កូនចាបព្រាត់សំបុកសុំផ្ញើជីវិតលើបាយបាត្រ
ខេត្ដកំពត ៖ ដោយសារតែភាពក្រីក្របំផុតមិនអាចរ៉ាប់រងចិញ្ចឹមក្មួយប្រុសតូចៗ៤នាក់ ដែលពួកគេ មានអាយុចាប់ពី៣ឆ្នាំ ដល់១២ឆ្នាំ ស្ដ្រីជាម្ដាយមីងបានសំរេចចិត្ដឱ្យចាកចេញពីផ្ទះ ក្រោមការចាត់ចែង របស់លោកមេភូមិ និងអ្នកស្រុក ។ ស្ដ្រីជាម្ដាយមីងដែលត្រូវប្រឈមមុខនឹងភាពទីទាល់ក្របំផុត ណាមួយប្ដីឈឺស្គមរីងរៃដេកលើកន្ទេលរង់ចាំតែថ្ងៃស្លាប់ ហើយក៏មានកូនប្រុសស្រីតូចៗ៤នាក់ដែរនោះ បាននិយាយថា គាត់ត្រូវពុះពារទាំងត្រដររកប្រាក់បានបន្ដិចបន្ដួចដោយការស៊ីឈ្នួលស្ទូង ដក ឬច្រូតកាត់ ឱ្យគេ មិនអាចយកមកផ្គត់ផ្គង់ចិញ្ចឹមកូននិងក្មួយៗ៨នាក់ ក្នុងបន្ទុកបានឡើយ ណាមួយប្ដីឈឺដេកលើ កន្ទេលស្បែកដណ្ដប់ឆ្អឹងអស់ទៅហើយ ពិតជាអាចដាច់ពោះស្លាប់ បើសិនជាមិនបំបែកគ្នាដើម្បីរស់ទេ នោះ។
រឿងរ៉ាវនេះបានកើតមាននៅភូមិកំរែងក្រសាំង ឃុំខ្ជាយខាងជើង ស្រុកដងទង់ ខេត្ដកំពត កាលពីសបា្ដហ៍ កន្លងមកនេះ ។ ដោយសារតែកើតមានបញ្ហាបែបនេះ ទើបលោក ឆាយ ឡឹង មេភូមិបានចាត់ចែង នាំក្មេងតូចៗទាំង៤នាក់បងប្អូនទៅផ្ញើរកការសង្គ្រោះពីព្រះសង្ឃដែលគង់នៅវត្ដដំណាក់ ដើម្បីឱ្យពួកគេ បានស្នាក់នៅក្រោមម្លប់នៃទីអារាមនោះផង ។ ជាមួយគ្នានេះ លោកមេភូមិក៏បានទំនាក់ទំនងដល់ លោកនាយកសាលាវត្ដដំណាក់ឱ្យជួយលៃលករៃអង្គាសជាអង្ករ ដើម្បីជួយចិញ្ចឹមពួកគេផងដែរ ។ តើមាន អ្វីដែលត្រូវនិយាយនៅពេលនេះចំពោះវាសនាកម្មរបស់ក្មេងប្រុសទាំង៤?
តាមអ្នកភូមិកំរែងក្រសាំង ឃុំខ្ជាយខាងជើង ស្រុកដងទង់ ខេត្ដកំពត បានឱ្យកោះសន្ដិភាពដឹងថា ក្មេងប្រុសទាំង៤នាក់នេះ ត្រូវបានម្ដាយបោះបង់ចោល ។ ស្ដ្រីជាម្ដាយដែលបោះបង់កូនចោលនេះ ឈ្មោះ ញ៉ែម ស្រី អាយុ៣៩ឆ្នាំ ។ តាមស្ដ្រីដែលជាម្ដាយមីង និងត្រូវជាប្អូនស្រីម្ដាយក្មេងទាំង៤បានរៀបរាប់ថា កាលពីឆ្នាំ១៩៨៩ ម្ដាយពួកគេបានទៅរស់នៅជាមួយម្ដាយមីងឯខេត្ដកោះកុង ហើយក៏បានរៀបការរហូត ដល់មានកូនប្រុស៤នាក់ ដែលកូនច្បងអាយុ១២ឆ្នាំ និងកូនប្អូនអាយុ៣ឆ្នាំ ។ ក្រោយមកប្ដីរបស់គាត់ (ឪពុកពួកគេទាំង៤) បានធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃរហូតលក់ទ្រព្យរបស់ផ្ទះសំបែង ភូមិករ អស់គ្មានសល់ ដើម្បី ព្យាបាលជំងឺ ប៉ុន្ដែទីបំផុតអស់លុយកាក់ទ្រព្យសម្បត្ដិ ផ្ទះសំបែងហើយ ក៏បានស្លាប់ទៅ ដោយបន្សល់ ទុកកូនតូចៗ៤នាក់ឱ្យស្ដ្រីជាប្រពន្ធរ៉ាប់រងចិញ្ចឹមទាំងលំបាកវេទនា ។
ស្ដ្រីជាប្អូន និងជាម្ដាយមីងពួកគេទាំង៤ បានឱ្យដឹងទៀតថា បន្ទាប់ពីប្ដីស្លាប់ចោលទៅ បងស្រីរបស់គាត់ នៅសល់តែបាតដៃទទេ សូម្បីតែផ្ទះក៏គ្មានជ្រក រហូតដើរសុំទានគេ សន្សំប្រាក់ធ្វើសោហ៊ុយពីខេត្ដកោះកុង ត្រឡប់មកស្រុកកំណើតវិញ។ នៅពេលមកដល់ស្រុកកំណើតបានរស់នៅជាមួយនឹងគាត់ ជាប្អូនស្រី ដែល ជាគ្រួសារក្រីក្ររកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹក និងមានកូន៤នាក់រស់នៅក្រោមដំបូលខ្ទមតូចមួយ ហើយ នាំគ្នាដើរស៊ីឈ្នួលដកស្ទូងច្រូតកាត់ឱ្យគេ ដើម្បីរកប្រាក់មកចិញ្ចឹមកូន និងប្ដីដែលឈឺរាុំរ៉ៃដេកតែលើ កន្ទេល។ រហូតដល់ចុងឆ្នាំ២០០៦ គឺនៅក្នុងខែវិច្ឆិកាបងស្រីឈ្មោះញ៉ែម ស្រី បានប្រាប់គាត់ថា សុំផ្ញើ កូនផង គាត់ទៅផ្សារដងទង់ ដើម្បីរកទិញអង្ករមកទុកដាំបាយហូប ប៉ុន្ដែការចេញទៅនោះគឺបាត់រហូត តែម្ដង ដោយគ្មានដំណឹងថាទៅទីណា និងមានសុខទុក្ខយ៉ាងណាទេ ។ តាំងពីពេលនោះមកបន្ទុកដ៏ធ្ងន់ធ្ងរ បានធ្លាក់មកលើគាត់ជាប្អូន ដែលក្រីក្រចិញ្ចឹមកូន៤នាក់មិនគ្រប់គ្រាន់ផងនោះ ត្រូវរ៉ាប់រងចិញ្ចឹមក្មួយតូចៗ ទាំង៤នាក់នោះទៀត ។ ដោយសារតែគ្មានលទ្ធភាពរកស៊ីចិញ្ចឹម ទើបនៅថ្ងៃទី១ មិថុនា កន្លងទៅនេះ គាត់បានដាច់ចិត្ដឱ្យក្មួយទាំង៤នាក់រកជំរកថ្មី ព្រោះគាត់គ្មានលទ្ធភាពចិញ្ចឹមពួកគេទេ ។
អ្នកភូមិក៏មានការភ្ញាក់ផ្អើលដែរ ព្រោះក្មេងកំព្រាទាំង៤នាក់ដែលស្ដ្រីជាម្ដាយបានរត់ចោលបាត់ទៅនោះ ត្រូវម្ដាយមីងមិនអាចតស៊ូចិញ្ចឹមពួកគេបាន ។ ទោះបីជាបែបណា អ្នកភូមិគ្រប់គ្នាដែលក្រីក្រដែរនោះ ក៏មិនអាចជួយចិញ្ចឹមពួកគេបានដែរ ព្រោះថាមិនអាចយកបង ឬប្អូនមកចិញ្ចឹមតែម្នាក់ ឬ២នាក់ បានឡើយ បើចិញ្ចឹមគឺចិញ្ចឹមទាំង៤នាក់។ បន្ទាប់ពីមានការចាត់ចែងពីលោកមេភូមិពិតណាស់ថា ក្មេងកំព្រា ទាំង៤នាក់ បងប្អូននឹងទៅនៅវត្ដ ផ្ញើវាសនាលើបាយបាត្រ ដែលអ្នកភូមិសង្ឃឹមថា ពួកគេនឹងបន្ដរស់ តទៅទៀត ក្នុងនាមជាកូនចាបព្រាត់សំបុក។ អ្វីដែលគួរឱ្យអនិច្ចានោះ ក្មេងប្រុសជាបងដែលមាន អាយុ ១២ឆ្នាំ ត្រូវក្លាយខ្លួនជាឪពុកថែទាំប្អូនៗ ដើម្បីបន្ដហែលឆ្លងវាលវដ្ដសង្សារដ៏ធំធេងនេះ ។ កោះសន្ដិភាព សង្ឃឹមថា សប្បុរសជនជាជនរួមជាតិទាំងក្នុង និងក្រៅប្រទេសពិតជាជួយកូនចាបមួយសំបុកនេះមិនខាន ទៅតាមលទ្ធភាពរៀងៗខ្លួន ។
Labels: សណ្ដាប់ធ្នាប់
for this post
Leave a Reply