អនាគតរបស់រាជវង្សដែលកំពុងធ្វើនយោបាយទ្រង់ធម្មិកោរំពឹងថានឹងមានការចាកចេញបន្ដបន្ទាប់
រាជធានីភ្នំពេញ ៖ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតអគ្គប្រតិភូរបស់គណបក្សរណសិរ្សសង្គមជាតិ និយម ដែលទើបតែប្រកាសរំលាយរចនាសម្ព័ន្ធគណបក្សរបស់ព្រះអង្គមកចូលរួមជាមួយគណបក្សនរោត្ដម រណឫទ្ធិ កាលពីពេលថ្មីៗនេះបានមានបន្ទូល កាលពីថ្ងៃទី៧ ខែមិថុនា ថា “ការដឹកនាំរាជានិយមមានតែ សម្ដេចក្រុមព្រះទេដែលជាស្ដេចធំជាងគេ ហើយរាជវង្សដទៃទៀតអាចដឹកនាំជំនួសព្រះអង្គបាន ប្រសិន បើព្រះអង្គលាឈប់ តែនៅពេលសម្ដេចក្រុមព្រះនៅក្នុងឆាកនយោបាយនោះ គ្មានរាជវង្សណាធំជាង ព្រះអង្គក្រុមព្រះបានទេ”។ ព្រះអង្គម្ចាស់បានបញ្ជាក់ថា ការបោះឆ្នោតឃុំ-សង្កាត់ ទោះបីគណបក្ស ហ្វ៊ុនស៊ិនប៉ិច និងគណបក្ស នរោត្ដម រណឫទ្ធិ បានទទួលពីរ-បីកៅអីដែរក៏ដោយ វាជាការអាម៉ាស់មុខ សម្បើមណាស់ ហើយបើរាជានិយមមិនរួបរួមគ្នាទេ កម្លាំងរាជានិយមអស់អនាគតហើយ ។
នៅព្រឹកថ្ងៃទី៧ ខែមិថុនានោះ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានផ្ដល់បទសម្ភាសន៍មួយជាមួយ ក្រុមអ្នកកាសែតនៅក្រោមដើមអំពិលក្បែរមន្ទីររដ្ឋសភា ដែលជាការភ្ញាក់ផ្អើលមួយ ព្រោះកម្រមាន ។ ព្រះអង្គម្ចាស់ បានមានបន្ទូលទៀតថា គណបក្សនរោត្ដម រណបទ្ធិ និងហ្វ៊ុនស៊ិនប៉ិចគួរតែរួមគ្នាហើយ មិនអាចនិយាយថា គណបក្សនរោត្ដម រណឫទ្ធិ រំលាយខ្លួននោះទេវាមិនសមទេ ព្រោះគ្មានឥស្សរជនណា ចង់ឱ្យរំលាយបក្ស ដូចគណបក្សរណសិរ្សសង្គមជាតិនិយមនោះទេ។ ព្រះអង្គម្ចាស់បន្ដថា មានប្រទេស ជាច្រើនសែរាជវង្សមិនធ្វើនយោបាយដូចជាថៃ អង់គ្លេស ជប៉ុន... អត់មានគណបក្សរាជានិយមទេ ។
ព្រះអង្គម្ចាស់បានគូសបញ្ជាក់បន្ដថា យោងតាមប្រទេសមួយចំនួនខាងលើនោះ គេមិនមានការជំរុញណា មួយឱ្យក្រុមស្ដេចធ្វើនយោបាយនោះទេ និងតម្រូវឱ្យមានគណបក្សរាជានិយមនោះទេ ។ ព្រះអង្គម្ចាស់បន្ដ ថា “ការមិនតម្រូវឱ្យរាជវង្សធ្វើនយោបាយ ដោយសារតែគំនិតរបស់រាជានិយមនោះបានជ្រាបចូលទៅក្នុង សង្គមនៃប្រទេសគេទៅហើយ ។ ដូច្នេះតាមយោបល់ខ្ញុំថា ស្ដេចខ្មែរ មិនគួរធ្វើនយោបាយទេ ហើយខ្ញុំ បានសរសេរអត្ថបទមួយក្នុងឆ្នាំ២០០៤ មានចំណងជើងថា ស្ដេចខ្មែរមិនគួរធ្វើនយោបាយទេ” ។
ព្រះអង្គម្ចាស់មានបន្ទូលទៀតថា ព្រះអង្គនៅស្រុកខ្មែរយូរមកហើយ តែហេតុអ្វីបានជាសំរេចចិត្ដចូល ប្រឡូកក្នុងឆាកនយោបាយទៀត ហើយព្រះអង្គមិនចង់ធ្វើនយោបាយទេ ។ ព្រះអង្គម្ចាស់មានបន្ទូលថា “ស្រុកខ្មែរមិនចាំបាច់ធ្វើច្បាប់ទេ ដល់ដំណាក់កាលមួយ ស្ដេចត្រូវតែចេញពីឆាកនយោបាយ ក៏ប៉ុន្ដែ យើងត្រូវតែរៀបចំនូវលក្ខខណ្ឌមួយចំនួន...បើយើងធ្វើបានវាមានតំលៃចំពោះជាតិផង និងប្រជារាស្ដ្រ ផង។ ជាគំនិតរបស់ខ្ញុំ ស្ដេចពុំគួរធ្វើនយោបាយនោះទេ” ។ ព្រះអង្គម្ចាស់បន្ដថា ៉វាផ្ទុយនឹងស្ដេចដឹកនាំ គណបក្ស នៅពេលស្ដេចដឹកនាំគណបក្សហើយវាត្រូវតែប្រឆាំងជាមួយគណបក្សដទៃទៀត ” ។
គេនៅចាំបានថា កាលពីពេលថ្មីៗនេះ មានចរន្ដមួយបានលើកឡើងថា សែរាជវង្សគួរនៅក្រៅឆាក នយោបាយ។ ក្រោយមកសែព្រះរាជវង្សមួយចំនួនបានប្រតិកម្មថា រដ្ឋធម្មនុញ្ញមិនបានហាមឃាត់មិនឱ្យ ស្ដេចធ្វើនយោបាយនោះទេ ព្រោះស្ដេចក៏ដូចរាស្ដ្រដែរ មានសិទ្ធិធ្វើនយោបាយបានដូចគ្នា។ ប៉ុន្ដែពេលនេះ មានព័ត៌មានលេចឮថា សម្ដេចនរោត្ដម សិរីវុឌ្ឍ គ្រោងលាឈប់ពីឆាកនយោបាយ ខណៈដែលម្ចាស់ក្សត្រី នរោត្ដម វជរា កំពុងតែពិចារណា ។
ទោះបីជាយ៉ាងណាក្ដីសម្ដេចក្រុមព្រះ រហូតមកដល់ពេលនេះមិនទាន់បង្ហាញពីជំហររបស់ព្រះអង្គ ឆ្លើយ តបទៅនឹងបន្ទូលរបស់ព្រះអង្គម្ចាស់ ធម្មិកោ នៅឡើយទេ ប៉ុន្ដែកាលពីថ្ងៃទី២៧ ឧសភា សម្ដេចក្រុមព្រះ បានមានបន្ទូលនៅក្នុងខ្សែអាត់សម្លេងចាក់ផ្សាយតាមវីដេអូ ក្នុងពេលសមាជរបស់គណបក្សរណសិរ្ស សង្គមជាតិនិយមថា “បើចង់ឱ្យស្ដេចឈប់ធ្វើនយោបាយនោះ លុះត្រាតែស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាលធានានូវព្រះរាជសិទ្ធិរបស់ព្រះមហាក្សត្រ ” ។
គេមានការកត់សំគាល់ទៀតថា កាលពីពេលកន្លងទៅថ្មីៗនេះដែរ លោកសម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី ធ្លាប់បានថ្លែងថា “ រាជវង្សគួរឈប់ធ្វើនយោបាយ ហើយការធ្វើនយោបាយ គឺម៉ាំងទៅម៉ាំងមក គេរិះគន់យើង យើងរិះគន់គេ ចង់មិនចង់វាពិតជាប៉ះពាល់ដល់ស្ថាប័នព្រះរាជបល័ង្កមិនខាន ដែលមាន ព្រះមហាក្សត្រកំពុងសោយរាជសម្បត្ដិបច្ចុប្បន្ន ” ។ លោកអះអាងថា មានប្រទេសជាច្រើនសែរាជវង្ស មិនប្រឡូកក្នុងឆាកនយោបាយនោះទេ ហើយប្រជាពលរដ្ឋគេគោរពស្ថាប័នរាជបល័ង្ករបស់គេ ។
លោកមុត ចន្ថា អ្នកនាំពាក្យគណបក្ស នរោត្ដម រណឫទ្ធិ មានប្រសាសន៍ថា បន្ទូលរបស់ព្រះអង្គម្ចាស់ ធម្មិកោ ជាព្រះរាជសិទ្ធិរបស់លោកទេ ព្រោះពលរដ្ឋគ្រប់រូបមានសិទ្ធិ បញ្ចេញមតិ ហើយក៏មិនមាន ការប៉ះពាល់អ្វីទៅដល់សិទ្ធិរបស់សម្ដេចក្រុមព្រះក្នុងការធ្វើនយោបាយនោះដែរ ។ លោកបន្ដថា “គ្មាន ពលរដ្ឋណាមានសិទ្ធិទៅរំលោភលើព្រះរាជសិទ្ធិរបស់ព្រះមហាក្សត្រទេ ប៉ុន្ដែពលរដ្ឋមានសិទ្ធិក្នុងការទូល ថ្វាយព្រះមហាក្សត្របាន” ។
ព្រះអង្គម្ចាស់ធម្មិកោ បានបន្ដថា ដើមហេតុមកពីគណបក្សហ្វ៊ុនស៊ិនប៉ិចដែលធ្វើសមាជនិងប្ដឹងសម្ដេច ក្រុមព្រះឱ្យជាប់គុក ដូច្នេះត្រូវតែគណបក្សហ្វ៊ុនស៊ិនប៉ិចគិតពិចារណាក្នុងការបង្រួបបង្រួម។ ព្រះអង្គម្ចាស់ បន្ដថា “គណបក្សហ្វ៊ុនស៊ិនប៉ិចត្រូវទទួលស្គាល់ថា ជាអ្នកបំបែកបំបាក់ជួររាជានិយម ដូច្នេះត្រូវ ហ្វ៊ុនស៊ិនប៉ិចរៀបចំកម្មវិធីអ្វីមួយ ដើម្បីបង្រួបបង្រួមសាជាថ្មី ។ ប៉ុន្ដែលោកនូវ សុវត្ថិរ៉ូ អ្នកនាំពាក្យ របស់គណបក្សហ្វ៊ុនស៊ិនប៉ិចថ្លែងថា “ព្រះអង្គម្ចាស់សម្លឹងតែផល តែមិនគិតអំពីហេតុនោះទេ” ។ លោកបន្ដ ទៀតថា ចំពោះបញ្ហាដែលលើកឡើងរបស់ព្រះអង្គម្ចាស់ធម្មិកោដូចនេះមិនគួរលើកឡើងទេ ប្រសិនបើ ព្រះអង្គម្ចាស់ចង់បង្រួបបង្រួមមែននោះ ព្រោះគណបក្សហ្វ៊ុនស៊ិនប៉ិច មិនដែលមានចេតនាបំបែកបំបាក់ រាជានិយមនោះឡើយ គឺមានតែការពាររាជវង្ស។ ចំពោះសំណួរដែលសួរទាក់ទងនឹងបន្ទូលរបស់ព្រះអង្គ ម្ចាស់ស្ដីពីការឈប់ធ្វើនយោបាយនោះ ? លោកថ្លែងថា គណបក្សហ្វ៊ុនស៊ិនប៉ិច គាំទ្រព្រះរាជតម្រិះ របស់អតីតព្រះមហាក្សត្រ ហើយមិនមានអត្ថាធិប្បាយអ្វីទេ ។
លោកខៀវ កាញារីទ្ធ អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល និងជាអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ប្រាប់កោះសន្ដិភាពថា “កន្លងមកគណបក្សប្រជាជនកម្ពុជាមិនធ្លាប់បានលើកពីបញ្ហា រាជវង្ស នៅក្រៅឆាកនយោបាយនោះឡើយ ប៉ុន្ដែលោកសម រង្ស៊ី ធ្លាប់លើកបញ្ហានេះ ហើយវាអាស្រ័យ ទៅលើការសំរេចចិត្ដរបស់រាជវង្សខ្លួនឯងនោះទេ”។ លោកបន្ដថា យើងមិនយល់ចំពោះការលើកឡើង របស់ព្រះអង្គម្ចាស់ ធម្មិកោនោះទេ ព្រោះយើងមិនយល់អំពីការលើកឡើងថា “មិនយូរមិនឆាប់រាជវង្ស នឹងឈប់ធ្វើនយោបាយនោះទេ”។
ព្រះអង្គម្ចាស់ធម្មិកោបានមានបន្ទូលបន្ថែមថា នៅពេលប្រទេសជាតិយើងបាន ពង្រឹងនូវលទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ មានការឯកភាពជាតិគោរពសិទ្ធិមនុស្សពេញលេញ នោះវាជាស្វ័យប្រវត្ដិស្ដេចពិតជាឈប់ ធ្វើនយោបាយ។ ព្រះអង្គម្ចាស់បន្ដថា “ខ្ញុំយល់ឃើញថា ព្រះអង្គម្ចាស់ ឬស្ដេចដទៃទៀតក៏មានគំនិត មិនខុសពីខ្ញុំប៉ុន្មានដែរ ។ ខ្ញុំយល់ថា នៅពេលដ៏ខ្លីខាងមុខនេះ យើងចង់ឱ្យប្រទេសយើង ដូចជា ប្រទេសស៊ុយអែត ថៃ ចក្រភពអង់គ្លេសជាដើម... ប៉ុន្ដែនៅប្រទេសយើងមិនទាន់មានការគោរពសិទ្ធិ ឬប្រជាធិបតេយ្យរឹងមាំ ។
Labels: នយោបាយ
for this post
Leave a Reply