ចៅក្រមសាលាក្ដីខ្មែរក្រហមពិភាក្សាអនុម័តវិធានផ្ទៃក្នុង រយៈពេល១ស្ក្ដហ៍ខាងមុខ
រាជធានីភ្នំពេញ ៖ ចៅក្រមជាតិ និងអន្ដរជាតិចំនួន២៩រូប បានជួបជុំគ្នាកាលពីថ្ងៃទី៤ ខែមិថុនា តាមការ គ្រោងទុក ប្រយោជន៍ដើម្បីជជែកពិភាក្សា និងអនុម័តវិធានផ្ទៃក្នុង នៃសាលាក្ដីខ្មែរក្រហមដែលគេទន្ទឹង រង់ចាំជាយូរមកហើយ ។ ការពិភាក្សារួមគ្នានេះ បានធ្វើឡើងបន្ទាប់ពីការពិភាក្សាជាក្រុមកាលពីថ្ងៃទី៣១ ឧសភា នៅឯសណ្ឋាគារឡឺរ៉ូយ៉ាល់ ក្នុងទីក្រុងភ្នំពេញ ដោយការពិភាក្សានេះ គ្រោងចំណាយពេលជាង មួយសបា្ដហ៍ដើម្បីអនុម័តទៅលើសេចក្ដីព្រាងវិធានផ្ទៃក្នុងដែលមានចំនួន១១៣មាត្រា ។
នៅព្រឹកថ្ងៃទី៤ ខែមិថុនានោះ មន្ដ្រីអ្នកច្បាប់ជាតិ និងអន្ដរជាតិទាំង២៩រូបនៃអង្គជំនុំជំរះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (សាលាក្ដីខ្មែរក្រហម) បានបើកកិច្ចប្រជុំពិភាក្សាសេចក្ដីព្រាងវិធានផ្ទៃក្នុង ដើម្បី ឈានទៅរកការអនុម័តមួយ ហើយការអនុម័តវិធានផ្ទៃក្នុងនេះត្រូវបានគេមើលឃើញថា គឺជាភារកិច្ច គន្លឹះដែលអ្នកច្បាប់ជាតិនិងអន្ដរជាតិទាំងឡាយនោះចាំបាច់ត្រូវដោះស្រាយ ដើម្បីបើកផ្លូវឱ្យមានការឈាន ទៅរកការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ។
គេមានការកត់សំគាល់ផងដែរថា មានចៅក្រមចំនួន២រូបបានស្បថនៅចំពោះមុខអង្គប្រជុំ គឺលោកស្រី ក្លូឌៀ ហ្វាន់ ជនជាតិ អូទ្រីស បានលើកដៃ ហើយសូត្រពាក្យសម្បថជាភាសាអង់គ្លេស ចំណែកលោក ម៉ា ទីន ការុកគីន ជនជាតិអាមេរិកក៏បានស្បថ ដោយលើកដៃដូចគ្នា ព្រមជាមួយពាក្យសម្បថជាភាសា អង់គ្លេសដែរ នៅចំពោះមុខ លោកស៊ាន វិសុទ្ធ ប្រធានការិយាល័យរដ្ឋបាល និងលោកស្រីមីសែលលី អនុប្រធានការិយាល័យរដ្ឋបាល ។ ចៅក្រមទាំង២រូបនេះ មិនបានចូលរួមធ្វើការស្បថស្បែនៅក្នុង ព្រះបរមរាជវាំងកាលពីពេលមុនជាមួយចៅក្រមដទៃទៀត ។
លោកគង់ ស្រ៉ីម ប្រធានអង្គជំនុំជំរះតុលាការកំពូលបានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ថា កិច្ចការ ដែលមាននៅចំពោះមុខយើងទាំងអស់គ្នាក្នុងរយៈពេល៧ថ្ងៃខាងមុខនេះ សំរាប់បញ្ចប់ការតាក់តែង និង ឈានទៅដល់ការអនុម័តលើវិធានក្នុងរបស់អង្គជំនុំជំរះវិសាមញ្ញ ក្នុងតុលាការកម្ពុជា គឺជាកិច្ចការមួយ ដែលមានតំលៃនិងសារសំខាន់ណាស់។ លោកបន្ដថា ក្នុងកំឡុងពេលប៉ុន្មានខែចុងក្រោយនេះ គណៈ កម្មាធិការត្រួតពិនិត្យឡើងវិញបានធ្វើការបន្ដជាប់រហូតក្នុងការរៀបចំសេចក្ដីព្រាង ដែលបានដាក់ជូន អង្គប្រជុំ ។
លោកបន្ដទៀតថា យើងទាំងអស់គ្នាបានដឹងថា ការធ្វើឱ្យមានភាពស៊ីសង្វាក់គ្នារវាងនីតិវិធីជាតិ និង អន្ដរជាតិ គឺជាការងារមួយដ៏លំបាក ដោយសារលក្ខណៈពិសេស និងដោយឡែកតែមួយគត់របស់អង្គជំនុំ ជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា ។ លោកបន្ដថា “ខ្ញុំជឿជាក់យ៉ាងច្បាស់ណាស់ថា នេះជាការងារចាំបាច់ ដែលយើងទាំងអស់គ្នាត្រូវតែធ្វើ ហើយពេលវេលាដែលយើងទាំងអស់គ្នាបានប្រើប្រាស់នាពេលកន្លងមក សំរាប់ធ្វើការតាក់តែងវិធាននេះមិនអាចចាត់ទុកថា ជាពេលវេលាដែលបានបាត់បង់នោះឡើយ” ។ លោក គង់ ស្រ៉ីម អះអាងទៀតថា អ្នកចូលរួមទាំងអស់ក្នុងកិច្ចប្រជុំពេញអង្គនេះ ធ្វើការប្ដេជ្ញាចិត្ដឱ្យ បានមោះមុតដើម្បីសំរេចឱ្យបាននូវគោលដៅរបស់យើង គឺអនុម័តវិធានផ្ទៃក្នុងដើម្បីអនុញ្ញាតឱ្យអង្គជំនុំ ជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា អាចបំពេញការទទួលខុសត្រូវជាប្រវត្ដិសាស្ដ្ររបស់ខ្លួន ក្នុងការផ្ដល់ យុត្ដិធម៌ ជូនប្រជាជនកម្ពុជា ក៏ដូចជាមនុស្សជាតិទាំងមូលដែលរង់ចាំជាយូរណាស់មកហើយ។
លោកស្រីខាត រ៉ាយ អនុប្រធានអង្គប្រជុំបានថ្លែងថា កាលពីខែកក្កដា ឆ្នាំ២០០៦ យើងបានប្រជុំ ពិភាក្សានូវវិធាន និងបទពិសោធន៍ផ្សេងៗដែលយើងមានកន្លងមកហើយ។ លោកស្រីបន្ដថា “ខ្ញុំមានសុទិដ្ឋិ និយមថា កិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាអាចនឹងធ្វើឱ្យយើងយកជ័យជំនះលើឧបសគ្គ ចំពោះ ការប្រឈមទាំងប៉ុន្មាន ។ យើងបានដឹងថា ភារកិច្ច និងតួនាទីនេះជាទម្ងន់មួយរបស់យើងទាំងអស់គ្នា តែយើងនៅតែព្យាយាមអនុវត្ដតាមក្របខណ្ឌ និងវិជ្ជាជីវៈដើម្បីធានានូវយុត្ដិធម៌ក្របខណ្ឌអន្ដរជាតិ និង ជាតិនៅកម្ពុជាឱ្យបាន” ។
លោកស្រីបន្ដថា “យើងមានចៅក្រមអន្ដរជាតិចំនួនពីររូបទៀតដែលបានស្បថ ចូលកាន់តំណែងនៅក្នុង ពេលនេះ”។ លោកស្រីបន្ដទៀតថា ពីមុនយើងបានជជែកគ្នាម្ដងរួចមកហើយ អំពីបញ្ហានេះដោយ មានចៅក្រមមកពីប្រទេសផ្សេងៗទៀត ។
ប៉ុន្ដែទោះបីជាយ៉ាងណាយើងនៅតែព្យាយាម និងអនុវត្ដតាមវិជ្ជាជីវៈដើម្បីធានានូវយុត្ដិធម៌ឱ្យបាននៅ កម្ពុជា ក្នុងក្របខណ្ឌជាតិនិងអន្ដរជាតិ ។
Labels: ប្រវត្ដិសាស្ដ្រ, សិទ្ធិមនុស្ស
for this post
Leave a Reply