វត្ដជោតញ្ញាណក្រុងព្រះសីហនុបើកបវេសនកាលឆ្នាំសិក្សាថ្មី
ក្រុងព្រះសីហនុ ៖ កាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០០៧ នៅវត្ដជោតញ្ញាណ ក្រុងព្រះសីហនុ មានប្រារឰពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០០៧-២០០៨ សំរាប់សាលាពុទ្ធិកបឋមសិក្សា២០០៧-២០០៨ និងបើកវគ្គសិក្សាផ្នែកវិបស្សនាធុរៈសំរាប់ដូនជី សីល វតី និងចាស់ព្រឹទ្ធាចារ្យ។ ពិធីនេះត្រូវ បាននិមន្ដចូលរួមពីសំណាក់ព្រះតេជគុណព្រះបញ្ញាសោភ័ណ្ឌ គៀត ច័ន្ទធុច រាជាគណៈថ្នាក់កិត្ដិយស ទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីទេព វង្ស ព្រះអនុគណខណ្ឌមិត្ដភាព និងជាព្រះគ្រូចៅ អធិការវត្ដជោតញ្ញាណ, លោកសុខ ឡាង ប្រធានមន្ទីរធម្មការ និងសាសនាក្រុងព្រះសីហនុ រួមនឹងមន្ដ្រី សង្ឃ សមណសិស្ស ដូនជី តាជី ចាស់ព្រឹទ្ធាចារ្យ ទាំងផ្នែកគន្ថធុរៈ និងផ្នែកវិបស្សនាធុរៈ។
នៅក្នុងថេរដីកាសំណេះសំណាលរបស់ព្រះគ្រូគៀត ច័ន្ទធុច និងមតិសំណេះសំណាលរបស់លោកសុខ ឡាង ប្រធានមន្ទីរធម្មការ និងសាសនាក្រុងព្រះសីហនុ បានបង្ហាញថា នៅឆ្នាំសិក្សាថ្មី២០០៧-២០០៨នេះ វត្ដជោតញ្ញាណបើកថ្នាក់ពុទ្ធិកបឋមសិក្សាចំនួន២ថ្នាក់ គឺថ្នាក់ទី១ និងថ្នាក់ទី៣ មានសមណសិស្ស ចូលសិក្សាចំនួន៤៣អង្គ។ ចំណែកផ្នែកវិបស្សនាធុរៈក៏មានបើកបង្រៀនដែរ ដោយមានទាំងព្រះសង្ឃ ដូនជី តាជី និងចាស់ព្រឹទ្ធាចារ្យដែលកំពុងស្នាក់នៅក្នុងវត្ដ និងចូលរៀនផ្នែកសមាធិកម្មដ្ឋាន ក្រោមការ ផ្គត់ផ្គង់ពីព្រះគ្រូចៅអធិការវត្ដ រួមនឹងពុទ្ធបរិស័ទមកគ្រប់មជ្ឈដ្ឋាន ។
ព្រះបញ្ញាសោភ័ណ្ឌ គៀត ច័ន្ទធុច ឆ្លៀតក្នុងឱកាសនោះក៏បានផ្ដាំផ្ញើដល់សមណសិស្ស និងដូនជី តាជី ទាំងអស់ ត្រូវខិតខំត្រងត្រាប់ និងប្រតិបត្ដិឱ្យបានល្អត្រឹមត្រូវតាមគន្លងព្រះពុទ្ធសាសនា ស្របតាមប្រកាស របស់អនុសំវច្ឆរៈមហាសន្និបាតមន្ដ្រីសង្ឃ ដែលឱ្យគ្រប់វត្ដអារាមខិតខំអភិវឌ្ឍវត្ដអារាមផង និង បណ្ដុះ បណ្ដាលធនធានមនុស្ស បំរើសង្គមជាតិផង ។ ជាមួយគ្នានេះ សមណសិស្សគ្រប់អង្គក៏ត្រូវខិតខំរៀន សូត្រតាមគ្រូធម្មាចារ្យ បង្ហាត់បង្រៀនទាំងផ្លូវលោក និងផ្លូវធម៌ ។
for this post
Leave a Reply