កូនតុងទីននាំគ្នាចាប់មេតុងទីនបន្ទាប់ពីដឹងថាបានចាញ់បោក
រាជធានីភ្នំពេញ ៖ ស្ដ្រីជាមេតុងទីនម្នាក់ ត្រូវបានកូនដែលចាញ់បោកធ្វើការចាប់ខ្លួន ប្រគល់ឱ្យទៅប៉ូលិស ខណ្ឌដង្កោចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីមេតុងទីននេះបានបោកលុយអស់ជាច្រើន ។ ហេតុការណ៍ ចាប់ខ្លួនស្ដ្រីរូបនេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី៥ មិថុនា នៅចំណុចក្នុងភូមិ ព្រៃទា សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ស្ដ្រីជាមេតុងទីនឈ្មោះគឹម សាន អាយុ៤២ឆ្នាំ មានទីលំនៅក្នុងភូមិខាងលើ ពេលនេះកំពុងត្រូវ បានឃុំខ្លួននៅអធិការដ្ឋាន ប៉ូលិសខណ្ឌដង្កោដើម្បីធ្វើការសាកសួរ និង កសាងសំណុំរឿង ។
ប៉ូលិសខណ្ឌដង្កោបានឱ្យដឹងក្នុងពេលធ្វើសន្និសីទកាសែតបង្ហាញមុខស្ដ្រីនេះថា អ្នកដែលចាញ់បោកមេ តុងទីនរូបនេះមានចំនួន៥៤នាក់ ជាអ្នករស់នៅក្នុងភូមិ-សង្កាត់ជាមួយគ្នានោះដែរ ហើយតុងទីនដែល ពួកគេលេងជាមួយគ្នានោះមានចំនួន៦ក្បាលឯណោះ ដែលក្នុង១ក្បាលមានចាប់ពី៥ដុល្លារ ទៅ៦០ដុល្លារ ។ មន្ដ្រីប៉ូលិសដដែលបានបន្ដថា ស្ដ្រីជាមេតុងទីនបានប្រមូលយកលុយរបស់កូនទាំង៥៤នាក់នោះ ជារៀង រាល់ខែ ហើយសរុបដែលគេប្រមូលបានមានចំនួន១៩.០៩៥ដុល្លារ និង១១លាន ៦សែន ៨ម៉ឺនរៀល ក្នុង រយៈពេលជិត១ឆ្នាំកន្លងមកហើយ។
ក្រុមអ្នកចាញ់បោកមេតុងទីនបានឱ្យដឹងថា ពេលតុងទីនដែលពួកគាត់ដេញបាន ពុំឃើញមេតុងទីនរូបនោះ ប្រមូលលុយឱ្យទេ ប៉ុន្ដែទាមទារឱ្យពួកគាត់បង់ឱ្យរាល់ខែទៀត ដោយស្ដ្រីជាមេតុងទីនរូបនោះបានប្រមូល យកលុយរបស់ពួកគាត់ទៅទុកក្នុងហោប៉ៅរបស់ខ្លួន តុបតែងធ្វើផ្ទះសម្បែងដើរចាយវាយហ៊ឺហា ហើយ ធ្វើខួបកំណើតឱ្យកូនស្ទើររាល់ខែ ។ ប្រភពដដែលបានបន្ដថា ចំនួនអ្នកដេញបាន មានការកើនឡើង កាន់តែច្រើន ហើយម្នាក់ៗបាននាំគ្នាទៅកាន់ផ្ទះមេតុងទីនរង់ចាំយកលុយដែលដេញបានរាល់ថ្ងៃ។ ប៉ុន្ដែមេ តុងទីនមុខក្រាស់ខ្លាំងណាស់ធ្វើមិនដឹងមិនឮ ពុំព្រមឱ្យលុយនោះទេ ចំណែកឯអ្នកដែលពុំទាន់ដេញបានក៏ មានការងឿងឆ្ងល់ចំពោះគំនិតរបស់មេដែរ ប៉ុន្ដែម្នាក់ៗពុំទាន់មានការតវ៉ាទេ ចេះតែបង់រហូតជាប្រចាំ។ ប្រភពដដែលបានបន្ដថា ដោយសារពុំមានសង្ឃឹមថានឹងអាចយកលុយដែលដេញបានពួកគាត់ក៏បានធ្វើការ ជំនុំពិភាក្សាគ្នារកគន្លឹះដោះស្រាយ ហើយក៏សំរេចចិត្ដធ្វើការឃាត់ខ្លួនមេតុងទីនបោកប្រាស់នោះ ប្រគល់ ទៅឱ្យប៉ូលិសខណ្ឌដង្កោតែម្ដង ។
ស្ដ្រីជាមេតុងទីននោះបានសារភាពប្រាប់ប៉ូលិសថា ខ្លួនពិតជាបានធ្វើបែបនេះមែន ពេលនេះខ្លួនមានគំរោង លក់ផ្ទះ ឬដីដើម្បីយកលុយសងអ្នកដែលចាញ់បោកទាំងនោះ។ ប៉ូលិសនិយាយថា ប្រជាពលរដ្ឋដែលចាញ់ បោកមេតុងទីននេះសុទ្ធតែមានការយល់ដឹងច្រើន ទើបចាប់ខ្លួនស្ដ្រីរូបនោះប្រគល់ឱ្យប៉ូលិសដោះស្រាយ ប្រសិនបើគាត់ពុំមានការគិតគូរផ្លូវច្បាប់វិញនោះ ប្រហែលជាមេតុងទីនម្នាក់នេះត្រូវមានគ្រោះថ្នាក់ធំ ហើយ។
Labels: សន្តិសុខ
for this post
Leave a Reply