អ្នកលេងជាយដែនវាយគ្នាជាមួយក្រុមគ្រូបង្រៀននៅផ្ទះបនស្រី
ខេត្ដបាត់ដំបង ៖ ក្រុមក្មេងអន្ធពាលចំនួន៣នាក់ ដែលគេស្គាល់ថា ជាក្រុមអ្នកលេងជាយដែន ត្រូវ បាននគរបាលស្រុកសំពៅលូន តាមស្រាវជ្រាវឃាត់ខ្លួនបានកាលពីថ្ងៃទី៤ មិថុនា កន្លងមកនេះ បន្ទាប់ពី ក្រុមគេបានធ្វើសកម្មភាពវាយដំទៅលើគ្រូបង្រៀនចំនួន៤នាក់ ឱ្យរងរបួសយ៉ាងដំណំ កាលពីវេលាម៉ោង ១១និង៥៤នាទីយប់ថ្ងៃទី២ មិថុនា នៅចំណុចខាងមុខផ្ទះមន្ដ្រីនគរបាលម្នាក់ ដែលបើកបនស្រីបំរើផ្លូវភេទ ស្ថិតក្នុងក្រុមទី១០ ភូមិត្រញំងព្រលឹត ឃុំសន្ដិភាព ស្រុកសំពៅលូន ខេត្ដបាត់ដំបង ខណៈពេលដែលក្រុម ក្មេងពាល និងក្រុមគ្រូបង្រៀនទៅលេងស្រីញីនៅទីនោះទាំងអស់គ្នា ហើយកើតទំនាស់ពាក្យសំដីគ្នា បន្ដិចបន្ដួចក៏វាយតប់គ្នាតែម្ដង។
លោកឈិត សេង នាយផ្នែកនគរបាលយុត្ដិធម៌ស្រុកសំពៅលូនបានឱ្យដឹងថា ក្រុមក្មេងអន្ធពាលទាំង៣ នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនពីបទបង្ករបួសស្នាមនេះមាន១-ឈ្មោះវង្ស វិច អាយុ២៣ឆ្នាំ ជាជនដៃដល់ មុខរបរមិនពិតប្រាកដ ២-ឈ្មោះញ៉ែម សុដែន អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ និង៣-ឈ្មោះវុធ ថន អាយុ២៦ឆ្នាំ ជាជាងជួសជុលម៉ូតូទាំង៣នាក់រស់នៅភូមិ-ឃុំកើតហេតុខាងលើ ដោយឡែកក្រុមគ្រូ បង្រៀនដែលអះអាងថា រងគ្រោះដោយក្រុមក្មេងពាលវាយនោះមានគ្នា៧នាក់ តែត្រូវក្រុមអន្ធពាលវាយ តែ៤នាក់ទេ ក្នុងនោះមាន១-ឈ្មោះមាស បារាំង អាយុ២៦ឆ្នាំ ២-ឈ្មោះ សាត់ កំសត់ អាយុ២៦ឆ្នាំ ៣-ឈ្មោះមឿន ចាន់ធី អាយុ២៥ឆ្នាំ និង៤-ឈ្មោះសេង រតនៈ អាយុ២៥ឆ្នាំ ពួកគេជាគ្រូបង្រៀននៅ វិទ្យាល័យសំពៅលូន ហើយក្នុងចំណោម៤នេះ គឺរងរបួសតែ៣នាក់ទេ ។
លោកនាយផ្នែករូបនេះបន្ដទៀតថា នគរបាលបានចុះទៅធ្វើអន្ដរាគមន៍ភ្លាមៗដែរ ក្រោយពេលកើតហេតុ តែក្រុមក្មេងអន្ធពាលទាំងនោះបានរត់គេចបាត់អស់ទៅហើយ លុះនៅថ្ងៃទី៤មិថុនា ទើបកំលាំងរបស់ លោកតាមស្រាវជ្រាវចាប់ខ្លួនជនពាលទាំងនោះបាន។
ក្រោយពេលឃាត់ខ្លួនយកមកសាកសួរក្រុមក្មេងអន្ធពាលទាំង៣នាក់បាននិយាយនៅមុខនគរបាលថា មុន ពេលកើតហេតុ ពួកខ្លួនបានផឹកស្រាស្រវឹងរៀងៗខ្លួន ហើយក៏នាំគ្នាទៅវ៉ៃសិចនៅផ្ទះបនស្រីដែលមាន ម្ចាស់ឈ្មោះវីន ជាមន្ដ្រីនគរបាល ។ ពេលទៅដល់ផ្ទះបនឈ្មោះវិច (ជនអន្ធពាល) បានចូលវាយសិច រួចចេញមកវិញ ស្រាប់តែត្រូវក្រុមគ្រូបង្រៀន៣នាក់បានដើរបុកឈ្មោះវិច នៅក្នុងផ្ទះបននោះ ហើយក៏ មានការប្រកែកគ្នាមួយម៉ាត់ពីរ រួចឈ្មោះវិចក៏ដើរចេញមករកបក្សពួកគេ២នាក់ទៀតនៅចាំខាងក្រៅ។ យុវជនពាលទាំង៣នាក់បន្ដទៀតថា ពេលដើរចេញមកក្រៅ ស្រាប់តែឃើញក្រុមគ្រូបង្រៀនចំនួន៤ទៀត (គ្រូទាំងអស់៧នាក់) អង្គុយខាងមុខផ្ទះបន ដោយកាន់ដំបងគ្រប់ដៃត្រៀមវាយពួកខ្លួន ឃើញដូច្នេះ ពួកខ្លួនក៏ដើររកដំបងវាយទៅលើគ្រូទាំង៤នាក់នោះ ហើយនាំគ្នារត់មកផ្ទះរៀងៗខ្លួន លុះនៅព្រឹកថ្ងៃទី៤ មិថុនា ទើបនគរបាលចាប់ពួកខ្លួនតែម្ដង ។
លោកសូ ភី អធិការនគរបាលស្រុកសំពៅ លូន បានមានប្រសាសន៍ថា ក្រុមក្មេងអន្ធពាល៣នាក់ខាងលើនេះ តែងតែធ្វើសកម្មភាពវាយតប់ស្ទើរគ្រប់ទីកន្លែង គឺវាយមិនរើសមុខទេ ។ ដូច្នេះដោយយោងតាមពាក្យ បណ្ដឹងរបស់ជនរងគ្រោះ និងយោងតាមចំលើយសារភាពរបស់ពួកគេ ព្រមទាំងយោងទៅលើក្រុមនេះ ជាមុខសញ្ញាចាស់ផង ទើបលោកកសាងសំណុំរឿងបញ្ជូនពួកគេទាំង៣នាក់ទៅស្នងការដ្ឋានខេត្ដបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី។
Labels: សណ្ដាប់ធ្នាប់, អំពើហឹង្សារ
for this post
Leave a Reply