ក្រសួងបរិស្ថាននិងអាជ្ញាធរខេត្ដសៀមរាបប្រារឰទិវាបរិស្ថានឆ្នាំ២០០៧
ខេត្ដសៀមរាប ៖ តាមការកំណត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញនូវអនុក្រឹត្យ លេខ១៥អនក្រ. បក ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩៦ តំរូវយកថ្ងៃទី៥ មិថុនា ជាថ្ងៃប្រារឰទិវាបរិស្ថាន ជាតិ និងទិវាបរិស្ថានពិភពលោកជារៀងរាល់ឆ្នាំនៅទូទាំងប្រទេស ដោយមានការចូលរួមពីសំណាក់ សមាគម អង្គការក្រៅរដ្ឋាភិបាល ដែលស្ថិតនៅក្រោមពាក្យស្លោក “បរិស្ថានល្អ សង្គមល្អ វប្បធម៌រុងរឿង និងទីក្រុងស្អាត បរិស្ថានល្អជាប្រភពនៃសុខភាពរបស់ប្រជាជន” និងក្រោមប្រធានបទ “ការរលាយទឹកកក នៅតំបន់ប៉ូលជាប្រធានបទដ៏ក្ដៅគគុក”។ មិទ្ទិញស្ដីពីការចូលរួមអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថាន ពិភពលោក ថ្ងៃទី៥ មិថុនា ឆ្នាំ២០០៧ ត្រូវបានក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរខេត្ដសៀមរាប ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាលរៀបចំធ្វើឡើងនៅក្នុងបរិវេណនៃវិទ្យាល័យអង្គរ កាលពីព្រឹកថ្ងៃទី៤ មិថុនា ក្រោមអធិបតីភាព លោកបណ្ឌិតម៉ុក ម៉ារ៉េត ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងលោក ស៊ូ ភិរិន្ទ អភិបាលខេត្ដសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់សមាគម-អង្គការក្រៅ រដ្ឋាភិបាល មន្ដ្រីតំណាងឱ្យក្រសួង-ស្ថាប័នមន្ទីរពាក់ព័ន្ធនានា ក្នុងខេត្ដរួមជាមួយប្រជាពលរដ្ឋយ៉ាង ច្រើនកុះករ ។
បន្ទាប់ពីមតិស្វាគមន៍របស់លោកទេព ប៊ុនឆាយ អភិបាលស្រុកសៀមរាប និងការលើកឡើងជាចំណាប់ អារម្មណ៍របស់លោកសេង សាវី អគ្គនាយកក្រុមហ៊ុនស៊ីនទ្រី (កម្ពុជា) ចំកាត់ ព្រមទាំងចំណាប់អារម្មណ៍ របស់លោក ឈឹត សំអាត នាយកប្រតិបត្ដិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជាដែលថ្លែង បញ្ជាក់ថា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជាតាមរយៈគំរោងបរិស្ថាន បានធ្វើការយ៉ាងជិត ស្និទ្ធទៅលើបញ្ហាបរិស្ថាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងកំឡុងពេលប៉ុន្មានឆ្នាំនេះ NGO Forum បានធ្វើការយ៉ាងច្រើនជាមួយនឹងថ្នាក់ជាតិ និងអន្ដរជាតិក្នុងការជួយអប់រំផ្សព្វផ្សាយតស៊ូមតិពិភាក្សា និង គាំទ្រដល់សហគមន៍ទាំងឡាយដែលទទួលរងនូវផលប៉ះពាល់ ពីបញ្ហាបរិស្ថានបណ្ដាលមកពីគំរោង អភិវឌ្ឍន៍ធំៗទាំងក្នុងនិងក្រៅប្រទេស។ មិនតែប៉ុណ្ណោះយើងក៏បានធ្វើការយ៉ាងសកម្មផងដែរ ទៅលើ ការពង្រឹងសមត្ថភាពសហគមន៍ និងការងារបណ្ដាញតស៊ូមតិជាមួយនឹងបញ្ហាបរិស្ថានជាច្រើនដែលបណ្ដាល មកពីគំរោង ព្រៃ រ៉ែ និងដីសម្បទានធំៗនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។ លោកបញ្ជាក់ថា បញ្ហា កើនឡើងកំដៅផែនដី និងការប្រែប្រួលអាកាសធាតុមិនមែនមានបញ្ហាចំពោះតែ ប្រទេសកម្ពុជាមួយនោះ ទេតែនេះជាបញ្ហារួមដែលត្រូវធ្វើការគិតគូរពិចារណាទាំងអស់គ្នា ដើម្បីស្វែងរកដំណោះស្រាយ ពីព្រោះ បញ្ហានេះបណ្ដាលមកពីការបំពុលបរិយាកាស និងការបំផ្លាញស្រទាប់អូហ្សូនរបស់ផែនដីយើង ។
ថ្លែងនៅក្នុងឱកាសនោះ លោកស៊ូ ភិរិន្ទ អភិបាលខេត្ដសៀមរាបបានបញ្ជាក់ថា ខេត្ដសៀមរាប ជាខេត្ដដែលសំបូរដោយប្រាសាទបុរាណច្រើនជាងគេ ហើយក៏ជាខេត្ដដែលមានសក្ដានុពលសេដ្ឋកិច្ចខ្ពស់ លើវិស័យទេសចរណ៍វប្បធម៌ដែរ ដូច្នេះខេត្ដសៀមរាបជា ខេត្ដនិមិត្ដរូបនៃខឿនវប្បធម៌ដ៏រុងរឿង ដែល បុព្វបុរសខ្មែរយើងបានបន្សល់ទុកឱ្យជាកេរដំណែលប្រវត្ដិសាស្ដ្រ និងជានិមិត្ដរូបមួយ នៃខឿនបរិស្ថាន សង្គមវប្បធម៌ខ្មែរនាសម័យនោះ។ លោកអភិបាលខេត្ដបានថ្លែងបញ្ជាក់ទៀតថា ក្នុងនាមប្រមុខដឹកនាំ នៃ អាជ្ញាធរខេត្ដបានចាត់ទុកកិច្ចគាំពារបរិស្ថានជាចំណែកមួយដែលមិនអាចខ្វះបាន ក្នុងការរួមចំណែកគាំពារ ការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅក្នុងខេត្ដ ដែលអាជ្ញាធរបានគិតគូរដល់កិច្ចការពារ បរិស្ថានធម្មជាតិ ជាពិសេសធនធានព្រៃឈើ និងរក្សាដើមឈើធំៗ ដែលដុះលូតលាស់នៅក្នុងបរិវេណប្រាសាទនានា ព្រម ទាំងការដាំដើមឈើឡើងវិញជារបាំងការពារផងដែរ ។ ជាមួយគ្នានោះលោកស៊ូ ភិរិន្ទ បានធ្វើការ អំពាវនាវដល់គ្រប់ស្ថាប័នទាំងអស់ដែលពាក់ព័ន្ធត្រូវប្រឹងប្រែងឡើងថែមទៀត ដើម្បីស្រាវជ្រាវរកមុខអ្នក ដែលបំផ្លាញធនធានធម្មជាតិ ជាពិសេសការកាប់រានដី ព្រៃឈើ ព្រៃលិចទឹកដើម្បីទប់ស្កាត់ និងអប់រំ ណែនាំឱ្យបញ្ឈប់សកម្មភាពទាំងនោះ ឬប្ដឹងទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ ។ លោកបានសង្កត់ ធ្ងន់ថា យើងត្រូវខិតខំអនុវត្ដច្បាប់ដែលមានជាធរមានបន្ថែមទៀត ជាពិសេសបទបញ្ជាលេខ០១បប របស់ នាយករដ្ឋមន្ដ្រី ហ៊ុន សែន ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០០៦ ដែលបានព្រមានថា អ្នកប្រព្រឹត្ដ ល្មើសត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ ហើយប្រគល់ដីទាំងនោះមកឱ្យរដ្ឋវិញ ចៀសវាងការប្រឈមមុខ ជាមួយច្បាប់ ។
មានប្រសាសន៍ក្នុងឱកាសនោះដែរ លោកបណ្ឌិតម៉ុក ម៉ារ៉េត បានថ្លែងថា ទិវាបរិស្ថាន ៥ មិថុនា គឺជា ព្រឹត្ដិការណ៍ប្រវត្ដិសាស្ដ្រនៃចលនាអន្ដរជាតិដែលបានចាប់ផ្ដើមឡើងនៅ ឆ្នាំ១៩៩២ ក្រោមកិច្ចប្រជុំកំពូល នៅប្រទេសប្រេស៊ីល ដោយមានគោលបំណងជំរុញប្រទេសទាំងអស់ក្នុងសាកលលោកឱ្យកាន់តែ យកចិត្ដ ទុកដាក់ចំពោះបញ្ហាបរិស្ថានរបស់ខ្លួនដើម្បីធានាដល់ការអភិវឌ្ឍន៍ជាតិ និង ការរីកចំរើនក្នុងពិភពលោក ទាំងមូល ។ លោកទេសរដ្ឋមន្ដ្រីបានថ្លែងបញ្ជាក់ឱ្យដឹងផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យ លេខ១៥អនក្រ.បក ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩៦ ដោយកំណត់យកថ្ងៃទី៥ មិថុនារៀងរាល់ឆ្នាំ ជាថ្ងៃប្រារឰព្រមគ្នានូវទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ក្នុងគោលបំណងពញ្ញាក់ស្មារតីមនុស្ស គ្រប់ៗរូបឱ្យគិតគូរពីហានិភ័យបរិស្ថាននានា ដែលតែងកើតមានមកលើភពផែនដី និងជួយដាស់តឿនដល់ សហគមន៍យើងទាំងមូលឱ្យយកចិត្ដទុកដាក់ពីបញ្ហាបរិស្ថាន ដើម្បីផលប្រយោជន៍មនុស្សគ្រប់រូប និង សេដ្ឋកិច្ចសង្គមជាតិទាំងមូល ។ លោកបណ្ឌិតបានបញ្ជាក់ថា ទិវាបរិស្ថានឆ្នាំនេះគឺយើងចាប់អារម្មណ៍ ជាចំបងទៅលើការប្រែប្រួលអាកាសធាតុ ពិសេសកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ បានដាក់ចេញ នូវប្រធានបទមួយថា “ការរលាយទឹកកកនៅតំបន់ប៉ូលជាប្រធានបទដ៏ក្ដៅគគុក” ដែលប្រធានបទនេះ គឺសារមួយដ៏មានសារសំខាន់សំរាប់ប្រជាពលរដ្ឋទូទាំងសាកលលោក ក៏ដូចជាប្រជាជនកម្ពុជាយើងផងដែរ ឱ្យយកចិត្ដទុកដាក់ទៅលើភយន្ដរាយនានាដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ របស់ភពផែនដី ដោយសារសកម្មភាពរបស់មនុស្ស ។
Labels: បរិស្ថាន, ព្រឹត្ដិការណ៍
for this post
Leave a Reply