ការប្រកួតជំរុះខ្សែក្រវាត់ K cement
លទ្ធផលប្រកួតនៅ CTN
រាជធានីភ្នំពេញ ៖ ការប្រកួតក្បាច់ខ្មែរបុរាណដើម្បីឈានទៅដណ្ដើមខ្សែក្រវាត់ស្រាសាច់ដុំពិសេស ប្រភេទ ទំងន់៦០គីឡូក្រាម និង៦៣,៥គីឡូក្រាម នៅស្ថានីយទូរទស្សន៍ប៉ុសិ៍្ដ CTN កាលពីរសៀលថ្ងៃអាទិត្យ ទី៣ មិថុនាកន្លងមកនេះ ជាលទ្ធផលឡៅ ស៊ីណាត មកពីក្លឹបកងពលតូចឆត្រយោង៩១១ បានយកឈ្នះពិន្ទុ នួន មុន្នី មកពីក្លឹបបញ្ជាការដ្ឋានកងទ័ពជើងគោក ។ រីឯកែវ ប៊ុនហេង មកពីក្លឹបសិង្ហកីឡាបានផ្ដួល វង្ស ស៊ីធាន មកពីក្លឹបកងពលតូចលេខ៧០ឱ្យសន្លប់ក្នុងទឹកទី៤ ។
មុន្នី ដែលជាអតីតម្ចាស់រង្វាន់ម៉ូតូ Spider និងរង្វាន់ប្រាក់លានផងនោះ នៅពេលមកប៉ះជាមួយ ស៊ីណាត បានបង្ហាញនូវភាពកំសោយយ៉ាងខ្លាំង ព្រោះការប្រកួតទាំង៥ទឹករបស់គេ គឺពោរពេញទៅដោយការដក ថយ។ ទោះបីយ៉ាងណា មុន្នី ក៏មានឱកាសវាយបកខ្លះៗដែរ ប៉ុន្ដែមិនបានធ្វើឱ្យស៊ីណាតព្រួយបារម្ភនោះទេ ផ្ទុយទៅវិញ ស៊ីណាតនៅតែព្យាយាមដើរចូលហើយវាយជង្គង់បានយ៉ាងល្អ រហូតដល់ទីបញ្ចប់ស៊ីណាត បានឈ្នះពិន្ទុមុន្នី តែការឈ្នះនេះស៊ីណាតមិនសូវស្រួលខ្លួនប៉ុន្មានទេ ។
ចំពោះកែវ ប៊ុនហេង បានប្រើពេល៤ទឹក ផ្ដួលវង្ស ស៊ីធាន ដោយស្នៀតជង្គង់ឱ្យដួលសន្លប់នៅលើក្ដារ តាពី។ ស៊ីធានបានធ្វើព្យុះធ្វើភ្លៀងតែ២ទឹកដំបូងប៉ុណ្ណោះ តែចាប់ពីទឹកទី៣ទៅ គេត្រូវថមថយកំលាំង យ៉ាងខ្លាំង ជាពិសេសនៅក្នុងទឹកទី៤ ស៊ីធានស្ថិតក្នុងស្ថានភាពដុនដាបមែនទែន ដែលឆ្លៀតឱកាសនោះ ប៊ុនហេង បានអុក១ជង្គង់ត្រូវឆ្អឹងជំនីរផុតរបស់ស៊ីធានបណ្ដាលឱ្យសន្លប់ដួលដេកទៅលើក្ដាររេញ ទោះបី លោក សុខ វិជ័យ ជាអាជ្ញាកណ្ដាលរាប់ដល់១០ក៏ស៊ីធានមិនខ្ចីងើបដែរ ។
ក្រៅពីគូខ្សែក្រវាត់នៅមានការប្រកួតមិត្ដភាពជាច្រើនគូទៀតដូចជានួន វិចិត្រ មកពីក្លឹបតាព្រហ្មមានជ័យ បានយកឈ្នះពិន្ទុ ស៊ុំ ផានិត មកពីក្លឹបកុមារកំព្រា ។ ផានិត ទោះបីមានកំលាំងគ្រប់គ្រាន់សំរាប់ប្រកួត ៥ទឹកក៏ដោយ តែត្រូវវិចិត្រធ្វើការព្រមានយ៉ាងចាស់ដៃដោយសារតែគេមិនមានបច្ចេកទេសក្នុងការ ប្រកួត។ ការប្រកួតដោយពឹងផ្អែកទៅលើកំលាំងបាយសុទ្ធសាធពេក ពិតជាមិនល្អឡើយ គឺត្រូវមាន បច្ចេកទេសផងដែរ ជាក់ស្ដែងដូចជាវិចិត្រតាមពិតកំលាំងរបស់គេ ចាញ់ផានិត តែអាស្រ័យដោយគេមាន បច្ចេកទេសក្នុងការប្រកួត ទើបអាចឈ្នះផានិត ដាច់ទាំង៥ទឹកតែម្ដង ។
សេរី រតនា មកពីក្លឹបឃ្លាំងមឿង បានយកឈ្នះពិន្ទុសម ចន្ថា មកពីក្លឹបរិទ្ធីស័ក្ដិកីឡា ។ រតនាវាយ បានល្អនៅក្នុងទឹកទី១ ប៉ុន្ដែសំរាប់ទឹកទី២ និងទី៣ ត្រូវចាញ់ប្រៀប ចន្ថាវិញ ជាពិសេសក្នុងទឹកទី៣ គេស្ទើរតែបាត់ម្ចាស់ការម្ដងៗ ។ ប៉ុន្ដែចាប់ពីទឹកទី៤ ចន្ថា ដែលមានអំនួតបានត្រឹមតែឌឺដងញាក់មុខ ញាក់មាត់មិនបានវាយចេញ១ដៃ ឬ១ជើងឡើយ ផ្ទុយទៅវិញត្រូវរតនាដាល់ពេញៗត្រូវផ្ទៃមុខ ហើយចូល ដល់ទឹកទី៥ ចន្ថាក៏នៅតែធ្វើអ្វីរតនាមិនបាន ទើបលទ្ធផលចុងក្រោយ គេត្រូវចាញ់ពិន្ទុយ៉ាងស័ក្ដិសម បំផុត។
គួន ប៊ុនហ៊ីម មកពីក្លឹបពន្លឺសាមគ្គីខេត្ដបាត់ដំបងបានប្រកួតស្មើពិន្ទុជាមួយនួន លិក្ខុ មកពីក្លឹបញ្ជាការដ្ឋាន កងទ័ពជើងគោក ។ រីឯវង្ស សុខពិសី មកពីក្លឹបុរីនាគរាជ បានយកឈ្នះពិន្ទុឯម សំណាង មកពីក្លឹបគ្រុឌ មានជ័យ។ ចំពោះគូប្រកួតជាលក្ខណៈសាកល មាស ជី មកពីក្លឹបពុទ្ធសេរីវង្ស ត្រូវចាញ់ហេង សុគន្ធ មកពីក្លឹបខេមបុក្សដោយពិន្ទុ ។
លទ្ធផលប្រកួតនៅប៉ុស្ដិ៍លេខ៥
គូប្រកួតដណ្ដើមខ្សែក្រវាត់ K cement ទម្ងន់៦៣,៥គីឡូក្រាមនៅលើសង្វៀនប៉ុស្ដិ៍លេខ៥ កាលពីល្ងាច ថ្ងៃអាទិត្យ ទី៣ មិថុនា កន្លងមកនេះដែរ ចាន់ សុផល មកពីក្លឹបកងប្រតិបត្ដិការសឹករងខេត្ដសៀមរាប បានយកឈ្នះវ៉ន សាវី មកពីក្លឹបឃ្លាំងមឿងដោយពិន្ទុ ទាំងវេទនាជាទីបំផុត ។ តាមពិតទៅគូនេះ គេប្រកួតគ្នាដើម្បីកុំឱ្យខូចកម្មវិធីតែប៉ុណ្ណោះ ។ ប៉ុន្ដែទោះបីជាយ៉ាងនេះក្ដី ក៏គេសង្កេតឃើញថា គូនេះ បានប្រកួតយ៉ាងស្វិតស្វាញបំផុត ដោយការវាយសំរុកគ្នាទៅវិញទៅមករហូតដល់ទីបំផុត គណៈកម្មការ ចៅក្រមបានផ្ដល់ពិន្ទុឱ្យចាន់ សុផល ជាអ្នកឈ្នះទាំងប្រផិតប្រផើយ ។
ផល សុផាត មកពីក្លឹបកងរាជអាវុធហត្ថរាជធានីភ្នំពេញបានក្រួតឈ្នះសរ សី មកពីក្លឹបអេភូថងទន្លេ បាសាក់ដោយពិន្ទុ ។ រវាងគេទាំង២ក៏ជាការប្រកួតជំរុះវិលជុំឈានទៅដណ្ដើមខ្សែក្រវាត់ K cement ដែរ ហើយក៏ជាការប្រកួតបង្គ្រប់កិច្ចតែប៉ុណ្ណោះ ព្រោះថា រវាងគេទាំង២នេះទោះជាអ្នកណាចាញ់ ឬឈ្នះក៏ ចៀសមិនផុតពីការហាលខោដូចគ្នាដែរ ។ ទោះជាយ៉ាងណានៅក្នុងទឹកទី១ សរ សី បានបើកការវាយប្រហារ ទៅលើសុផាត យ៉ាងសាហាវបំផុត តែដោយសារដៃ និងជើងរបស់គេខ្លីពេក ការវាយលុករបស់គេ ទៅលើសុផាតមិនសូវជាបានផលល្អប៉ុន្មានឡើយ ។ ចំណែកសុផាតវិញគេវាយចេញមួយៗ តែចំគោល ដៅបានល្អ ។ សុផាតអន់ជើងក្រោមបន្ដិចមែន តែការមកប៉ះសរ សី លើកនេះមិនធ្វើឱ្យគេមានការ ពិបាកក្នុងការការពារជើងក្រោមឡើយ ។ ចប់ការប្រកួតទាំង៥ទឹក សុផាតបានយកឈ្នះលើ សរ សី ដោយ ពិន្ទុទាំងលំបាក ។
ចំពោះគូប្រកួតមិត្ដភាពវិញ ឈិត រដ្ឋា មកពីក្លឹបខេត្ដកោះកុង បានវាយរាជសីហ៍ បញ្ញា មកពីក្លឹប សំរែករាជសីហ៍បង្ក្រាបគ្រឿងញៀនឱ្យសន្លប់នៅត្រឹមទឹកទី២ ។ ឯប្រាក់ ដារ៉ា មកពីក្លឹបសាលវ័ន្ដវិញ ក៏បានយកឈ្នះ ពៅ សាខន មកពីសមាគមកីឡាកងយោធពលខេមរភូមិន្ទ នៅក្នុងទឹកទី២ដូចគ្នាដែរ ។ ចំណែកគូប្រកួតជាលក្ខណៈសាកល វ៉ែន ឌីយ៉ាម៉ង់ មកពីក្លឹបកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានយក ឈ្នះលើទុំ សោភ័ណ្ឌ មកពីសមាគមកីឡាកងយោធពលខេមរភូមិន្ទដោយពិន្ទុ ។
Labels: កីឡា
for this post
Leave a Reply