ក្រុមគ្រួសារដែលតុលាការកាត់ឱ្យចាញ់ក្ដីគ្រួសារអ្នកចាញ់ក្ដីរើតោករើហ៊ឹងមកនៅសាលាឃុំ
ខេត្ដកំពត ៖ ប្រជាពលរដ្ឋក្រីក្រចំនួន៣គ្រួសារ ដែលមានកូនប្រុសស្រីតូចធំចំនួន៧នាក់នៅ ភូមិត្រញំងព្រីង ឃុំត្រញំងព្រីង ស្រុកកំពត បាននាំគ្នាយំសោកបោកខ្លួនដូចអកព្រាត់គូ ខណៈពេលដែលព្រះរាជអាជ្ញារងអម តុលាការខេត្ដកំពតដឹកនាំកម្លាំងចំរុះចុះទៅអនុវត្ដសាលក្រមបណ្ដេញឱ្យចេញពីដីទំនាស់ ដែលបានប្ដឹងប្ដល់ គ្នាជាមួយឈ្មោះចាន់ ត្រេន ភេទស្រី អាយុ៦១ឆ្នាំ តាំងពីឆ្នាំ១៩៨៨ ហើយតុលាការបានកាត់ក្ដីឱ្យ គ្រួសារទាំង៣នេះចាញ់ក្ដីនៅឆ្នាំ២០០១ ប៉ុន្ដែមិនទាន់បានអនុវត្ដសាលក្រមនៅឡើយទេ ដោយទុកបើក ផ្លូវឱ្យភាគីចាញ់ក្ដីប្ដឹងសាទុក្ខទៅសាលាឧទ្ធរណ៍បន្ដទៀត តែគ្រួសារអ្នកចាញ់ក្ដីពុំបានប្ដឹងបន្ដទៀតទេ ដូច្នេះហើយទើបនៅព្រឹកថ្ងៃទី៦ ខែមិថុនា តុលាការខេត្ដកំពតដឹកនាំដោយលោកព្រះរាជអាជ្ញារង តុប ឈុនហេង បាននាំកម្លាំងចំរុះមានប៉េអឹម និងប៉ូលិសចុះមកអនុវត្ដសាលស្រមតែម្ដងទៅ ។
ក្រុមគ្រួសារដែលចាញ់ក្ដីគេនោះរួមមាន ១-ឈ្មោះមាស ប៉ែត អាយុ៥៧ឆ្នាំ ជាស្ដ្រីមេម៉ាយមានកូន ប្រុសម្នាក់ ២-ឈ្មោះសេង បន់ ភេទស្រី អាយុ៣៦ឆ្នាំ មានកូនប្រុសស្រីចំនួន៤នាក់ និង៣-ឈ្មោះសេង ឡៃ អាយុ៣០ឆ្នាំ ជាស្ដ្រីមេម៉ាយមានកូន២នាក់ ។ គ្រួសារទាំង៣នេះ ត្រូវបានកម្លាំងចំរុះដឹកនាំដោយ ព្រះរាជអាជ្ញារងចុះទៅរុះរើផ្ទះសម្បែង បណ្ដេញឱ្យចេញពីដីទំនាស់ដោយបានទាំងចាប់វ៉ៃខ្នោះដៃមិនឱ្យ ប្រឆាំងតបតជាមួយសមត្ថកិច្ចផងដែរ ឯទ្រព្យសម្បត្ដិដែលគ្រួសារទាំងនេះ មានបន្ដិចបន្ដួចរួមទាំងកំណាត់ ឈើបាក់បែកដែលសល់ពីការរុះរើផ្ទះនោះ សមត្ថកិច្ចបានដឹកយកមកគរទុកនៅក្នុងបរិវេណ សាលាឃុំ ត្រញំងព្រីង ក្រោមការទួញសោក របស់ក្រុមគ្រួសាររងគ្រោះ ។
តាមប្រជាពលរដ្ឋនៅភូមិត្រញំងព្រីងបានឱ្យដឹងថា មុនពេលអនុវត្ដសាលក្រុមរបស់តុលាការខេត្ដកំពតនេះ លោកតុប ឈុនហេង ជាព្រះរាជអាជ្ញារងបានសួរទៅភាគីចុងចោទ ដែលជាអ្នកចាញ់ក្ដីថា តើអ្នក ទាំងអស់គ្នា ព្រមប្រគល់ដីទៅឱ្យឈ្មោះចាន់ ត្រេន ដើមបណ្ដឹងដែរឬទេ? ពេលនោះភាគីអ្នកចាញ់ក្ដី ទាំង ៣គ្រួសារបានឆ្លើយយ៉ាងស្រុះគ្នាថា ពួកខ្ញុំរស់នៅលើដី២៥ម៉ែត្រ × ២២ម៉ែត្រនេះ តាំងពីឆ្នាំ១៩៧៩មក ម្ល៉េះ ដូច្នេះតើឱ្យពួកខ្ញុំប្រគល់ដីរបស់ខ្លួនទៅឱ្យគេដូចម្ដេចកើតទៅ? ។ ក្រោយពីឮក្រុមគ្រួសារទាំង៣ ឆ្លើយប្រាប់ដូច្នេះ លោកព្រះរាជអាជ្ញារងបានងាកទៅសួរខាងដើមបណ្ដឹងវិញថា បើខាងភាគីចាញ់ក្ដីមិន ព្រមប្រគល់ដីមកឱ្យលោកយាយបែបនេះ តើលោកយាយព្រមដែរឬទេ? ភ្លាមៗនោះយាយចាន់ ត្រេន បានឆ្លើយយ៉ាងរហ័សថា ខ្ញុំត្រូវតែយកដីរបស់ខ្ញុំមកវិញ ពីព្រោះតុលាការបានកាត់ក្ដីឱ្យខ្ញុំឈ្នះហើយ ។ ដោយមិនអាចធ្វើការសំរុះសំរួលគ្នាបានជាលើកចុងក្រោយ លោកព្រះរាជអាជ្ញារងក៏ បានសំរេចឱ្យកម្លាំង ចំរុះធ្វើការរុះរើលំនៅឋានរបស់ភាគីអ្នកចាញ់ក្ដីនៅក្នុងខណៈពេលនោះតែម្ដង ក្រោមការតវ៉ារារាំងពីកូនៗ ទាំង៧នាក់របស់ក្រុមគ្រួសារអ្នករងគ្រោះ ប៉ុន្ដែដើម្បីសំរេចកិច្ចការនេះ កម្លាំងសមត្ថកិច្ចបានចាប់ឃាត់ខ្លួន អ្នកទាំងនោះ ដោយមានការដាក់ខ្នោះដៃទៀតផង ហើយអ្វីដែលធ្វើឱ្យប្រជាពលរដ្ឋក្នុងភូមិហួសចិត្ដ ខ្លាំងនោះ គឺភាគីអ្នកឈ្នះក្ដីបានបង្គាប់ឱ្យកូនចៅរបស់គេធ្វើរបងព័ទ្ធដី២៥ម៉ែត្រ × ២២ម៉ែត្រនោះភ្លាមៗ។ ចំណែកខាងមន្ដ្រីតុលាការក៏បានជំរិតទារលុយពីភាគីអ្នកចាញ់ក្ដីចំនួន៥០ម៉ឺនរៀលផងដែរ ដោយបញ្ជាក់ ប្រាប់ថា ជាប្រាក់សំណងជម្ងឺចិត្ដអ្នកឈ្នះក្ដី ប៉ុន្ដែភាគីស្ដ្រីមេម៉ាយដែលចាញ់ក្ដីគេនោះបាននិយាយអង្វរ តុលាការទាំងយំសោកបោកខ្លួនថា តើពួកគាត់មានលុយឯណាមកបង់ជម្ងឺចិត្ដឱ្យគេនោះ បើគាត់រកតែ អង្ករមួយកំប៉ុងដាំបបរឱ្យកូនហូបមិនបានផងនោះ ។
ស្ដ្រីចំណាស់ឈ្មោះមាស ប៉ែត បាននិយាយប្រាប់អ្នកយកព័ត៌មានកោះសន្ដិភាពទាំងទឹកភ្នែកហូរជោក ថ្ពាល់ថា ដីទំនាស់នេះគាត់បានមករស់នៅតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ហើយអ្នករងគ្រោះ២គ្រួសារទៀតនោះ គឺជាកូនរបស់គាត់ដែលមករស់នៅក្នុងនេះជាមួយគ្នា ចំណែកឯអ្នកដើមបណ្ដឹងនោះមិនមានផ្ទះសម្បែងនៅ លើដីនោះទេ។ គាត់បាននិយាយត្អូញត្អែរទៀតថា កូនស្រីរបស់គាត់ទាំង២នាក់ ដែលជាស្ដ្រីមេម៉ាយ ហើយមានកូនចៅជាប់ខ្លួនច្រើននោះ ពួកគេប្រកបរបរវាយថ្មរកកំរៃបានបន្ដិចបន្ដួចចិញ្ចឹមកូនស្ទើរតែពុំរស់ ឯរូបគាត់ទៅរាវក្រែងក្នុងសមុទ្រដែលជួនកាលរកមិនបានទៀតផង ហើយពេលនេះត្រូវតុលាការរុះរើផ្ទះ បណ្ដេញឱ្យចេញពីដីរបស់ខ្លួនទៀត តើឱ្យពួកគាត់ទៅរស់នៅទីណាវិញ?
ទាក់ទិននឹងការចុះអនុវត្ដសាលក្រមនេះ លោកតុប ឈុនហេង ព្រះរាជអាជ្ញារងបានឱ្យដឹងថា តុលាការខេត្ដ កំពតបានកាត់ក្ដីរឿងដីធ្លីនេះឱ្យឈ្មោះចាន់ ត្រេន ជាអ្នកឈ្នះតាំងពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០០១ តែអ្នកចាញ់ក្ដីមិនប្ដឹងទៅឧទ្ធរណ៍ទេ រហូតមកដល់ថ្ងៃនេះ ដូច្នេះហើយទើបតុលាការខេត្ដសំរេចអនុវត្ដ សាលក្រមជាស្ថាពរ។ ប៉ុន្ដែរឿងដីទំនាស់នេះគូភាគីទាំង២ សុទ្ធតែបានអះអាងថាជាដីរបស់ខ្លួនបានកាន់ កាប់តាំងពីឆ្នាំ១៩៧៩ ដូចគ្នា ឯរូបលោកផ្ទាល់ (តុប ឈុនហេង) ក៏ទើបតែផ្លាស់មកកាន់តុលាការ ខេត្ដកំពតនេះ បានជាង១ឆ្នាំតែប៉ុណ្ណោះ ។
ចំណែកលោកអធិការរងនគរបាលស្រុកកំពតវិញនិយាយថា ភាគីទាំង២និយាយដូចជាមិនប្រាកដប្រជាសោះ ប៉ុន្ដែបើតាមការពិនិត្យមើលភូមិសាស្ដ្រដីទំនាស់នោះ គឺភាគីអ្នកឈ្នះក្ដីនៅដាច់ដោយឡែកពីភូមិឋាន អ្នកចាញ់ក្ដីទេ ហើយភាគីអ្នកចាញ់ក្ដីក៏គ្មានព្រំដីនៅជាប់គ្នាដែរ តែនេះជារឿងរបស់តុលាការ រូបលោកមិន ហ៊ានជ្រៀតជ្រែកនោះទេ ។
Labels: សណ្ដាប់ធ្នាប់
for this post
Leave a Reply