យុវនារីសិស្សវិទ្យាល័យវត្ដកោះរងការវាយប្រហារដោយទឹកអាស៊ីត
រាជធានីភ្នំពេញ ៖ យុវនារីសិស្សវិទ្យាល័យវត្ដកោះម្នាក់ បានរងការវាយប្រហារពីសំណាក់ជនដៃដល់២នាក់ ដែលជិះម៉ូតូមកក្បែរ ហើយចាក់ស្រោចទឹកអាស៊ីតពីលើបណ្ដាលឱ្យរោលរលាកពេញខ្លួនប្រាណ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៧ ខែមិថុនា នៅចំណុចកែងមហាវិថី ព្រះមុនីវង្ស និងផ្លូវលេខ១០៩ មុខមជ្ឈមណ្ឌលការិយាល័យពាណិជ្ជកម្ម ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ក្រុងភ្នំពេញ។ ការវាយប្រហារដោយទឹកអាស៊ីតនេះ បានកើតឡើងស្របពេលដែល សិស្សរូបនោះធ្វើដំណើរដោយថ្មើរជើងចេញពីវិទ្យាល័យឆ្ពោះទៅផ្ទះនៅក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧ មករា ដែលមានចំងាយប្រហែលជា១៥០ម៉ែត្រពីកន្លែងកើតហេតុ ។
នេះជាការវាយប្រហារថ្មីមួយទៀតពីសំណាក់ជនល្មើស ដោយប្រើប្រាស់ទឹកអាស៊ីតធ្វើជាអាវុធ បន្ទាប់ពី ការវាយប្រហារបែបនេះបានស្ងប់ស្ងាត់យូរមកហើយ ។ ទោះបីជាបែបណា ការវាយប្រហារបែបនេះគេ ច្រើនកត់សំគាល់ថា កើតឡើងតែទៅលើស្ដ្រី ដែលត្រូវបានអះអាងថាជាប្រពន្ធចុង ឬជាស្ដ្រីកំណាន់ ហើយ នារីដែលរងគ្រោះមិនធ្លាប់មានជាសិស្សសាលានោះទេ ដូច្នេះការវាយប្រហារលើសិស្សនារីវិទ្យាល័យនេះ គឺជាលើកទីមួយហើយ ។
តាមអ្នករត់ម៉ូតូឌុបម្នាក់ដែលឃើញហេតុការណ៍បាននិយាយឱ្យដឹងថា គេបានឃើញនារីរងគ្រោះ និងមិត្ដភក្ដិ ៣នាក់ទៀតចេញមកពីវិទ្យាល័យវត្ដកោះ ធ្វើដំណើរដោយថ្មើរជើងតាមបណ្ដោយផ្លូវលេខ១០៩ឆ្ពោះទៅ ទិសខាងលិច ដោយមានទឹកមុខញញឹមញញែម និងនិយាយគ្នាបណ្ដើរដើរបណ្ដើរ ។ លុះមកដល់មុខ មជ្ឈមណ្ឌលការិយាល័យពាណិជ្ជកម្ម ដែលមានទីតាំងនៅកែងមហាវិថីព្រះមុនីវង្ស និងផ្លូវលេខ១០៩ ស្រាប់តែមានយុវជនស្ទាវ២នាក់ជិះម៉ូតូមួយគ្រឿងធុន C125 ពណ៌ខ្មៅ មិនចាំស៊េរី បានបើកមកពីក្រោយ ដោយអែបម៉ូតូក្បែរនារីរូបនោះ រួចលើកធុងពណ៌ផ្កាឈូកមួយ ចាក់ទឹកស្រោចពីលើក្បាលនាងទទឹកជោក បន្ទាប់មកជនដៃដល់ក៏បានបើកម៉ូតូបត់ទៅទិសខាងជើង តាមមហាវិថីព្រះមុនីវង្សគេចខ្លួនបាត់ស្រមោល ទៅ។ ខណៈពេលដែលយុវជនស្ទាវបើកម៉ូតូចេញទៅបាត់ ក៏ឮសំលេងស្រែកទ្រហោយំឱ្យប្រជាពលរដ្ឋ ដូចជាមិត្ដភក្ដិរួមដំណើរជួយ ព្រោះនាងទទួលរងនូវភាពក្ដៅក្រហាយស្បែកក្បាល និងខ្លួនយ៉ាងខ្លាំង ទើប ម្នាក់ៗភ្ញាក់ផ្អើលថាជាទឹកអាស៊ីត ។
នារីរងគ្រោះត្រូវបានគេជួយលើកយកទៅដាក់នៅមុខសណ្ឋាគារញូវយ៉ក ហើយអ្នកខ្លះយកទឹកមកស្រោច ពីលើក្បាល និងខ្លះទៀតយកទឹកកកស្អំ ដើម្បីជួយកាត់បន្ថយការឈឺចាប់ដ៏ក្ដៅរោលរាលនោះ រួចបន្ទាប់ មកក៏ត្រូវបានគេដឹកភ្លាមៗទៅកាន់គ្លីនីកឯកជនមួយ ព្រោះមុខរបួសមានស្ថានភាពខ្មៅកន្ទួលបណ្ដើរៗ ទៅហើយ។ នៅកន្លែងកើតហេតុ មានប៉ូលិសមូលដ្ឋានម្នាក់ស្ពាយកាំភ្លើងអាកា ច្រងេងច្រងាង ព្យាយាមរារាំងអ្នកកាសែតមិនឱ្យថតនារីរងគ្រោះដែលត្រូវគេជះទឹកអាស៊ីតនេះទេ ដែលមិនដឹងថាមកពី មូលហេតុអ្វី ហើយជាមួយគ្នានោះក៏មានក្រុមស្ទាវដែលទំនងជាមិត្ដភក្ដិបាននាំគ្នាមករារាំង និងហាមឃាត់ អ្នកកាសែតដែរ។ នារីរងគ្រោះដែលរងនូវការវាយប្រហារដោយទឹកអាស៊ីតនោះ ត្រូវគេស្គាល់ថាឈ្មោះ គីរី ចរិយា អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យវត្ដកោះ រៀនថ្នាក់ទី១១ ស្នាក់នៅក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា ក្រុងភ្នំពេញ។
មន្ដ្រីប៉ូលិសជំនាញបានធ្វើការសន្និដ្ឋានជំហានដំបូងដោយមិនផ្លូវការថា អំពើហិង្សាជះទឹកអាស៊ីតទៅលើ សិស្សនារីនោះ ទំនងជាកើតចេញពីស្នេហាត្រីកោណ ក៏ប៉ុន្ដែក្រុមគ្រួសារបានអះអាងថា នារីរងគ្រោះ មិនដែលមានទំនាក់ទំនងជាមួយអ្នកណាម្នាក់ទេ ហើយរឿងស្នេហាគូកំណាន់ក៏គ្មានដែរ ។ ចំណែកប្រភព ព័ត៌មានជិតស្និទ្ធជាមួយគ្រួសារនារីរងគ្រោះបានបង្ហើបឱ្យដឹងថា ស្លាកស្នាមជះទឹកអាស៊ីតមានសភាព ធ្ងន់ធ្ងរនៅលើផ្ទៃមុខ និងដៃទាំងសងខាង ហើយទំនងជាគ្រួសារបញ្ជូនទៅព្យាបាលនៅប្រទេស វៀតណាម។ មិនមានព័ត៌មានផ្លូវការណាមួយត្រូវបានឱ្យដឹងភ្លាមៗនោះទេ ជុំវិញការវាយប្រហារដោយ ទឹកអាស៊ីតនេះ។
ការតាមដានអាចនិយាយបាន ទី១-បើសិនជានាងគ្មានទំនាស់អ្វីជាមួយអ្នកណាម្នាក់ ឬទាក់ទងនឹងស្នេហា ត្រីកោណ ឬមានបញ្ហាផ្សេងដែលស្មានមិនដល់ ការវាយប្រហារទាំងកំរោលរបស់ជនស្ទាវទាំង២នាក់នោះ អាចជាការភាន់ច្រឡំមនុស្ស ចំណែកទី២-ក៏អាចនិយាយបានថា បើគ្មានភ្លើងពិតជាគ្មានផ្សែងទេ ។ ទោះបី ជាយ៉ាងណា ការប្រើប្រាស់ទឹកអាស៊ីតវាយប្រហារទៅលើគូបដិបក្សបែបនេះ ត្រូវតែថ្កោលទោស ព្រោះជា ការបង្កនូវក្ដីឈឺចាប់អស់មួយជីវិត ប្រសិនបើមិនស្លាប់ អ្នករងគ្រោះនឹងក្លាយទៅជាខ្មោចមិនខ្មោច មនុស្សមិនមនុស្ស រស់មិនរស់ ស្លាប់មិនស្លាប់ គឺជាការចងកម្មវេរាគួរឱ្យរន្ធត់ដែលអ្នកកាន់ព្រះពុទ្ធ សាសនាមិនត្រូវធ្វើឡើយ ។
Labels: ព្រឹត្ដិការណ៍, សន្តិសុខ, អំពើហឹង្សារ
for this post
Leave a Reply