ជនអន្ធពាលហៅផឹកមិនព្រមផឹកតាមចាក់១កាំបិតដល់ផ្ទះ
រាជធានីភ្នំពេញ ៖ យុវជនចំនួន៤នាក់ត្រូវប៉ូលិសប៉ុសិ៍្ដរដ្ឋបាលសង្កាត់កាកាប សហការជាមួយប៉ូលិស ខណ្ឌដង្កោឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយជាប់ចោទពីបទចាក់យុវជនម្នាក់១ កាំបិតបណ្ដាលឱ្យរបួសជាទម្ងន់ ព្រោះតែខឹងមិនព្រមចូលផឹកស៊ីជាមួយពួកគេ ។ ហេតុការណ៍នោះ កើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៥ មិថុនា នៅក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់ កាកាប ខណ្ឌដង្កោ ក្រុងភ្នំពេញ ។
ក្រុមជនជាប់ចោទទាំង៤នាក់នោះ ១-ឈ្មោះសាក់ សុខុម អាយុ២០ឆ្នាំ មានស្រុកកំណើតនៅខេត្ដព្រៃវែង ២-ឈ្មោះស៊ឹប នី អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក ខេត្ដកំពត ៣-ឈ្មោះស៊ិន ចាន់ណារិទ្ធ អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ធ្លាប់ ជាប់គុកម្ដងកាលពីឆ្នាំ១៩៩៩ ពីបទមនុស្សឃាត និង៤-ឈ្មោះកៅ ចន្ថា អាយុ១៨ឆ្នាំ ជាកូនមេភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ ។
មន្ដ្រីប៉ូលិសខណ្ឌដង្កោមួយរូបឱ្យដឹងថា ជនរងគ្រោះឈ្មោះយឹម ស៊ិនហាវ អាយុ២០ ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុនោះ ។ គេរងរបួស១កាំបិតចិតបន្លែ ត្រង់ស្លាបប្រចៀវខាងឆ្វេង ពេលនេះសំរាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យព្រះកុសមៈ ។ មន្ដ្រីប៉ូលិសបន្ដទៀតថា នៅរសៀល នោះពេលក្រុមជនជាប់ចោទទាំង៤នាក់អង្គុយផឹកស្រា.ស នៅតៀមលក់ដូរមួយ ក្បែរផ្លូវឃើញយុវជន រងគ្រោះជាអ្នកស្គាល់គ្នាជិះកង់ចេញពីការដ្ឋានសំណង់ឆ្លងកាត់ទីនោះ ក៏ស្រែកហៅឱ្យចូលរួមផឹកស៊ីជាមួយ ពួកគេ។ ឈ្មោះយឹម ស៊ិនហាវ បានប្រកែកមិនចូលរួមទេដោយលើកមូលហេតុថា រូបគេពុំសូវស្រួលខ្លួន ម្យ៉ាងទៀតប្រញាប់ទៅផ្ទះ ហើយក៏ជិះកង់ទៅផ្ទះបាត់ទៅ ។
ការប្រកែកនោះធ្វើឱ្យក្រុមអ្នកផឹកខឹងយ៉ាងខ្លាំង ក៏នាំគ្នាដើរទៅផ្ទះឈ្មោះយឹម ស៊ិនហាវ ហើយចាក់ ១កាំបិត ព្រមទាំងប៉ុនប៉ងចាក់ជាច្រើនកាំបិតទៀត ប៉ុន្ដែត្រូវអ្នកជិតខាងរារាំង ។ តាមការប្ដឹងរបស់ សាច់ញាតិអ្នករងគ្រោះប៉ូលិសបានទៅឃាត់ខ្លួនជនទាំង៤នាក់នោះ ព្រមទាំងដកហូតដាវ១ដើម ឯកូន កាំបិតដែលបង្ករបួសពួកគេបានបោះចោលបាត់ ។
ប៉ូលិសនិយាយថា ជនជាប់ចោទទាំង៤នាក់សមត្ថកិច្ចឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោ ហើយ នឹងកសាងសំណុំ រឿងបញ្ជូនទៅតុលាការ ។
Labels: សណ្ដាប់ធ្នាប់, សន្តិសុខ, អំពើហឹង្សារ
for this post
Leave a Reply