ជនជាប់សង្ស័យប្លន់ជនបរទេស ប៉ូលិសខណ្ឌដូនពេញក្របួចបាន៥នាក់
រាជធានីភ្នំពេញ ៖ ក្រុមយុវជនប្រើប្រាស់ថ្នាំញៀនចំនួន៥នាក់ ក្នុងចំណោមបក្សពួក៦នាក់ ត្រូវ បានសមត្ថកិច្ចប៉ូលិសនៃអធិការដ្ឋានខណ្ឌដូនពេញបង្ហាញមុខកាល ពីព្រឹកថ្ងៃទី៤ មិថុនា បន្ទាប់ពីក្របួច បានក្រោយពេលពួកគេធ្វើសកម្មភាពប្លន់កាបូបជនបរទេសនៅមាត់ទន្លេ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលI ខណ្ឌ ដូនពេញ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ឧសភាកន្លងមក រួចព្យាយាមរត់គេចខ្លួន តែត្រូវ កំលាំងប៉ូលិសស្រាវជ្រាវចាប់ជាបន្ដបន្ទាប់ ។
លោកអនុសេនីយ៍ឯក យឹម សុជាតិ អធិការរងប៉ូលិសខណ្ឌដូនពេញទទួលបន្ទុកការងារយុត្ដិធម៌ បានឱ្យ ដឹងថា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ឧសភា នៅចំណុចមាត់ទន្លេ ផ្លូវលេខ១៤៤ កែងវិថី ព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ផ្សារកណ្ដាល I ខណ្ឌដូនពេញ ក្រុងភ្នំពេញ មានករណីវាយប្លន់ជនបរទេស២នាក់ ម្នាក់ឈ្មោះ SALEEM NOWAZKHAM ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិប៉ាគីស្ថាន ជាគ្រូ បង្រៀនសាសនាគ្រិស្ដ និងម្នាក់ទៀត ឈ្មោះ LORRAIN GANNG ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិ អៀរឡង់ ជាភ្ញៀវទេសចរស្នាក់នៅផ្ទះលេខ១០៦ ផ្លូវលេខ២៧១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ដោយប្លន់យកកាបូបលុយនិងគ្រឿងអលង្ការដែលបង្កឡើងដោយជនល្មើសចំនួន៦នាក់ មានម៉ូតូ១គ្រឿង ម៉ាកវ៉េវពណ៌ក្រហម ។ ជនល្មើស៥នាក់ បានធ្វើសកម្មភាពដោយប្រើដាវគំរាមជនបរទេសទាំង២នាក់ ពេលប្លន់បានសំរេចហើយពួកគេរត់គេចខ្លួនបាត់អស់ ។
បន្ទាប់ពីសមត្ថកិច្ចជំនាញទទួលពាក្យបណ្ដឹង និងចុះពិនិត្យកន្លែងកើតហេតុរួច ក៏បានកំណត់មុខសញ្ញា ធ្វើការស្រាវជ្រាវរហូតឈានទៅចាប់ខ្លួនបានជាបន្ដបន្ទាប់នៅថ្ងៃទី២ មិថុនា ដែល មាន១-ឈ្មោះសុខ យ៉ា ហៅស្នា ហៅក្បាលធំ អាយុ១៧ឆ្នាំ, ២-ឈ្មោះខន ដារ៉ា ហៅសក់ក្រហម អាយុ២២ឆ្នាំ, ៣-ឈ្មោះ សៀប ថេត អាយុ១៨ឆ្នាំ, ៤-ឈ្មោះ ចាន់ វ៉ិត អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះជួលប្លុកស្ថានីយរថភ្លើងសង្កាត់ស្រះចក ខណ្ឌដូនពេញ និង៥-ឈ្មោះសាន ប្រាក់ ហៅញ៉ាញ់ អាយុ១៤ឆ្នាំ ជនទាំង៥នាក់នេះគឺជាប្រភេទក្រុមប្រើ ថ្នាំញៀន ស្នាក់នៅមិនច្បាស់លាស់ ។
លោកអនុសេនីយ៍ឯកយឹម សុជាតិ បានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនជនជាប់ចោទទាំង៥នាក់ខាងលើ សមត្ថកិច្ចបានធ្វើការឆែកឆេរផ្ទះលេខ21BE1z ផ្លូវលេខ១៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ជាផ្ទះ របស់ឈ្មោះ ហាប់ សុខុន ហៅវែង ភេទប្រុស អាយុ២៧ឆ្នាំ ជាមេក្លោង ដែលបានរត់គេចខ្លួនបាត់។ សមត្ថកិច្ចដកហូតបានចិញ្ចៀនដែកពណ៌ឆ្នូតខ្មៅកណ្ដាល ចំនួន១វង់ កាបូបស្ពាយតូចពណ៌ខ្មៅមានខ្សែ ស្ពាយចំនួន១ និងកូនកាបូបតូចពណ៌ខ្មៅ មានអក្សរ PORTA VENTURA ចំនួន១ ។
យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះបានបញ្ជាក់ថា កាបូបស្ពាយពណ៌ខ្មៅ ដែលចោរប្លន់យកទៅនោះ មានម៉ាស៊ីនថត ម៉ាក SAMSUNG មួយគ្រឿង, ប្រាក់ចំនួន៤៥០ដុល្លារ ប្រាក់យូរ៉ូ១.៥០០ លិខិត ឆ្លងដែនមួយក្បាល, ចិញ្ចៀនពេជ្រមួយវង់តំលៃ៦.០០០យូរ៉ូ កងដៃពេជ្រមួយវង់តំលៃ៥.០០០យូរ៉ូ ខ្សែ.ក ពេជ្រមួយខ្សែតំលៃ៧០០យូរ៉ូ និងនាឡិការដៃម៉ាក TAGWER មួយតំលៃ២០០ យូរ៉ូ ។
ជនជាប់សង្ស័យទាំង៥នាក់នេះបច្ចុប្បន្នឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានប៉ូលិសខណ្ឌដូនពេញ ដើម្បី កសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
Labels: ទេសចរណ៍, សណ្ដាប់ធ្នាប់, សន្តិសុខ
for this post
Leave a Reply