ប៉ូលិស-ប៉េអឹមច្រឡំគ្នា ពេលបង្ក្រាបអ្នកលក់ថ្នាំញៀន
ខេត្ដបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី៦ មិថុនា សមត្ថកិច្ចប៉ូលិសស្រុកអូរជ្រៅបានឃាត់ខ្លួនជនជាតិយួន ពីរនាក់ប្ដីប្រពន្ធពីបទជួញដូរថ្នាំញៀននៅក្នុងភូមិក្បាលស្ពាន ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្ដបន្ទាយ មានជ័យ ។ ហេតុការណ៍ឃាត់ខ្លួននោះបានបង្កឱ្យមានការភ្ញាក់ផ្អើលពេញតំបន់ប៉ោយប៉ែត ដោយសារ តែមានការផ្ទុះអាវុធពីសំណាក់ប៉េអឹមបណ្ដាលឱ្យបែកកង់រថយន្ដប៉ូលិស ។
ប៉ូលិសស្រុកឱ្យកោះសន្ដិភាពដឹងថា ពេលប៉ូលិសចុះបង្ក្រាបជនជាតិយួនពីរនាក់ប្ដីប្រពន្ធដែលជាអ្នកជួញដូរ ថ្នាំញៀននោះ មានការប្រទូស្ដរ៉ាយមួយប្រាវដោយសារកំលាំងប៉េអឹមស្រុកអូរជ្រៅ ផ្ទុះអាវុធ១គ្រាប់ ។ ខណៈរថយន្ដម៉ាកកាមរីពណ៌ខ្មៅ របស់សមត្ថកិច្ចប៉ូលិសដែលបង្ក្រាបអ្នកជួញថ្នាំញៀន២នាក់នោះ បើក លើផ្លូវជាតិលេខ៥ ដល់មុខស្រះសួគ៌ ស្រាប់តែត្រូវរថយន្ដឡង់គ្រីស្ស័រមួយគ្រឿងពណ៌ត្រេអ៊ី ពាក់ស្លាក លេខ ខ.ម បើកទៅញំងទទឹងផ្លូវ។ ពេលនោះប៉េអឹមបានដកកាំភ្លើងខ្លីម៉ាករ៉ូឡូបាញ់១គ្រាប់ចំថាសកង់ រថយន្ដខាងឆ្វេងរបស់ប៉ូលិស។ បន្ទាប់ពីសមត្ថកិច្ចទាំង២ឈ្លោះប្រកែកគ្នារួចហើយ រថយន្ដប៉ូលិស បានបើកចេញទៅ ។
តាមប្រភពព័ត៌មានប្រាប់ថា មួយសន្ទុះក្រោយមកគេឃើញសមត្ថកិច្ចប៉ូលិសស្រុក នាំកំលាំងប្រមាណ ជិត២០នាក់ ទៅព័ទ្ធជុំវិញបន្ទាយរបស់ប៉េអឹម ប៉ុន្ដែនៅពេលនោះគេពុំឃើញមានការប្រទូស្ដរ៉ាយគ្នា ឡើយ។ បន្ដិចក្រោយមកកំលាំងសមត្ថកិច្ចប៉ូលិសស្រុកបានត្រឡប់ទៅវិញ ។
មន្ដ្រីប៉ូលិសបញ្ជាក់ឱ្យដឹងថា មន្ដ្រីប៉េអឹមមានចេតនាចង់បំពានមកលើប៉ូលិស ព្រោះនៅមុនពេលផ្ទុះអាវុធ ខាងប៉ូលិសបានឈប់រថយន្ដរួចរវៃកញ្ចក់ចុះប្រាប់ថា ជាប៉ូលិសទេ ប៉ុន្ដែខាងប៉េអឹមនៅតែដកកាំភ្លើង បាញ់កង់រថយន្ដរបស់ប៉ូលិស ។
លោកម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកអូរជ្រៅឱ្យដឹងថា នៅពេលនោះកំលាំងរបស់ លោកបានឃាត់រថយន្ដដែលថា ជារបស់ប៉ូលិសតែពួកគេស្លៀកពាក់ស៊ីវិល ដោយសារមិនព្រមឈប់ ហើយ ដោយមិនដឹងថាជារថយន្ដរបស់ប៉ូលិស ទើបកំលាំងរបស់លោកដកកាំភ្លើងបាញ់មួយគ្រាប់ទៅ ។ នៅពេល ដឹងថាជារថយន្ដប៉ូលិស គឺបាញ់រួចទៅហើយ ហើយពុំមានបញ្ហាអ្វីថែមទៀតនោះទេ។
លោកវរសេនីយ៍ត្រីអ៊ឹង សុងយូ អធិការស្រុកអូរជ្រៅបានព្យាយាមមិនធ្វើអត្ថាធិប្បាយពីហេតុការណ៍ ផ្ទុះអាវុធទេ តែបានដឹងថា ជនជាតិយួនពីរនាក់ប្ដីប្រពន្ធដែលសមត្ថកិច្ចប៉ូលិសឃាត់ខ្លួនពីបទជួញដូរថ្នាំ ញៀននោះប្ដីឈ្មោះ យឿង យ៉ាំងធី អាយុ៣៣ឆ្នាំ និងប្រពន្ធឈ្មោះហ្វៀង ទ្រីពឿង អាយុ៤០ឆ្នាំ រស់នៅ ភូមិក្បាលស្ពាន។ សមត្ថកិច្ចប៉ូលិសរឹបអូសពីជនជាប់ចោទបានថ្នាំញៀនចំនួន៩៩០គ្រាប់ ហើយនឹង កសាងសំណុំរឿងបញ្ជូនពួកគេទៅតុលាការខេត្ដ ។
ក្រោយពេលមានព្រឹត្ដិការណ៍ផ្ទុះអាវុធ ដាក់គ្នារវាងសមត្ថកិច្ចនិងសមត្ថកិច្ចនោះ បានបង្កឱ្យប្រជាពលរដ្ឋ នៅតំបន់ប៉ោយប៉ែតរិះគន់ថា គ្រាន់តែបង្ក្រាបគ្រឿងញៀនកំប៉ិកកំប៉ុកសោះ មានផ្ទុះអាវុធទៅហើយ មិនតែ ប៉ុណ្ណោះម្ខាងៗមានកំលាំងច្រើនដូចជាលើកគ្នាទៅធ្វើសង្គ្រាមគួរឱ្យខ្លាច។ តាមប្រភពព័ត៌មានថា ការជួញ ដូរគ្រឿងញៀននៅតំបន់ប៉ោយប៉ែត ទោះជាសមត្ថកិច្ចបង្ក្រាបជាញឹកញាប់ក៏ដោយ ក៏នៅតែមានសកម្មភាព ក្ដៅគគុកដដែល ។ ចំពោះឈ្មួញដែលសមត្ថកិច្ចបង្ក្រាបនោះ ភាគច្រើនជាឈ្មួញរកស៊ីតូចតាចប៉ុណ្ណោះ ឯឈ្មួញធំគឺសមត្ថកិច្ចមិនទាន់អាចចាប់យកមកផ្ដន្ទាទោសបាននៅឡើយទេ ។
Labels: គ្រឿងញៀន, សណ្ដាប់ធ្នាប់, សន្តិសុខ, អំពើហឹង្សារ
for this post
Leave a Reply