បក្សសិទ្ធិមនុស្សរបស់លោកកឹម សុខាពន្យារពេលធ្វើសមាជខណៈមិនទាន់មានច្បាប់ផ្លូវការ
រាជធានីភ្នំពេញ ៖ លោកញ៉ឹក វណ្ណារ៉ា អ្នកនាំពាក្យ និងជាប្រធានគណៈកម្មការរៀបចំសមាជគណបក្ស សិទ្ធិមនុស្សរបស់លោកកឹម សុខា បានមានប្រសាសន៍កាលពីថ្ងៃទី៦ ខែមិថុនាថា គំរោងការរៀបចំសមាជ របស់គណបក្សនេះ ត្រូវពន្យារពេលវិញ ដែលពីមុនគ្រោងរៀបចំធ្វើនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៧។ ការ ពន្យារពេលនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃមិនទាន់អនុញ្ញាតច្បាប់ជាផ្លូវការ ដល់គណបក្ស ចំពោះស្នាមមេដៃគាំទ្រច្បាស់លាស់ ដែលគណបក្សបានដាក់ជូនទៅក្រសួងកន្លងមក ។
លោកញ៉ឹក វណ្ណារ៉ា បន្ដថា គណបក្សសិទ្ធិមនុស្សរបស់លោកបានដាក់ពាក្យស្នើសុំទៅក្រសួងមហាផ្ទៃ នូវលក្ខន្ដិកៈ ព្រមទាំងឈ្មោះអ្នកបង្កើតគណបក្ស និងស្នាមមេដៃអ្នកគាំទ្រ ប្រមាណជា៦.០០០នាក់ ដែលលើសពីតម្រូវការរបស់ក្រសួងមហាផ្ទៃទៅទៀត ។ លោកបន្ដទៀតថា នៅក្នុងចំនួនមេដៃ ទាំងនោះត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់តែជាង២.០០០ប៉ុណ្ណោះ ហើយក្រៅពីនេះទៀតថា មានភាព មិនទាន់ច្បាស់លាស់នោះទេ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសិទ្ធិមនុស្ស ដែលកោះសន្ដិភាពបានទទួល ឱ្យដឹងថា គណបក្សសិទ្ធិមនុស្សបានផ្ញើលិខិតទៅកាន់ក្រសួងមហាផ្ទៃ និងសាលាក្រុងភ្នំពេញ ដើម្បីសុំកិច្ចសហការ ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងផ្ញើទៅក្រសួងអប់រំ ដើម្បីសុំខ្ចីអគារក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក ប្រារឰពិធីសមាជរបស់គណបក្ស ។ លោកញ៉ឹក វណ្ណារ៉ា បន្ដថា រហូតមកដល់ពេលនេះ ក្រសួងមហាផ្ទៃមិនទាន់បានផ្ដល់សុពលភាព ដល់គណបក្សសិទ្ធិមនុស្សនៅឡើយ ដោយឯកសារនៃការ ចុះបញ្ជីដែលគណបក្សសិទ្ធិមនុស្សបានផ្ញើទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ឧសភានោះ ក្រសួង មហាផ្ទៃតម្រូវឱ្យគណបក្សកែសំរួល និងបំពេញបន្ថែមឯកសារមួយចំនួនទៀត។ លោកបន្ដថា សាលាក្រុង ភ្នំពេញអះអាងថា ការសុំបរិវេណពហុកីឡដ្ឋានជាតិធ្វើសមាជនោះ រង់ចាំការអនុញ្ញាតពីក្រសួងមហាផ្ទៃ សិន ។
អ្នកនាំពាក្យគណបក្សសិទ្ធិមនុស្សបានឱ្យដឹងទៀតថា អាស្រ័យដោយមិនទាន់បានទទួលលិខិតផ្ដល់សុពល ភាពឱ្យគណបក្សសិទ្ធិមនុស្សពីក្រសួងមហាផ្ទៃ ហើយក្រសួងអប់រំក៏មិនទាន់ឱ្យខ្ចីអគារពហុកីឡដ្ឋានជាតិ អូឡាំពិក ធ្វើជាកន្លែងប្រារឰពិធីសមាជ ទើបគណបក្សសិទ្ធិមនុស្សយល់ឃើញថា ដំណើរការរៀបចំ សមាជដំបូងរបស់គណបក្សសិទ្ធិមនុស្ស មិនអាចប្រព្រឹត្ដទៅបានតាមការគ្រោងទុកទាន់ពេលវេលាទេ ហើយ គណបក្សបានសំរេចលើកពេលវេលាប្រារឰពិធីសមាជ ទៅពេលក្រោយវិញ ។
លោកសក់ សេដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់ កោះសន្ដិភាព តាមទូរស័ព្ទថា ក្រសួងមហាផ្ទៃមិនមែនមិនផ្ដល់សុពលភាពឱ្យទៅគណបក្សសិទ្ធិមនុស្ស របស់លោកកឹម សុខា នោះទេ ។ ក្រសួងបានទទួលការស្នើសុំនេះហើយ ប៉ុន្ដែដោយតម្រូវការបន្ថែមទៅ លើឯកសារមួយចំនួនរួមមានការផ្ដិតមេដៃពីអ្នកគាំទ្រមិនមានភាពច្បាស់លាស់ ក្រសួងតម្រូវឱ្យគណបក្ស នេះបញ្ជាក់ឱ្យបានច្បាស់ ព្រោះមានស្នាមមេដៃខ្លះរលុបមិនច្បាស់ ។
លោកបន្ដទៀតថា យោងតាមច្បាប់ គឺក្រសួងតម្រូវឱ្យការដាក់ពាក្យនោះមានឈ្មោះប្រធានបក្ស លក្ខន្ដិកៈ របស់គណបក្ស និងស្នាមមេដៃអ្នកគាំទ្រចំនួនបួនពាន់នាក់ ដាក់ទៅក្រសួងមហាផ្ទៃ។ លោកអះអាងថា ក្រសួងមិនមែនមិនផ្ដល់សុពលភាពឱ្យគណបក្សសិទ្ធិមនុស្សនោះទេ តែត្រូវបំពេញឯកសារតាមផ្លូវច្បាប់ កំណត់ ។ ប៉ុន្ដែលោកញ៉ឹក វណ្ណារ៉ា បានឱ្យដឹងថា ការមិនទាន់បានផ្ដល់សុពលភាពដល់គណបក្សសិទ្ធិមនុស្ស និងការពន្យារពេលសមាជវិញនោះ វាអាចធ្វើឱ្យមានការប៉ះពាល់ចំពោះអ្នកគាំទ្រមកពីក្រៅប្រទេស ដែល គ្រោងចូលរួម ព្រមទាំងក្រុមប្រឹក្សាជាតិមកពីតាមខេត្ដ-ក្រុងចំនួន៨ផងដែរ នៅទូទាំងប្រទេស ។
លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានប្រាប់កោះសន្ដិភាពកាលពីសប្ដាហ៍មុនថា ក្រសួង មហាផ្ទៃតម្រូវឱ្យគណបក្សរបស់លោកបញ្ជាក់ឱ្យបានច្បាស់ ចំពោះស្នាមមេដៃអ្នកគាំទ្រ និងទីលំនៅ បច្ចុប្បន្នផង ។ លោកបន្ដថា លោកបានដាក់ពាក្យទៅក្រសួងមហាផ្ទៃ ព្រមទាំងឯកសារមួយចំនួនតាម តម្រូវការរបស់ក្រសួងក្នុងការបង្កើតគណបក្សរួចហើយនាពេលកន្លងមក ។
លោកញ៉ឹក វណ្ណារ៉ា បានឱ្យដឹងទៀតថា រហូតមកដល់ពេលនេះ គណបក្សសិទ្ធិមនុស្សរបស់លោក នៅមិនទាន់បានរៀបចំរចនាសម្ព័ន្ធនៅឡើយទេ ដោយរង់ចាំសំរេចតាមរយៈសមាជជ្រើសរើស ព្រោះ គណបក្សនេះកើតឡើងពីប្រជាពលរដ្ឋ។ លោកបន្ដទៀតថា “បន្ទាប់ពីការជួបពិភាក្សារបស់ក្រុមប្រឹក្សាជាតិ មកពីខេត្ដ-ក្រុង និងស្រុក ព្រមទាំងអ្នកខ្លះមកពីបរទេសផងនោះ ទើបមានការសំរេចពីការបង្កើតរចនា សម្ព័ន្ធរបស់គណបក្សនៅពេលនោះ” ។
Labels: នយោបាយ, សិទ្ធិមនុស្ស
for this post
Leave a Reply