សិក្ខាសាលាបង្ហាញសេចក្ដីព្រាងផែនការសកម្មភាពជាតិប្រឆាំងហិង្សាក្នុងគ្រួសារ
សិក្ខាសាលាបង្ហាញសេចក្ដីព្រាងផែនការសកម្មភាពជាតិប្រឆាំងហិង្សាក្នុងគ្រួសារ
រាជធានីភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិតអ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារីបានថ្លែងឱ្យដឹងនៅក្នុង ឱកាសបើកសិក្ខាសាលាស្ដីពីការបង្ហាញសេចក្ដីព្រាងផែនការសកម្មភាពជាតិ ដើម្បីប្រឆាំងអំពើហិង្សាលើ ស្ដ្រីដែលបានធ្វើឡើងនៅឯសណ្ឋាគារកាំបូឌីយ៉ាណា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៧ កន្លងមកនេះថា អំពើហិង្សាលើស្ដ្រីមានផលប៉ះពាល់មួយយ៉ាងធ្ងន់ធ្ងរមិនត្រឹមតែអ្នកធ្លាប់ ទទួលរងគ្រោះប៉ុណ្ណោះនោះទេ ប៉ុន្ដែថែមទាំងមានផលប៉ះពាល់ទៅលើស្ថានភាពសង្គម និង សេដ្ឋកិច្ចនៅក្នុងប្រទេសផងដែរ ។ លោក ជំទាវបានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា ក្នុងចំណោម១៦ភាគរយនៃអ្នកដែលបានសម្ភាសន៍ បានបាត់បង់ ប្រាក់ចំណូលប្រហែលជា១ខែ ជារៀងរាល់ឆ្នាំដោយសារតែអំពើហិង្សានៅក្នុងគ្រួសារ ហើយកាន់តែធ្ងន់ធ្ងរ ជាងនេះទៀតនោះ ចំពោះជនក្រីក្រដែលពួកគេបាននិយាយថា មានការបាត់បង់ប្រាក់ចំណូលប្រចាំខែ ស្ទើរតែ២ដងក្នុងឆ្នាំកន្លងទៅ។ នេះគឺជាលទ្ធផលដែលបានមកពីការធ្វើអង្កេតជាមូលដ្ឋាន ដែលបានបោះពុម្ព ផ្សាយកាលពីឆ្នាំ២០០៦ ដោយក្រសួងកិច្ចការនារី។
ភាពជឿនលឿននៃការលុបបំបាត់អំពើហិង្សាលើស្ដ្រីនិងកុមារ មិនអាចកើតឡើងបានទេ បើគ្មានការយល់ ដឹងអំពីឫសគល់នៃបញ្ហាឱ្យបានស៊ីជំរៅ ។ ប៉ុន្ដែវារឹតតែសំខាន់ជាងនេះទៅទៀតសំរាប់ការយល់ដឹងដែរថា ការផ្លាស់ប្ដូរឥរិយាបថនិងទស្សនៈមិនមែនជាការងាយស្រួលឡើយ គឺមានតែការខិតខំរួមគ្នាពីគ្រប់ មជ្ឈដ្ឋាន និងគ្រប់លំដាប់ថ្នាក់ ប៉ុណ្ណោះដែលអាចជំរុញការផ្លាស់ប្ដូរនេះបាន។ អាស្រ័យហេតុនេះការចូលរួមពី សំណាក់អ្នកអនុវត្ដគ្រប់ស្ថាប័ន គឺជាតម្រូវការដ៏ចាំបាច់ដែលមិនអាចខ្វះបាន ។ ការអប់រំការផ្សព្វផ្សាយ និងការបណ្ដុះបណ្ដាលគឺជាការងារដ៏សំខាន់របស់យើងទាំងអស់គ្នា ដែលនាំឱ្យមានការគាំទ្រចំណងគ្រួសារ និងការលើកស្ទួយការគោរពប្រពៃណីព្រះពុទ្ធសាសនាដែលអាចដោះស្រាយបញ្ហាដោយសន្ដិវិធីបាន ។
លោកជំទាវអ៊ឹង កន្ថាផាវី បានសង្កត់ធ្ងន់ថា ដើម្បីទប់ស្កាត់អំពើហិង្សាយើងត្រូវតែផ្លាស់ប្ដូរឥរិយាបថ និងលើកកំពស់សីលធម៌ សង្គម និងតំលៃគ្រួសារ។ ដើម្បីសំរេចបាននូវគោលដៅនេះ គឺត្រូវធ្វើ សកម្មភាពមួយចំនួនដូចជាការផ្សព្វផ្សាយតាមប្រព័ន្ធឃោសនាព័ត៌មាន ការបណ្ដុះបណ្ដាលដល់ក្រុមមន្ដ្រី នានាអំពីក្របខណ្ឌច្បាប់ ការបញ្ចូលទស្សនៈថ្មីនេះទៅក្នុងវិស័យអប់រំ និងការធ្វើឱ្យប្រសើរឡើងដល់សេវា សុខាភិបាល និងសេវាសង្គមកិច្ច។ ផែនការសកម្មភាពជាតិ ដែលក្រសួងបានធ្វើការបង្ហាញនាថ្ងៃនេះត្រូវ បានព្រាងឡើងដោយមានការចូលរួមពីក្រុមអ្នកជំនាញជាតិ អន្ដរជាតិ ដែលអញ្ជើញមកពីផ្នែកពាក់ព័ន្ធ ផ្សេងៗ ។ លោកជំទាវរដ្ឋមន្ដ្រីក្រសួងកិច្ចការនារីមានប្រសាសន៍ បញ្ជាក់ទៀតថា ថ្ងៃនេះគឺជាឱកាសមួយ ដើម្បីឱ្យអ្នកចូលរួមក្នុងសិក្ខាសាលានេះទាំងអស់ជួយផ្ដល់ព័ត៌មាន និងយោបល់ទៅលើផែនការនេះ ។ ដូច្នេះនៅពេលដែលផែនការ សកម្មភាពជាតិនេះត្រូវបានសភាអនុម័ត ហើយរាជរដ្ឋាភិបាលនិងក្រសួង កិច្ចការនារី នឹងធ្វើការជាមួយក្រុមការងារបញ្ជ្រាបយេនឌ័រនៃក្រសួងពាក់ព័ន្ធដើម្បីអនុវត្ដសកម្មភាព ជាក់លាក់ក្នុងវិស័យរបស់ក្រសួងនីមួយៗ ។
Labels: ច្បាប់, អំពើហឹង្សារ
for this post
Leave a Reply