែលពុំទាន់ជំរះបញ្ជីជាមួយលោកកឹម សុខា អតីតប្រធានអង្គការនេះនៅឡើយ។
ទោះបីយ៉ាងណាលោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កោះសន្ដិភាពមិនអាចសុំធ្វើការ ពន្យល់ជុំវិញការលើកឡើងរបស់គណៈកម្មការស្វែងរកការពិតបាននោះទេ បើទោះជាខំព្យាយាមយ៉ាងណា ក៏ដោយ ពីព្រោះទូរស័ព្ទរបស់លោកមិនអាចទាក់ទងបានកាលពីថ្ងៃអាទិត្យ។ ចំណែកឯលោក ប៉ាង ងួនទៀង ប្រធានវិទ្យុសម្លេងប្រជាធិបតេយ្យបានមានប្រសាសន៍ប្រាប់កោះសន្ដិភាពតាមទូរស័ព្ទថា “ខ្ញុំមិន ខ្វល់ជាមួយនឹងគណៈកម្មការស្វែងរកការពិតនោះទេ ពីព្រោះពួកគាត់ប៉ុន្មាននាក់នោះកំពុងតែគ្មានការងារ ធ្វើ”។
លោកប៉ាង ងួនទៀង បន្ដថា លោកគាំទ្រចំពោះការស្វែងរកការពិត ប៉ុន្ដែសូមឱ្យគណៈកម្មការស្វែងរក ការពិតដែលដឹកនាំដោយលោកញ៉ែម វ៉ាន់ថន នោះ ធ្វើការស្រាវជ្រាវទៅលើអង្គការដទៃទៀត ដែល លោកធ្លាប់បានធ្វើការងារពីមុនផង។ លោកបន្ដថា អង្គការដែលលោកញ៉ែម វ៉ាន់ថន ធ្វើជាប្រធាននោះ បានដេញគាត់ពីការងារដែរ តែមិនព្រមទៅស្រាវជ្រាវផងទេ។ ប៉ុន្ដែលោកមិនបានឆ្លើយនឹងសំណួររបស់ កោះសន្ដិភាពដែលបានសួរថា តើអង្គការ IRI និង USAID គ្រោងផ្ដាច់ជំនួយដល់កម្មវិធីសម្លេង ប្រជាធិបតេយ្យ ដែលបណ្ដាលឱ្យមនុស្សជាច្រើនគ្មានការងារធ្វើនោះទេ ។
ចំណែកលោកកឹម សុខា អតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បច្ចុប្បន្នបានហក់ចូលប្រឡូកក្នុង ឆាកនយោបាយដោយដាក់ឈ្មោះបក្សរបស់លោកថា ជាបក្សសិទ្ធិមនុស្សដែរនោះ មិនអាចទាក់ទងសុំការ ពន្យល់បានទេជុំវិញការលើកឡើងរបស់គណៈកម្មការស្វែងរកការពិតនេះដោយ ទូរស័ព្ទរបស់លោកមិន អាចទាក់ទងបានកាល ពីថ្ងៃអាទិត្យនោះ ។
Labels: នយោបាយ
for this post
Leave a Reply