ឃាត់ខ្លួនលោកស្រីអេង ប៊ុនឃាង រឿងជំពាក់ប្រាក់មិនសងតុលាការក្រុងមិនឃុំខ្លួន
រាជធានីភ្នំពេញ ៖ លោកស្រីអេង ប៊ុនឃាង ដែលគេស្គាល់ថាជានាយិកាក្រុមហ៊ុន KSK បានត្រូវ កំលាំងសមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនកាលពីព្រលប់ថ្ងៃទី១ មិថុនា នៅភោជនីយដ្ឋានយីហោស៊ីធីខេត ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សីក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ទាក់ទិននឹងការឃាត់ ខ្លួនស្ដ្រីរូបនោះត្រូវបានមន្ដ្រីនគរបាលក្រសួងមហាផ្ទៃឱ្យដឹងថា យោងលើពាក្យបណ្ដឹងរបស់បុរសឈ្មោះ គឹម ណាន អាយុ៣១ឆ្នាំ ជានាយកក្រុមហ៊ុន GIMC ស្ថិតនៅភូមិ “ឃ” សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
មន្ដ្រីនគរបាលក្រសួងមហាផ្ទៃបានឱ្យដឹងទៀតថា លោកស្រីអេង ប៊ុនឃាង អាយុ៤៤ឆ្នាំ ជានាយិកាក្រុមហ៊ុន KSK ស្នាក់នៅផ្ទះលេខ41Z ផ្លូវលេខ៣៦៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ត្រូវបានចោទ ប្រកាន់ពីបទឆបោកប្រាក់ពីក្រុមហ៊ុន GIMC ចំនួន៨៦.៦៣៨ដុល្លារ ។ តាមបណ្ដឹងរបស់លោក គឹម ណាន នាយកក្រុមហ៊ុន GIMC បានប្ដឹងចោទប្រកាន់លោកស្រីអេង ប៊ុនឃាង ថា កាលពីអំឡុងឆ្នាំ២០០២-២០០៣ លោកស្រីនិងកូន២នាក់បានទៅខ្ចីលុយពីក្រុមហ៊ុនហាស្សាន់ខេមបូឌាឌីវីឡុបមិន ច្រើនលើក ច្រើនសា ដោយមានទាំងធ្វើកិច្ចសន្យាត្រឹមត្រូវផង ។ ក្នុងកិច្ចសន្យានោះ លោកស្រីអេង ប៊ុនឃាង បានដាក់ ថា យកលុយទៅប្រើប្រាស់លុបដីនៅម្ដុំបឹងកក់ ហើយសន្យាថា កាត់ដីនោះចំនួន៥០%សងមកក្រុមហ៊ុន KSK វិញ ប៉ុន្ដែក្រោយពីលោកស្រីខ្ចីលុយបានហើយ លោកស្រីមិនដឹងយកលុយនោះ ទៅប្រើប្រាស់ អ្វីទេ។ លុះនៅឆ្នាំ២០០៣ លោកស្រីត្រូវបាននគរបាលក្រុងភ្នំពេញចាប់ខ្លួនបញ្ជូនទៅតុលាការ និងជាប់ ពន្ធនាគារបាត់ទៅ ហើយការចាប់ខ្លួនមាន២ទៅ៣លើក តាមបណ្ដឹងរបស់ម្ចាស់បំណុលផ្សេងទៀត ដែល នាយិការូបនេះបានជាប់ចោទពីបទឆបោក ។
មន្ដ្រីនគរបាលក្រសួងមហាផ្ទៃបានឱ្យដឹងទៀតថា ជាច្រើនឆ្នាំដែលតុលាការបានឃុំខ្លួន និងនៅជាប់បណ្ដឹង របស់អ្នកដទៃនោះ លោកស្រីអេង ប៊ុនឃាង មិនបានគិតគូរសងប្រាក់ទៅក្រុមហ៊ុន GIMC ទេ ថែម ទាំងគេចវេះ ចំពោះដើមបណ្ដឹងទៀតផង ទើបបានជាថ្មីៗនេះ ក្រុមហ៊ុន GIMC បានដាក់ពាក្យប្ដឹងទៅ ក្រសួងមហាផ្ទៃឱ្យធ្វើការឃាត់ខ្លួនដើម្បីទូទាត់លុយជំពាក់ ។ ប៉ុន្ដែដំណោះស្រាយនៅសមត្ថកិច្ចក្រសួង មហាផ្ទៃពុំមានលទ្ធផលទេ ដូច្នេះហើយទើបថ្ងៃទី៤ មិថុនា នគរបាលក្រសួងមហាផ្ទៃបានបញ្ជូនខ្លួន លោកស្រីឡើងតុលាការក្រុងភ្នំពេញទាំងមនុស្សទាំងសំណុំរឿង ។
ពេលបញ្ជូនខ្លួនលោកស្រីអេង ប៊ុនឃាង ទៅតុលាការ យើងមិនបានដឹងហេតុផលយ៉ាងណាទេ ព្រោះតុលាការសំរេចមិនឃុំខ្លួនលោកស្រីឡើយ ថែមទាំងអនុញ្ញាតឱ្យទៅផ្ទះវិញ រីឯដើមបណ្ដឹងទំនងមិន សុខចិត្ដកំពុងប្រឹងប្រែងជាមួយមេធាវីធ្វើពាក្យប្ដឹងទៅស្ថាប័នតុលាការជាន់ខាងលើទៀត ។ កោះសន្ដិភាព ពុំទទួលបានការបំភ្លឺពីលោកស្រីអេង ប៊ុនឃាង នាយិកាក្រុមហ៊ុន KSK នោះទេ ដោយទូរស័ព្ទ ពុំអាចទាក់ទងបាន ។
Labels: សណ្ដាប់ធ្នាប់, សន្តិសុខ
for this post
Leave a Reply