<body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://www.blogger.com/navbar/7954757943031283723?origin\x3dhttp://khmerdaily.blogspot.com', where: document.getElementById("navbar-iframe-container"), id: "navbar-iframe" }); } }); </script>

Cambodia News

 

ពិធីបុណ្យ​ទ្បើ​ង​អ្នកតា​មេ​.​ស​ជា​ទំនៀមទំលាប់​តាំងពី​សម័យ​នគរ​ភ្នំ

ខេត្ដព្រៃវែង ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​តំបន់​នីមួយៗ​តែង​មាន​ជំនឿ​ខុសៗ​គ្នា តំណ​ពី​ដូនតា​របស់​ខ្លួន ដោយនៅ​តំបន់​ខ្លះ​គោរព​ចំពោះ​ធម្មជាតិ​ព្រៃ​ភ្នំ​ក្រំ​ថ្ម និង​ខ្លះ​ទៀត​គោរព​ចំពោះ​អ្នកតា​ចាស់​ស្រុក ដែល ធ្លាប់តែ​ផ្ដល់​សេចក្ដីសុខ​ដល់​ពួក​គេ​។ ចំណែក​អ្នកស្រុក​បាភ្នំ ខេត្ដព្រៃវែង បន្ទាប់​ពី​ធ្វើ​បុណ្យចូលឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ​រួច ពួក​គាត់​បាន​សហការ​ជាមួយ​អាជ្ញាធរ និង​សប្បុរសជន​ជិត​ឆ្ងាយ​រៀបចំ​ប្រារឰ​ពិធី​ឡើង អ្នកតា​មេ​.​ស ដើម្បី​ធ្វើការ​បន់ស្រន់​បួងសួង​សុំ​ឱ្យ​ជួប​តែ​សេចក្ដីសុខ​សប្បាយ រកស៊ី​មានបាន​ឱ្យ​ជា​សះស្បើយ ពី​ជំងឺ​បៀតបៀន ដោយ​មាន​រៀបចំ​គ្រឿង​តង្វាយ​ផ្សេងៗ ហើយ​មាន​សភាព​អធិកអធម​ខ្លាំង​ណាស់ ដែល ពិធី​នេះ​បាន​ប្រារឰ​ធ្វើ​តាំងពី​សម័យ​នគរ​ភ្នំ​មក​ម្ល៉េះ ។

​លោក​ម៉ៅ អៀង អភិបាលស្រុក​បាភ្នំ​ឱ្យ​ដឹង​ថា ពិធីបុណ្យ​ឡើងអ្នកតា​មេ​.​ស​នេះ​ជា​ទំនៀមទំលាប់​ប្រពៃណី ដ៏​យូរលង់​របស់​អ្នកស្រុក​យើង ដែល​បាន​ស្រុះស្រួល​គ្នា​ធ្វើ​មិន​ដែល​ខកខាន​នោះ​ទេ ក្នុង​បំណង​រំលឹក​គុណ ចំពោះ​អ្នកតា​មេ​.​ស ដែល​ធ្លាប់តែ​ផ្ដល់​សេចក្ដី​សប្បាយ និង​ភាព​ត្រជាក់ត្រជុំ​ចំពោះ​អ្នកស្រុក​ជា​ច្រើន ជំនាន់​មក​ហើយ ។ កាលពីមុន​ឆ្នាំ ១៩៩៣ អ្នកស្រុក​យើង​ធ្លាប់​ប្រារឰ​ពិធី​នេះ​ដែរ ប៉ុន្ដែ​ក្នុង​ទ្រង់ទ្រាយ​តូច មិន​មាន​លក្ខណៈ​អធិកអធម​ដូច​សព្វ​ថ្ងៃនេះ​ទេ ដែល​កាលនោះ​សូ​ម្បី​តែ​អាស្រម​អ្នកតា​មេ​.​ស​ក៏​កសាង​ពី​ឈើ ហើយ​គ្មាន​រូបសំណាក និង​ព្រះពុទ្ធ​រូបល្អ​ដូច​សព្វ​ថ្ងៃនេះ​ឡើយ​។ លោក​អភិបាលស្រុក​បាភ្នំ បាន​បន្ដ​ថា ដោយសារ​តែ​អំណាច​នៃ​កំលាំង​សទ្ធា​ជ្រះថ្លា​របស់​ពុទ្ធបរិស័ទ និង​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​មាន​ជំនឿ​ចំពោះ​បារមី​អ្នកតា​មេ​.​ស​នោះ បាន​ចូល​បច្ច័យ​កសាង​អាស្រម ខ្លោងទ្វារ ស្រះ​ទឹក រូបសំណាក និង​ព្រះ​ពុទ្ធរូប​តម្កល់​ទុក​នៅ​ទីនោះ ដើម្បី​គោរព​បូជា និង​សំរាប់​ប្រើប្រាស់ ព្រមទាំង​រៀបចំ​ទីនោះ​ឱ្យ មាន​សោភ័ណ​ភាពល្អ​ទៀត​ផង ហើយ​បាន​ទាក់ទាញ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ឱ្យទៅ​គោរព​បូជា និង​អ្នកទេសចរ ទៅ​ទស្សនា​កំសាន្ដ​ថែម​ទៀត​ផង ។ ក្នុង​ពិធីបុណ្យ​ឆ្នាំ​នេះ​កាន់តែ​មាន​សភាព​អធិកអធម ព្រោះ​មាន ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​លោក​ហួរ ស្រេង មន្ដ្រី​សំរបសំរួល​នៃ​អង្គការ​សេ​ដាក​ប្រចាំ​ស្រុក​បាន​ជួយ​ឧបត្ថម្ភ ថវិកា​មួយ​ចំនួន​ដល់​ក្រុម​សិស្ស​សំដែង​របាំ​ប្រពៃណី និង​រឿង​កំប្លែង​អប់រំ​ដល់​យុវជន​យុវនារី​កុំឱ្យ​សេព គ្រឿងញៀន និង​ដើរ​ខុសផ្លូវ​ប្រព្រឹត្ដ​អំពើ​អបាយមុខ​ផ្សេងៗ ។​

លោក​ម៉ៅ អៀង បន្ដ​ទៀត​ថា នៅ​ថ្ងៃ​ប្រារឰ​ពិធីបុណ្យ​ម្ដងៗ​មាន​ប្រជាជន​មក​ពី​គ្រប់​ទិស​ទី​ទាំង​ក្នុង​ខេត្ដ និង​ក្រៅ​ខេត្ដ ក្នុង​នោះ​ក៏​មាន​អ្នក​រស់នៅ​ក្រៅប្រទេស​មួយ​ចំនួន ក៏​បាន​មក​ចូលរួម​ផង​ដែរ​យ៉ាងច្រើន​កុះករ​។ នៅ​ពេល​នោះ​ក៏​មានការ​រៀបចំ​ដង្ហែ​អ្នកតា​ទាំង​៨​ទិស និង​ដង្ហែ​អ្នកតា​មេ​.​ស​ឡើង​អាស្រម រួច​បញ្ជាន់រូប អ្នកតា​តូច​-​ធំ ដើម្បី​សួរនាំ​ពី​ហេតុការណ៍​ផ្សេងៗ និង​ធ្វើការ​បួងសួង​សុំ​ពរ​ជ័យ​សេចក្ដីសុខ​សប្បាយ រកស៊ី មានបាន​ចៀស​ផុត​ពី​ឧបទ្រពចង្រៃ និង​ជំងឺ​បៀតបៀន ។ នៅ​ពេល​យប់​ឡើង​មានការ​រៀបចំ​ប្រលង ចំរៀង​សម័យ​ទំនើប​និង​សំដែង​សិល្បៈ​ដែល​មានការ​ចូលរួម​ពី​សិស្សានុសិស្ស ចែក​ជូន​អ្នកចូលរួម​បុណ្យ កំសាន្ដ​សប្បាយ រហូត​ទល់​ភ្លឺ​ញ៉ាំង​ឱ្យ​បរិយាកាស​នោះ​កាន់តែ​សប្បាយ​រីករាយ​មួយ​កំរិត​ថែម​ទៀត ។

​ទាក់ទង​នឹង​ប្រវត្ដិ​អ្នកតា​មេ​.​ស តាម​ការ​រៀបរាប់​របស់​លោកតា​ប៊ុត ប៊ុ​ន អាយុ​៦០​ឆ្នាំ ជា​គណៈកម្មការ​ពិធី បុណ្យ​ឱ្យ​ដឹង​ថា កាល​ក្នុង​សម័យ​នគរ​ភ្នំ​រាជធានី​នៃ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ត្រង់​ចំណុច​ស្រុក​បាភ្នំ ខេត្ដ ព្រៃវែង​នេះឯង ។ កាលនោះ​ព្រះរាជា​មាន​លោក​មេទ័ព​ធំ​ក្លាហាន​ម្នាក់ ក្នុង​ត្រកូល​គ្រួសារ​មេទ័ព​ដ៏​ក្លាហាន និង​ស្មោះ​ត្រង់នេះ មានកូន​ប្រុស​ម្នាក់ ឈ្មោះ​ថា គី​រី​ផល ជា​បុត្រា​ទោល ហើយ​ស្ដេច​ផែនដី​ក៏​ស្រឡាញ់ ទៀត​ផង ដូច្នេះ​ដើម្បី​បន្ដវេន​ជា​មេទ័ព និង​បំរើ​ជាតិ​មាតុភូមិ ស្ដេច និង​ឪពុក​ជា​មេទ័ព ក៏​បាន​ផ្ញើ​សារ ទៅ​ថ្វាយ​សុំ​ឱ្យ​ប្រទេស​ក្រិ​ច និង​មេទ័ព ដើម្បី​សុំ​ឱ្យ​កូន​បាន​ទៅ​បំពេញ​សិល្ប៍វិជ្ជា​មន្ដអាគម​ពី​លោកគ្រូ​ដែល មាន​វិជ្ជា​ល្បីល្បាញ​របស់​ប្រទេស​ក្រិ​ច​នោះ​ផង ហើយ​សំណើ​តាម​រយៈ​ការទូត​នោះ ក៏​ត្រូវ​ស្ដេច​ក្រិ​ច និង លោក​មេទ័ព​ទទួលយក​។ គី​រី​ផល និង​មិត្ដសំឡាញ់​គេ​ម្នាក់​ទៀត ជា​កូន​មន្ដ្រីជាន់ខ្ពស់​នៅ​បាភ្នំ​នេះ​ត្រូវ បាន​បញ្ជូន​ឱ្យទៅ​រៀន​នៅ​ប្រទេស​ក្រិ​ច​ជាមួយ​គ្នា​ដែរ ។​

លោក​បន្ដ​ថា ក្នុង​ចំណោម​សិស្ស​ជា​ច្រើន ដែល​ទៅ​សិក្សា​ទីនោះ​មាន​តែ​យុវជន​គី​រី​ផល​ទេ ដែល​មាន ប្រាជ្ញា​វៃឆ្លាត​លើសគេ​សព្វបែបយ៉ាង​។ ម្យ៉ាងទៀត គី​រី​ផល មាន​រូប​សង្ហា​ថែម​ទៀត ក្នុង​ចំណោម​សិស្ស ទាំងអស់​មក​ពី​គ្រប់​ប្រទេស​ដែល​បាន​ទៅ​រៀនសូត្រ​នោះ​។ ចំណែក​នៅ​ក្នុង​ប្រទេស​ក្រិ​ច​នោះ​វិញ កូនក្រមុំ របស់​លោក​មេទ័ព​ក្រិ​ច​ដែល​ជា​អាចារ្យ​ទេសាភិបាល​មោ​គ្គ​ដ៏​កំពូល ល្បី​ខាង​សិល្ប៍​វេទមន្ដ​នោះ​ឈ្មោះ​ថា នាង មេ​.​ស​ក៏​បាន​រៀនសូត្រ​នៅ​ទីនោះ​ដែរ​ហើយ​នាង​មាន​រូបសម្បត្ដិ​ស្រស់​ជាងគេ​ទៀត​ផង ។ កំលោះ​គី​រី​ផល និង នាង​មេ​.​ស ត្រូវ​បាន​ស្ដេច និង​លោក​មេទ័ព​ក្រិ​ច​ផ្សំផ្គុំ​អ្នក​ទាំង​ពីរ​ឱ្យ​ក្លាយទៅជា​គូ​ស្វាមីភរិយា តាំងពី​ពេល នោះ​មក ។

លោក​បាន​បន្ដ​ទៀត​ថា ស្ដេច​ក្រិ​ច​និង​ឪពុកក្មេក បាន​ហាមឃាត់​គិរី​ផល​ថា បើ​អ្នក​រៀប​ការ​ហើយ គឺ​ដាច់ ខាត​ឱ្យ​នៅ​ថែរក្សា​ទឹកដី​ក្រិ​ច​ជា​រៀង​រហូត មិន​ឱ្យ​វិល​ត្រឡប់​ទៅ​ស្រុក​វិញ​ឡើយ ។ ក្រោយ​ពី​បាន​រៀប​ការ ជាមួយ​នាង​មេ​.​សរួច គិរី​ផល រស់នៅ​ទីនោះ​តែ​ម្នាក់ឯង ចំណែកឯ​មិត្ដសំឡាញ់​របស់​គេ​ម្នាក់​ទៀត ក៏​បាន​វិល​ត្រឡប់​មក​ស្រុក​ទេស​វិញ​ជួបជុំ​ឪពុក​ម្ដាយ​និង​ទៅ​ថ្វាយបង្គំ​គាល់​ស្ដេច​នគរ​ភ្នំ ហើយ​បាន​ឋានៈ​ជា មេទ័ព​ទៀត​ផង​។ រីឯ​គិរី​ផល​មិន​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ទេ អស់​រយៈពេល​យូរ​ខែ​ឆ្នាំទៅ គិរី​ផល ចេះ​តែ​ចង់​វិល​ទៅ​ស្រុក​កំណើត​វិញ តែ​ខ្លាច​ស្ដេច​និង​ឪពុកក្មេក ។ ម្យ៉ាងទៀត​ការ​រួមរស់​ជាមួយ នាង​មេ​.​សបាន​កូនប្រុស​ម្នាក់​ឈ្មោះ​ថា គិរី​ជោ​ត ប៉ុន្ដែ​ទោះជា​យ៉ាងនេះ​ក្ដី គិរី​ផល​នៅ​តែ​រិះរក​មធ្យោបាយ វិល​មក​នគរ​ភ្នំ​វិញ ។​

លុះ​ចំណេរ​ក្រោយមក ស្រុក​នគរ​ភ្នំ​ក៏​បាន​កើត​ចលាចល ដោយ​ខ្មាំង​ចូល​វាយលុក​ស្ដេច និង​មេទ័ព​មានការ ព្រួយបារម្ភ​ខ្លាំង​ណាស់ ក៏​លួច​ផ្ញើ​សំបុត្រ​តាម​រយៈ​ឈ្មួញ​ឱ្យទៅ​កូនប្រុស​ថា ឪពុក​ឈឺ​ធ្ងន់​សូម​កូន​វិល​មក វិញ​។ សារលិខិត​នេះ គិរី​ផល ទទួល​បាន​យ៉ាង​សំងាត់​មិន​ឱ្យ​ស្ដេច និង​ភរិយា​ដឹង​ឡើយ​។ ថ្ងៃមួយ​ពេល ដែល​ស្ដេច​ក្រិ​ច​ប្រើ​ឱ្យ​គិរី​ផល​ដើរ​ត្រួតពល​ទ័ព​មើល​សន្ដិសុខ​តាម​ជាយ​ដែន គិរី​ផល​បាន​លប​លួច​ក្លែងខ្លួន ជា​ឈ្មួញ​ជិះ​សំពៅ​វិល​មក​នគរ​ភ្នំ​ទាល់តែ​បាន​សំរេច ដោយ​មិន​ឱ្យ​ស្ដេច និង​ក្រុម​គ្រួសារ​ដឹង​ទេ រហូត​បាន​មក ជួបជុំ​ឪពុក​ម្ដាយ និង​ស្ដេច​នគរ​វិញ ។ ស្ដេច​នគរ​ភ្នំ​ក៏​ត្រេកអរ ហើយ​តែងតាំង​គិរី​ផល​ជា​មេទ័ព​ការពារ ទឹកដី​នគរ​ភ្នំ ។ លោក​បន្ដ​ទៀត​ថា ដោយ​បាត់​គិរី​ផល​យូរ​ថ្ងៃខែ​មិនឃើញ​វិល​មក​រកប្រពន្ធ​កូន​វិញ​នោះ ស្ដេច​ក្រិ​ច​ក៏​ជ្រាប​ដំណឹង​នេះ​ហើយ ខ្ញាល់​យ៉ាង​ខ្លាំង​ក៏​ប្រើ​វេទមន្ដ “​ហិប​គន្លឹះ​យន្ដ​” មួយ​ឱ្យ​ហោះ​មក​ដល់ ស្ដេច​នគរ​ភ្នំ នៅ​ពេល​ស្ដេច​នគរ​ភ្នំ​កំពុង​គង់នៅ​រោង​ជំនុំ​ជាមួយ​នាហ្មឺន​សព្វ​មុខមន្ដ្រី ហិប​គន្លឹះ​យន្ដ​នោះ ក៏​ធ្លាក់​ចំ​កណ្ដាលចំណោម​។ នៅ​លើ​ហិប​មាន​រាជ​សារ​មួយ​សរសេរ​ថា “​បើ​ស្ដេច​នគរ​ភ្នំ​បើក​ហិប​នេះ មិន​រួច​ទេ​នោះ ស្ដេច​ក្រិ​ចនឹង​លើកទ័ព​មក​វាយ​កំទេច​នគរ​ភ្នំ​” ។ ដោយ​ចង់​យល់​រាជ​សារ​របស់​ស្ដេច​ក្រិ​ច ស្ដេច​នគរ​ភ្នំ​ក៏​ប្រើ​ឱ្យ​សេនា​បើក​គំរប​គន្លឹះ​យន្ដ​នោះ តែ​គ្មាន​នរណា​ម្នាក់​បើក​រួច​ឡើយ ។​

លោក​បន្ដ​ទៀត​ថា ពេល​នោះ​ស្ដេច​ប្រើ​ឱ្យ​សេនា​ទៅ​តាម​គិរី​ផល ដែល​កំពុង​បំពេញបេសកកម្ម​នៅ​ជាយ​ដែន វាយ​កំទេច​ខ្មាំងសត្រូវ​នោះ ឱ្យ​វិល​ត្រឡប់​ចូល​ព្រះរាជវាំង​ដើម្បី​បើក​ហិប​គន្លឹះ​យន្ដ ។ ពេល​បានឃើញ និង យល់​ហិប​គន្លឹះ​យន្ដ​របស់​ស្ដេច​ក្រិ​ច គិរី​ផល​ក៏​ទូល​ស្ដេច​ថា “​បើ​ខ្ញុំព្រះករុណា​បើក​ហិប​គន្លឹះ​យន្ដ​នេះ​ហើយ នឹង​ស្លាប់​សូម​ឱ្យ​រក្សា​ទុក​សព​នេះ​ផង កុំ​យក​ទៅ​បូជា” ។​

ពេល​បើក​គន្លឹះ​យន្ដ​ភ្លាម គិរី​ផល ក៏​ត្រូវកា​ត់ក​ទំលាក់​ចូល​ក្នុង​ហិប រួច​ហិប​បិទ​គំរប ហើយ​ក៏​នាំ​ក្បាល ហោះ​ឆ្ពោះទៅ​ប្រទេស​ក្រិ​ច​វិញ ។ ខណៈនោះ​នាង​មេ​.​ស និង​ឪពុក​ដឹង​រឿង​នេះ​ដែរ ប៉ុន្ដែ​មិន​ហ៊ាន​ប្រឆាំង នឹង​ស្ដេច​ឡើយ ហើយ​នាង​បាន​សុំ​ឪពុក​ម្ដាយ​ទៅ​តាម​រក​ប្ដី​យ៉ាងណា​ក៏​ឪពុក​ម្ដាយ​មិន​ព្រម​ដែរ នៅ​ទីបំផុត នាង​ក៏​លប​លួច​ក្លែងខ្លួន​សុំ​ឈ្មួញ​ជិះ​សំពៅ​កាត់​សមុទ្រ​មក​តាម​រក​ប្ដី​ដល់​នគរ​ភ្នំ ។ ពេល​នាង​ដើរ​រក​ឃើញ សព​ប្ដី​និង​ឪពុក​ម្ដាយក្មេក ហើយ​ស្ដេច​ក៏​អនុ​ញ្ញ​ត​ឱ្យ​នាង​មេ​.​ស និង កូនប្រុស​ចូល​ក្នុង​ព្រះរាជវាំង​មើល សាកសព​។ នាង​ឃើញ​ហើយ​ក៏​ទូល​សុំ​ស្ដេច​ឱ្យ​គេ​ស្វែងរក​ក្បាល ទោះ​សត្វ​ឬ​មនុស្ស​ក៏​ដោយ​ឱ្យ​តែ​បាន​យក មក​ត​ភ្ជាប់​ក្បាល​ឱ្យ​ប្ដី​វិញ នឹង​បាន​រស់​ឡើង​វិញ​ហើយ វិជ្ជា​សិល្ប៍​នេះ​មាន​តែ​នាង​ទេ​ដែល​ចេះ​បន្ដ​ពី​ឪពុក​។ ខណៈនោះ​នាង​បាន​រៀបចំ​អាសនៈ​៧​ទិស ហើយ​ក៏​ប្រើ​ឱ្យ​សេនា​ទាំងនោះ​ចេញដំណើរ​ទៅ​គ្រប់​ទិស​ទាំង ព្រលឹម​អុរ ទោះ​ជួប​មនុស្ស ឬ​សត្វ​បែប​ណា​ក៏​ដោយ សុំ​ឱ្យ​កាត់​យក​តែ​ក្បាល​មក​ចុះ ដើម្បី​ឱ្យ​នាង ត​ភ្ជាប់​នឹង​ដងខ្លួន​ប្ដី​វិញ ។ ពេល​នោះ​សេនា​រក​មនុស្ស​មិន​ជួប​ក៏​បាន​កាត់​ក្បាលដំរី​១​មក​ឱ្យ​នាង ដើម្បី រៀបចំ​ពិធី​ត​ភ្ជាប់​ក្បាលដំរី​ឱ្យ​ប្ដី​បាន​ដូច​បំណង​ហើយ​រស់​ឡើង​វិញ​។ ប៉ុន្ដែ​ក្បាលដំរី​ខ្លួន​ជា​មនុស្ស​មិន​អាច និយាយ​ស្ដី​ចេញ​ឡើយ គឺ​គ្រាន់តែ​បាន​ធ្វើ​កាយវិការ​ប៉ុណ្ណោះ ។ ទោះ​បែប​នេះ​ក្ដី​គិរី​ផល​និង​នាង​មេ​.​ស ព្រមទាំង​កូនប្រុស​គិរី​ជោ​ត រស់នៅ​ថែ រក្សា​គ្នា​រហូត​ដល់​អស់​សង្ខា​រៀងៗ​ខ្លួន​ទៅ ។

​លោក​អភិបាលស្រុក​បាភ្នំ​បាន​បញ្ជាក់​ថា កាលពី​សម័យ​បុរាណ​នៅ​ពេល​រៀបចំ​ពិធី​ឡើងអ្នកតា​មេ​.​ស​ម្ដងៗ គឺ​មានការ​កាប់សំលាប់​មនុស្ស និង​សត្វ​ធំៗ​យក​មក​បូជា​ព្រះ​អង្គ ប៉ុន្ដែ​ក្រោយមក​នៅ​ពេល​ប្រទេស យើង​គោរព​ព្រះពុទ្ធ​សាសនា​ក៏​សំលាប់សត្វ​ជ្រូក មាន់ ទា និង​គ្រឿង​តង្វាយ​ផ្សេងៗ​ដើម្បី​ថ្វាយ​វិញ ។ ពិធី នេះ​ត្រូវ​បាន​អ្នកស្រុក​បាភ្នំ យើង​ប្រារឰ​ធ្វើ​តាំងពី​សម័យ​នគរ​ភ្នំ​មក​ម្ល៉េះ ហើយ​កេរដំណែល​នេះ​ត្រូវ​បាន​អ្នក ស្រុក​យើង​និយម​រៀបចំ​ធ្វើ​តៗ​គ្នា​មិន​ដែល​ខកខាន​នោះ​ទេ ព្រោះ​ពួក​គាត់​ជឿ​ថា បារមី​អ្នកតា​មេ​.​ស អាច ជួយ​ឱ្យ​ពួក​គាត់​បាន​សេចក្ដីសុខ​សប្បាយ រកស៊ី​មានបាន​ចៀស​ផុត​ពី​ឧបទ្រពចង្រៃ​ផ្សេងៗ​ទៀត​ផង ។​

Labels: , , ,

 
 

ជួប​ជាមួយ​គ្រូ​ក្បាច់គុន​ខម ក្បាច់​បុរាណ​ខ្មែរ​ដែល​ធ្លាប់​ការពារ​ទឹកដី​ពី​អតីតកាល

រាជធានី​ភ្នំពេញ ៖ អតីតកាល​ដ៏​ថ្កុំថ្កើង​រុងរឿង​នៃ​ប្រទេស​កម្ពុជា​ដែល​ជា​អ​ធិ​រាជាណាចក្រ​ខ្មែរ មាន​វិសាល ភាព​គ្រប់គ្រង​ដែនដី​ដ៏​ធំធេង ពិតជា​មាន​កម្លាំង​ការពារ​បុ​រណ​ភាព ទឹកដី​ដ៏​មហិមា ដូច្នេះ​ហើយ​ទើប​តំរូវ ឱ្យ​យុទ្ធ​ជន​ភាគច្រើន​នាំ​គ្នា​ហ្វឹកហាត់​យុទ្ធ​គុន ដើម្បី​ការពារ​ខ្លួន ការពារ​បូរណភាព​ទឹកដី ។ បើ​និយាយ ពី​ក្បាច់គុន​ត្រូវ​បាន​ដូនតា​ខ្មែរ​ពី​សម័យ​បុរាណ​បន្សល់​ទុកជា​កេរ​មរតក​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។​

កម្មវិធី​ស្នាមញញឹម​នៃ​វប្បធម៌​ខ្មែរ​របស់​ស្ថានីយទូរទស្សន៍​បាយ័ន បាន​អញ្ជើញ​គ្រូបង្ហាត់​យុទ្ធ​គុន​ខម មក​ឱ្យ សម្ដែង​បង្ហាញ​ក្បាច់គុន​នេះ ដើម្បី​ផ្ដល់​កម្លាំងចិត្ដ​ដល់​អ្នក​ហ្វឹកហាត់ និង​ដើម្បី​ថែរក្សា​បន្ដ​ទៅ​មុខ​ទៀត​។ មុន​នេះ​លោក​មាស សុខ ជា​គ្រូ​គុន​ល្បុក្កតោ​ខ្មែរ​ធ្លាប់​បាន​បង្ហាញខ្លួន​រួច​មក​ហើយ ដោយ​អះអាង​ថា លោក​បាន​រៀបចំ​ជា​ឯកសារ​បាន​ជាង​២០០០​ក្បាច់​ផង​ដែរ ។​

លោកគ្រូ សំ ចាន់​ប៊ុ​ន​ធឿ​ន មាន​វ័យ​៥៩​ឆ្នាំ ស្រុក​កំណើត​នៅ​ភូមិ​គារ ឃុំ​គារ ស្រុក​មោងឫស្សី ខេត្ដបាត់ដំបង ។ បច្ចុប្បន្ន​លោក​ជា​អ្នក​ស្រាវជ្រាវ​ក្បាច់គុន​បុរាណ​ខ្មែរ​មួយ​រូប នៅ​ក្នុង​សមាគម​យុទ្ធ​គុន​ខម មា​នទី​តាំងនៅ​ភូមិ​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ លោកគ្រូ​រៀបរាប់​ពី ប្រវត្ដិ​ចេះ​ក្បាច់គុន​ខម​ថា នៅ​ពេល​លោកគ្រូ មាន​អាយុ​១២​ឆ្នាំ បាន​ទៅ​រស់នៅ​ជាមួយ​ព្រះសង្ឃ​ក្នុង​វត្ដ ដោយ​រៀនសូត្រ​អក្សរសាស្ដ្រ​ខ្មែរ​ផង រៀន​ក្បាច់គុន​ផង ដោយ​មាន​ព្រះ​ចៅអធិការ​វត្ដ​សូ​រិ​យា ស្រុក​មោង ឫស្សី ព្រះ​នាម​អួ​ម ជា​អ្នក​បង្រៀន ដែល​កាល​ណោះ​នៅ​ក្នុង​ឆ្នាំ​១៩៦០​។ ព្រះ​ចៅអធិការ​វត្ដ​ត្រូវជា​ជីតា ទួត​ខាង​ម្ដាយ​របស់​លោកគ្រូ​តែ​ម្ដង​។ ចំណែក​ឪពុក​របស់​លោកគ្រូ​បាន​ហាត់​ក្បាច់គុន​ពី​តា​អាចារ្យ​លាក់ នៅ ស្រុកលើ ហើយ​បាន​ហាត់រៀន​បន្ថែម​ពី​លោកតា​អួ​ម បញ្ចប់​ទ្វារ​នៃ​ក្បាច់គុន​ខម​ផង​ដែរ ។​

លោកគ្រូ​សំ ចាន់​ប៊ុ​ន​ធឿ​ន រំលឹក​ថា ការ​ហាត់រៀន​ក្បាច់គុន​កាលពី​លោកគ្រូ​នៅ​ក្មេង តែងតែ​រៀន​ខ្ញាំ​ជើង ដោយ​ចាក់ទឹក​បង្ហូរ​ឱ្យ​រអិល​ផ្លូវ​ឡើង​ច្រាំង​ស្ទឹង និង​រែក​ទឹក​យក​ទៅ​ស្រោច​ម្លូ​តាម​ការ​កំណត់ រាប់​សិប អ​ម្រែ​ក​។ ក្រៅពី​នេះ​ទៀត​ហ្វឹកហាត់​ដើរ​ចុងជើង ឯ​ដៃ​ត្រូវ​ទ្រ​ដុំ​ឈើ​ធំ​វែង ហើយ​បង្វិល​ក្រឡឹង​ជុំវិញ ខ្លួន​ដូច​កិនស្រូវ​។ លោកគ្រូ​បន្ដ​ថា ពេល​ព្រឹក​ឡើង​រៀន​ប្រើ​ភ្នែក​ដោយ​សម្លឹង​មើល​ថ្ងៃ​ទើប​រះ និង ពេល​ងូតទឹក​ព្រឹក​ព្រហាម​ត្រូវ​បាចទឹក​ដាក់​ភ្នែក ដើម្បី​ឱ្យ​ភ្នែកមាន​លំនឹង​។ ឯការ​ហ្វឹកហាត់​ចលនា​បឋម មិនជា​ពិបាក​ទេ គឺ​គ្រាន់តែ​រៀន​បត់​ភ្លៅកង្កែប និង​ពត់​ជើងដៃ​ឱ្យ​ទន់ភ្លន់​ប៉ុណ្ណោះ ។

​លោកគ្រូ​បន្ដ​ថា ក្រោយ​ពី​លោកគ្រូ​ប្រឡង​ជាប់​អនុ​វិទ្យាល័យ​នេ​ត​យ៉ង់ ទីរួមខេត្ដ​បាត់ដំបង លោកគ្រូ បាន​ហ្វឹកហាត់​ហាប់​គី​ដូ នៅ​សាលា​ចិន​កុក​ខ្វាង រហូត​ទទួល​បាន​ខ្សែក្រវាត់​ខ្មៅ​១​ដាន់​ផង​ដែរ ក្នុង​ឆ្នាំ​១៩៧០ ចំណែក​ក្បាច់គុន​បុរាណ​ខ្មែរ លោកគ្រូ​បាន​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ទើប​អាច យល់​ដឹង​បាន​៤​ទ្វារ ហើយ​ក្នុង​៤​ទ្វារ​នោះ​លោកគ្រូ​អាច​បំបែកចេញ​ជា​២០០០​ស្នៀត​ឯណោះ ។​

ចាប់ពី​ឆ្នាំ​១៩៦៩ រហូត​ដល់​ឆ្នាំ​១៩៧៥ លោកគ្រូ​ប៊ុ​ន​ធឿ​ន​ត្រូវ​បាន​ឪពុក​បង្ហាត់បង្រៀន​បន្ថែម​ពី​មេ​គុន​ក្បាច់ ពិឃាត​ក្នុង​គម្ពីរ​ខម ដែល​លោកគ្រូ​បាន​ចម្លង​យក​មក​ពី​វត្ដ​សូ​រិ​យា ។ ក្បាច់គុន​ខ្មែរ​យើង​មាន​៣​ខណ្ឌ គឺ ទី​១ យុទ្ធ​គុន​ខម ទី​២ យុទ្ធ​សិល្ប៍​ខេ​មៈ និង ទី​៣ កល​យុទ្ធ​ខេមរៈ ហើយ​បែកចេញ​ជា​បីៗ​បន្ដ​ទៀត ។​

ចំពោះ​ការ​ហ្វឹកហាត់​ត្រូវ​យក​កម្លាំង​ដៃ ច្រត់​ដី ហើយ​ដើរ​នឹង​កែងដៃ​លើ​ដីខ្សាច់ និង​ដី​រឹង ។ លើស​ពី​នេះ ត្រូវ​ប្រើ​ក្រញាំ​ដៃ​រៀន​ទះ​លើ​ក្ដារ និង​ចុង​ម្រាម​៥​ហៅ​ថា ក្បាច់​ក្រញាំ​ខ្លា ម្រាម​៤ ហៅ​ថា ក្រញាំ​នាគ ម្រាម​៣ ហៅ​ថា ក្រញាំ​ឥន្ទ្រី និង​ម្រាម​មួយ​ហៅ​ថា​ចង្អុលខ្មោច ។ ក្បាច់គុន​ខម​នេះ​ត្រូវ​បាន​លោកគ្រូ សំ ចាន់​ប៊ុ​ន​ធឿ​ន នាំ​សិស្ស​យក​ទៅ​សម្ដែង​បង្ហាញ​ទស្សនិកជន​តាម​រយៈ​កម្មវិធី “​ស្នាមញញឹម​នៃ​វប្បធម៌​ខ្មែរ​” ដែល​ស្ថានីយទូរទស្សន៍​បាយ័ន​ជា​អ្នក​ផលិត​ឡើង ។​

Labels: , ,

 
 

ទូរទស្សន៍​បាយ័ន​បង្ហាញ​គ្រូ​គុន​ល្បុក្កតោ​ មក​ពី​ខេត្ដកំពត


លោកគ្រូ​ មាស​ សុខ​ បង្ហាញ​ក្បាច់គុន​ និង​ ការ​បង្ហាញ​ក្បាច់ល្បុក្កតោ​ នៅ​លើ​ឆាក​ទូរទស្សន៍​

រាជធានី​ភ្នំពេញ​ ៖​ លោក​ មាស​ សុខ​ ដែល​បច្ចុប្បន្ន​រស់នៅ​ខេត្ដកំពត​ ធ្លាប់​ត្រូវ​បាន​កោះសន្ដិភាព​ ធ្វើការ​ផ្សព្វផ្សាយ​កន្លង​មក​ពី​ការ​បើក​កកាយ​នូវ​ស្នៀតគុន​ល្បុក្កតោ​ខ្មែរ​ ដើម្បី​ធ្វើការ​អភិរក្ស​ឡើង​វិញ​ តាម​ រយៈ​ការ​បង្ហាត់បង្រៀន​ដល់​សិស្សគណ​របស់​លោក​។​ ការ​រីក​ធំធាត់​នៃ​សាលា​គុន​របស់​លោក​ ក៏​បាន​ឈាន​ ដល់​ការ​បង្កើត​សមាគម​យុទ្ធ​គុន​ល្បុក្កតោ​ ដែល​សមាគម​នេះ​ក៏​បាន​រៀបចំ​ជា​សង្វៀន​ប្រកួត​ក្បាច់គុន​ខ្មែរ​ បុរាណ​មួយ​ឈុត​ កាលពី​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​កន្លង​មកនេះ​ ។​ លោក​មាស​ សុខ​ ក៏​តែងតែ​អំពាវនាវ​តាម​ រយៈ​កោះសន្ដិភាព​សុំ​ដល់​នាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន​ ផ្ដល់​ជា​ថវិកា​សំរាប់​លោក​រៀបចំ​ថត​ទុកជា​ឯកសារ​ នូវ​រាល់​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​ ដែល​លោក​ចេះ​ចាំ​ដើម្បី​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ​រក្សា​ទុកជា​ឯកសារ​បន្ដ​ កុំឱ្យ​ បាត់បង់​។​ តាម​រយៈ​នៃ​ការ​អំពាវនាវ​របស់​លោក​ កម្មវិធី​ “​ស្នាមញញឹម​នៃ​វប្បធម៌​ខ្មែរ​”​ នៃ​ស្ថានីយ​ ទូរទស្សន៍​បាយ័ន​ បាន​អញ្ជើញលោក​មាស​ សុខ​ នាំ​យក​សិល្បៈ​ក្បាច់គុន​ល្បុក្កតោ​ នៃ​សមាគម​ យុទ្ធ​គុន​ល្បុក្កតោ​ នៅ​ភូមិ​តី​ខាងត្បូង​ ឃុំ​អណ្ដូង​ខ្មែរ​ ស្រុក​កំពង់បាយ​ ខេត្ដកំពត​ មក​សំដែង​តាម​កញ្ចក់​ ទូរទស្សន៍​ ។​

​លោក​ស៊ូ​ ចំរើន​ ដែល​ជា​អ្នកដឹកនាំ​កម្មវិធី​ “​ស្នាមញញឹម​នៃ​វប្បធម៌​ខ្មែរ​”​ បានឱ្យ​ដឹង​ថា​ ការ​ដែល​កម្មវិធី​ “​ស្នាមញញឹម​នៃ​វប្បធម៌​ខ្មែរ​”​ លើកយក​ក្រុម​គ្រូ​គុន​ក្បាច់ល្បុក្កតោ​ មក​សំដែង​បង្ហាញ​ក្បាច់គុន​នេះ​ គឺ​ចង់ឱ្យ​ កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​និង​បានដឹង​ថា​ ក្បាច់គុន​ល្បុក្កតោ​គឺជា​របស់​ខ្មែរ​ពិតៗ​ ហើយ​សព្វថ្ងៃ​កំពុង​តែ​ អភិរក្ស​ទៀត​ផង​។​ បើ​តាម​លោកគ្រូ​មាស​ សុខ​ បានឱ្យ​ដឹង​ថា​ ក្បាច់គុន​ល្បុក្កតោ​នេះ​ លោកគ្រូ​ចេះ​ តម​ក​ពី​ជីតា​និង​ឪពុក​របស់​លោកគ្រូ​ដែល​ជា​អ្នក​បង្ហាត់បង្រៀន​ តាំងពី​លោកគ្រូ​មាន​អាយុ​១៣​ឆ្នាំ​ មក​ម្ល៉េះ​។​ លោកគ្រូ​គុន​ក្បាច់ល្បុក្កតោ​មាស​ សុខ​ ដែល​ពេល​នេះ​មាន​អាយុ​៦៣​ឆ្នាំ​ បានឱ្យ​ដឹង​ទៀត​ថា​ បើ​តាម​ម្ដាយ​ របស់​លោកគ្រូ​ និយាយ​ប្រាប់​គឺ​ក្បាច់គុន​នេះ​ចេះ​តាំងពី​ជំនាន់​ជីតា​ទួត​របស់​លោកគ្រូ​មក​ម្ល៉េះ​ ហើយ​មិន​ ត្រឹមតែ​ក្បាច់គុន​នេះ​ទេ​ គឺ​ថែម​ទាំង​ធ្លាប់​មាន​សាច់​គង់​កាប់​មិន​មុត​ទៀត​ផង​(​ផឹកថ្នាំ​គង់​)​។​ លោកគ្រូ​មាស​ សុខ​ បាន​បន្ដ​ថា​ ក្រៅពី​ចេះ​ក្បាច់គុន​ល្បុក្កតោ​នេះ​ លោកគ្រូ​ក៏​ចេះ​ក្បាច់​គុនដំបង​ខ្លី​ ដំបង​វែង​ និង​ គុន​ដាវ​ផង​ដែរ​ ។​


​ការ​បង្ហាញ​ក្បាច់ល្បុកតោ


​ក្បាច់គុន​ល្បុក្កតោ​ គេ​អាច​បំបែក​ជា​ស្នៀត​រាប់រយ​ស្នៀត​ទៀត​ឯណោះ​ ។​ លោកគ្រូ​មាស​ សុខ​ បាន​បន្ដ​ថា​ ចំពោះ​ក្បាច់គុន​ដៃ​ដំបូង​យើង​ត្រូវ​ចាប់ផ្ដើម​ហាត់​ពី​ស្នៀត​មេ​ស្រប​ មេ​ខ្វែង​ ពី​មេ​២​ដល់​មេ​៤​ រួច​បំបែក​ ស្នៀត​ជើង​ ស្នៀត​ដៃ​ វាយលុក​ ដកថយ​ជាដើម​ ។​ លោកគ្រូ​មាស​ សុខ​ ក៏​បាន​រៀបរាប់​ជីវប្រវត្ដិ​ដោយ​ សង្ខេប​ ហើយ​បាន​បង្ហាញ​ក្បាច់គុន​ដៃ​ ដំបង​ខ្លី​ វែង​ និង​ដាវ​ជាមួយ​សិស្ស​ជា​ច្រើន​នាក់​ នៅ​ក្នុង​កម្មវិធី​ “​ស្នាមញញឹម​នៃ​វប្បធម៌​ខ្មែរ​ ”​ ដែល​នឹង​ចាក់​ផ្សាយ​រៀល​រាល់ថ្ងៃ​សុក្រ​វេលា​ម៉ោង​១០​ព្រឹក​ផង​ដែរ​។​


​សិស្ស​សមាគម​យុទ្ធ​គុន​ល្បុកតោ​បង្ហាញ​ក្បាច់​ជង្គង់​ហោះ


លោក​មាស​ សុខ​ កើត​នៅ​ភូមិ​សំដី​ ឃុំ​ធ្លក​ ស្រុក​ស្វាយ​រៀង​ ខេត្ដស្វាយរៀង​ បច្ចុប្បន្ន​ជា​ប្រធាន​សមាគម​ យុទ្ធ​គុន​ល្បុក្កតោ​ ដែល​មា​នទី​តាំងនៅ​ភូមិ​តី​ខាងត្បូង​ ឃុំ​អណ្ដូង​ខ្មែរ​ ស្រុក​កំពង់បាយ​ ខេត្ដកំពត​ ។​ ចំពោះ​ សំណួរ​ដែល​សួរ​ថា​ តើ​តាំងពី​ដឹងក្ដី​មក​នៅ​ក្នុង​សង្គម​គ្រួសារ​លោកគ្រូ​ មាន​នរណា​ចេះ​គុន​ដែរ​ឬទេ​?​ លោកគ្រូ​ឆ្លើយ​ថា​ បើ​តាម​ម្ដាយ​គាត់​ធ្លាប់​និយាយ​ប្រាប់​គឺ​ជីតា​ទួត​ ឈ្មោះ​ឧកញ៉ា​ចក្រី​ វាំង​ហ៊រ​ ផ្ទះ​នៅ​ ស្ពាន​កូនកាត់​ត្រង់​ម្ដុំ​វិមាន​ឯករាជ្យ​ លោក​ចេះ​វិជ្ជា​គុន​យ៉ាង​ស្ទាត់ជំនាញ​។​ ចំណែក​ជីតា​ខាង​ឪពុក​ឈ្មោះ​ មាស​ ប៉ា​ង​ ជា​គ្រូ​គុន​ ឯ​ជីដូន​របស់​គាត់​ក៏​ធ្លាប់​ត្រូវ​លោកតា​ប៉ា​ង​ ដក​ពិសោធន៍​ ដោយ​លប​វាយ​នឹង​ដំបង​ ពីក្រោយ​ខ្នង​ ពេល​លោកយាយ​កំពុង​បុក​គ្រឿង​ ប៉ុន្ដែ​គាត់​រហ័ស​ណាស់​លើក​អង្រែ​ឡើង​រង​ជាប់​ ។​ ឪពុក​ របស់​លោកគ្រូ​ឈ្មោះ​ មាស​ ផុ​ន​ និង​បងប្អូន​បង្កើត​ប្រុសៗ​របស់​លោកគ្រូ​ទាំងអស់​សុទ្ធតែ​ចេះ​ក្បាច់គុន​ ហើយ​ថែម​ទាំង​ចេះ​លេងភ្លេង​ប្រពៃណី​ទៀត​ផង​។​ ឪពុក​លោក​ខ្លាំងពូកែ​ខាង​គុន​ដៃ​ ហើយ​គាត់​មាន​ ស្បែក​គង់​ស្វិត​ថែម​ទៀត​ផង​ កាល​លោកគ្រូ​អាយុ​ជាង​១០​ឆ្នាំ​ ធ្លាប់​ឃើញ​គ្រូ​មក​ប្រសិទ្ធី​ រួច​កាប់​ឪពុក​ លោកគ្រូ​នឹង​ដាវ​មុខ​សស្ងាច​ តែ​មិន​មុត​ គ្រាន់តែ​មាន​ស្នាម​កន្ទួលៗ​ប៉ុណ្ណោះ​ ។​


​លោកគ្រូ​ មាស​ សុខ​ ឈរ​គុនដំបង​រូប​កណ្ដាល​ខាងក្រោយ

​លោកគ្រូ​មាស​ សុខ​ បាន​និយាយ​រៀបរាប់​ទៀត​ថា​ ពេល​លោកគ្រូ​អាយុ​១៣​ឆ្នាំ​ ទាំង​ជីតា​ ទាំង​ឪពុក​ បង្ខំ​ឱ្យ​រៀន​ក្បាច់គុន​ តែ​កាល​ណោះ​លោកគ្រូ​ដូច​ជា​មិនសូវ​ចាប់អារម្មណ៍​ប៉ុន្មាន​ទេ​ ។​ ទន្ទឹម​នឹង​ទៅ​រៀន​នៅ​ សាលា​ចំណេះ​ទូទៅ​ តាម​ធម្មតា​ជីតា​និង​ឪពុក​បាន​ឆ្លៀត​ឱ្យ​លោកគ្រូ​រៀន​គុន​ដៃ​ ដែល​ច្រើន​ធ្វើ​ឡើង​នៅ​ ពេល​ព្រឹក​ រួច​ហាត់គុន​ដំបង​វែង​នៅ​ពេល​យប់​ខែភ្លឺ​ គឺ​ចាប់ផ្ដើម​ពី​មេ​ស្រប​ មេ​ខ្វែង​ មេ​ពីរ​ មេ​បួន​ រួច​បំបែក​ ស្នៀត​ មាន​ស្នៀត​ដៃ​ ស្នៀត​ជើង​ វាយលុក​ ដកថយ​ជាដើម​ ។​ មុន​ដំបូង​ត្រូវ​ហាត់​បង្វិល​ដំបង​ដែល​ ពាក្យ​បច្ចេកទេស​ហៅ​ថា​ ហុង​ដំបង​ឱ្យ​បាន​ថ្នឹក​ជា​បង្គួរ​សិន​។​ ក្រោយមក​ត្រូវ​ចាប់​រៀន​វាយ​មេ​ មាន​មេ​ សើយលាត់​ មេ​ផាត់​ ប្រមូល​វាយ​ចំពាក់​កណ្ដាល​ខ្លួន​ មេ​រះ​ ផ្កាស្វាយ​ វាយ​បង្វិល​ពីលើ​ក្បាល​ មេ​ទូក​បាក់​ មេ​ឆៀង​កណ្ដៀត​ មេក្របី​ព័ទ្ធ​ស្នឹង​ ព្យុះ​កួច​កន្ដ្រើយ​។​ល​។​ ទោះជា​យ៉ាងណា​ មេ​ធំៗ​មាន​តែ​៣​មេ​ទេ​ ដែល​ បើ​និយាយ​ឱ្យ​ងាយ​ស្ដាប់​គឺ​វាយ​ជើង​ក្រោម​ ចំពាក់​កណ្ដាល​ខ្លួន​ និង​ក្បាល​។​

​លោក​មាស​ សុខ​ បាន​រៀបរាប់​បន្ដ​ទៀត​ថា​ កាល​នៅ​ឯ​ស្រុក​គាត់​រៀន​ក្បាច់គុន​រហូត​ និង​មក​ឈប់​ត្រឹម​ ឆ្នាំ​១៩៦៣​ ពេល​ប្រលង​ជាប់​ចូល​រៀន​នៅ​សាលា​កសិកម្ម​ព្រែក​លៀប​ជំនាន់​ទី​១​ផ្នែក​នេសាទ​ ហើយ​ឆ្នាំ​ ១៩៦៨​ ពេល​ចេញ​ទៅ​បំរើ​ការងារ​នៅ​មន្ទីរ​នេសាទ​ ខេត្ដកំពត​ លោក​ក៏​ហាក់ដូចជា​មានការ​ចាប់អារម្មណ៍​ ខ្លាំង​ នឹង​រឿង​ក្បាច់គុន​តែ​ម្ដង​។​ លោក​បាន​រំលឹក​ទៅ​ដល់​រដូវ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ជំនាន់​នោះ​ថា​ កាលនោះ​ លោក​បាន​ប្រមូល​គ្រូ​ចាស់ៗ​ខាង​ក្បាច់គុន​ល្បុក្កតោ​ មាន​គុន​ដៃ​ ចំបាប់​ គុនដំបង​ខ្លី​ ដំបង​វែង​ ប្រកួត​បង្ហាញ​ របៀប​សមយុទ្ធ​ជូន​ទស្សនិកជន​ ដោយ​ចូលរួម​ជាមួយនឹង​ល្បែង​ប្រជាប្រិយ​ នៅ​មណ្ឌល​កីឡដ្ឋាន​ខេត្ដកំពត​ និង​ច្រើន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ឆ្លង​ចូល​ឆ្នាំ​ ចាប់ពី​ម៉ោង​២​រសៀល​ដល់​ម៉ោង​៥​ល្ងាច​ ។​ ឯការ​រៀបចំ​ ភាគច្រើន​ ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ ហើយ​លោក​បាន​ចាត់​ឱ្យ​មានកម្ម​វិធី​នេះ​រហូត​ដល់​ឆ្នាំ​១៩៧៥​តែ​ម្ដង​ គឺ​ក្នុង​គោល​ បំណង​ទាក់ទាញ​ស្រាវជ្រាវ​រក​គ្រូ​គុន​ពូកែៗ​មក​ចងក្រង​ធ្វើ​ជា​ឯកសារ​ ដែល​ជំនាន់​នោះ​ប្រមែប្រមូល​គ្រូៗ​ ជា​ ឯកសារ​រស់​បាន​ជិត​៥០​នាក់​ ។​

​លោក​បាន​រំលឹក​ថា​ នៅ​ឆ្នាំ​១៩៧០​ លោក​បាន​បើក​ផលិតកម្ម​ផ្កាយ​ភ្លឺ​មាស​ភាពយន្ដ​ នៅ​ខេត្ដកំពត​ ដោយ​ចាប់​ថត​រឿង​ “​ភ្នំ​សន្ធប់​ ព្រលឹង​ម៉ែ​”​ ដែល​មាន​បញ្ចូល​ក្បាច់គុន​ល្បុក្កតោ​ និង​បាន​ដាក់​បញ្ចាំង​ នៅ​ចុងឆ្នាំ​១៩៧២​ នៅ​រោង​ភាពយន្ដ​អេ​ដែន​ផ្សារ​ចាស់​ និង​រោង​ភាពយន្ដ​ចេ​ន​ឡា​ផ្សារ​ដើម​គ​ ។​ ផលិតកម្ម​ ផ្កាយ​ភ្លឺ​មាស​ភាពយន្ដ​ គឺ​លោក​ជា​ចាងហ្វាង​ ផលិតកម្ម​ និពន្ធ​ និង​ដឹកនាំ​រឿង​ខ្លួនឯង​ ហើយ​កាល​ណោះ​ ដោយសារ​នៅ​លីវ​ផង​ បើ​ពេល​ណា​ទំនេរ​គឺ​គិតតែ​ពី​ចង់​ហាត់​ក្បាច់គុន​ប៉ុណ្ណោះ​ ។​ ពេល​ដាក់​បញ្ចាំង​រឿង​ “​ភ្នំ​សន្ធប់​ ព្រលឹង​ម៉ែ​”​ ដែល​មាន​បញ្ចូល​ក្បាច់គុន​ល្បុក្កតោ​ផង​នោះ​ គឺ​បាន​ទទួល​ជោគជ័យ​ដ៏​ធំធេង​ ហួស​ពី​ ការ​ស្មាន​ដែល​ធ្វើ​ឱ្យ​លោក​មាន​លទ្ធភាព​អាច​ថត​បន្ដ​ម្ដង​៣​រឿង​តែ​ម្ដង​ គឺ​រឿង​ភ្នំ​ សន្ធប់​ព្រលឹង​ម៉ែ​ភាគ​២​ សន្ទុះ​សិល្ប៍​ភុជង្គនាគ​ និង​សាក់​ស្បៃ​ស្រី​អាំ​ ដែល​ថត​បាន​ជាង​ពាក់កណ្ដាល​ហើយ​ ក៏​បែក​ព្រឹត្ដិការណ៍​១៧​ មេ​សា​ ១៩៧៥​ទៅ​ ។​

​បន្ទាប់​ពី​ជីវិត​ទី​២​ត្រូវ​បាន​ចាប់កំណើត​សា​ជា​ថ្មី​ក្រោយ​ទិវា​ជ័យ​ជំនះ​៧​មក​រា​ ១៩៧៩​ លោកគ្រូ​មាស​ សុខ​ បានឱ្យ​ដឹង​ថា​ នៅ​ឆ្នាំ​ ១៩៨០​ លោក​ចូល​បំរើ​ការងារ​ជា​ប្រធាន​សិល្បៈ​នៅ​មន្ទីរ​ឃោសនាការ​ខេត្ដស្វាយរៀង​ ដោយ​មាន​ភារកិច្ច​ដឹកនាំ​រឿង​ល្ខោនបាសាក់​ និង​និពន្ធ​បទ​ភ្លេង​ទំនុកច្រៀង​ជាដើម​ ។​ ពេល​នោះ​លោកគ្រូ​ នៅ​មាន​សកម្មភាព​ពាក់ព័ន្ធ​នឹង​ក្បាច់គុន​ល្បុក្កតោ​ដដែល​ ហើយ​ឆ្លៀតពេល​មហោស្រព​ប្រលង​សិល្បៈ​ ទូ​ទាំង​ ខេត្ដ​ លោក​តែង​បាន​ដាក់​បញ្ចូល​ការ​បង្ហាញ​ក្បាច់គុន​ផង​ដែរ​ ។​ លុះ​នៅ​ឆ្នាំ​១៩៩០​ លោក​លាឈប់​ពី​ការងារ​ មក​រស់នៅ​ក្នុង​ខេត្ដកំពត​ ដោយ​មាន​បំណង​ស្រាវជ្រាវ​ក្បាច់គុន​ល្បុក្កតោ​ជា​បន្ដ​ទៀត​រហូត​បង្កើត​បានជា​ សមាគម​នៅ​ក្នុង​ឆ្នាំ​២០០០​ ។​ នៅ​ឆ្នាំ​២០០៤-២០០៥​ លោក​បាន​នាំ​គ្រូ​៦​នាក់​មក​សំដែង​ក្បាច់គុន​ ក្នុង​ កម្មវិធី​យុទ្ធ​សិល្ប៍​អន្ដរជាតិ​នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ ដោយ​មានការ​ចូលរួម​ពី​ភ្ញៀវ​ ក្នុង​កំរិត​ខ្សែក្រវាត់​ ខ្មៅ​៦​ជាន់ឡើង​ទៅ​មក​ពី​៣០​ប្រទេស​ ។​
​ទាក់ទិន​នឹង​សមាគម​របស់​លោក​ លោកគ្រូ​មាស​ សុខ​ បានឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​លោក​កំពុង​ចងក្រង​ សៀវភៅ​ឯកសារ​រូបភាព​ “​មរតក​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​”​ និង​ត្រៀម​ឯកសារ​ក្បាច់គុន​ល្បុក្កតោ​ សំរាប់​ថត​ វី​ដេ​អូ​មាន​ចំនួន​ជិត​២.០០០​ក្បាច់​ហើយ​ ។​

Labels: , , ,

 
 

បារមី​អ្នកតា​ឡាក់​មឿង​ ក្នុង​ផ្នត់គំនិត​អ្នកស្រុក​ អតីត​មេទ័ព​ការពារ​ទឹកដី​

​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​នីមួយៗ​ តែង​មាន​ជំនឿ​ប្លែកៗ​គ្នា​ ខ្លះ​គោរព​សាសនា​ ខ្លះ​ទៀត​គោរព​ព្រលឹង​ បុព្វការី​ជន​ អារក្សអ្នកតា​ ព្រៃ​ភ្នំ​ក្រំ​ថ្ម​ ជ្រោះ​ជ្រលង​ដងអូរ​ ដើម្បី​សុំ​សេចក្ដីសុខ​សប្បាយ​ និង​រកស៊ី​ មានបាន​ក្នុង​គ្រួសារ​ ។​ ចំណែក​អ្នកស្រុក​ភ្នំស្រុក​ ខេត្ដបន្ទាយមានជ័យ​ ក្រៅពី​មាន​ជំនឿ​ចំពោះ​ព្រះពុទ្ធ​ សាសនា​ ពួក​គាត់​បាន​គោរព​ចំពោះ​បារមី​អ្នកតា​ឡាក់​មឿង​ ជា​អតីត​មេទ័ព​ដ៏​អង់អាច​ក្លាហាន​ដែល​បាន​ធ្វើ​ ពលិកម្ម​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ ។​ ទោះបីជា​ពេលវេលា​បាន​កន្លង​ផុត​ទៅ​អស់​រយៈពេល​យ៉ាង​យូរ​ក្ដី​ ក៏​អ្នកស្រុក​នៅ​តែ​គោរព​ប្រណិប័តន៍​ និង​រៀបចំ​ពិធី​ផ្សេងៗ​ជា​តង្វាយ​ចំពោះ​អ្នកតា​ឡាក់​មឿង​ ដើម្បី​ សុំ​សេចក្ដីសុខ​សប្បាយ​ រកស៊ី​មានបាន​ និង​បណ្ដេញ​ឧបទ្រពចង្រៃ​ក្នុង​ជីវិត​ ។​

​អ្នកស្រុក​ភ្នំស្រុក​ភាគច្រើន​រស់នៅ​ប្រកាន់ខ្ជាប់​នូវ​ទំនៀមទំលាប់​ប្រពៃណី​ពី​បុរាណ​ ប្រកប​របរ​ធ្វើស្រែ​ចំការ​ នេសាទ​ ចិញ្ចឹម​ដង្កូវនាង​ តម្បាញ​ហូល​ ផាមួង​ ដើម្បី​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ ។​ ដោយ​ចង់​ បាន​សេចក្ដីសុខ​សប្បាយ​ប្រចាំ​ក្រុម​គ្រួសារ​ និង​ ភូមិ​ស្រុក​ពួក​គាត់​បាន​នាំ​គ្នា​គោរព​បារមី​ អ្នកតា​ឡាក់​មឿង​ និង​បញ្ចុះ​អថ័ន​ ដែល​ជា​ទំនៀមទំលាប់​តំណ​ពី​ដូនតា​បន្សល់​ទុក​ឱ្យ​។​ ទាក់ទិន​នឹង​បញ្ហា​ខាងលើ​នេះ​ បើ​តាម​ ការ​អះអាង​របស់​អ្នកស្រុក​បញ្ជាក់​ថា​ ចំណេរ​កាល​ដ៏​យូរលង់​មានកូន​ភ្នំ​មួយ​ស្ថិត​នៅ​ចំងាយ​ ប្រមាណ​ ៥​គីឡូម៉ែត្រ​ ពី​ទីប្រជុំជន​ស្រុក​ភ្នំ​ ស្រុក​សព្វថ្ងៃ​បាន​ទទួល​រង​នូវ​បាតុភូត​គ្រោះ​ធម្មជាតិ​ បាក់​ស្រុត​ចុះ​ ទៅ​ក្រោម​ ក្លាយជា​បឹង​ធំ​មួយ​សំបូរ​ទៅ​ដោយ​មច្ឆជាតិ​ទៀត​ផង​។​ បាតុភូត​ធម្មជាតិ​នេះ​ធ្វើ​ឱ្យ​អ្នកស្រុក​ មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​យ៉ាង​ខ្លាំង​ ហើយ​នាំ​គ្នា​រើ​លំនៅ​ឋាន​មក​សង់ផ្ទះ​សំបែង​នៅ​ទីប្រជុំ​សព្វថ្ងៃ​ វិញ​ ដោយ​នាំ​គ្នា​ហៅ​ទីនោះ​ថា​ “​ភ្នំ​ស្រុត​”​ ។​ ក្រោយមក​អ្នកស្រុក​ក៏​បាន​ស្រុះស្រួល​គ្នា​ជីកដី​ពូន​ជា​ភ្នំ​ និង​ សង់​ប្រាសាទ​ថ្ម​ទុក​ជាទី​សក្ការបូជា​ និង​ធ្វើការ​បួងសួង​ចំពោះ​ម្ចាស់​ទឹក​ម្ចាស់​ដី​ឱ្យ​ជួយ​ថែរក្សា​ បាន​សេចក្ដី​ សុខ​សប្បាយ​ ហើយ​ទីនោះ​ក៏​មានឈ្មោះ​ភូមិ​-​ឃុំ​ ភ្នំ​ដី​រហូត​ដល់​សព្វថ្ងៃ​ ប៉ុន្ដែ​កេរដំណែល​ទាំងនេះ​បាន​ រង​នូវ​ការ​បំផ្លិចបំផ្លាញ​ពី​សំណាក់​ជន​ទុច្ចរិត​អស់ទាំង​ភ្នំ​ និង​ទាំង​ប្រាសាទ​នៅ​ក្នុង​សម័យ​សង្គ្រាម​ ។​

​ដោយសារ​តែ​អ្នកស្រុក​មាន​ជំនឿ​ចំពោះ​បុព្វបុរស​ខ្លួន​ដែល​ធ្លាប់តែ​ផ្ដល់​សេចក្ដីសុខ​សប្បាយ​ ភាព​ចំរុងចំរើន​ ពួក​គាត់​បាន​មូលមតិ​គ្នា​កសាង​អាសនៈ​ដ៏​ធំ​មួយ​ស្ថិត​នៅ​ត្រង់​គ្រឹះ​ចាស់​ រួច​បញ្ចុះ​អថ័ន​ការពារ​តាម​ទំលាប់​ ពី​បុរាណ​ ដែល​ឧបត្ថម្ភ​ថវិកា​ពី​លោក​ ដាំ​ ឆត្រ​រី​យ៍​ ទីប្រឹក្សា​សម្ដេច​ជា​ស៊ី​ម​ ។​ ការ​កសាង​ប្រាសាទ​ ថ្មី​នេះ​ជា​និមិត្ដរូប​ឱ្យ​ស្រុក​ភ្នំស្រុក​រំលឹក​ដល់​អនុស្សាវរីយ៍​នៃ​ការ​កើត​ស្រុក​ទេស​ដំបូង​ និង​ដឹងគុណ​ចំពោះ​ អ្នកតា​ឡាក់​មឿង​ជា​មេទ័ព​ដ៏​ក្លាហាន​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​ ។​

​ប្រភព​ដដែល​បន្ដ​ថា​ អ្នកតា​ឡាក់​មឿង​ ពី​ដើម​ឡើយ​ជា​មេទ័ព​ដ៏​អង់អាច​ក្លាហាន​មានឈ្មោះ​ល្បីល្បាញ​ ក្នុង​ការ​ការពារ​ទឹកដី​ប្រឆាំង​នឹង​ពួក​សៀម​ គឺ​លោក​ជា​មេទ័ព​ការពារ​ព្រំដែន​ ។​ លុះ​ពេល​លោក​ស្លាប់​ទៅ​ អ្នកស្រុក​ដែល​ធ្លាប់​មាន​ជំនឿ​បាន​កសាង​អាសនៈ​ធ្វើ​ពិធី​ឧបកិច្ច​បួងសួង​ ចំពោះ​មេទ័ព​ឡាក់​មឿង​ ឱ្យ​ជួយ​ ថែរក្សា​ ហើយ​គេ​នាំ​គ្នា​ហៅ​ថា​ “​អ្នកតា​ឡាក់​មឿង​រហូត​មក​”​ ។​ អ្នកស្រុក​ដែល​មាន​ជំងឺ​បៀតបៀន​,​ ឧបទ្រពចង្រៃ​ ព្រោះ​ធម្មជាតិ​គំរាមកំហែង​គេ​តែង​នាំ​គ្នា​ទៅ​បន់ស្រន់​ចំពោះ​អ្នកតា​ឡាក់​មឿង​ ហើយ​បាន​ សមប្រកប​ដូច​បំណង​ជា​ញឹកញាប់​។​ ចំណែក​ចៅហ្វាយស្រុក​ដែល​ទៅ​កាន់​តំណែង​ថ្មី​ត្រូវ​តែ​ទៅ​ធ្វើ​ពិធី​ ចំពោះ​អ្នក​ឡាក់​មឿង​ បើ​ពុំនោះ​ទេ​នឹង​ធ្លោះ​ធ្លោយ​បុណ្យ​ជា​ពុំខាន​ឡើយ​។​ អ្នកតា​ឡាក់​មឿង​មាន​ គុណ​បំណាច់​មិន​ចាញ់​អ្នកតា​ឃ្លាំងមឿង​ប៉ុន្មាន​ទេ​ គ្រាន់តែ​ម្នាក់​មាន​តួនាទី​ការពារ​ព្រំដែន​ និង​ម្នាក់​ទៀត​ ការពារ​នគរ​ហើយ​ពាក្យ​ឡាក់​មាន​ន័យ​ថា​ “​បង្គោល​ឬ​ព្រំដែន​”,​ ចំណែក​ពាក្យ​មឿង​មាន​ន័យ​ថា​ “​ស្រុក​,​ នគរ​,​ ប្រទេស​”​។​ បារមី​អ្នកតា​ទាំង​ពីរ​នៅ​តែ​ស្ថិត​ក្នុង​អារម្មណ៍​មនុស្ស​ ក្នុង​តំបន់​ជាប់​ជា​និច្ច​ ប៉ុន្ដែ​អ្នកតា​ឃ្លាំ​មឿង​ មាន​មនុស្ស​ស្គាល់​ និង​មានឈ្មោះ​ល្បី​ខ្លាំង​ជាង​ ។​

​អ្នកតា​ឡាក់​មឿង​ កាលពី​សម័យ​មុន​មាន​បារមី​ខ្លាំង​ណាស់​ គឺ​មិន​មាន​អ្នក​ណា​ហ៊ាន​ទៅ​បៀតបៀន​ឡើយ​ បើ​ពុំនោះ​ទេ​ នឹង​ត្រូវ​ឈឺ​ចុកពោះ​រហូត​ដល់​ស្លាប់​ ។​ នៅ​ពេល​មានទុក្ខ​ព្រួយ​ ឧបទ្រពចង្រៃ​ ជម្ងឺ​បៀតបៀន​ ឬ​គ្រោះ​ជាតិ​គំរាមកំហែង​អ្នកស្រុក​តែង​រៀបចំ​ តង្វាយ​ធ្វើការ​បួងសួង​ចំពោះ​អ្នក​ឡាក់​មឿង​ ឱ្យ​ជួយ​ ហើយ​ បាន​សំរេច​បំណង​ទៀត​ផង​។​ ដោយសារ​តែ​អ្នកតា​ឡាក់​មឿង​ធ្លាប់​ជួយ​អ្នកស្រុក​បែប​នេះ​ហើយ​ ទើប​ពួក​ គាត់​នាំ​គ្នា​គោរព​ប្រណិប័តន៍​តាំង​ដើម​រហូត​មក​ដល់​សព្វថ្ងៃ​ ។​

Labels: , , ,

 
 

Featured news

A Casino Night (also called Vegas Nights, Las Vegas Night, Monte Carlo Night) is an entertainment event with a casino theme. Casino Nights can be tied to a fundraiser to raise money for a specific cause (such as cancer research, community services, youth organizations, etc.) by having each participant purchase a ticket for the event. Each participant receives a specific amount of fun money that can be used to purchase gaming chips at the gambling tables. When the participants have lost their chips they may purchase additional fun money, increasing the amount of funds raised for the charity. The participants engage in various casino games (such as blackjack, roulette, baccarat, craps, poker, wheel of fortune, etc.) in the attempt to accumulate the largest amount of gaming chips. At the end of the evening the participant who managed to win the most chips may receive a prize, which is often awarded by a representative of the charity. When a casino night party is just for entertainment it usually works in the same way as a fundraiser casino night except that guests are given the fun money free of charge. Casino Nights function strictly as entertainment events with no real monetary gambling involved.