ត្រីឆ្ដោត្របាក់កូនឯង ប៉ូលិសចាប់ដាក់ទ្រុងដែក
ខេត្ដកំពង់ឆ្នាំង ៖ បុរសម្នាក់ដែលជាប់ចោទថា បានចាប់រំលោភកូនបង្កើតរបស់ខ្លួន អាយុ១៤ឆ្នាំ បានសំរេចរហូតដល់ទៅ៣ដងនោះ ត្រូវបានកំលាំងប៉ូលិសការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជននៃស្នងការដ្ឋានខេត្ដធ្វើការឃាត់ខ្លួននៅថ្ងៃទី២៦ ឧសភា បន្ទាប់ពីមានពាក្យបណ្ដឹងពី ស្ដ្រីជាប្រពន្ធថា បានចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនកាលពីពាក់កណ្ដាលខែឧសភា នៅស្រុកភ្នំព្រឹក ខេត្ដបាត់ដំបង ។
បុរសជាប់ចោទនោះឈ្មោះស៊ិន សារ៉េត អាយុ៣២ឆ្នាំ មានទីលំនៅភូមិអូរតានីស ឃុំរលាប្អៀរ ។ បើ តាមសំដីរបស់ស្ដ្រីឈ្មោះហាន ចាន់ថាល់ អាយុ៣៤ឆ្នាំ ជាម្ដាយក្មេងរងគ្រោះ និងជាប្រពន្ធជននោះ បានរៀបរាប់ក្នុងពាក្យបណ្ដឹងថា កាលពីចុងខែមីនាកន្លងទៅនៅយប់មួយ មិនចាំថ្ងៃ ខណៈដែលគាត់ដឹង ខ្លួនឡើងស្រវារកប្ដីតែពុំឃើញ ស្រាប់តែកូនស្រីអាយុ១៤ឆ្នាំ បានស្រែកហៅពីក្នុងបន្ទប់ ហើយពេលនោះ គាត់ក៏ឃើញប្ដីគាត់ចេញពីបន្ទប់។ លុះស្អែកឡើង កូនស្រីគាត់បានប្រាប់ថា យប់មិញប៉ាបើកមុងថើប និងរាវខ្ញុំ។ ក្រោយមករំលងបាន៥ថ្ងៃ ពេលកូនស្រីគាត់សំរាកពីស្រោចទឹកត្រកួន ប្ដីគាត់បានអង្គុយរកចៃឱ្យ ហើយបានចាប់ថើបកូនស្រីគាត់បានប្រាប់ដែរ តែគាត់មិនជឿទេ។
ក្រោយមកនៅថ្ងៃ២៨ មេសា ២០០៧ ប្ដីគាត់និងកូនស្រីព្រមទាំងបងប្អូនផ្សេងទៀតចំនួន៥នាក់ បានទៅ ស៊ីឈ្នួលបេះសណ្ដែកឱ្យគេនៅភូមិល្ហុង ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្ដបាត់ដំបង រយៈពេល២០ថ្ងៃ ទើប ត្រឡប់មកវិញ។ មកដល់ផ្ទះបាន៤ថ្ងៃ គឺនៅថ្ងៃទី២៥ ឧសភា ស្របពេលដែលប្ដីគាត់មិននៅជាឱកាសល្អ កូនស្រីគាត់បានរៀបរាប់បណ្ដើរយំបណ្ដើរ ប្រាប់នូវរឿងហេតុដែលបានកើតឡើងក្នុងរយៈពេល២០ថ្ងៃ ដែល ទៅស៊ីឈ្នួលបេះសណ្ដែកជាមួយឪពុកចិត្ដខ្មៅនោះថា ប៉ាបានចាប់រំលោភរហូតដល់ទៅ៥ដង តែបានសំរេច ចំនួន៣ដង ទាំងក្ដីឈឺចាប់បំផុត ។ កូនស្រីគាត់ឱ្យដឹងទៀតថា រាល់ការរំលោភគឺមិនមែននៅកន្លែងដេកទេ ព្រោះមានគ្នាច្រើនដេកជុំគ្នា គឺឆ្លៀតពេលទំនេរនាំទៅឆ្ងាយដោយថា ទៅបេះម្ទេស ឬឡើងកាប់ថ្នាំ ហើយក៏ចាប់រំលោភតែម្ដង គឺរំលោភនៅក្នុងព្រៃ ។
ស្ដ្រីជាប្រពន្ធបានបន្ដថា ក្រោយមកគាត់បានសួរទៅប្ដីគាត់ តែត្រូវបដិសេធដោយថា ចេះប្រចណ្ឌប្ដីនឹង កូនទៅកើត ឪពុកណាធ្វើផ្ដេសផ្ដាសបែបនេះនោះ ។ ទោះជាបែបណានៅព្រឹកថ្ងៃទី២៦ ឧសភា គាត់ក៏បានមកដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋានខេត្ដតែម្ដង ដើម្បីឱ្យដឹងស-ខ្មៅ ។ គាត់បានប្រាប់ថា បានចាប់ដៃគ្នាជាប្ដីប្រពន្ធជាង១០ឆ្នាំហើយ ដោយមានកូន៣នាក់ ប្រុស២នាក់ ស្រី១នាក់ ដែលជាកូន ច្បងអាយុ១៤ឆ្នាំនេះឯង។
រយៈពេលពេញមួយថ្ងៃគឺនៅថ្ងៃទី២៦ ឧសភា ឪពុករូបនោះពុំបានសារភាពអ្វីទាំងអស់ ។ ប៉ុន្ដែនៅព្រឹក ថ្ងៃទី២៧ ឧសភា លោកស្រីវរសេនីយ៍ត្រី ប្រាក់ សៅនី ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានទូរស័ព្ទប្រាប់ថា ឪពុកចិត្ដខ្មៅនោះបានសារភាពថា ខ្លួនពិតជាបានចាប់កូនរំលោភ ប្រាកដមែន ។ លោកស្រីបញ្ជាក់ថា ការសារភាពពីការប្រព្រឹត្ដនេះពិតជាគួរឱ្យស្អប់ខ្ពើមខ្លាំងណាស់។ សំណុំរឿងនេះប្រហែលជាអាចត្រូវបញ្ជូនទៅខេត្ដបាត់ដំបងវិញថ្វីដ្បិតថា ជនជាប់ចោទ និងជនរងគ្រោះ នៅខេត្ដកំពង់ឆ្នាំង តែករណីកើតហេតុខាងលើគឺនៅឯខេត្ដបាត់ដំបង។
for this post
Leave a Reply