បុរសជនជាតិកាណាដាដេកស្លាប់នៅលើឥដ្ឋក្នុងក្លឹបកំសាន្ដ
រាជធានីភ្នំពេញ ៖ បុរសជនជាតិកាណាដាម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើឥដ្ឋ ក្នុងបន្ទប់ លេខ១០ ជាន់ទី២នៃក្លឹបកំសាន្ដឌីវី-៨ (DV-8) ដែលមានទីតាំងផ្ទះលេខ៧Eo ផ្លូវលេខ១៤៨ សង្កាត់ផ្សារ កណ្ដាលទី១ ខណ្ឌដូនពេញ ក្រុងភ្នំពេញ កាលពីវេលាម៉ោង៧យប់ថ្ងៃទី៥ មិថុនា។ ការសន្និដ្ឋានជំហាន ដំបូងគេសង្ស័យថា ជារឿងអត្ដឃាត ព្រោះបន្ទប់ជនរងគ្រោះបានដាក់គន្លឹះពីខាងក្នុង ។ ជនបរទេស ដែលដេកស្លាប់ក្នុងក្លឹបកំសាន្ដខាងលើឈ្មោះ TERRY ROBERT អាយុ៥៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ BC 044072 ។
ស្ដ្រីម្នាក់ឈ្មោះ ជា សុវណ្ណា អាយុ៥៣ឆ្នាំ ជាបុគ្គលិកបំរើការនៅក្លឹបកំសាន្ដ DV-8 បានរៀបរាប់ ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុគាត់ឡើងទៅបន្ទប់របស់ជនជាតិកាណាដាឈ្មោះ TERRY ROBERT ដើម្បីរៀបចំគ្រែដេកនៅជាន់ទី២ ។ ពេលទៅដល់មុខបន្ទប់ក៏ឃើញភ្លើងក្នុងបន្ទប់នៅភ្លឺ ទើបគាត់ សង្ស័យថា ជនរងគ្រោះប្រាកដជានៅក្នុងបន្ទប់ ព្រោះជាទម្លាប់របស់បុរសនោះ ពេលចេញទៅណាគាត់តែង បិទភ្លើងបន្ទប់។ ពេលនោះគាត់ក៏យកកៅអីឡើងឈរមើលតាមប្រហោងខ្យល់ មិនឃើញបុរសនោះដេក នៅលើគ្រែទេ ដូច្នេះគាត់កាន់តែសង្ស័យថែមទៀត ក៏អោនមើលតាមប្រហោងទ្វារបន្ទប់ខាងក្រោម ស្រាប់តែឃើញជនបរទេសរូបនោះ ដេកស្លាប់នៅលើឥដ្ឋ ទើបមានការភ្ញាក់ផ្អើល និងរាយការណ៍ឱ្យ សមត្ថកិច្ចចុះមកពិនិត្យ។
ក្រោយពេលមានសេចក្ដីរាយការណ៍ថា មានជនបរទេសដេកស្លាប់ក្នុងបន្ទប់នោះ គណៈកម្មការចំរុះត្រូវ បានបង្កើតឡើងដោយមានការចូលរួមពីព្រះរាជអាជ្ញាអមតុលាការក្រុងភ្នំពេញ ប៉ុន្ដែអ្នកកាសែតត្រូវ បានប៉ូលិសប៉ុស្ដិ៍រដ្ឋបាលផ្សារកណ្ដាលទី១ រារាំងមិនឱ្យថតយករូបភាពទេ គឺហាក់បីដូចជាមានអាថ៌កំបាំង អ្វីម្យ៉ាង ។ ក្នុងហេតុការណ៍នោះកំលាំងប៉ុស្ដិ៍ចំនួន៥នាក់បានដាក់ពង្រាយនៅមុខទីតាំងក្លឹបកំសាន្ដ DV-8 ។
ស្ដ្រីខ្មែរម្នាក់ដែលអះអាងថា ជាម្ចាស់ក្លឹបកំសាន្ដ DV-8 បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ជនរងគ្រោះឈ្មោះ TERRY ROBERT ដែលដេកស្លាប់នេះ ត្រូវជាមិត្ដភក្ដិប្ដីរបស់គាត់ ដោយបានមកស្នាក់នៅបន្ទប់លេខ១០ ជាន់ទី២ លើក្លឹបកំសាន្ដអស់រយៈពេល៣សបា្ដហ៍មកហើយ ដែលបុរសរងគ្រោះហាក់ដូចជាមានជម្ងឺ អ្វីម្យ៉ាង។
គ្រូពេទ្យប្រចាំតុលាការដែលបានចូលរួមពិនិត្យសាកសពនៅកន្លែងកើតហេតុបានឱ្យដឹងថា បុរសជនជាតិ កាណាដារូបនេះបានស្លាប់ទំនងជាដោយសារតែកើតជំងឺពោះវៀនដុះខ្នែង ព្រោះនៅពោះផ្នែកខាងស្ដាំ មានស្នាមជាំ ហើយការស្លាប់នេះមិនមានទាក់ទិននឹងរឿងឃាតកម្មឬអត្ដឃាតឡើយ ។ សាកសពត្រូវ បានគេបញ្ជូនទៅសាលតម្កល់សពក្នុងមន្ទីរពេទ្យកាល់ម៉ែតរង់ចាំបងប្អូនសាច់ញាតិ ។
for this post
Leave a Reply