កុងត្រូលជជុះធ្វើឱ្យអ្នករកស៊ីតូចតាចក្ដៅក្រហាយ
ខេត្ដកំពង់ឆ្នាំង ៖ កុងត្រូលជជុះមួយកន្លែងកំពុងធ្វើឱ្យអ្នករកស៊ីតូចតាចក្ដៅក្រហាយ ឯសំរាប់រថយន្ដ ដឹកឈើប្រណីតវិញគឺ“អូខេ” ឱ្យតែបង់លុយតាមសម្រួល តែបើហ៊ានគេចវេះច្បាស់ជារឿងធំហើយ ឱ្យតែ ក្រុមនេះដេញតាមពិតជាញាក់សាច់មិនខាន។
កុងត្រូលជជុះខាងលើនេះ បានមកបោះទីតាំងរាប់ខែមកហើយក្នុងទឹកដីខេត្ដកំពង់ឆ្នាំង គឺនៅចំណុច គល់ស្ពានក្រាំងពន្លៃ(ពីខាងលិច) ស្ថិតក្នុងភូមិក្រាំងពន្លៃ ឃុំផ្សារត្រាច ស្រុកកំពង់ត្រឡាច ។ ក្រុមកុង ត្រូលជជុះនេះមានគ្នាប្រមាណ២០នាក់ រួមទាំងកម្លាំងកងរាជអាវុធហត្ថផង ដែលគេស្គាល់ម្នាក់ ឈ្មោះលីន ជាអ្នកខ្លាំងខាងប្រដេញរថយន្ដ បុកស្ទាក់ចាប់ប្រៀបបានកូនខ្លាសំរាប់ប្រដេញយ៉ាងដូច្នោះដែរ ។ ក្រុមនេះ មានមធ្យោបាយរថយន្ដស៊ីរ៉ែនមួយគ្រឿង កាមរីគូទប៉ោងស៊េរី៩៣ មួយគ្រឿង និងកាមរីស៊េរី៨៥ មួយគ្រឿង ។
អ្នករកស៊ីតូចតាចត្រឹមដឹកគ្រឿងសង្ហារិម ពាក់កណ្ដាលកែច្នៃ ត្រូវឈប់បង់លុយក្នុងមួយរថយន្ដពី ២០ទៅ៣០ម៉ឺនរៀល បើមិនបង់លុយទេមិនឱ្យចេញឡើយ។ ចំណែករថយន្ដដឹកឈើប្រណីតវិញ (រថយន្ដ គូទប៉ោង) បើចូលបង់តាមសម្រួលក្នុងមួយរថយន្ដ២០០ដុល្លារ ផ្ទុយទៅវិញបើមានបំណងគេចវេះ ឱ្យតែ ហ៊ានរថយន្ដប្រដេញចាប់បានគឺក្នុងមួយរថយន្ដពី៦០០ដុល្លារទៅ១០០០ដុល្លារ នេះគឺជាការអះអាងរបស់ ក្រុមអ្នករកស៊ីឈើបានខ្សឹបប្រាប់ ។ តាមប្រភពព័ត៌មាននេះ គឺក្រុមកុងត្រូលជជុះខាងលើគេចាប់ផ្ដើមដាក់ ពីម៉ោង១០ព្រឹករហូតដល់យប់។ បើតាមប្រជាពលរដ្ឋដែលរស់នៅក្បែរកុងត្រូលអត់ច្បាប់នោះបានប្រាប់ថា ក្នុងមួយថ្ងៃៗកុងត្រូលនេះរកប្រាក់ចំណូលរាប់លានរៀល។ ប្រការដែលហ៊ានហៅថា កុងត្រូលជជុះអត់ ច្បាប់ព្រោះការដាក់កុងត្រូលនេះពុំបានសុំច្បាប់អាជ្ញាធរមូលដ្ឋានឡើយ ។ សព្វថ្ងៃនេះមន្ដ្រីប៉េអឹមជើងខ្លាំង ជាងគេខាងប្រដេញ ចាប់រថយន្ដគូទហើមដឹកឈើប្រណីត ឬមិនដឹកអីសោះ ឱ្យតែឃើញដឹកទំនងជាធ្ងន់ត្រូវ តែដេញភ្លាម គឺឈ្មោះលីន ។
ជុំវិញព័ត៌មានដែលទទួលបានពីអ្នករកស៊ីតូចតាចខាងលើ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ក្រុមកុងត្រូល ជជុះនេះពិតជាមិនមានច្បាប់ទម្លាប់មែន និងមិនមែនជាការដាក់កុងត្រូលបង្ក្រាបបទល្មើសព្រៃឈើ ពិតប្រាកដឡើយ គឺដាក់កុងត្រូលយកលុយចែកគ្នាដាក់ហៅប៉ៅទើបត្រូវជាង ព្រោះរាប់ខែមកហើយមិន ដែលឃើញបង្ក្រាបបានម្ដងណាសោះ។
Labels: សណ្ដាប់ធ្នាប់, សន្តិសុខ
for this post
Leave a Reply