ក្រុមហ៊ុន KTC កូរ៉េចុះហត្ថលេខាជួយឧបត្ថម្ភបាល់ទាត់ជំរើសជាតិជួយរយៈពេល៣ឆ្នាំ ក្នុង១ឆ្នាំ ១០៥,៦០០ដុល្លារ និងជួលគ្រូបង្វឹកកូរ៉េ
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនមួយរបស់ប្រទេសកូរ៉េខាងត្បូងដែលកំពុងរកស៊ីនៅក្នុងប្រទេសកម្ពុជាឈ្មោះ Korean Technology Company ហៅជាអក្សរកាត់ថា KTC បានសន្យាជួយឧបត្ថម្ភជាទឹកប្រាក់ដល់ក្រុម បាល់ទាត់ជំរើសជាតិខ្មែរយៈពេល៣ឆ្នាំក្នុង១ឆ្នាំចំនួន១០៥.៦០០ដុល្លារសហរដ្ឋអាមេរិក ។ កិច្ចសន្យានេះ បានធ្វើឡើងតាមរយៈពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយ នៅឯទីបញ្ជាការកងរាជអាវុធ ហត្ថលើផ្ទៃប្រទេសកាលពីយប់ថ្ងៃពុធ ទី៦ ខែមិថុនា ឆ្នាំ២០០៧ ដែលខាងភាគីកម្ពុជាមាន លោក ឧត្ដមសេនីយ៍ឯក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធ បាល់ទាត់កម្ពុជា និងខាងភាគីកូរ៉េមានលោក KIM MYUNG IL ជាប្រធានក្រុមហ៊ុន KTC តែម្ដង ។
លោក KIM MYUNG IL មានប្រសាសន៍ថា នេះជាលើកទី១ដែលក្រុមហ៊ុនរបស់លោកបានចំណាយ ថវិកាជួយដល់ក្រុមបាល់ទាត់ជំរើសជាតិខ្មែរ ហើយជំនួយនេះមិនត្រឹមតែមានទឹកប្រាក់ជាង១០ម៉ឺនដុល្លារ នេះទេ គឺក្រុមហ៊ុនរបស់លោកបានចំណាយទឹកប្រាក់ក្នុង១ឆ្នាំជាង១០ម៉ឺនដុល្លារពីលើថែមទៀត ដើម្បី ជួលគ្រូកូរ៉េឱ្យមកជួយបង្ហាត់ដល់ក្រុមកីឡាករបាល់ទាត់ជំរើសជាតិខ្មែរ ។ ពិសេសជាងនេះទៅទៀត លោក KIM MYUNG IL បានសន្យាថា លោកនឹងត្រៀមជួយដល់កីឡាករបាល់ទាត់ជំរើសជាតិខ្មែរណា ដែលមានទេពកោសល្យល្អដើម្បីបញ្ជូនទៅធ្វើការហ្វឹកហាត់នៅឯប្រទេសកូរ៉េ ទៀតផង ។
លោកឧត្ដមសេនីយ៍ឯកសៅ សុខា បានសំដែងនូវក្ដីរំភើប និងថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន KTC ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់ក្រុមកីឡាបាល់ទាត់ជំរើសជាតិកម្ពុជា ហើយលោកបានជូនពរដល់ ក្រុមហ៊ុនរបស់លោក KIM MYUNG IL ផងដែរដោយ សូមឱ្យក្រុមហ៊ុនមានដំណើរការរីកចំរើនជា រៀងរហូត។ លោកឧត្ដមសេនីយ៍បានថ្លែងបញ្ជាក់ប្រាប់ភាគីកូរ៉េទៀតថា សហព័ន្ធបាល់ទាត់កម្ពុជាកន្លងមក មានការខ្វះខាតថវិកាខ្លាំងណាស់ ជាហេតុធ្វើឱ្យក្រុមបាល់ទាត់ជំរើសជាតិខ្មែរហ្វឹកហាត់មិនបានល្អ ។ ពេល នេះលោកសង្ឃឹមថា ក្រុមបាល់ទាត់ជំរើសជាតិខ្មែរនឹងមានការឈានឡើងមួយកំរិតថែមទៀត ។ ចំពោះ ថវិកាដែលក្រុមហ៊ុន KTC ជួយឧបត្ថម្ភមកនេះ ក្រៅពីការចាយវាយទៅលើការងារផ្សេងៗដែលពាក់ព័ន្ធ ជាមួយក្រុមបាល់ទាត់ជំរើសជាតិខ្មែរនោះ ក៏អាចមានផ្ដល់ជាប្រាក់ខែបើកឱ្យកីឡាករបាល់ទាត់ជំរើសជាតិ ខ្មែរ ក្នុងម្នាក់ជាង១០០ដុល្លារសហរដ្ឋអាមេរិកថែមទៀត ។ ជាមួយគ្នានោះដែរ លោកប្រធានសហព័ន្ធ បាល់ទាត់កម្ពុជាបានធ្វើការសំណូមពរឱ្យក្រុមកីឡាករបាល់ទាត់ជំរើសជាតិខ្មែរទាំងអស់ធ្វើយ៉ាងណា ចាប់ ពីថ្ងៃនេះតទៅត្រូវខិតខំធ្វើការហ្វឹកហាត់ឱ្យបានខ្លាំងក្លាថែមទៀត ដើម្បីត្រៀមចូលរួមប្រកួតស៊ីហ្គេមដែល នឹងធ្វើឡើងនៅប្រទេសថៃនាពេលឆាប់ៗខាងមុខនេះ ។
Labels: កីឡា
for this post
Leave a Reply