សាងសង់បណ្ណាល័យសម្ដេចព្រះសង្ឃរាជបណ្ឌិតអក្សរសាស្ដ្រជួន ណាត
រាជធានីភ្នំពេញ ៖ បណ្ណាល័យសម្ដេចព្រះសង្ឃរាជបណ្ឌិតអក្សរសាស្ដ្រជួន ណាត ដែលសាងសង់ឡើង នៅវត្ដនួនមណីរាម ហៅវត្ដថាន់ ក្នុងរាជធានីភ្នំពេញ បច្ចុប្បន្នសំរេចបានប្រមាណ៤០%ហើយ។ ទោះជា យ៉ាងណា ដោយសារការសាងសង់ទីសំរាប់តំកល់ឯកសារព្រះពុទ្ធសាសនា វប្បធម៌ អក្សរសាស្ដ្រ មនុស្សសាស្ដ្រ...ដ៏មានតំលៃនេះជួបប្រទះការខ្វះខាត គណៈកម្មការសាងសង់បានអំពាវនាវឱ្យមានការចូល រួមឧបត្ថម្ភពីសប្បុរសជនទាំងនៅក្នុងនិងនៅក្រៅប្រទេស ។ តាមព្រះគ្រូសាសនវង្សាចារ្យ ហួត ង៉ែត គង់នៅវត្ដថាន់ ជាអ្នកដឹកនាំសាងសង់មានសង្ឃដីកាថា បណ្ណាល័យសម្ដេចព្រះសង្ឃរាជ បណ្ឌិតអក្សរសាស្ដ្រ ជួន ណាត មានបណ្ដោយ១៧ម៉ែត្រ ទទឹង១៥ម៉ែត្រ និងមានកំពស់២ជាន់ សាងសង់អំពីថ្មបាយក្រៀម។ ចំពោះអ្នកផ្ដួចផ្ដើមគំនិតសាងសង់បណ្ណាល័យនេះឡើង គឺសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស, ព្រះអង្គផ្ទាល់(ហួត ង៉ែត), ព្រះមហាយិន នឿន ព្រះសង្ឃខ្មែរនៅសហរដ្ឋអាមេរិក, ព្រះមហាសម យស ព្រះសង្ឃខ្មែរគង់នៅប្រទេសបារាំង, ព្រះមហាស៊ីវ សុផាន់ ព្រះសង្ឃខ្មែរនៅប្រទេសអូស្ដ្រាលី និងព្រះគ្រូ ផាន់ នឿន គង់នៅវត្ដថាន់ជាដើម។ បច្ច័យសំរាប់សាងសង់បណ្ណាល័យរហូតសំរេចបាន ប្រមាណ៤០ភាគរយ នេះ គឺបានពីសប្បុរសជននានា តែនៅតែត្រូវការជំនួយឧបត្ថម្ភបន្ដទៀតដើម្បីឱ្យស្នាដៃនេះរួចរាល់ជា ស្ថាពរ។ ខណៈកំពុងជួបការខ្វះខាតនេះព្រះអង្គអំពាវនាវដល់សប្បុរសជនទាំងនៅក្នុងប្រទេស និងនៅ ក្រៅប្រទេស សូមឱ្យជួយឧបត្ថម្ភតាមសទ្ធាជ្រះថ្លា ។
ព្រះអង្គបញ្ជាក់ថា ក្នុងចំណោមសប្បុរសជនដែលបានចូលរួមឧបត្ថម្ភកន្លងមកនោះមាន លោកតាមហា ព្រឹទ្ធាចារ្យ ហ៊ុន នាង បិតាសម្ដេចនាយករដ្ឋមន្ដ្រីផងដែរ គឺលោកតាមហាព្រឹទ្ធាចារបានផ្ដល់ដែក និងស៊ីម៉ង់ត៍ជាច្រើន ។
ព្រះគ្រូសាសនវង្សាចារ្យ ហួត ង៉ែត មានសង្ឃដីកាបន្ដថា ចំពោះឯកសារដែលគ្រោងយកមកដាក់តំកល់ ក្នុងបណ្ណាល័យនោះ គឺផ្ដល់អាទិភាពទៅលើស្នាព្រះហស្ដរបស់សម្ដេចព្រះសង្ឃរាជបណ្ឌិតអក្សរសាស្ដ្រ ជួន ណាត និងឯកសារទាក់ទងព្រះជីវប្រវត្ដិរបស់ព្រះអង្គ ។ ក្រៅពីនេះគឺឯកសារព្រះជីវប្រវត្ដិរបស់សម្ដេច ព្រះសង្ឃរាជគ្រប់ជំនាន់រហូតដល់បច្ចុប្បន្ន និងឯកសារជីវប្រវត្ដិរបស់ឥស្សរជនខ្មែរយើងផងដែរ ។ ចំពោះ ឯកសារទូទៅមានគម្ពីរព្រះពុទ្ធសាសនាជាច្រើនភាសា ឯកសារវប្បធម៌ វិទ្យាសាស្ដ្រ ច្បាប់ និង ឯកសារវិជ្ជាជីវៈគ្រប់យ៉ាង ។
ព្រះអង្គបន្ដថា ក្នុងបណ្ណាល័យនេះ ក្រៅពីឯកសារនានាមានថែវសំរាប់តាំងរូបភាព សប្បុរសជនចូលរួម សាងសង់ និងផ្ដល់ឯកសារ ។ តាំងរូបសំណាកអ្នកប្រាជ្ញនានាធ្វើពីឈើ និងថ្មផ្សេងៗ ។ មានសាល សំរាប់អាន សិក្សា ប្រតិបត្ដិ ស្រាវជ្រាវ និងវិភាគ ព្រមទាំងមានផ្ទាំងមគ្គុទ្ទេសក៍ប្រាប់ទីតាំងឯកសារ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការស្វែង រករបស់អ្នកអាន ។
ចំពោះគោលបំណងនៃការសាងសង់បណ្ណាល័យសម្ដេចព្រះសង្ឃរាជបណ្ឌិតអក្សរសាស្ដ្រជួន ណាត នេះឡើង គឺដើម្បីទុកជាទីកំចាត់គ្រោះអវិជ្ជា និងអភិវឌ្ឍធនធានមនុស្ស ឱ្យមានចំណេះដឹងខ្ពស់ទាំងផ្លូវព្រះពុទ្ធ សាសនា និងផ្លូវលោក ។
for this post
Leave a Reply