<body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://www.blogger.com/navbar/7954757943031283723?origin\x3dhttp://khmerdaily.blogspot.com', where: document.getElementById("navbar-iframe-container"), id: "navbar-iframe" }); } }); </script>

Cambodia News

 

ពិធីបុណ្យ​ទ្បើ​ង​អ្នកតា​មេ​.​ស​ជា​ទំនៀមទំលាប់​តាំងពី​សម័យ​នគរ​ភ្នំ

ខេត្ដព្រៃវែង ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​តំបន់​នីមួយៗ​តែង​មាន​ជំនឿ​ខុសៗ​គ្នា តំណ​ពី​ដូនតា​របស់​ខ្លួន ដោយនៅ​តំបន់​ខ្លះ​គោរព​ចំពោះ​ធម្មជាតិ​ព្រៃ​ភ្នំ​ក្រំ​ថ្ម និង​ខ្លះ​ទៀត​គោរព​ចំពោះ​អ្នកតា​ចាស់​ស្រុក ដែល ធ្លាប់តែ​ផ្ដល់​សេចក្ដីសុខ​ដល់​ពួក​គេ​។ ចំណែក​អ្នកស្រុក​បាភ្នំ ខេត្ដព្រៃវែង បន្ទាប់​ពី​ធ្វើ​បុណ្យចូលឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ​រួច ពួក​គាត់​បាន​សហការ​ជាមួយ​អាជ្ញាធរ និង​សប្បុរសជន​ជិត​ឆ្ងាយ​រៀបចំ​ប្រារឰ​ពិធី​ឡើង អ្នកតា​មេ​.​ស ដើម្បី​ធ្វើការ​បន់ស្រន់​បួងសួង​សុំ​ឱ្យ​ជួប​តែ​សេចក្ដីសុខ​សប្បាយ រកស៊ី​មានបាន​ឱ្យ​ជា​សះស្បើយ ពី​ជំងឺ​បៀតបៀន ដោយ​មាន​រៀបចំ​គ្រឿង​តង្វាយ​ផ្សេងៗ ហើយ​មាន​សភាព​អធិកអធម​ខ្លាំង​ណាស់ ដែល ពិធី​នេះ​បាន​ប្រារឰ​ធ្វើ​តាំងពី​សម័យ​នគរ​ភ្នំ​មក​ម្ល៉េះ ។

​លោក​ម៉ៅ អៀង អភិបាលស្រុក​បាភ្នំ​ឱ្យ​ដឹង​ថា ពិធីបុណ្យ​ឡើងអ្នកតា​មេ​.​ស​នេះ​ជា​ទំនៀមទំលាប់​ប្រពៃណី ដ៏​យូរលង់​របស់​អ្នកស្រុក​យើង ដែល​បាន​ស្រុះស្រួល​គ្នា​ធ្វើ​មិន​ដែល​ខកខាន​នោះ​ទេ ក្នុង​បំណង​រំលឹក​គុណ ចំពោះ​អ្នកតា​មេ​.​ស ដែល​ធ្លាប់តែ​ផ្ដល់​សេចក្ដី​សប្បាយ និង​ភាព​ត្រជាក់ត្រជុំ​ចំពោះ​អ្នកស្រុក​ជា​ច្រើន ជំនាន់​មក​ហើយ ។ កាលពីមុន​ឆ្នាំ ១៩៩៣ អ្នកស្រុក​យើង​ធ្លាប់​ប្រារឰ​ពិធី​នេះ​ដែរ ប៉ុន្ដែ​ក្នុង​ទ្រង់ទ្រាយ​តូច មិន​មាន​លក្ខណៈ​អធិកអធម​ដូច​សព្វ​ថ្ងៃនេះ​ទេ ដែល​កាលនោះ​សូ​ម្បី​តែ​អាស្រម​អ្នកតា​មេ​.​ស​ក៏​កសាង​ពី​ឈើ ហើយ​គ្មាន​រូបសំណាក និង​ព្រះពុទ្ធ​រូបល្អ​ដូច​សព្វ​ថ្ងៃនេះ​ឡើយ​។ លោក​អភិបាលស្រុក​បាភ្នំ បាន​បន្ដ​ថា ដោយសារ​តែ​អំណាច​នៃ​កំលាំង​សទ្ធា​ជ្រះថ្លា​របស់​ពុទ្ធបរិស័ទ និង​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​មាន​ជំនឿ​ចំពោះ​បារមី​អ្នកតា​មេ​.​ស​នោះ បាន​ចូល​បច្ច័យ​កសាង​អាស្រម ខ្លោងទ្វារ ស្រះ​ទឹក រូបសំណាក និង​ព្រះ​ពុទ្ធរូប​តម្កល់​ទុក​នៅ​ទីនោះ ដើម្បី​គោរព​បូជា និង​សំរាប់​ប្រើប្រាស់ ព្រមទាំង​រៀបចំ​ទីនោះ​ឱ្យ មាន​សោភ័ណ​ភាពល្អ​ទៀត​ផង ហើយ​បាន​ទាក់ទាញ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ឱ្យទៅ​គោរព​បូជា និង​អ្នកទេសចរ ទៅ​ទស្សនា​កំសាន្ដ​ថែម​ទៀត​ផង ។ ក្នុង​ពិធីបុណ្យ​ឆ្នាំ​នេះ​កាន់តែ​មាន​សភាព​អធិកអធម ព្រោះ​មាន ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​លោក​ហួរ ស្រេង មន្ដ្រី​សំរបសំរួល​នៃ​អង្គការ​សេ​ដាក​ប្រចាំ​ស្រុក​បាន​ជួយ​ឧបត្ថម្ភ ថវិកា​មួយ​ចំនួន​ដល់​ក្រុម​សិស្ស​សំដែង​របាំ​ប្រពៃណី និង​រឿង​កំប្លែង​អប់រំ​ដល់​យុវជន​យុវនារី​កុំឱ្យ​សេព គ្រឿងញៀន និង​ដើរ​ខុសផ្លូវ​ប្រព្រឹត្ដ​អំពើ​អបាយមុខ​ផ្សេងៗ ។​

លោក​ម៉ៅ អៀង បន្ដ​ទៀត​ថា នៅ​ថ្ងៃ​ប្រារឰ​ពិធីបុណ្យ​ម្ដងៗ​មាន​ប្រជាជន​មក​ពី​គ្រប់​ទិស​ទី​ទាំង​ក្នុង​ខេត្ដ និង​ក្រៅ​ខេត្ដ ក្នុង​នោះ​ក៏​មាន​អ្នក​រស់នៅ​ក្រៅប្រទេស​មួយ​ចំនួន ក៏​បាន​មក​ចូលរួម​ផង​ដែរ​យ៉ាងច្រើន​កុះករ​។ នៅ​ពេល​នោះ​ក៏​មានការ​រៀបចំ​ដង្ហែ​អ្នកតា​ទាំង​៨​ទិស និង​ដង្ហែ​អ្នកតា​មេ​.​ស​ឡើង​អាស្រម រួច​បញ្ជាន់រូប អ្នកតា​តូច​-​ធំ ដើម្បី​សួរនាំ​ពី​ហេតុការណ៍​ផ្សេងៗ និង​ធ្វើការ​បួងសួង​សុំ​ពរ​ជ័យ​សេចក្ដីសុខ​សប្បាយ រកស៊ី មានបាន​ចៀស​ផុត​ពី​ឧបទ្រពចង្រៃ និង​ជំងឺ​បៀតបៀន ។ នៅ​ពេល​យប់​ឡើង​មានការ​រៀបចំ​ប្រលង ចំរៀង​សម័យ​ទំនើប​និង​សំដែង​សិល្បៈ​ដែល​មានការ​ចូលរួម​ពី​សិស្សានុសិស្ស ចែក​ជូន​អ្នកចូលរួម​បុណ្យ កំសាន្ដ​សប្បាយ រហូត​ទល់​ភ្លឺ​ញ៉ាំង​ឱ្យ​បរិយាកាស​នោះ​កាន់តែ​សប្បាយ​រីករាយ​មួយ​កំរិត​ថែម​ទៀត ។

​ទាក់ទង​នឹង​ប្រវត្ដិ​អ្នកតា​មេ​.​ស តាម​ការ​រៀបរាប់​របស់​លោកតា​ប៊ុត ប៊ុ​ន អាយុ​៦០​ឆ្នាំ ជា​គណៈកម្មការ​ពិធី បុណ្យ​ឱ្យ​ដឹង​ថា កាល​ក្នុង​សម័យ​នគរ​ភ្នំ​រាជធានី​នៃ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ត្រង់​ចំណុច​ស្រុក​បាភ្នំ ខេត្ដ ព្រៃវែង​នេះឯង ។ កាលនោះ​ព្រះរាជា​មាន​លោក​មេទ័ព​ធំ​ក្លាហាន​ម្នាក់ ក្នុង​ត្រកូល​គ្រួសារ​មេទ័ព​ដ៏​ក្លាហាន និង​ស្មោះ​ត្រង់នេះ មានកូន​ប្រុស​ម្នាក់ ឈ្មោះ​ថា គី​រី​ផល ជា​បុត្រា​ទោល ហើយ​ស្ដេច​ផែនដី​ក៏​ស្រឡាញ់ ទៀត​ផង ដូច្នេះ​ដើម្បី​បន្ដវេន​ជា​មេទ័ព និង​បំរើ​ជាតិ​មាតុភូមិ ស្ដេច និង​ឪពុក​ជា​មេទ័ព ក៏​បាន​ផ្ញើ​សារ ទៅ​ថ្វាយ​សុំ​ឱ្យ​ប្រទេស​ក្រិ​ច និង​មេទ័ព ដើម្បី​សុំ​ឱ្យ​កូន​បាន​ទៅ​បំពេញ​សិល្ប៍វិជ្ជា​មន្ដអាគម​ពី​លោកគ្រូ​ដែល មាន​វិជ្ជា​ល្បីល្បាញ​របស់​ប្រទេស​ក្រិ​ច​នោះ​ផង ហើយ​សំណើ​តាម​រយៈ​ការទូត​នោះ ក៏​ត្រូវ​ស្ដេច​ក្រិ​ច និង លោក​មេទ័ព​ទទួលយក​។ គី​រី​ផល និង​មិត្ដសំឡាញ់​គេ​ម្នាក់​ទៀត ជា​កូន​មន្ដ្រីជាន់ខ្ពស់​នៅ​បាភ្នំ​នេះ​ត្រូវ បាន​បញ្ជូន​ឱ្យទៅ​រៀន​នៅ​ប្រទេស​ក្រិ​ច​ជាមួយ​គ្នា​ដែរ ។​

លោក​បន្ដ​ថា ក្នុង​ចំណោម​សិស្ស​ជា​ច្រើន ដែល​ទៅ​សិក្សា​ទីនោះ​មាន​តែ​យុវជន​គី​រី​ផល​ទេ ដែល​មាន ប្រាជ្ញា​វៃឆ្លាត​លើសគេ​សព្វបែបយ៉ាង​។ ម្យ៉ាងទៀត គី​រី​ផល មាន​រូប​សង្ហា​ថែម​ទៀត ក្នុង​ចំណោម​សិស្ស ទាំងអស់​មក​ពី​គ្រប់​ប្រទេស​ដែល​បាន​ទៅ​រៀនសូត្រ​នោះ​។ ចំណែក​នៅ​ក្នុង​ប្រទេស​ក្រិ​ច​នោះ​វិញ កូនក្រមុំ របស់​លោក​មេទ័ព​ក្រិ​ច​ដែល​ជា​អាចារ្យ​ទេសាភិបាល​មោ​គ្គ​ដ៏​កំពូល ល្បី​ខាង​សិល្ប៍​វេទមន្ដ​នោះ​ឈ្មោះ​ថា នាង មេ​.​ស​ក៏​បាន​រៀនសូត្រ​នៅ​ទីនោះ​ដែរ​ហើយ​នាង​មាន​រូបសម្បត្ដិ​ស្រស់​ជាងគេ​ទៀត​ផង ។ កំលោះ​គី​រី​ផល និង នាង​មេ​.​ស ត្រូវ​បាន​ស្ដេច និង​លោក​មេទ័ព​ក្រិ​ច​ផ្សំផ្គុំ​អ្នក​ទាំង​ពីរ​ឱ្យ​ក្លាយទៅជា​គូ​ស្វាមីភរិយា តាំងពី​ពេល នោះ​មក ។

លោក​បាន​បន្ដ​ទៀត​ថា ស្ដេច​ក្រិ​ច​និង​ឪពុកក្មេក បាន​ហាមឃាត់​គិរី​ផល​ថា បើ​អ្នក​រៀប​ការ​ហើយ គឺ​ដាច់ ខាត​ឱ្យ​នៅ​ថែរក្សា​ទឹកដី​ក្រិ​ច​ជា​រៀង​រហូត មិន​ឱ្យ​វិល​ត្រឡប់​ទៅ​ស្រុក​វិញ​ឡើយ ។ ក្រោយ​ពី​បាន​រៀប​ការ ជាមួយ​នាង​មេ​.​សរួច គិរី​ផល រស់នៅ​ទីនោះ​តែ​ម្នាក់ឯង ចំណែកឯ​មិត្ដសំឡាញ់​របស់​គេ​ម្នាក់​ទៀត ក៏​បាន​វិល​ត្រឡប់​មក​ស្រុក​ទេស​វិញ​ជួបជុំ​ឪពុក​ម្ដាយ​និង​ទៅ​ថ្វាយបង្គំ​គាល់​ស្ដេច​នគរ​ភ្នំ ហើយ​បាន​ឋានៈ​ជា មេទ័ព​ទៀត​ផង​។ រីឯ​គិរី​ផល​មិន​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ទេ អស់​រយៈពេល​យូរ​ខែ​ឆ្នាំទៅ គិរី​ផល ចេះ​តែ​ចង់​វិល​ទៅ​ស្រុក​កំណើត​វិញ តែ​ខ្លាច​ស្ដេច​និង​ឪពុកក្មេក ។ ម្យ៉ាងទៀត​ការ​រួមរស់​ជាមួយ នាង​មេ​.​សបាន​កូនប្រុស​ម្នាក់​ឈ្មោះ​ថា គិរី​ជោ​ត ប៉ុន្ដែ​ទោះជា​យ៉ាងនេះ​ក្ដី គិរី​ផល​នៅ​តែ​រិះរក​មធ្យោបាយ វិល​មក​នគរ​ភ្នំ​វិញ ។​

លុះ​ចំណេរ​ក្រោយមក ស្រុក​នគរ​ភ្នំ​ក៏​បាន​កើត​ចលាចល ដោយ​ខ្មាំង​ចូល​វាយលុក​ស្ដេច និង​មេទ័ព​មានការ ព្រួយបារម្ភ​ខ្លាំង​ណាស់ ក៏​លួច​ផ្ញើ​សំបុត្រ​តាម​រយៈ​ឈ្មួញ​ឱ្យទៅ​កូនប្រុស​ថា ឪពុក​ឈឺ​ធ្ងន់​សូម​កូន​វិល​មក វិញ​។ សារលិខិត​នេះ គិរី​ផល ទទួល​បាន​យ៉ាង​សំងាត់​មិន​ឱ្យ​ស្ដេច និង​ភរិយា​ដឹង​ឡើយ​។ ថ្ងៃមួយ​ពេល ដែល​ស្ដេច​ក្រិ​ច​ប្រើ​ឱ្យ​គិរី​ផល​ដើរ​ត្រួតពល​ទ័ព​មើល​សន្ដិសុខ​តាម​ជាយ​ដែន គិរី​ផល​បាន​លប​លួច​ក្លែងខ្លួន ជា​ឈ្មួញ​ជិះ​សំពៅ​វិល​មក​នគរ​ភ្នំ​ទាល់តែ​បាន​សំរេច ដោយ​មិន​ឱ្យ​ស្ដេច និង​ក្រុម​គ្រួសារ​ដឹង​ទេ រហូត​បាន​មក ជួបជុំ​ឪពុក​ម្ដាយ និង​ស្ដេច​នគរ​វិញ ។ ស្ដេច​នគរ​ភ្នំ​ក៏​ត្រេកអរ ហើយ​តែងតាំង​គិរី​ផល​ជា​មេទ័ព​ការពារ ទឹកដី​នគរ​ភ្នំ ។ លោក​បន្ដ​ទៀត​ថា ដោយ​បាត់​គិរី​ផល​យូរ​ថ្ងៃខែ​មិនឃើញ​វិល​មក​រកប្រពន្ធ​កូន​វិញ​នោះ ស្ដេច​ក្រិ​ច​ក៏​ជ្រាប​ដំណឹង​នេះ​ហើយ ខ្ញាល់​យ៉ាង​ខ្លាំង​ក៏​ប្រើ​វេទមន្ដ “​ហិប​គន្លឹះ​យន្ដ​” មួយ​ឱ្យ​ហោះ​មក​ដល់ ស្ដេច​នគរ​ភ្នំ នៅ​ពេល​ស្ដេច​នគរ​ភ្នំ​កំពុង​គង់នៅ​រោង​ជំនុំ​ជាមួយ​នាហ្មឺន​សព្វ​មុខមន្ដ្រី ហិប​គន្លឹះ​យន្ដ​នោះ ក៏​ធ្លាក់​ចំ​កណ្ដាលចំណោម​។ នៅ​លើ​ហិប​មាន​រាជ​សារ​មួយ​សរសេរ​ថា “​បើ​ស្ដេច​នគរ​ភ្នំ​បើក​ហិប​នេះ មិន​រួច​ទេ​នោះ ស្ដេច​ក្រិ​ចនឹង​លើកទ័ព​មក​វាយ​កំទេច​នគរ​ភ្នំ​” ។ ដោយ​ចង់​យល់​រាជ​សារ​របស់​ស្ដេច​ក្រិ​ច ស្ដេច​នគរ​ភ្នំ​ក៏​ប្រើ​ឱ្យ​សេនា​បើក​គំរប​គន្លឹះ​យន្ដ​នោះ តែ​គ្មាន​នរណា​ម្នាក់​បើក​រួច​ឡើយ ។​

លោក​បន្ដ​ទៀត​ថា ពេល​នោះ​ស្ដេច​ប្រើ​ឱ្យ​សេនា​ទៅ​តាម​គិរី​ផល ដែល​កំពុង​បំពេញបេសកកម្ម​នៅ​ជាយ​ដែន វាយ​កំទេច​ខ្មាំងសត្រូវ​នោះ ឱ្យ​វិល​ត្រឡប់​ចូល​ព្រះរាជវាំង​ដើម្បី​បើក​ហិប​គន្លឹះ​យន្ដ ។ ពេល​បានឃើញ និង យល់​ហិប​គន្លឹះ​យន្ដ​របស់​ស្ដេច​ក្រិ​ច គិរី​ផល​ក៏​ទូល​ស្ដេច​ថា “​បើ​ខ្ញុំព្រះករុណា​បើក​ហិប​គន្លឹះ​យន្ដ​នេះ​ហើយ នឹង​ស្លាប់​សូម​ឱ្យ​រក្សា​ទុក​សព​នេះ​ផង កុំ​យក​ទៅ​បូជា” ។​

ពេល​បើក​គន្លឹះ​យន្ដ​ភ្លាម គិរី​ផល ក៏​ត្រូវកា​ត់ក​ទំលាក់​ចូល​ក្នុង​ហិប រួច​ហិប​បិទ​គំរប ហើយ​ក៏​នាំ​ក្បាល ហោះ​ឆ្ពោះទៅ​ប្រទេស​ក្រិ​ច​វិញ ។ ខណៈនោះ​នាង​មេ​.​ស និង​ឪពុក​ដឹង​រឿង​នេះ​ដែរ ប៉ុន្ដែ​មិន​ហ៊ាន​ប្រឆាំង នឹង​ស្ដេច​ឡើយ ហើយ​នាង​បាន​សុំ​ឪពុក​ម្ដាយ​ទៅ​តាម​រក​ប្ដី​យ៉ាងណា​ក៏​ឪពុក​ម្ដាយ​មិន​ព្រម​ដែរ នៅ​ទីបំផុត នាង​ក៏​លប​លួច​ក្លែងខ្លួន​សុំ​ឈ្មួញ​ជិះ​សំពៅ​កាត់​សមុទ្រ​មក​តាម​រក​ប្ដី​ដល់​នគរ​ភ្នំ ។ ពេល​នាង​ដើរ​រក​ឃើញ សព​ប្ដី​និង​ឪពុក​ម្ដាយក្មេក ហើយ​ស្ដេច​ក៏​អនុ​ញ្ញ​ត​ឱ្យ​នាង​មេ​.​ស និង កូនប្រុស​ចូល​ក្នុង​ព្រះរាជវាំង​មើល សាកសព​។ នាង​ឃើញ​ហើយ​ក៏​ទូល​សុំ​ស្ដេច​ឱ្យ​គេ​ស្វែងរក​ក្បាល ទោះ​សត្វ​ឬ​មនុស្ស​ក៏​ដោយ​ឱ្យ​តែ​បាន​យក មក​ត​ភ្ជាប់​ក្បាល​ឱ្យ​ប្ដី​វិញ នឹង​បាន​រស់​ឡើង​វិញ​ហើយ វិជ្ជា​សិល្ប៍​នេះ​មាន​តែ​នាង​ទេ​ដែល​ចេះ​បន្ដ​ពី​ឪពុក​។ ខណៈនោះ​នាង​បាន​រៀបចំ​អាសនៈ​៧​ទិស ហើយ​ក៏​ប្រើ​ឱ្យ​សេនា​ទាំងនោះ​ចេញដំណើរ​ទៅ​គ្រប់​ទិស​ទាំង ព្រលឹម​អុរ ទោះ​ជួប​មនុស្ស ឬ​សត្វ​បែប​ណា​ក៏​ដោយ សុំ​ឱ្យ​កាត់​យក​តែ​ក្បាល​មក​ចុះ ដើម្បី​ឱ្យ​នាង ត​ភ្ជាប់​នឹង​ដងខ្លួន​ប្ដី​វិញ ។ ពេល​នោះ​សេនា​រក​មនុស្ស​មិន​ជួប​ក៏​បាន​កាត់​ក្បាលដំរី​១​មក​ឱ្យ​នាង ដើម្បី រៀបចំ​ពិធី​ត​ភ្ជាប់​ក្បាលដំរី​ឱ្យ​ប្ដី​បាន​ដូច​បំណង​ហើយ​រស់​ឡើង​វិញ​។ ប៉ុន្ដែ​ក្បាលដំរី​ខ្លួន​ជា​មនុស្ស​មិន​អាច និយាយ​ស្ដី​ចេញ​ឡើយ គឺ​គ្រាន់តែ​បាន​ធ្វើ​កាយវិការ​ប៉ុណ្ណោះ ។ ទោះ​បែប​នេះ​ក្ដី​គិរី​ផល​និង​នាង​មេ​.​ស ព្រមទាំង​កូនប្រុស​គិរី​ជោ​ត រស់នៅ​ថែ រក្សា​គ្នា​រហូត​ដល់​អស់​សង្ខា​រៀងៗ​ខ្លួន​ទៅ ។

​លោក​អភិបាលស្រុក​បាភ្នំ​បាន​បញ្ជាក់​ថា កាលពី​សម័យ​បុរាណ​នៅ​ពេល​រៀបចំ​ពិធី​ឡើងអ្នកតា​មេ​.​ស​ម្ដងៗ គឺ​មានការ​កាប់សំលាប់​មនុស្ស និង​សត្វ​ធំៗ​យក​មក​បូជា​ព្រះ​អង្គ ប៉ុន្ដែ​ក្រោយមក​នៅ​ពេល​ប្រទេស យើង​គោរព​ព្រះពុទ្ធ​សាសនា​ក៏​សំលាប់សត្វ​ជ្រូក មាន់ ទា និង​គ្រឿង​តង្វាយ​ផ្សេងៗ​ដើម្បី​ថ្វាយ​វិញ ។ ពិធី នេះ​ត្រូវ​បាន​អ្នកស្រុក​បាភ្នំ យើង​ប្រារឰ​ធ្វើ​តាំងពី​សម័យ​នគរ​ភ្នំ​មក​ម្ល៉េះ ហើយ​កេរដំណែល​នេះ​ត្រូវ​បាន​អ្នក ស្រុក​យើង​និយម​រៀបចំ​ធ្វើ​តៗ​គ្នា​មិន​ដែល​ខកខាន​នោះ​ទេ ព្រោះ​ពួក​គាត់​ជឿ​ថា បារមី​អ្នកតា​មេ​.​ស អាច ជួយ​ឱ្យ​ពួក​គាត់​បាន​សេចក្ដីសុខ​សប្បាយ រកស៊ី​មានបាន​ចៀស​ផុត​ពី​ឧបទ្រពចង្រៃ​ផ្សេងៗ​ទៀត​ផង ។​

Labels: , , ,

 
 

ចៅក្រមសាលាក្ដីខ្មែរក្រហមពិភាក្សាអនុម័តវិធានផ្ទៃក្នុង រយៈពេល១ស្ក្ដហ៍ខាងមុខ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជាតិ និង​អន្ដរជាតិ​ចំនួន​២៩​រូប បាន​ជួបជុំ​គ្នា​កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា តាម​ការ គ្រោងទុក ប្រយោជន៍​ដើម្បី​ជជែក​ពិភាក្សា និង​អនុម័ត​វិធាន​ផ្ទៃក្នុង នៃ​សាលាក្ដី​ខ្មែរក្រហម​ដែល​គេ​ទន្ទឹង រង់ចាំ​ជា​យូរ​មក​ហើយ ។ ការ​ពិភាក្សា​រួម​គ្នា​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ពិភាក្សា​ជា​ក្រុម​កាលពី​ថ្ងៃ​ទី​៣១ ឧសភា នៅ​ឯ​សណ្ឋាគារ​ឡឺ​រ៉ូ​យ៉ា​ល់ ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​ការ​ពិភាក្សា​នេះ គ្រោង​ចំណាយពេល​ជាង មួយ​សបា្ដហ៍​ដើម្បី​អនុម័ត​ទៅ​លើ​សេចក្ដី​ព្រាង​វិធាន​ផ្ទៃក្នុង​ដែល​មាន​ចំនួន​១១៣​មាត្រា ។

​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែមិថុនា​នោះ មន្ដ្រី​អ្នក​ច្បាប់​ជាតិ និង​អន្ដរជាតិ​ទាំង​២៩​រូប​នៃ​អង្គ​ជំនុំ​ជំ​រះ​វិសាមញ្ញ ក្នុង​តុលាការ​កម្ពុជា (​សាលាក្ដី​ខ្មែរក្រហម​) បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​សេចក្ដី​ព្រាង​វិធាន​ផ្ទៃក្នុង ដើម្បី ឈាន​ទៅ​រក​ការ​អនុម័ត​មួយ ហើយ​ការ​អនុម័ត​វិធាន​ផ្ទៃក្នុង​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា គឺជា​ភារកិច្ច គន្លឹះ​ដែល​អ្នក​ច្បាប់​ជាតិ​និង​អន្ដរជាតិ​ទាំងឡាយ​នោះ​ចាំបាច់​ត្រូវ​ដោះស្រាយ ដើម្បី​បើកផ្លូវ​ឱ្យ​មានការ​ឈាន ទៅ​រក​ការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម ។​

គេ​មានការ​កត់សំគាល់​ផង​ដែរ​ថា មាន​ចៅក្រម​ចំនួន​២​រូប​បាន​ស្បថ​នៅ​ចំពោះ​មុខ​អង្គប្រជុំ គឺ​លោកស្រី ក្លូ​ឌៀ ហ្វា​ន់ ជនជាតិ អូ​ទ្រី​ស បាន​លើកដៃ ហើយ​សូត្រ​ពាក្យ​សម្បថ​ជា​ភាសា​អង់គ្លេស ចំណែក​លោក ម៉ា ទី​ន កា​រុក​គី​ន ជនជាតិ​អា​មេ​រិ​ក​ក៏​បាន​ស្បថ ដោយ​លើកដៃ​ដូច​គ្នា ព្រម​ជាមួយ​ពាក្យ​សម្បថ​ជា​ភាសា អង់គ្លេស​ដែរ នៅ​ចំពោះ​មុខ លោក​ស៊ា​ន វិសុទ្ធ ប្រធាន​ការិយាល័យ​រដ្ឋបាល និង​លោកស្រី​មី​សែ​ល​លី អនុប្រធាន​ការិយាល័យ​រដ្ឋបាល ។ ចៅក្រម​ទាំង​២​រូប​នេះ មិន​បាន​ចូលរួម​ធ្វើការ​ស្បថស្បែ​នៅ​ក្នុង ព្រះ​បរមរាជវាំង​កាលពី​ពេល​មុន​ជាមួយ​ចៅក្រម​ដទៃ​ទៀត ។​

លោក​គង់ ស្រ៉ី​ម ប្រធាន​អង្គ​ជំនុំ​ជំ​រះ​តុលាការ​កំពូល​បាន​ថ្លែង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា កិច្ចការ ដែល​មាននៅ​ចំពោះ​មុខ​យើង​ទាំងអស់​គ្នា​ក្នុង​រយៈពេល​៧​ថ្ងៃ​ខាង​មុខ​នេះ សំរាប់​បញ្ចប់​ការ​តាក់តែង និង ឈាន​ទៅ​ដល់​ការ​អនុម័ត​លើ​វិធាន​ក្នុង​របស់​អង្គ​ជំនុំ​ជំ​រះ​វិសាមញ្ញ ក្នុង​តុលាការ​កម្ពុជា គឺជា​កិច្ចការ​មួយ ដែល​មាន​តំលៃ​និង​សារសំខាន់​ណាស់​។ លោក​បន្ដ​ថា ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ គណៈ ក​ម្មា​ធិ​ការ​ត្រួតពិនិត្យ​ឡើង​វិញ​បាន​ធ្វើការ​បន្ដ​ជាប់​រហូត​ក្នុង​ការ​រៀបចំសេចក្ដី​ព្រាង ដែល​បាន​ដាក់​ជូន អង្គប្រជុំ ។​

លោក​បន្ដ​ទៀត​ថា យើង​ទាំងអស់​គ្នា​បានដឹង​ថា ការ​ធ្វើ​ឱ្យ​មាន​ភាព​ស៊ីសង្វាក់​គ្នា​រវាង​នីតិវិធី​ជាតិ និង អន្ដរជាតិ គឺជា​ការងារ​មួយ​ដ៏​លំបាក ដោយសារ​លក្ខណៈ​ពិសេស និង​ដោយឡែក​តែ​មួយ​គត់​របស់​អង្គ​ជំនុំ ជំ​រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ។ លោក​បន្ដ​ថា “​ខ្ញុំ​ជឿជាក់​យ៉ាង​ច្បាស់​ណាស់​ថា នេះ​ជា​ការងារ​ចាំបាច់ ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​ធ្វើ ហើយ​ពេលវេលា​ដែល​យើង​ទាំងអស់​គ្នា​បាន​ប្រើប្រាស់​នា​ពេល​កន្លង​មក សំរាប់​ធ្វើការ​តាក់តែង​វិធាន​នេះ​មិន​អាច​ចាត់​ទុក​ថា ជា​ពេលវេលា​ដែល​បាន​បាត់បង់​នោះ​ឡើយ​” ។ លោក គង់ ស្រ៉ី​ម អះអាង​ទៀត​ថា អ្នកចូលរួម​ទាំងអស់​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​នេះ ធ្វើការ​ប្ដេជ្ញា​ចិត្ដ​ឱ្យ បាន​មោះមុត​ដើម្បី​សំរេច​ឱ្យ​បាន​នូវ​គោលដៅ​របស់​យើង គឺ​អនុម័ត​វិធាន​ផ្ទៃក្នុង​ដើម្បី​អនុញ្ញាត​ឱ្យ​អង្គ​ជំនុំ ជំ​រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា អាច​បំពេញ​ការ​ទទួលខុស​ត្រូវជា​ប្រវត្ដិសាស្ដ្រ​របស់​ខ្លួន ក្នុង​ការ​ផ្ដល់ យុត្ដិធម៌ ជូន​ប្រជាជន​កម្ពុជា ក៏​ដូច​ជា​មនុស្សជាតិ​ទាំងមូល​ដែល​រង់ចាំ​ជា​យូរណាស់​មក​ហើយ​។​

លោកស្រី​ខាត រ៉ា​យ អនុប្រធាន​អង្គប្រជុំ​បាន​ថ្លែង​ថា កាលពី​ខែកក្កដា ឆ្នាំ​២០០៦ យើង​បាន​ប្រជុំ ពិភាក្សា​នូវ​វិធាន និង​បទ​ពិសោធន៍​ផ្សេងៗ​ដែល​យើង​មាន​កន្លង​មក​ហើយ​។ លោកស្រី​បន្ដ​ថា “​ខ្ញុំ​មាន​សុ​ទិដ្ឋិ និយម​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​ទាំងអស់​គ្នា​អាច​នឹង​ធ្វើ​ឱ្យ​យើង​យកជ័យ​ជំនះ​លើ​ឧបសគ្គ ចំពោះ ការ​ប្រឈម​ទាំង​ប៉ុន្មាន ។ យើង​បានដឹង​ថា ភារកិច្ច និង​តួនាទី​នេះ​ជា​ទម្ងន់​មួយ​របស់​យើង​ទាំងអស់​គ្នា តែ​យើង​នៅ​តែ​ព្យាយាម​អនុវត្ដ​តាម​ក្រប​ខណ្ឌ និង​វិជ្ជាជីវៈ​ដើម្បី​ធានា​នូវ​យុត្ដិធម៌​ក្រប​ខណ្ឌ​អន្ដរជាតិ និង ជាតិ​នៅ​កម្ពុជា​ឱ្យ​បាន​” ។​

លោកស្រី​បន្ដ​ថា “​យើង​មាន​ចៅក្រម​អន្ដរជាតិ​ចំនួន​ពីរ​រូប​ទៀត​ដែល​បាន​ស្បថ ចូល​កាន់​តំណែង​នៅ​ក្នុង ពេល​នេះ​”​។ លោកស្រី​បន្ដ​ទៀត​ថា ពី​មុន​យើង​បាន​ជជែក​គ្នា​ម្ដង​រួច​មក​ហើយ អំពី​បញ្ហា​នេះ​ដោយ មាន​ចៅក្រម​មក​ពី​ប្រទេស​ផ្សេងៗ​ទៀត ។​

ប៉ុន្ដែ​ទោះបីជា​យ៉ាងណា​យើង​នៅ​តែ​ព្យាយាម និង​អនុវត្ដ​តាម​វិជ្ជាជីវៈ​ដើម្បី​ធានា​នូវ​យុត្ដិធម៌​ឱ្យ​បាន​នៅ កម្ពុជា ក្នុង​ក្រប​ខណ្ឌ​ជាតិ​និង​អន្ដរជាតិ ។​

Labels: ,

 
 

ខ្មែរកម្ពុជាក្រោមរាប់បាត្ររំលឹក ខួបទី៥៨នៃការបាត់បង់ទឹកដីឆ្នាំ១៩៤៩

រាជធានី​ភ្នំពេញ ៖ ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ជាង​១.០០០​អង្គ បាន​និមន្ដ​ចូលរួម​ក្នុង​ពិធីរាប់បាត្រ បង្សុកូល កាលពី​ថ្ងៃ​ទី​៤ មិថុនា ប្រយោជន៍​ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​ឥស្សរជន​ខ្មែរក្រោម និង​រំលឹក​ដល់​ខួប​ទី​៥៨ នៃ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​កន្លង​មក ។ ការ​ប្រារឰ​ពិធី​នេះ​ត្រូវ​បាន​យាង​ចូលរួម​ពី​ម្ចាស់​ក្ស​ត្រី ស៊ី​សុវត្ថិ ពង្ស​នារី មុនី​ពង្ស ព្រះរាជ​តំណាង​របស់​ព្រះមហាក្សត្រ តំណាង​សមាគម​ខ្មែរក្រោម​ប្រចាំ​នៅ​កម្ពុជា និង ជា​តំណាងរាស្ដ្រ​គណបក្ស​សម រ​ង្ស៊ី ផង​ដែរ ។

​គណៈកម្មាធិការ​សំរបសំរួល​ខ្មែរក្រោម​បាន​ថ្លែង​ថា ចាប់តាំងពី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​១៩៤៩ មក អាណានិគម បារាំង​បាន​ធ្វើ​សន្ធិសញ្ញា​លេខ ៤៩៧៣៣ កាត់​ទឹកដី​កម្ពុជា​ក្រោម ដែល​ជា​មាតុភូមិ​ដ៏​ជាទី​ស្នេហា​របស់​យើង ឱ្យទៅ​រដ្ឋាភិបាល​វៀតណាម​ធ្វើការ​គ្រប់គ្រង និង​ត្រួតត្រា​ដោយ​ខុសច្បាប់​យ៉ាង​អយុត្ដិធម៌​ជាទី​បំផុត មិន​តែ ប៉ុណ្ណោះ គេ​បាន​ធ្វើទុក្ខបុកម្នេញ​មក​លើ​ជនរួមជាតិ​ខ្មែរក្រោម​យ៉ាង​ខ្លាំងក្លា​ពើត​ផ្សា​ទៀត​ផង ។ ចាប់តាំងពី ពេល​នោះ​មក​ទល់​បច្ចុប្បន្ន ជនរួមជាតិ​ខ្មែរក្រោម​យើង​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម ជា​ទឹកដី របស់​ខ្លួន​នោះ បាន​ក្លាយទៅជា​អ្នក​រង​គ្រោះ ហើយ​មាន​លក្ខណៈ​ជា​ប្រវត្ដិសាស្ដ្រ ដែល​មិន​អាច​បំភ្លេច​បាន​។​

យោង​តាម​របាយការណ៍​ដែល​កោះសន្ដិភាព​ទទួល​បានឱ្យ​ដឹង​ថា កម្ពុជា​ក្រោម​មាន​ទំហំ​ផ្ទៃដី ៦៨.៩៦៥ គីឡូ ម៉ែត្រក្រឡា មាន​១៧១​ស្រុក​, ១.៣៦៨​ឃុំ​, ១៤.៧៧៨​ភូមិ និង​មាន​ប្រជារាស្ដ្រ​ខ្មែរក្រោម​រស់នៅ​ជាង ១៣​លាន​នាក់ វត្ដ​អារាម​ព្រះពុទ្ធ​សាសនា​ចំនួន​៥៦៧​វត្ដ និង​ព្រះសង្ឃ​ជាង​២​ម៉ឺន​អង្គ ប្រជារាស្ដ្រ​ខ្មែរក្រោម ៩៩​%គោរព​ព្រះពុទ្ធ​សាសនា ។​

លោក​ថា​ច់ សេដ្ឋា នាយក​ប្រតិបត្ដិ​សមាគម​ខ្មែរក្រោម​ថ្លែង​ថា សមាគម​ខ្មែរ​កំណើត​កម្ពុជា​ក្រោម នៅ​ពាស ពេញ​ពិភពលោក និង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រារឰ​ខួប​គំរប់​៥៨​ឆ្នាំ នៃ​ថ្ងៃ​អាណានិគម​បារាំង​កាត់ ទឹកដី​ខ្មែរក្រោម​ឱ្យទៅ​អាជ្ញាធរ​វៀតណាម​។ លោក​បន្ដ​ថា ដើម្បី​សំដែង​នូវ​ការ​ឈឺចាប់ និង​ទុក្ខ​កង្វល់​យ៉ាង ក្រៀមក្រំ​បំផុត​ចំពោះ​ទ​ង្វើ​របស់​អាណានិគម​បារាំង និង​សំដែង​នូវ​ការ​គោរព និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​វិញ្ញាណក្ខន្ធ​ឥស្សរជន​ខ្មែរក្រោម និង​វិញ្ញាណក្ខន្ធ​វី​រៈ​សមណៈ វីរៈក្សត្រ និង​វីរៈបុរស​ខ្មែរ ដែល បាន​បូជាជីវិត​ក្នុង​បុព្វហេតុ​ជាតិ សាសនា និង​ទឹកដី​ខ្មែរ​ទាំងមូល ពិសេស​ពូជសាសន៍​សាសនា និង ទឹកដី​កម្ពុជា​ក្រោម​។​

គួរ​បញ្ជាក់​ថា ក្នុង​ពិធីរាប់បាត្រ​នោះ​មាន​ពលរដ្ឋ​ខ្មែរក្រោម និង​តំណាងរាស្ដ្រ​បាន​ធ្វើការ​រាប់បាត្រ ព្រះសង្ឃ ចំនួន​១.៩៤៩ អង្គ តំណាង​ឱ្យ​ថ្ងៃ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​នៅ​ខាង​មុខ​វត្ដ​បទុម​វ​តី ក្នុង​ទីក្រុង​ភ្នំពេញ ដែល​តែងតែ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ក្រោម​ការ​រៀបចំ​របស់​សមាគម​ខ្មែរក្រោម​នៅ​កម្ពុជា ។​

Labels:

 
 

តាក់ស៊ី​ដំរី ក្នុង​តំបន់​ទេសចរណ៍​សៀមរាប​អង្គរ ​​សេវាកម្ម​នេះ​ទទួល​ការ​ពេញ​និយម​ពី​អ្នកទេសចរ

ខេត្ដសៀមរាប ៖ សេវាកម្ម​តាក់ស៊ី​ដំរី នៅ​តំបន់​អង្គរ​កំពុង​តែ​ទទួល​បានការ​និយម​ជិះ​កំសាន្ដ ពី​អតិថិជន ដែល​ជា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ ។ សេវាកម្ម​តាក់ស៊ី​ដំរី​នេះ មើលទៅ​ហាក់ដូចជា​ចំលែក​បន្ដិច តែ​ចំណូល​បើ​ប្រៀបធៀប​នឹង​សេវាកម្ម​រថយន្ដ​តាក់ស៊ី​ធម្មតា​វា​ខុស​គ្នា​ដូច​មេឃ និង​ដី​។

​កញ្ញា​ឈឹ​ម ឆ​វ័​ន្ដ ជា​សមាជិកគ្រួសារ​ហ្មដំរី បានឱ្យ​កោះសន្ដិភាព​ដឹង​ថា ដំរី​ទាំងអស់​មាន​ជាង​២០​ក្បាល តែ​ដំរី​ដែល​ចេញ​មក​ដឹក​ភ្ញៀវ​មាន​ប្រមាណ​តែ​១១​ក្បាល​ប៉ុណ្ណោះ ។ ដំរី​ទាំងនេះ​ជា​របស់​ម្ចាស់​សណ្ឋាគារ អង្គរ​វីឡា ។ តាក់ស៊ី​ដំរី​មាន​ចំណត​ពីរ​កន្លែង គឺ​មួយ​កន្លែង​នៅ​មុខ​ខ្លោងទ្វារ​ទន្លេ​អុំ ឯ​មួយ​កន្លែង​ទៀត នៅ​ខាងកើត​ប្រាសាទបាយ័ន ដែល​មាន​ចំងាយ​២​គីឡូម៉ែត្រ​ពី​គ្នា ។ ចំពោះ​អតិថិជន​ណា​ដែល​ចង់​ជិះ​ដំរី ត្រូវ​ទិញ​សំបុត្រ​ជា​មុន ហើយ​បើ​គេ​ចង់​ជិះ​ពី​ខ្លោងទ្វារ​អង្គរតូច​ទៅ​កាន់​ប្រាសាទបាយ័ន​គេ​ត្រូវ​ចំណាយ​លុយ ចំនួន​១០​ដុល្លារ​ក្នុង​ចំងាយ​ដី​២​គីឡូម៉ែត្រ តែបើ​ភ្ញៀវ​ចង់​ជិះ​ដើរ​មើល​កំសាន្ដ​ជុំវិញ​ប្រាសាទបាយ័ន​ត្រូវ​ទិញ សំបុត្រ​ម្ដងទៀត ក្នុង​ម្នាក់​១០​ដុល្លារ​។​

នាង​ឱ្យ​ដឹង​ថា មាន​សេវាកម្ម​មួយទៀត គឺ​ពេល​ល្ងាច​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​អាច​ថតរូប​ជាមួយ​ដំរី​ទាំងនោះ បាន ដោយ​គ្រាន់តែ​ពួក​គេ​ចំណាយ​ប្រាក់​ពី ២.០០០​ទៅ​៣.០០០​រៀល​ប៉ុណ្ណោះ​ក្នុង​ពេល​ថត​ម្ដង​។​
​ភ្ញៀវ​ទេសចរ​ម្នាក់​ប្រាប់​ភ្នាក់ងារ​កោះសន្ដិភាព​ថា គាត់​ចូល​ចិត្ដ​សត្វ​ដំរី​ខ្លាំង​ណាស់ ព្រោះ​វា​ជា​សត្វ​ស្លូត និង មានដំណើរ​គួរ​ឱ្យ​ចង់​គយគន់ ជា​ពិសេស​បើ​យើង​បាន​ជិះ​វា​យើង មាន​អារម្មណ៍​ប្លែក និង​ស្ញើប ព្រោះ​វា​ខ្ពស់ ណាមួយ​ត្រូវ​ទប់ខ្លួន​ចុះឡើង​តាម​ចង្វាក់​ដំណើរ​របស់​វា ។ ចំណុច​សំខាន់​បំផុត​នោះ ពេល​យើង​ជិះ​ជុំវិញ បរិវេណ​ប្រាសាទបាយ័ន យើង​អាច​ទស្សនា​និង​ថត​យក​រូបភាព នៃ​កំពូល​ប្រាសាទ​នេះ​បាន​យ៉ាង​ច្បាស់ ទៀត​ផង គឺ​សប្បាយ​ខ្លាំង​ណាស់ ។​

បុរស​ម្នាក់​ដែល​អះអាង​ថា ជា​មេការ​ក្រុម​តាក់ស៊ី​ដំរី​ឱ្យ​ដឹង​ថា ដំរី​ទាំងអស់​មាន​ក្រោល​នៅ​មុខ​ភ្នំ​បាក់​ខែង ហើយ​ពួក​វា​ត្រូវ​បាន​យកចិត្ដទុកដាក់​យ៉ាង​ដិត​ដល់​ពី​គ្រូពេទ្យ​ជនជាតិ​បារាំង​ម្នាក់ ព្រមទាំង​ធ្វើការ​ដុសលាង ក្នុង​មួយ​ថ្ងៃ​ដល់​ទៅ​បួន​ដង​ឯណោះ​ដើម្បី​កុំឱ្យ​មាន​ក្លិន​មិនល្អ​ដាក់​ភ្ញៀវ​ដែល​ជិះ ។ ចំពោះ​ចំណី​ត្រូវ​បាន​ផ្ដល់ ឱ្យ​ជា​រៀងរាល់ថ្ងៃ​តាម​កំណត់​របស់​វា ។ ទោះជា​យ៉ាងណា​ចំណូល​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​ពុំ​មាន អ្នក​ណា​ម្នាក់​អាច​បង្ហើប​ឱ្យ​ដឹង​បាន​នោះ​ទេ ព្រោះ​វា​ជា​រឿង​សំងាត់​របស់​ក្រុមហ៊ុន ។​

លោក​យឹ​ម ស៊ី​វន នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​ប្រាសាទបាគង​ថ្លែង​ថា ការ​ធ្វើ​អាជីវកម្ម​លើ​សត្វ​ដំរី​នេះ វា​ពុំ​មាន​អ្វី​ខុសច្បាប់​នោះ​ទេ ព្រោះ​ម្ចាស់​បាន​ចុះបញ្ជី​សៀវភៅ​បន្ទុក​រួចរាល់​អស់ហើយ ។ ដំរី​ទាំងអស់ ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​នេះ​គេ​ពុំ​អាច​យក​ទៅ​លក់ ឬ​ដឹក​ទៅ​ក្រៅប្រទេស ឬ​កាប់​យក​សាច់ ឬ​ឆ្អឹង បាន​ឡើយ ព្រោះ​វា​ជា​ប្រភេទ​សត្វ​ដែល​ត្រូវ​អភិរក្ស ។​

Labels: , , ,

 
 

ប្រាសាទចៅសាយទេវតា​ត្រូវ​បាន​ក្រោកឈរ​ឡើង​វិញ​ហើយ​​បុរាណ​វិទូៈ ថ្មបាយក្រៀម​ដូច​ជា​ឆ្អឹង ថ្មភក់​ជា​សាច់ ស្បែក និង​ជា​សំលៀក​បំពាក់

ខេត្ដសៀមរាប ៖ ក្រោយ​ពេល​បោះបង់​ចោល​រាជធានី​អង្គរ និង​សង្គ្រាម​បង្ហូរឈាម​ដ៏​រ៉ាំរ៉ៃ​មក គ្រប់​ប្រាង្គ ប្រាសាទ​ទាំងអស់​ត្រូវ​បាន​បោះបង់​ចោល​រាប់​សិប​ឆ្នាំ ធ្វើ​ឱ្យ​ប្រាសាទ​ជា​ច្រើន​ទទួល​ការ​គំរាមកំហែង​យ៉ាង ខ្លាំង​ពី​ធម្មជាតិ និង​មនុស្ស និង​បាន​ធ្វើ​ឱ្យ​ប្រាសាទ​ទាំងនោះ​ត្រូវ​បាក់បែក និង​ដួល​រលំ​គួរ​ឱ្យ​សោកស្ដាយ ជា​ពន់ពេក​។ បច្ចុប្បន្ន​សង្គ្រាម​ត្រូវ​បាន​បញ្ចប់​ទាំងស្រុង​ចំណែក​ភ្ញៀវ​ទេសចរ​ក៏​បាន​ចូល​មក​ទស្សនា​កម្ពុជា កាន់តែ​ច្រើន​ឡើងៗ ដែល​ធ្វើ​ឱ្យ​កម្ពុជា​អាច​រក​ចំណូល​បាន​ពី​វិស័យ​នេះ រហូត​ដល់​រាប់​ពាន់​លាន​ដុល្លារ ក្នុង ១​ឆ្នាំៗ​។

​ការ​ហូរ​ចូល​នៃ​ភ្ញៀវ​ទេសចរ​ទាំងនេះ ក៏​ដោយសារ​វត្ដមាន​នៃ​ប្រាសាទបុរាណ​ទាំងនោះ​ដែរ ជា​ពិសេស ប្រាសាទ​អង្គរតូច និង​អង្គរធំ​ដែល​យើង​ប្រៀប​បានជា​មេមាន់​ចាស់ ពង​ចេញ​ជា​មាស​ជា​ពេជ្រ ហើយ​និង​ធ្វើ​ឱ្យ មនុស្ស​ខ្មែរ​គ្រប់​រូប​ដឹង​ពី​តំលៃ​នៃ​ស្នាដៃ​ដែល​បុព្វបុរស​របស់​ខ្លួន​បន្សល់​ទុក​មក​។ ពេល​នេះ​រាជរដ្ឋាភិបាល បាន​យកចិត្ដទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​អភិរក្ស​ប្រាសាទ ជា​ពិសេស​បាន​ធ្វើការ​ជួសជុល​ប្រាសាទ​ដែល​មាន សភាព​ទ្រុឌទ្រោម និង​បាក់បែក​ជា​ច្រើន​ឡើង​វិញ​។ ជាក់ស្ដែង​ដូច​ជា​ប្រាសាទចៅសាយទេវតា​ដែល មា​នទី​តាំងនៅ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរតូច ត្រូវ​បាន​ជួសជុល​រួច​ហើយ​ប្រហែល​៧០​ទៅ​៨០​ភាគរយ​។ បើ តាម​ការ​ឱ្យ​ដឹង​ពី​លោក​សូ ឆេ​ង បុរាណ​វិទូ​នៃ​អាជ្ញាធរ​អប្សរា​បាន​ប្រាប់​កោះសន្ដិភាព​ថា ប្រាសាទ​ចៅ​សាយ ទេវតា ត្រូវ​បាន​កសាង​ឡើង​ដោយ​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២​ក្នុង​ដើម​សតវត្សរ៍​ទី​១២ តែ​ត្រូវ​បែកបាក់ ដួល​រលំ ស្ទើរ​ទាំងស្រុង​នៅ​សល់​តែ​ខឿន​ប្រាសាទ​ប៉ុណ្ណោះ ។ ប្រាសាទ​នេះ​មាន​កំពែង ព័ទ្ធ​ជុំវិញ​ធ្វើ​អំពី​ថ្ម​បាយ ក្រៀម​មាន​ស្ពាន​លាតសន្ធឹង​ពី​ខ្លោងទ្វារ​ខាងកើត​មាន​ថ្មគោល​ពីរ​ជួរ​រហូត​ដល់​មាត់​ស្ទឹង ។ ប្រាសាទ​ចៅ​សាយ ទេវតា​មាន​ខ្លោងទ្វារ​បួន​បណ្ណាល័យ​ចំនួន​២ និង​តួ​ប៉ម​កណ្ដាល​ជាប់​ជាមួយ​យ៉​ធំ​របស់​តួ​ប្រាសាទ ។

​លោក​សូ ឆេ​ង បាន​បន្ដ​ទៀត​ថា ការ​ចាប់ផ្ដើម​ជួសជុល​ប្រាសាទ​នេះ គឺ​នៅ​ខែមីនា ឆ្នាំ​២០០០ ដែល​គ្រោង ចំណាយ​អស់​ទឹកប្រាក់​ចំនួន​១៥​លាន​យាន់ ដែល​ជា​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។ ការ​ជួសជុល នេះ គឺ​ធ្វើ​ឡើង​តាម​លំដាប់លំដោយ​ត្រឹមត្រូវ​បំផុត តាម​រចនាប័ទ្ម​ដើម​របស់​ប្រាសាទ​ទាំងស្រុង ដោយ ដំណាក់កាល​ដំបូង​ប្រមូល​ថ្ម​ដើម​មក​បង់​លេខ​រួច​តំរៀប​ឡើង​វិញ ដើម្បី​សាកល្បង បន្ទាប់​មក​ជីក​គ្រឹះ​របស់ ប្រាសាទ​ដើម្បី​រៀប​ឡើង​វិញ​ទាំងអស់​។ ប្រាសាទ​នេះ​ធ្វើ​ពី​ថ្មភក់ និង​ថ្មបាយក្រៀម ដោយ​លោក​បាន​ប្រៀប ធៀប​ថា ថ្មបាយក្រៀម​ដូច​ជា​ឆ្អឹង​របស់​ប្រាសាទ ចំណែក​ថ្មភក់​ដូច​ជា​សាច់ ជា​ស្បែក និង​សំលៀក បំពាក់​សំរាប់​លំអ​ប្រាសាទ ។ លោក​បុរាណ​វិទូ​រូប​នេះ​បាន​បន្ដ​ថា ឱ្យ​តែ​ប្រាសាទ​ធ្វើ​ពី​ថ្មភក់ គឺ​អាច រៀប​វិញ​បាន​ទាំងអស់ ទោះបីជា​បាក់បែក​យ៉ាងណា​ក៏​ដោយ ដូចនេះ​សូម​បងប្អូន​ជនរួមជាតិ​ជួយ​ថែរក្សា ដុំ​ថ្ម​ប្រាសាទ​ដែល​បាក់បែក​ជា​ច្រើន​ផ្សេងៗ​ទៀត​ផង រង់ចាំ​ដល់​ថ្ងៃ​ណា​រដ្ឋាភិបាល​យើង​មាន​លុយ​គ្រប់គ្រាន់ យើង​នឹង​ធ្វើការ​ជួសជុល​ឡើង​វិញ ។

​ភ្ញៀវ​ទេសចរ​ម្នាក់​បាន​បង្ហាញ​ពី​អារម្មណ៍​របស់​គាត់​ប្រាប់​កោះសន្ដិភាព​ថា គាត់​មាន​អារម្មណ៍​សប្បាយ​រក​អ្វី មក​ប្រៀបផ្ទឹម​ពុំ​បាន​ទេ នៅ​ពេល​ដែល​បាន​មក​ឃើញ​ប្រាសាទចៅសាយទេវតា​នេះ ងើបឈរ​ឡើង​វិញ​ជា​ថ្មី ម្ដងទៀត ហើយ​វា​ស្ទើរតែ​មិន​គួរ​ឱ្យ​ជឿ​ទេ សំរាប់​ប្រាសាទ​ដែល​ដួល​រប៉ាត់រប៉ាយ​នៅ​សល់​តែ​គ្រឹះ តែ​ធ្វើ បាន​វិញ​ដូច​ពេល​នេះ គឺ​វា​អស្ចារ្យ​សំបើម​ណាស់ ។ លោក​អ៊ុ​ង អឿ​ន អភិបាលរង​ខេត្ដសៀមរាប ធ្លាប់ បាន​អំពាវនាវ​ដល់​ជនរួមជាតិ​ថា សូម​ឱ្យ​ជួយ​ថែរក្សា​ប្រាសាទ​របស់​យើង ទោះបីជា​បាក់បែក​ដួល​រលំ​ក្ដី នៅ ល្អ​ក្ដី​កុំ​នាំ​គ្នា​រំលោភ​យក​ដី​ទួល​ប្រាសាទ ឬ​រកស៊ី​ក្បាល​អ្នកតា ព្រោះ​របស់​ទាំងនេះ​វា​ជា​តំលៃ​នៃ​វប្បធម៌ ជា​ព្រលឹង​ជាតិ ជា​មេមាន់​ពង​ចេញ​មាស ចេញ​ពេជ្រ ដូចនេះ​សូមកុំ​ឱ្យ​អ្វីៗ​ដែល​បាត់​នៅ​ស្រុក​យើង ទៅ ឃើញ​នៅ​ប្រទេស​គេ​ឱ្យ​សោះ ។

មន្ដ្រី​អាជ្ញាធរ​អប្សរា​បានឱ្យ​កោះសន្ដិភាព​ដឹង​ថា រាជរដ្ឋាភិបាល​មាន​គំរោង​ធ្វើការ​ជួសជុល​ប្រាសាទ ជា​ច្រើន ទៀត​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដែល​គេ​មក​ទស្សនា​នៅ​ស្រុក​យើង និង​បង្ហាញ​ពី​ភាព​ដ៏​អស្ចារ្យ​របស់ បុព្វបុរស​យើង​ដែល​បាន​កសាង​ប្រាសាទ​តាំងពី​ពិភពលោក ពុំ​ទាន់​មានការ​រីក​ចំរើន ដែល​នេះ​គឺជា មោទនភាព​មួយ​សំរាប់​កូនចៅ​ជំនាន់​ក្រោយ ។​

Labels: , ,

 
 

ចៅក្រម​សាលាក្ដី​ខ្មែរក្រហម​កម្ពុជា​-​បរទេស​ជួប​ពិភាក្សា​វិធាន​ផ្ទៃក្នុង

រាជធានី​ភ្នំពេញ ៖ ចៅក្រម ព្រះរាជអាជ្ញា​នៃ​សាលាក្ដី​ខ្មែរក្រហម​ទាំង​ភាគី​កម្ពុជា និង​បរទេស​បាន​ជួប ពិភាក្សា​គ្នា​កាលពី​ថ្ងៃ​ទី​៣១ ឧសភា តាម​ការ​គ្រោងទុក ដើម្បី​ជជែក​ពិភាក្សា​ជុំវិញ​ការ​អនុម័ត​វិធាន​ផ្ទៃក្នុង នៃ​អង្គ​ជំនុំ​ជំ​រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បន្ទាប់​ពី​វិធាន​នេះ​ត្រូវ​បាន​លើកយក​មក​ពិភាក្សា​ជា​ច្រើន​លើក រួច​មក​ហើយ តែ​មិន​ទាន់​មានការ​អនុម័ត​ជា​ផ្លូវការ​ដើម្បី​ឈាន​ទៅ​ដល់​ការ​ចោទប្រកាន់ ឬ​កាត់ទោស​ទៅ លើ​អតីត​មេដឹកនាំ​ខ្មែរក្រហម និង​អ្នក​ទទួលខុសត្រូវ​ខ្ពស់ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ពី​ឆ្នាំ​១៩៧៥ ដល់ ឆ្នាំ​១៩៧៩ ដែល​បណ្ដាល​ឱ្យ​មនុស្ស​ជាង​២​លាន​នាក់​បាន​ស្លាប់​នោះ ។

​លោក​រាជ សម្បត្ដិ មន្ដ្រី​អ្នកនាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​បាន​មាន​ប្រសាសន៍​ថា នៅ ថ្ងៃ​ទី​៣១ ឧសភា ក្រុម​ចៅក្រម សហ​ព្រះរាជអាជ្ញា​កម្ពុជា និង​បរទេស​បាន​ជួបជុំ​គ្នា​នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ មុន​នឹង​ការ សំរេច​អនុម័ត​ទៅ​លើ​វិធាន​ផ្ទៃក្នុង​របស់​សាលាក្ដី​ខ្មែរក្រហម នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។ លោក​បន្ដ​ថា នៅ ក្នុង​កិច្ច​ពិភាក្សា​នេះ​គេ​មិន​អនុញ្ញាត​ឱ្យ​អ្នកកាសែត​ចូល ឬ​មានការ​ថតរូប​អ្វី​នោះ​ទេ ហើយ​ការ​ពិភាក្សា​នេះ ចែក​ជា​ពីរ​ក្រុម​ផ្សេង​គ្នា ។ លោក​អះអាង​ថា នៅ​ថ្ងៃ​ទី​១៣ មិថុនា ឆ្នាំ​២០០៧ ក្រុម​ចៅក្រម​នឹង​ធ្វើ​សន្និសីទ កាសែត​រួម​គ្នា​មួយ​។ ការ​ពិភាក្សា​រួម​ដោយ​លើកយក​វិធាន​ផ្ទៃក្នុង​មួយ​ជំពូក​ម្ដងៗ​មក​ពិភាក្សា និង​អនុម័ត ហើយ​ការ​អនុម័ត​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ខាង​មុខ​នេះ ។​

លោក​រាជ សម្បត្ដិ បាន​បន្ដ​ទៀត​ថា “​យើង​មានគំនិត​សុទិដ្ឋិនិយម​ដែល​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ សាលាក្ដី​ខ្មែរក្រហម​នឹង​មាន​វិធាន​ផ្ទៃក្នុង​ដ៏​ល្អ​មួយ​សំរាប់​អនុវត្ដ​ក្នុង​ដំណើរការ​របស់​ខ្លួន​” ។ ទាំង​អ្នក​ច្បាប់ ជាតិ និង​អន្ដរជាតិ​មានការ​ប្ដេជ្ញា​ចិត្ដ​ខ្ពស់​ឆ្លើយ​តប​ទៅ​នឹង​ការ​រង់ចាំ​ជា​យូរ​មក​ហើយ​នោះ ។ បន្ទាប់​ពី​ការ អនុម័ត​វិធាន​ផ្ទៃក្នុង​នេះ​រួច អ្នកស៊ើប​អង្កេត​មក​ពី​ការិយាល័យ​សហ​ព្រះរាជអាជ្ញា​រួម​គ្នា​ធ្វើការ​ស៊ើប អង្កេត​។ មុន​ពេល​ស៊ើបអង្កេត​អ្នកស៊ើប​អង្កេត​ក៏​ត្រូវ​ធ្វើការ​ស្បថ​ចូល​កាន់​តំណែង​ផង​ដែរ ។​

លោក​សុខ អាន ឧបនាយករដ្ឋមន្ដ្រី និង ជា​រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី បាន​មាន​ប្រសាសន៍​ថា តុលាការ​ខ្មែរក្រហម ចៅក្រម និង​ព្រះរាជអាជ្ញា​ទាំងអស់​ត្រូវ​គោរព​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​រវាង កម្ពុជា និង​អង្គការសហប្រជាជាតិ​ហើយ​ត្រូវ​ច្បាប់​ដែល​យើង​បាន​ធ្វើ​រួច​មក ។ ម្យ៉ាងទៀត​តុលាការ ក៏​ត្រូវ តែ​គោរព​ច្បាប់ និង​វិធាន​ផ្ទៃក្នុង​ទាំងឡាយ​របស់​កម្ពុជា ដូច្នេះ​វា​គ្មាន​បញ្ហា​អ្វី​លំបាក​នោះ​ទេ គឺ​ចៅក្រម គេ​ពិភាក្សា​គ្នា​រក​អ្វី​ដែល​គេ​ហៅ​ថា​ការ​សំរបសំរួល​មួយ ដោយ​ធ្វើ​ទៅ​មិន​ឱ្យ​ទាស់​នឹង​ច្បាប់​ជាតិ​និង​មិន​ឱ្យ ទាស់​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ​ជា​បទ​ពិសោធន៍​ដែល​គេ​បាន​ធ្វើ​រួច​ទៅ​ហើយ ។​

លោក​ឧបនាយករដ្ឋមន្ដ្រី​បន្ដ​ថា “​នេះ​ជា​បទ​ពិសោធន៍​ដែល​ធ្វើ​បាន​ជោគជ័យ​រួច​ហើយ ចំពោះ​បញ្ហា​កន្លង​មក គឺ​អ្វីៗ​ដែល​បាន​ជោគជ័យ​នោះ ដោយ​ឈរ​លើ​ស្មារតី​នេះឯង ។ នេះ​ជា​ការ​សំរបសំរួល​មិន​ឱ្យ​ខុស​ទៅ នឹង​គោលការណ៍​ធំៗ គឺ​យើង​ត្រូវ​គោរព​ដោយ​ចេញពី​ប្រភព​ទាំង​ពីរ​” ។ លោក​បន្ដ​ទៀត​ថា “...​បញ្ហា​ខ្លះ មានការ​លើក​ឡើង​ថា ដល់​ពេល​សភា​ខិតខំ​ធ្វើ​ច្បាប់​ឱ្យ​លឿន​ថា​ធ្វើ​លឿន​ពេក តែ​ធ្វើ​មិន​ទាន់​ថា​យឺត​ពេក ដែល​អ្នក​ថា​នោះ​ហួសពេក​ហើយ​” ។​

លោក​រាជ សម្បត្ដិ បានឱ្យ​ដឹង​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ ការិយាល័យ​សហ​ព្រះរាជអាជ្ញា​បាន​ទទួល នូវ​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​មួយ​ចំនួន​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក ហើយ​សហ​ព្រះរាជអាជ្ញា​បាន​ទទួល​រួច ហើយ​ដែរ តែ​កំពុង​ពិនិត្យ​ទៅ​លើ​ពាក្យបណ្ដឹង​ទាំងនោះ បើ​ទោះជា​ពាក្យបណ្ដឹង​នោះ​បែប​ណា​ក៏​ដោយ ។ លោក​បន្ដ​ថា នៅ​ក្រោយ​ពេល​អនុម័ត​វិធាន​ផ្ទៃក្នុង​នោះ​ហើយ ដំណើរការ​ស៊ើបអង្កេត​ឬ​ចោទប្រកាន់ និង ការ​បើក​សវនាការ​នឹង​អាច​កើតឡើង​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។​

លោក​ម៉ោ​ញ សា​ផា​ន តំណាងរាស្ដ្រ មណ្ឌល​កំពង់ចាម​បាន​ថ្លែង​ថា ច្បាប់​កាត់ទោស​ខ្មែរក្រហម គេ​បាន​បញ្ជាក់​ថា ច្បាប់​ត្រូវ​ប្រើ​តាម​វិធាន​ផ្ទៃក្នុង ក្នុង​ករណី​ច្បាប់​ផ្ទៃក្នុង​ខ្វះចន្លោះ ត្រូវ​អនុញ្ញាត​ឱ្យ​យក តាម​បទដ្ឋាន​អន្ដរជាតិ ហើយ​វា​គ្មាន​រឿង​អ្វី​ប្រទាំង​ប្រទើស​ទេ ។ លោក​បន្ដ​ថា “​ការ​យក​ច្បាប់​ណា បទដ្ឋាន​បរទេស​នៃ​តុលាការ​ណា​មក​ប្រើ​ស្ថិត​នៅ​លើ​ការ​សំរេច​របស់​អង្គ​ជំនុំ​ជំ​រះ​វិសាមញ្ញ ក្នុង​តុលាការ កម្ពុជា តែ​ឥឡូវនេះ​មិន​ទាន់​សំរេច​យក​តាម​បទដ្ឋាន​នៃ​ប្រទេស​ណាមួយ​នៅឡើយ​ទេ​” ។​

យោង​តាម​សេចក្ដី​ប្រកាស​របស់​ការិយាល័យ​អ្នកនាំពាក្យ​នៃ​សាលាក្ដី​ខ្មែរក្រហម ដែល​កោះសន្ដិភាព បាន​ទទួល​ឱ្យ​ដឹង​ថា កិច្ចប្រជុំ​ពេញអង្គ​របស់​ក្រុម​មន្ដ្រី​តុលាការ នៃ​អង្គ​ជំនុំ​ជំ​រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នឹង​ប្រព្រឹត្ដ​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃ​ទី​៣១ ឧសភា​រហូត​ដល់​ថ្ងៃ​ទី​១៣ មិថុនា ២០០៧ ។ គោលបំណង​នៃ​កិច្ចប្រជុំ​ពេញអង្គ​នេះ គឺ​ដើម្បី​អនុម័ត​វិធាន​ផ្ទៃក្នុង​របស់​សាលាក្ដី​ខ្មែរក្រហម ។ សេចក្ដី ព្រាង​វិធាន​ផ្ទៃក្នុង​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មុន ដោយ​គណៈកម្មការ​ត្រួតពិនិត្យ​វិធាន ផ្ទៃក្នុង​ឡើង​វិញ ។ កិច្ចប្រជុំ​នេះ ចាប់ផ្ដើម​រយៈពេល​២​ថ្ងៃ​ដំបូង​សំរាប់​ប្រជុំ​ពិភាក្សា ចំណែកឯ​ការ បើក​កិច្ចប្រជុំ​ជា​ផ្លូវការ​នឹង​ប្រព្រឹត្ដ​ទៅ​នៅ​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០០៧ ។​

សេចក្ដី​ប្រកាស​បន្ដ​ថា កិច្ចប្រជុំ​នោះ​ធ្វើ​ឡើង​ក្នុង​លក្ខណៈ​មិន​ចំហ ប៉ុន្ដែ​អ្នក​សារព័ត៌មាន​នឹង​ត្រូវ បាន​អញ្ជើញ​ឱ្យ​ចូលរួម​ថតរូប​ភាព​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​៤ មិថុនា នៅ​ឯ​សណ្ឋាគារ​ឡឺ​រ៉ូ​យ៉ា​ល់ ហើយ នៅ​ថ្ងៃ​ទី ១៣ ខែមិថុនា អ្នក​សារព័ត៌មាន​ត្រូវ​បាន​អញ្ជើញ​ឱ្យទៅ​កាន់​សាលាក្ដី​ខ្មែរក្រហម​នៅ​ពេល​ដែល លទ្ធផល​នៃ​កិច្ចប្រជុំ​ពេញអង្គ​ត្រូវ​ប្រកាស​ដោយ​សមាជិក​នៃ​អង្គប្រជុំ​ក្នុង​សន្និសីទ​សារព័ត៌មាន ។​

Labels: ,

 
 

ជួប​ជាមួយ​គ្រូ​ក្បាច់គុន​ខម ក្បាច់​បុរាណ​ខ្មែរ​ដែល​ធ្លាប់​ការពារ​ទឹកដី​ពី​អតីតកាល

រាជធានី​ភ្នំពេញ ៖ អតីតកាល​ដ៏​ថ្កុំថ្កើង​រុងរឿង​នៃ​ប្រទេស​កម្ពុជា​ដែល​ជា​អ​ធិ​រាជាណាចក្រ​ខ្មែរ មាន​វិសាល ភាព​គ្រប់គ្រង​ដែនដី​ដ៏​ធំធេង ពិតជា​មាន​កម្លាំង​ការពារ​បុ​រណ​ភាព ទឹកដី​ដ៏​មហិមា ដូច្នេះ​ហើយ​ទើប​តំរូវ ឱ្យ​យុទ្ធ​ជន​ភាគច្រើន​នាំ​គ្នា​ហ្វឹកហាត់​យុទ្ធ​គុន ដើម្បី​ការពារ​ខ្លួន ការពារ​បូរណភាព​ទឹកដី ។ បើ​និយាយ ពី​ក្បាច់គុន​ត្រូវ​បាន​ដូនតា​ខ្មែរ​ពី​សម័យ​បុរាណ​បន្សល់​ទុកជា​កេរ​មរតក​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។​

កម្មវិធី​ស្នាមញញឹម​នៃ​វប្បធម៌​ខ្មែរ​របស់​ស្ថានីយទូរទស្សន៍​បាយ័ន បាន​អញ្ជើញ​គ្រូបង្ហាត់​យុទ្ធ​គុន​ខម មក​ឱ្យ សម្ដែង​បង្ហាញ​ក្បាច់គុន​នេះ ដើម្បី​ផ្ដល់​កម្លាំងចិត្ដ​ដល់​អ្នក​ហ្វឹកហាត់ និង​ដើម្បី​ថែរក្សា​បន្ដ​ទៅ​មុខ​ទៀត​។ មុន​នេះ​លោក​មាស សុខ ជា​គ្រូ​គុន​ល្បុក្កតោ​ខ្មែរ​ធ្លាប់​បាន​បង្ហាញខ្លួន​រួច​មក​ហើយ ដោយ​អះអាង​ថា លោក​បាន​រៀបចំ​ជា​ឯកសារ​បាន​ជាង​២០០០​ក្បាច់​ផង​ដែរ ។​

លោកគ្រូ សំ ចាន់​ប៊ុ​ន​ធឿ​ន មាន​វ័យ​៥៩​ឆ្នាំ ស្រុក​កំណើត​នៅ​ភូមិ​គារ ឃុំ​គារ ស្រុក​មោងឫស្សី ខេត្ដបាត់ដំបង ។ បច្ចុប្បន្ន​លោក​ជា​អ្នក​ស្រាវជ្រាវ​ក្បាច់គុន​បុរាណ​ខ្មែរ​មួយ​រូប នៅ​ក្នុង​សមាគម​យុទ្ធ​គុន​ខម មា​នទី​តាំងនៅ​ភូមិ​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ លោកគ្រូ​រៀបរាប់​ពី ប្រវត្ដិ​ចេះ​ក្បាច់គុន​ខម​ថា នៅ​ពេល​លោកគ្រូ មាន​អាយុ​១២​ឆ្នាំ បាន​ទៅ​រស់នៅ​ជាមួយ​ព្រះសង្ឃ​ក្នុង​វត្ដ ដោយ​រៀនសូត្រ​អក្សរសាស្ដ្រ​ខ្មែរ​ផង រៀន​ក្បាច់គុន​ផង ដោយ​មាន​ព្រះ​ចៅអធិការ​វត្ដ​សូ​រិ​យា ស្រុក​មោង ឫស្សី ព្រះ​នាម​អួ​ម ជា​អ្នក​បង្រៀន ដែល​កាល​ណោះ​នៅ​ក្នុង​ឆ្នាំ​១៩៦០​។ ព្រះ​ចៅអធិការ​វត្ដ​ត្រូវជា​ជីតា ទួត​ខាង​ម្ដាយ​របស់​លោកគ្រូ​តែ​ម្ដង​។ ចំណែក​ឪពុក​របស់​លោកគ្រូ​បាន​ហាត់​ក្បាច់គុន​ពី​តា​អាចារ្យ​លាក់ នៅ ស្រុកលើ ហើយ​បាន​ហាត់រៀន​បន្ថែម​ពី​លោកតា​អួ​ម បញ្ចប់​ទ្វារ​នៃ​ក្បាច់គុន​ខម​ផង​ដែរ ។​

លោកគ្រូ​សំ ចាន់​ប៊ុ​ន​ធឿ​ន រំលឹក​ថា ការ​ហាត់រៀន​ក្បាច់គុន​កាលពី​លោកគ្រូ​នៅ​ក្មេង តែងតែ​រៀន​ខ្ញាំ​ជើង ដោយ​ចាក់ទឹក​បង្ហូរ​ឱ្យ​រអិល​ផ្លូវ​ឡើង​ច្រាំង​ស្ទឹង និង​រែក​ទឹក​យក​ទៅ​ស្រោច​ម្លូ​តាម​ការ​កំណត់ រាប់​សិប អ​ម្រែ​ក​។ ក្រៅពី​នេះ​ទៀត​ហ្វឹកហាត់​ដើរ​ចុងជើង ឯ​ដៃ​ត្រូវ​ទ្រ​ដុំ​ឈើ​ធំ​វែង ហើយ​បង្វិល​ក្រឡឹង​ជុំវិញ ខ្លួន​ដូច​កិនស្រូវ​។ លោកគ្រូ​បន្ដ​ថា ពេល​ព្រឹក​ឡើង​រៀន​ប្រើ​ភ្នែក​ដោយ​សម្លឹង​មើល​ថ្ងៃ​ទើប​រះ និង ពេល​ងូតទឹក​ព្រឹក​ព្រហាម​ត្រូវ​បាចទឹក​ដាក់​ភ្នែក ដើម្បី​ឱ្យ​ភ្នែកមាន​លំនឹង​។ ឯការ​ហ្វឹកហាត់​ចលនា​បឋម មិនជា​ពិបាក​ទេ គឺ​គ្រាន់តែ​រៀន​បត់​ភ្លៅកង្កែប និង​ពត់​ជើងដៃ​ឱ្យ​ទន់ភ្លន់​ប៉ុណ្ណោះ ។

​លោកគ្រូ​បន្ដ​ថា ក្រោយ​ពី​លោកគ្រូ​ប្រឡង​ជាប់​អនុ​វិទ្យាល័យ​នេ​ត​យ៉ង់ ទីរួមខេត្ដ​បាត់ដំបង លោកគ្រូ បាន​ហ្វឹកហាត់​ហាប់​គី​ដូ នៅ​សាលា​ចិន​កុក​ខ្វាង រហូត​ទទួល​បាន​ខ្សែក្រវាត់​ខ្មៅ​១​ដាន់​ផង​ដែរ ក្នុង​ឆ្នាំ​១៩៧០ ចំណែក​ក្បាច់គុន​បុរាណ​ខ្មែរ លោកគ្រូ​បាន​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ទើប​អាច យល់​ដឹង​បាន​៤​ទ្វារ ហើយ​ក្នុង​៤​ទ្វារ​នោះ​លោកគ្រូ​អាច​បំបែកចេញ​ជា​២០០០​ស្នៀត​ឯណោះ ។​

ចាប់ពី​ឆ្នាំ​១៩៦៩ រហូត​ដល់​ឆ្នាំ​១៩៧៥ លោកគ្រូ​ប៊ុ​ន​ធឿ​ន​ត្រូវ​បាន​ឪពុក​បង្ហាត់បង្រៀន​បន្ថែម​ពី​មេ​គុន​ក្បាច់ ពិឃាត​ក្នុង​គម្ពីរ​ខម ដែល​លោកគ្រូ​បាន​ចម្លង​យក​មក​ពី​វត្ដ​សូ​រិ​យា ។ ក្បាច់គុន​ខ្មែរ​យើង​មាន​៣​ខណ្ឌ គឺ ទី​១ យុទ្ធ​គុន​ខម ទី​២ យុទ្ធ​សិល្ប៍​ខេ​មៈ និង ទី​៣ កល​យុទ្ធ​ខេមរៈ ហើយ​បែកចេញ​ជា​បីៗ​បន្ដ​ទៀត ។​

ចំពោះ​ការ​ហ្វឹកហាត់​ត្រូវ​យក​កម្លាំង​ដៃ ច្រត់​ដី ហើយ​ដើរ​នឹង​កែងដៃ​លើ​ដីខ្សាច់ និង​ដី​រឹង ។ លើស​ពី​នេះ ត្រូវ​ប្រើ​ក្រញាំ​ដៃ​រៀន​ទះ​លើ​ក្ដារ និង​ចុង​ម្រាម​៥​ហៅ​ថា ក្បាច់​ក្រញាំ​ខ្លា ម្រាម​៤ ហៅ​ថា ក្រញាំ​នាគ ម្រាម​៣ ហៅ​ថា ក្រញាំ​ឥន្ទ្រី និង​ម្រាម​មួយ​ហៅ​ថា​ចង្អុលខ្មោច ។ ក្បាច់គុន​ខម​នេះ​ត្រូវ​បាន​លោកគ្រូ សំ ចាន់​ប៊ុ​ន​ធឿ​ន នាំ​សិស្ស​យក​ទៅ​សម្ដែង​បង្ហាញ​ទស្សនិកជន​តាម​រយៈ​កម្មវិធី “​ស្នាមញញឹម​នៃ​វប្បធម៌​ខ្មែរ​” ដែល​ស្ថានីយទូរទស្សន៍​បាយ័ន​ជា​អ្នក​ផលិត​ឡើង ។​

Labels: , ,

 
 

ទេវតា ឬទេ​ព្ដា​ដែល​មនុស្ស​គ្រប់​រូប​តែង​គោរព​បូជា​និង​ប្រាថ្នា​ចង់​កើត​ ​តាម​ការ​ពិត​ទេវតា​នៅ​ក្នុង​ចិត្ដ​របស់​មនុស្ស​ដែល​ជា​អ្នក​កំណត់​ប៉ុណ្ណោះ

ពុទ្ធសាសនិក​អ្នក​គោរព​ប្រណិប័តន៍​ចំពោះ​លទ្ធិ​ព្រះពុទ្ធ​សាសនា បាន​លះបង់​នូវ​ទ្រព្យសម្បត្ដិ​ផ្ទាល់ខ្លួន ដើម្បី ធ្វើបុណ្យ​ទាន​សន្សំ​កុសល​ប្រាថ្នា​ជាតិ​ក្រោយ​ឱ្យ​មានទ្រព្យ​សម្បត្ដិ ស្ដុកស្ដម្ភ យស​សក្ដិ​ខ្ពង់ខ្ពស់ បាន​ទៅ​កើត ឋានមនុស្ស ទេវតា និង​ព្រះ​និព្វាន ។ ប៉ុន្ដែ​បើ​តាម​អ្នក​វិទ្យាសាស្ដ្រ​បាន​អះអាង​ថា ក្នុង​លោក​នេះ​គ្មាន ឋាន​ណា​ក្រៅពី​សង្គមមនុស្ស​ឡើយ ហើយ​ទេវតា​ដែល​មនុស្ស​តែង​គោរព និង​ប្រាថ្នា​ចង់ទៅ​កើត​នោះ ក៏​គ្មាន​ដែរ តែ​ទេវតា​ស្ថិត​នៅ​ក្នុង​ចិត្ដ​របស់​មនុស្ស​ជា​អ្នក​កំណត់​ទៅ​វិញ ។

​ក្នុង​គម្ពីរ​សាសនា​បាន​ចែង​ថា ធ្វើ​ល្អ​បាន​ល្អ ធ្វើ​អាក្រក់​បាន​អាក្រក់ ហើយ​បុណ្យ​បាប​ទាំងនេះ​នឹង​ហុច​ឱ្យ​អ្នក ប្រព្រឹត្ដ​វិញ​ក្នុង​ពេល​បច្ចុប្បន្ន​ជាតិ ឬ​អនាគតជាតិ ដោយ​បាន​ធ្វើការ​អប់រំ​ទូន្មាន​មនុស្ស​ដែល​ជា​ពុទ្ធបរិស័ទ ខំ​សាង​នូវ​កុសលផល​បុណ្យ ចៀសវាង​នូវ​អំពើ​បាប អបាយមុខ​ផ្សេងៗ ខ្លាចក្រែង​មានកម្ម​ពៀរ​នៅ​ជាតិ ក្រោយ អាច​កើតជា​ជន​ទី​ទ័លក្រ ពិការ ខ្វាក់​ខ្វិន ឬ​ចុះ​ទៅ​កើត​ឋាននរក​អ​វចីរ គ្មាន​អាហារ​បរិភោគ ទទួល​ទុក្ខទោស​រាប់​សិប​ជាតិ​ទំ​រាំ​បាន​មក​កើតជា​មនុស្ស​វិញ​។ ប៉ុន្ដែ​បើ​បុគ្គល​ណា​ធ្វើអំពើ​ល្អ​នោះ កុសលផល បុណ្យ នឹង​ហុច​ឱ្យ​វិញ​ជា​មិន​ខាន ដោយ​បាន​ទៅ​កើតជា​មនុស្ស ទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម និង​បាន​សោយ សម្បត្ដិ​ព្រះ​ទិព្វ​ទៀត​ផង​។ អ្នក​ដែល​ធ្វើបុណ្យ​ទាន​គ្រប់​វ័យ​តែង​ប្រាថ្នា​ឱ្យ​ជាតិ​ក្រោយ បាន​កើត​នៅ​ឋាន ទេវតា ឬ​ព្រះ​និព្វាន ពីព្រោះ​ឋាន​ទាំង​ពីរ​នេះ​ជា​ឋាន​ផុត​ទុក្ខ បាន​សោយ​សម្បត្ដិ​ទិព្វ លែង​ព្រួយបារម្ភ ជួប​ប្រទះ​នឹង​ទុក្ខ​ភ័យ​កើត​ចាស់​ឈឺ​ស្លាប់​ទៀត​ហើយ ។ ក្នុង​គម្ពីរ​ទសជាតក តាម​រយៈ​រឿង​ព្រះ​វេ ស្សន្ដរ​ជាតក ព្រះ​វេស្សន្ដរ​ដែល​ជា​តួអង្គ​ព្រះ​ពោធិសត្វ​បាន​បំពេញ​ទានបារមី​គ្រប់យ៉ាង​ដល់​ជន​ក្រីក្រ ដូច​ជា ធន​បរិច្ចាគ អង្គបរិច្ចាគ ជីវិត បរិច្ចាគ បុត្រ​បរិច្ចាគ និង​ភរិយា​បរិច្ចាគ ដើម្បី​បាន​ត្រាស់​ដឹង​ជា​ព្រះ សម្មាសម្ពុទ្ធ​ជួយ​ចំលង​សត្វលោក​ឱ្យ​រួច​ផុត​ពី​ទុក្ខទោស​ផង​ទាំងពួង​។ ដោយ​អំណាច​នៃ​ការ​ធ្វើ​ទាន​របស់​ព្រះ​វេស្សន្ដរ បាន​ធ្វើ​ឱ្យ​ទេវតា​ព្រះឥន្ទ្រ​ចុះ​មក​ជួយ​អន្ដរាគមន៍​ជា​បន្ដបន្ទាប់ ហើយ​ពេល​ព្រះ​អង្គ​សោយ​ទិវង្គត​ទៅ​ជាតិ​ក្រោយ​បាន​កើតជា​តួអង្គ​ព្រះ​សិទ្ធត្ថ ឬ​សិទ្ធា​ថ​ដោយ​ចេញ​សាង ផ្នួស​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​បរមគ្រូ​នៃ​យើង​។ គម្ពីរ​ទសជាតក និង​គម្ពីរ​បញ្ញា​ស​ជាតក​បាន ឆ្លុះ​បញ្ចាំង​ពី​តួអង្គ ព្រះ​ពោធិសត្វ​ជា​គូ​នឹង​នាង​កន្សៃសារពេជ្ញ​គ្រប់​ជាតិ កា​រសជាតិ​របស់​តួអង្គ​ឆ្លុះ​បញ្ចាំង​អំពើ​បុណ្យ​បាប មនុស្ស សត្វ ទេវតា​ព្រះឥន្ទ្រ ព្រហ្ម​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស ។ ចំណែកឯ​ទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម ដែល​ជា អ្នកមាន​បុណ្យ​បារមី អច្ឆរិយ ត្រូវ​បាន​មនុស្សលោក​ធ្វើការ​បួងសួង សុំ​សេចក្ដីសុខ​សប្បាយ​រកស៊ី​មាន បាន​គ្រប់ពេលវេលា​នៅ​ពេល​អ្នកស្រុក​មានទុក្ខ​លំបាក​ម្ដងៗ ហើយ​គេ​ជឿ​ថា ជីវិត​មនុស្សរ​ស់បាន​អាស្រ័យ លើ​ទេវតា​ជា​អ្នក​ប្រទាន ជា​ពិសេស​នៅ​ពេល​បុណ្យ​ទាន​ម្ដងៗ ដូច​ជា​ថ្ងៃ​បុណ្យចូលឆ្នាំ​គេ​តែងតែ​រៀបចំ រណ្ដាប់ ម្ហូបអាហារ នំចំណី អុជ​ធូប​ទៀន បួងសួង​ចំពោះ​ទេវតា ឱ្យ​ជួយ​ថែរក្សា និង​ប្រទាន​ពរ​ជ័យ​ដល់​ពួក គេ​។ ទោះបីជា​មានការ​អះអាង​ថា មាន​ឋាន​លើ ឋាន​ក្រោម ប្រេត​នរក ទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម​យ៉ាង នេះ​ក្ដី តែ​ក្រុម​អ្នក​វិទ្យាសាស្ដ្រ​បែរជា​បញ្ចេញ​ទស្សនៈ​ផ្ទុះ​ស្រឡះ​ទៅ​វិញ​ចំពោះ​បញ្ហា​ទាំងនេះ ។ អ្នក​រូបធាតុ និយម​ទាំងនេះ​ធ្វើការ​បញ្ជាក់​ថា ពួក​គេ​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​អស់​រយៈពេល​ជា​ច្រើន ឆ្នាំ​មក​ហើយ គឺ​ពុំដែល​បាន​ជួប​ប្រទះ​អ្វី​ក្រៅពី​មនុស្ស សត្វ រុក្ខជាតិ លោហធាតុ ដែល​មាននៅ​ឋានមនុស្ស ឡើយ​។ ចំណែកឯ​ឋាន​លើ ឋាន​ក្រោម​នោះ គ្មាន​ទេ គឺ​គ្រាន់តែ​ការ​និយាយ​តៗ​គ្នា ដែល​ជា​ការ​ស្រមើ ស្រមៃ​របស់​មនុស្ស​ប៉ុណ្ណោះ ហើយ​ទេវតា​នោះ​ទៀត​បើសិនជា​មាន​មែន​នោះ ក៏​នៅ​មិន​ឆ្ងាយ​ពី​មនុស្ស​ដែរ ដូច​ជា​ចិត្ដគំនិត​អារម្មណ៍​មនុស្ស មនោសញ្ចេតនា​ក្នុង​ខ្លួន​របស់​មនុស្ស ។​

ទាក់ទិន​នឹង​ទេវតា​នេះ បើ​តាម​វប្បធម៌​អារ្យធម៌​ខ្មែរ​របស់​បណ្ឌិត​មី​សែ​ល ត្រា​ណេ បាន​បញ្ជាក់​ថា ខ្មែរ នៅ​សម័យ​បុរាណ​ហៅ​វត្ថុ​ស័ក្ដិសិទ្ធិ​ដូច​ជា​ខ្យល់ ព្រះអាទិត្យ ព្រៃ​ភ្នំ ក្រំ​ថ្ម ឬ​សត្វ​ដែល​គេ​បូជា​ជា​វត្ថុ​ស័ក្ដិសិទ្ធិ ឬ​តូ​តឹ​ម ដែល​និមិត្ដរូប​ជា​ទេវតា​គឺ​ការ​ហៅ​តាម​ប្រពៃណី​ក្លិង្គ ។ ការ​ស្រាវជ្រាវ​ឫសគល់ នៃ​ជំនឿ​សាសនា ខ្មែរ​គេ​ត្រូវ​ញែក​ឱ្យ​ដាច់​ពី​គ្នា ពោល​គឺ​អ្វី​ជា​ទេវតា ហើយ​អ្វី​ជា​វត្ថុ​ស័ក្ដិសិទ្ធិ ថ្វី​ដ្បិតតែ​ពាក្យ​នេះ​អ្នកខ្លះ យល់​ថា មាន​ន័យ​តែ​មួយ​ក៏​ដោយ ។ វត្ថុ​ស័ក្ដិសិទ្ធិ​ដែល​ខ្មែរ​យើង​ចាត់​ទុក​ថា​ជា​ទេវតា​នោះ តាម​ពិត​គ្មាន​រូប រាង​ជា​មនុស្ស​ទេ ជា​របស់​ដែល​គ្មាន​រូបភាព ឬ អរូប​។ រីឯ​ទេវតា​ដែល​ខ្មែរ​យើង​បាន​ខ្ចី​ពី​ពាក្យ ក្លិង្គ​នេះ​មាន រូបរាង​ជា​មនុស្ស​ដូច​ជា​ព្រះ​សិវៈ ព្រះព្រហ្ម ព្រះ​នារាយណ៍ ហើយ​ទេវតា​ទាំងនោះ​គឺជា​និមិត្ដរូប​នៃ ឥទ្ធិពល​ធម្មជាតិ​ដែរ ។ ទេវតា​គឺ​គ្មាន​អ្វី​ក្រៅពី​ចិត្ដគំនិត​អារម្មណ៍ ការ​ស្រឡាញ់ ស្អប់ខ្ពើម អំពើ​ល្អ អំពើអាក្រក់ ដែល​មនុស្ស​សំដែង​មក​ខាងក្រៅ​តាម​រយៈ​សកម្មភាព​ណាមួយ​ប៉ុណ្ណោះ ។ ចំពោះ​ការ​ដែល ខ្មែរ​និយម​ធ្វើការ​បួងសួង​សុំ​ពរ​ជ័យ​ពី​ទេវតា​នោះ​គ្រាន់តែ​ជា​បញ្ហា​ចិត្ដសាស្ដ្រ របស់​មនុស្ស​ក្នុង​សង្គមនិយម តៗ​គ្នា ពី​បុរាណ ដើម្បី​លើកទឹកចិត្ដ​ឱ្យ​មានការ​តស៊ូ​ស្មារតី​រឹង​មាំ និង​ក្ដី​សង្ឃឹម​ក្នុង​ជីវិត​នៅ​ពេល​អនាគត​។​

អ្នក​មនោ​និយម​បញ្ចេញ​ទស្សនៈ​ថា ពិតជា​មាន​ទេវតា​មែន ហើយ​មនុស្ស​យើង​ទាំងអស់​រស់រាន​មានជីវិត ទៅ​បាន​អាស្រ័យ​លើ​ទេវតា​ជា​អ្នក​ប្រទាន​ឱ្យ ហើយ​គេ​ធ្វើការ​បណ្ដុះ​ទឹកចិត្ដ​ចំពោះ​កូនចៅ​ឱ្យ​ខិតខំ​សន្សំ កុសល​ឱ្យ​បាន​ច្រើន​ដើម្បី​ជាតិ​ក្រោយ​ទៅ​កើត​ឋាន​ទេវតា សោយ​សម្បត្ដិ​ទិព្វ លែង​មានទុក្ខ​ព្រួយ​។ តែ​អ្នក រូបធាតុនិយម​វិញ​បាន​អះអាង​ថា ទេវតា​មិន​មាន​ទេ​ក្នុង​លោក​នេះ ហើយ​ក៏​គ្មាន​ឋាន​លើ​ឋាន​ក្រោម​ដែរ គឺ​មាន​តែ​ឋានមនុស្ស​មួយ​ប៉ុណ្ណោះ ចំណែកឯ​ទេវតា​ក៏​គ្មាន​អ្វី​ក្រៅពី​ចិត្ដគំនិត​មនោសញ្ចេតនា​របស់​មនុស្ស គ្រប់​គ្នា​ដែរ ។ ទោះបីជា​មានការ​អះអាង​ខុស​គ្នា​យ៉ាងនេះ​ក្ដី ក៏​មនុស្ស​ភាគច្រើន​គេ​ជឿ​ថា មាន​ទេវតា​មែន ហើយ​ជា​អាទិទេព​ដែល​មានបុណ្យ​បារមី​អាច​ជួយ​ស្រោចស្រង់​ជីវិត​មនុស្ស ឱ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក​បាន​គ្រប់ ពេលវេលា​ទៀត​ផង ។

Labels: , ,

 
 

គណៈកម្មការ​ពិនិត្យ​គុណភាព​ផ្លូវ​និង​ស្ពាន​ត​ភ្ជាប់​ពី​ជើងឯក​ទៅ​ខេត្ដកណ្ដាល

clip_image001
​កំណាត់​ផ្លូវ​កំពុងធ្វើការ​សាងសង់​ត្រូវ​បាន​មន្ដ្រី​ចំរុះ​ស្ថាប័ន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​គុណភាព​

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​ចំរុះ​រួម​មាន​តំណាង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន តំណាង​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួម​ជាមួយ​មន្ដ្រី​ជំនាញ​សាលាក្រុង​ភ្នំពេញ និង​ខេត្ដកណ្ដាល ដឹកនាំ​ដោយ​លោក ជ្រាង សុ​ផា​ន់ អភិបាលរង​ក្រុងភ្នំពេញ អមដំណើរ​ដោយ លោក​គង់ អៀង តំណាង​កង​វិស្វកម្ម​ក្រសួង ការពារ​ជាតិ បាន​ចុះ​ទៅ​ពិនិត្យ​គុណភាព​នៃ​ការ​ស្ថាបនា​ស្ពាន និង​ផ្លូវ​ត​ភ្ជាប់​ពី​មជ្ឈមណ្ឌល​ប្រល័យ ពូជសាសន៍​ជើងឯក រាជធានី​ភ្នំពេញ ទៅ​ខេត្ដកណ្ដាល​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា ២០០៧ ។

​មន្ដ្រី​សាលាក្រុង​ភ្នំពេញ​ឱ្យ​ដឹង​ថា សម្ដេច​នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន បាន​ផ្ដល់​អំណោយ​ជា​ស្ពាន និង​ផ្លូវ មួយ​ខ្សែ​សំរាប់​ត​ភ្ជាប់​ពី​ផ្លូវ​ចូល​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ទៅ​ខេត្ដកណ្ដាល ត្រង់​ចំណុច​រង្វង់ មូល​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​២ និង​លេខ​៣ ដើម្បី​សំរួល​ដល់​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​។ ការ​សាងសង់​បាន​ចាប់ផ្ដើម នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ ២០០៧ ដែល​ពិធី​បើក​ការដ្ឋាន​ស្ថិត​ក្រោម​អធិបតីភាព នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន ។ ការងារ​ស្ថាបនា​ផ្លូវត្រូវ​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឯកជន​មួយ ចំណែក ឯការ​សាងសង់​ស្ពាន​ឆ្លងស្ទឹង​ព្រែក​ត្នោត​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​កង​វិស្វកម្ម​ក្រសួងការពារជាតិ ។​

មន្ដ្រី​ដដែល​បន្ថែម​ថា ផ្លូវ​ដែល​ត្រូវ​ស្ថាបនា​នោះ​មាន​ប្រវែង​៥.០០០​ម៉ែត្រ និង ទទឹង​១២​ម៉ែត្រ​ចាប់ពី​ផ្លូវ បំបែក​ចូល​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​រហូត​ដល់​រង្វង់​មូល​បំបែក​ផ្លូវជាតិ​លេខ​២ និង​លេខ​៣​ក្នុង ខេត្ដកណ្ដាល​។ ចំណែក​ស្ពាន​ឆ្លងស្ទឹង​ព្រែក​ត្នោត​ដែល​គេ​ដាក់​ឈ្មោះ​ថា ស្ពាន​ព្រែក​ជ្រៃ ជា​ប្រភេទ​ស្ពាន បេតុង​ប្រវែង​១០៥,១៥​ម៉ែត្រ និង​ទទឹង​១១​ម៉ែត្រ ។​
​ក្នុង​ឱកាស​នោះ​លោក​ជ្រាង សុ​ផា​ន់ បាន​ណែនាំ​ដល់​តំណាង​ក្រុមហ៊ុន​ម៉ៅ​ការ​ស្ថាបនា​ផ្លូវ ត្រូវ​យកចិត្ដ ទុកដាក់​កសាង​ឱ្យ​មានគុណ​ភាព ។ លើស​ពី​នេះ​ទៀត​ពិនិត្យ​ជា​ប្រចាំ​ពេល​ចាក់​ដី​បំពេញ​លើកកំពស់​ផ្លូវ គឺ​បើ​ឃើញ​ដី​ស្អុយ​ត្រូវ​កាយ​ចេញ ហើយ​កិន​បង្ហាប់​តាម​លក្ខណៈ​បច្ចេកទេស ។​

លោក​បាន​វាយតំលៃ​ថា ការ​សាងសង់​ស្ពាន​ព្រែក​ជ្រៃ​របស់​កង​វិស្វកម្ម​បាន​ប្រមាណ​៧០%​ហើយៗ​រំពឹង​ថា នៅ​ក្នុង​ខែតុលា​ខាង​មុខ​នេះ​អាច​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរ​បាន​ហើយ ។ ដោយឡែក​ការ​ស្ថាបនា​ផ្លូវ​បាន ប្រមាណ​៦០%​ហើយ តែ​មានការ​ខ្វះខាត ដែល​ត្រូវ​ណែនាំ​ឱ្យ​កែ​លំអ ។​

អត្ថបទ កោះសន្តិភាព

Labels: ,

 
 

ព្រែក​ចាក​ក្លាយជា​ច្រក​អន្ដរជាតិ បង្គោលព្រំ​ដែនកម្ពុជា​-​វៀតណាម​ទី​២ ត្រូវ​បាន​បញ្ចុះ​បឋមសិលា​ជា​ផ្លូវការ​ថ្ងៃនេះ​

ខេត្ដកំពត ៖ ចក​ព្រំដែន​ព្រែក​ចាក​ជាប់​នឹង​ខេត្ដ​គៀង​យ៉ាង ប្រទេស​វៀតណាម ត្រូវ​បាន​ប្រារឰ​ពិធី​ដ៏​ឱឡារិក មួយ​នៅ​ថ្ងៃនេះ (២៤ ឧសភា​) ដែល​ភាគី​ប្រទេស​ទាំង​២ បាន​ឯកភាព​បើក​ច្រក​ទ្វារ​ព្រំដែន​នេះ ជា​ច្រក​ទ្វារ អន្ដរជាតិ ហើយ​ជាមួយ​នេះ​ក៏​មាន​ពិធី​គួរ​ឱ្យ​កត់សំគាល់​មួយទៀត​នោះ គឺ​ការ​ចុះ​បឋមសិលា​បង្គោល ព្រំដែន​ផ្លូវការ​រវាង​ប្រទេស​ទាំង​២​ផង​ដែរ ។ តាម​ប្រភព​ព័ត៌មាន​ពី​លោក អុំ ស៊ី​ណាត អភិបាលរង​ស្រុក កំពង់ត្រាច បានឱ្យ​ដឹង​ថា​ក្នុង​ពិធី​នេះ​មន្ដ្រី​ផ្លូវការ​កម្ពុជា និង​វៀតណាម​នឹង​ចូលរួម​ផង​ដែរ​។​

​បង្គោល​ព្រំដែន​ត្រូវ​បាន​ប្រភព​ព័ត៌មាន​ក្រៅផ្លូវការ​ឱ្យ​ដឹង​ថា ភាគី​ទាំង​២​បាន​ព្រមព្រៀង​គ្នា​ដាំ​នៅ​ចំណុច ក្បែរ​លូ​ចាស់ ដែល​ភាគី​កម្ពុជា​បាន​ប្រកាន់​យក​តាំងពី​ការ​ចរចា​គ្នា​កន្លង​មក​ថ្មីៗ​នេះ ហើយ​ចំណុច​លូ​ចាស់​នោះ គឺជា​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​តាំងពី​ដើម​មក​។ បច្ចុប្បន្ន​លូ​នោះ​ត្រូវ​បាន​គេ​ចាក់​ដី​លុប​ធ្វើ​ជា​ផ្លូវ​ទៅ​ហើយ តែ នៅ​មាន​ដាន​និង​ស្នាម​ចាស់​បន្សល់​ទុក​។ ចំណុច​លូ​ចាស់​បាន​ឃ្លាត​ចំងាយ​ប្រមាណ​ជាង​៧០​ម៉ែត្រ ពី​ស្ពាន ដែក​ព្រែក​ចាក ដែល​ការ​ធ្វើ​ស្ពានដែក​នេះ​ក៏​ធ្លាប់​មានការ​ទាមទារ​តវ៉ា​ពី​ខាង​វៀតណាម ដើម្បី​ចេញ​សោហ៊ុយ ធ្វើ​ពាក់កណ្ដាល​ម្នាក់ ខណៈ​ពេល​ដែល​កង​វិស្វកម្ម​ត្រៀម​ធ្វើការ​ជួសជុល​ស្ពាន​នោះ ។ ឥរិយាបថ​ពេល​នោះ ត្រូវ​បាន​មតិ​ខ្លះ​ថា ភាគី​វៀតណាម​ចង់​កេង​យកចំណេញ​ខាង​បន្ទាត់​ព្រំដែន ដោយ​បង្ខិត​ខ្សែបន្ទាត់​ថ្មី​ត្រឹម ស្ពានដែក​ម្ខាង​ម្នាក់ តែ​ខាង​កម្ពុជា​មាន​ទ​ទ្ប្ហី​ករ​ណ៍​ជា​ច្រើន​ដែល​ថា ស្ពាន​ព្រែក​ចាក​ជា​ស្ពាន​ក្នុង​ដី​ខ្មែរ ហើយ តឹកតាង​នោះ​គឺ​ការ​កសាង​ស្ពាន​នេះ​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ដែល​មាន​ចារឹក​អក្សរ​និង​ឆ្នាំ​ដែល​បាន ធ្វើ​ផង​ដែរ បាន​បង្ហាញ​ពី​បូរណភាព​លើ​ស្ពាន​នេះ​ថា ជា​របស់​កម្ពុជា ។ គេ​នៅ​ចាំ​បាន​ផង​ដែរ​ថា កាលពី​ឆ្នាំ ២០០១ មានការ​ជួយ​ធ្វើ​ផ្លូវ​ពី​ភាគី​វៀតណាម ដើម្បី​ពង្រីក​ផ្លូវ​ឆ្លងកាត់​ព្រំដែន​នេះ​ឱ្យ​ទូលាយ ក៏​មានការ ឈូស​ផ្ដួល​គ្រឹះ​ខ្លោងទ្វារ​ព្រំដែន​ដែល​នៅ​សល់​គល់​តែ​ម្ខាង​របស់​ខ្មែរ ។ ពេល​នោះ​អាជ្ញាធរ​បាន​ធ្វើការ ដោះស្រាយ​ភ្លាមៗ​ផង​ដែរ ដោយ​បាន​តម្រូវ​ឱ្យ​ដាំ​នៅ​កន្លែង​ដដែល ដើម្បី​សំគាល់​ស្លាកស្នាម​ចាស់​ងាយ ស្រួល​ដល់​ការ​ចរចា​ពី​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​២​។ ការ​ព្រមព្រៀង​បញ្ចុះ​បឋមសិលា​បង្គោល​ព្រំដែន នៅ​ច្រក​ទ្វារ​ព្រែក​ចាក​ដោយ​កំណត់​យក​ចំណុច​ក្បែរ​លូ​ចាស់ គឺជា​ភាព​ត្រឹមត្រូវ ក្នុង​ការ​រក្សា​បូរណភាព ទឹកដី​កម្ពុជា​។ តាម​មន្ដ្រី​ដែល​រៀបចំ​បានឱ្យ​ដឹង​ថា បង្គោល​ព្រំដែន​ក្រា​នី​ត​ដូច​នៅ​ច្រក​ទា្វ​របា​វិត ក្នុង​ខេត្ដ ស្វាយ​រៀង ត្រូវ​បាន​ដាំ​ដូច​គ្នា​នៅ​ច្រក​ទ្វារ​ព្រែក​ចាក ក្នុងស្រុក​កំពង់ត្រាច ខេត្ដកំពត​នេះ ។​

​មុន​នេះ​មាន​ព័ត៌មាន​ទាក់ទិន​នឹង​ការ​បោះបង្គោល​ព្រំដែន​ថា ការ​ដាំ​បង្គោល​ព្រំដែន​នៅ​ច្រក​អូ​រយ៉ា​ដាវ ក្នុង ខេត្ដ​រតនគីរី មានការ​ចំរូងចំរាស​នៅឡើយ ទោះបីជា​បែប​ណា​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បាន​បង្ហាញ នូវ​សុ​ទិ​ដ្ឋ​និយម​ថា អ្វីៗ​នឹង​ដោះស្រាយ​ដោយ​សន្ដិវិធី​។ ជា​ការ​ពិត​ណាស់ បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម តែងតែ​បង្ក​ឱ្យ​មាន​ជម្លោះ​យូរ​មក​ហើយ តាំងពី​បារាំង​ដក​អាណានិគម​របស់​ខ្លួន ចេញពី​ឥណ្ឌូចិន ហើយ​បើ ពេល​នេះ​កម្ពុជា និង​វៀតណាម​នៅ​តែ​ប្រកាន់​យក​ភាព​តឹងរ៉ឹង​រវាង​គ្នា​នឹង​គ្នា​ទាក់ទិន​នឹង​បន្ទាត់​ព្រំដែន​នេះ បញ្ហា​ជម្លោះ​នឹង​នៅ​តែ​កើត​មាន​សំរាប់​កូនចៅ​ជំនាន់​ក្រោយ​បន្ដ​ទៀត ។ ហេតុនេះ​ហើយ​បើ​មានការ​ដោះ ស្រាយ​គ្នា​ក្នុង​ចេតនា​បញ្ចប់​អរិភាព​ពី​បញ្ហា​ព្រំដែន ប្រទេស​ទាំង​២​ក៏​នឹង​អាច​កាត់​បន្ថយ​បាន​ជម្លោះ នា អនាគត​ផង​ដែរ ហើយ​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​២ គឺជា​ព្រំដែន​សន្ដិភាព និង​សហប្រតិបត្ដិការ​។

Labels: ,

 
 

បារមី​អ្នកតា​ឡាក់​មឿង​ ក្នុង​ផ្នត់គំនិត​អ្នកស្រុក​ អតីត​មេទ័ព​ការពារ​ទឹកដី​

​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​នីមួយៗ​ តែង​មាន​ជំនឿ​ប្លែកៗ​គ្នា​ ខ្លះ​គោរព​សាសនា​ ខ្លះ​ទៀត​គោរព​ព្រលឹង​ បុព្វការី​ជន​ អារក្សអ្នកតា​ ព្រៃ​ភ្នំ​ក្រំ​ថ្ម​ ជ្រោះ​ជ្រលង​ដងអូរ​ ដើម្បី​សុំ​សេចក្ដីសុខ​សប្បាយ​ និង​រកស៊ី​ មានបាន​ក្នុង​គ្រួសារ​ ។​ ចំណែក​អ្នកស្រុក​ភ្នំស្រុក​ ខេត្ដបន្ទាយមានជ័យ​ ក្រៅពី​មាន​ជំនឿ​ចំពោះ​ព្រះពុទ្ធ​ សាសនា​ ពួក​គាត់​បាន​គោរព​ចំពោះ​បារមី​អ្នកតា​ឡាក់​មឿង​ ជា​អតីត​មេទ័ព​ដ៏​អង់អាច​ក្លាហាន​ដែល​បាន​ធ្វើ​ ពលិកម្ម​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ ។​ ទោះបីជា​ពេលវេលា​បាន​កន្លង​ផុត​ទៅ​អស់​រយៈពេល​យ៉ាង​យូរ​ក្ដី​ ក៏​អ្នកស្រុក​នៅ​តែ​គោរព​ប្រណិប័តន៍​ និង​រៀបចំ​ពិធី​ផ្សេងៗ​ជា​តង្វាយ​ចំពោះ​អ្នកតា​ឡាក់​មឿង​ ដើម្បី​ សុំ​សេចក្ដីសុខ​សប្បាយ​ រកស៊ី​មានបាន​ និង​បណ្ដេញ​ឧបទ្រពចង្រៃ​ក្នុង​ជីវិត​ ។​

​អ្នកស្រុក​ភ្នំស្រុក​ភាគច្រើន​រស់នៅ​ប្រកាន់ខ្ជាប់​នូវ​ទំនៀមទំលាប់​ប្រពៃណី​ពី​បុរាណ​ ប្រកប​របរ​ធ្វើស្រែ​ចំការ​ នេសាទ​ ចិញ្ចឹម​ដង្កូវនាង​ តម្បាញ​ហូល​ ផាមួង​ ដើម្បី​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ ។​ ដោយ​ចង់​ បាន​សេចក្ដីសុខ​សប្បាយ​ប្រចាំ​ក្រុម​គ្រួសារ​ និង​ ភូមិ​ស្រុក​ពួក​គាត់​បាន​នាំ​គ្នា​គោរព​បារមី​ អ្នកតា​ឡាក់​មឿង​ និង​បញ្ចុះ​អថ័ន​ ដែល​ជា​ទំនៀមទំលាប់​តំណ​ពី​ដូនតា​បន្សល់​ទុក​ឱ្យ​។​ ទាក់ទិន​នឹង​បញ្ហា​ខាងលើ​នេះ​ បើ​តាម​ ការ​អះអាង​របស់​អ្នកស្រុក​បញ្ជាក់​ថា​ ចំណេរ​កាល​ដ៏​យូរលង់​មានកូន​ភ្នំ​មួយ​ស្ថិត​នៅ​ចំងាយ​ ប្រមាណ​ ៥​គីឡូម៉ែត្រ​ ពី​ទីប្រជុំជន​ស្រុក​ភ្នំ​ ស្រុក​សព្វថ្ងៃ​បាន​ទទួល​រង​នូវ​បាតុភូត​គ្រោះ​ធម្មជាតិ​ បាក់​ស្រុត​ចុះ​ ទៅ​ក្រោម​ ក្លាយជា​បឹង​ធំ​មួយ​សំបូរ​ទៅ​ដោយ​មច្ឆជាតិ​ទៀត​ផង​។​ បាតុភូត​ធម្មជាតិ​នេះ​ធ្វើ​ឱ្យ​អ្នកស្រុក​ មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​យ៉ាង​ខ្លាំង​ ហើយ​នាំ​គ្នា​រើ​លំនៅ​ឋាន​មក​សង់ផ្ទះ​សំបែង​នៅ​ទីប្រជុំ​សព្វថ្ងៃ​ វិញ​ ដោយ​នាំ​គ្នា​ហៅ​ទីនោះ​ថា​ “​ភ្នំ​ស្រុត​”​ ។​ ក្រោយមក​អ្នកស្រុក​ក៏​បាន​ស្រុះស្រួល​គ្នា​ជីកដី​ពូន​ជា​ភ្នំ​ និង​ សង់​ប្រាសាទ​ថ្ម​ទុក​ជាទី​សក្ការបូជា​ និង​ធ្វើការ​បួងសួង​ចំពោះ​ម្ចាស់​ទឹក​ម្ចាស់​ដី​ឱ្យ​ជួយ​ថែរក្សា​ បាន​សេចក្ដី​ សុខ​សប្បាយ​ ហើយ​ទីនោះ​ក៏​មានឈ្មោះ​ភូមិ​-​ឃុំ​ ភ្នំ​ដី​រហូត​ដល់​សព្វថ្ងៃ​ ប៉ុន្ដែ​កេរដំណែល​ទាំងនេះ​បាន​ រង​នូវ​ការ​បំផ្លិចបំផ្លាញ​ពី​សំណាក់​ជន​ទុច្ចរិត​អស់ទាំង​ភ្នំ​ និង​ទាំង​ប្រាសាទ​នៅ​ក្នុង​សម័យ​សង្គ្រាម​ ។​

​ដោយសារ​តែ​អ្នកស្រុក​មាន​ជំនឿ​ចំពោះ​បុព្វបុរស​ខ្លួន​ដែល​ធ្លាប់តែ​ផ្ដល់​សេចក្ដីសុខ​សប្បាយ​ ភាព​ចំរុងចំរើន​ ពួក​គាត់​បាន​មូលមតិ​គ្នា​កសាង​អាសនៈ​ដ៏​ធំ​មួយ​ស្ថិត​នៅ​ត្រង់​គ្រឹះ​ចាស់​ រួច​បញ្ចុះ​អថ័ន​ការពារ​តាម​ទំលាប់​ ពី​បុរាណ​ ដែល​ឧបត្ថម្ភ​ថវិកា​ពី​លោក​ ដាំ​ ឆត្រ​រី​យ៍​ ទីប្រឹក្សា​សម្ដេច​ជា​ស៊ី​ម​ ។​ ការ​កសាង​ប្រាសាទ​ ថ្មី​នេះ​ជា​និមិត្ដរូប​ឱ្យ​ស្រុក​ភ្នំស្រុក​រំលឹក​ដល់​អនុស្សាវរីយ៍​នៃ​ការ​កើត​ស្រុក​ទេស​ដំបូង​ និង​ដឹងគុណ​ចំពោះ​ អ្នកតា​ឡាក់​មឿង​ជា​មេទ័ព​ដ៏​ក្លាហាន​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​ ។​

​ប្រភព​ដដែល​បន្ដ​ថា​ អ្នកតា​ឡាក់​មឿង​ ពី​ដើម​ឡើយ​ជា​មេទ័ព​ដ៏​អង់អាច​ក្លាហាន​មានឈ្មោះ​ល្បីល្បាញ​ ក្នុង​ការ​ការពារ​ទឹកដី​ប្រឆាំង​នឹង​ពួក​សៀម​ គឺ​លោក​ជា​មេទ័ព​ការពារ​ព្រំដែន​ ។​ លុះ​ពេល​លោក​ស្លាប់​ទៅ​ អ្នកស្រុក​ដែល​ធ្លាប់​មាន​ជំនឿ​បាន​កសាង​អាសនៈ​ធ្វើ​ពិធី​ឧបកិច្ច​បួងសួង​ ចំពោះ​មេទ័ព​ឡាក់​មឿង​ ឱ្យ​ជួយ​ ថែរក្សា​ ហើយ​គេ​នាំ​គ្នា​ហៅ​ថា​ “​អ្នកតា​ឡាក់​មឿង​រហូត​មក​”​ ។​ អ្នកស្រុក​ដែល​មាន​ជំងឺ​បៀតបៀន​,​ ឧបទ្រពចង្រៃ​ ព្រោះ​ធម្មជាតិ​គំរាមកំហែង​គេ​តែង​នាំ​គ្នា​ទៅ​បន់ស្រន់​ចំពោះ​អ្នកតា​ឡាក់​មឿង​ ហើយ​បាន​ សមប្រកប​ដូច​បំណង​ជា​ញឹកញាប់​។​ ចំណែក​ចៅហ្វាយស្រុក​ដែល​ទៅ​កាន់​តំណែង​ថ្មី​ត្រូវ​តែ​ទៅ​ធ្វើ​ពិធី​ ចំពោះ​អ្នក​ឡាក់​មឿង​ បើ​ពុំនោះ​ទេ​នឹង​ធ្លោះ​ធ្លោយ​បុណ្យ​ជា​ពុំខាន​ឡើយ​។​ អ្នកតា​ឡាក់​មឿង​មាន​ គុណ​បំណាច់​មិន​ចាញ់​អ្នកតា​ឃ្លាំងមឿង​ប៉ុន្មាន​ទេ​ គ្រាន់តែ​ម្នាក់​មាន​តួនាទី​ការពារ​ព្រំដែន​ និង​ម្នាក់​ទៀត​ ការពារ​នគរ​ហើយ​ពាក្យ​ឡាក់​មាន​ន័យ​ថា​ “​បង្គោល​ឬ​ព្រំដែន​”,​ ចំណែក​ពាក្យ​មឿង​មាន​ន័យ​ថា​ “​ស្រុក​,​ នគរ​,​ ប្រទេស​”​។​ បារមី​អ្នកតា​ទាំង​ពីរ​នៅ​តែ​ស្ថិត​ក្នុង​អារម្មណ៍​មនុស្ស​ ក្នុង​តំបន់​ជាប់​ជា​និច្ច​ ប៉ុន្ដែ​អ្នកតា​ឃ្លាំ​មឿង​ មាន​មនុស្ស​ស្គាល់​ និង​មានឈ្មោះ​ល្បី​ខ្លាំង​ជាង​ ។​

​អ្នកតា​ឡាក់​មឿង​ កាលពី​សម័យ​មុន​មាន​បារមី​ខ្លាំង​ណាស់​ គឺ​មិន​មាន​អ្នក​ណា​ហ៊ាន​ទៅ​បៀតបៀន​ឡើយ​ បើ​ពុំនោះ​ទេ​ នឹង​ត្រូវ​ឈឺ​ចុកពោះ​រហូត​ដល់​ស្លាប់​ ។​ នៅ​ពេល​មានទុក្ខ​ព្រួយ​ ឧបទ្រពចង្រៃ​ ជម្ងឺ​បៀតបៀន​ ឬ​គ្រោះ​ជាតិ​គំរាមកំហែង​អ្នកស្រុក​តែង​រៀបចំ​ តង្វាយ​ធ្វើការ​បួងសួង​ចំពោះ​អ្នក​ឡាក់​មឿង​ ឱ្យ​ជួយ​ ហើយ​ បាន​សំរេច​បំណង​ទៀត​ផង​។​ ដោយសារ​តែ​អ្នកតា​ឡាក់​មឿង​ធ្លាប់​ជួយ​អ្នកស្រុក​បែប​នេះ​ហើយ​ ទើប​ពួក​ គាត់​នាំ​គ្នា​គោរព​ប្រណិប័តន៍​តាំង​ដើម​រហូត​មក​ដល់​សព្វថ្ងៃ​ ។​

Labels: , , ,

 
 

Featured news

A Casino Night (also called Vegas Nights, Las Vegas Night, Monte Carlo Night) is an entertainment event with a casino theme. Casino Nights can be tied to a fundraiser to raise money for a specific cause (such as cancer research, community services, youth organizations, etc.) by having each participant purchase a ticket for the event. Each participant receives a specific amount of fun money that can be used to purchase gaming chips at the gambling tables. When the participants have lost their chips they may purchase additional fun money, increasing the amount of funds raised for the charity. The participants engage in various casino games (such as blackjack, roulette, baccarat, craps, poker, wheel of fortune, etc.) in the attempt to accumulate the largest amount of gaming chips. At the end of the evening the participant who managed to win the most chips may receive a prize, which is often awarded by a representative of the charity. When a casino night party is just for entertainment it usually works in the same way as a fundraiser casino night except that guests are given the fun money free of charge. Casino Nights function strictly as entertainment events with no real monetary gambling involved.